ខ្មាន់កាំភ្លើងចូលបាញ់រះសម្លាប់មនុស្ស នៅសាលាក្រុង ឆ្នេរសមុទ្រ Virginia
បុគ្គលិកម្នាក់ របស់សាលាក្រុង ក្នុងរដ្ឋVirginia ប៉ែកខាងកើតសហរដ្ឋអាមេរិក បានចូលបាញ់រះសម្លាប់មនុស្ស នៅក្នុងអគារដែលខ្លួនធ្លាប់ធ្វើការ។ តាមប្រធានប៉ូលិសក្រុងVirginia មនុស្ស១២នាក់ស្លាប់ និង៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់រះសម្លាប់មនុស្ស កាលពីថ្ងៃរសៀលថ្ងៃសុក្រម្សិលមិញនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តួលេខជនរងគ្រោះស្លាប់ដោយសារការបាញ់រះនៅក្នុងអគារសាលាក្រុង Virginia បានកើនឡើងដល់១២នាក់ បន្ទាប់ពី អ្នករបួសម្នាក់ដាច់ខ្យល់ស្លាប់ នៅតាមផ្លូវទៅមន្ទីរពេទ្យ។ តាមប្រធានប៉ូលិសទីក្រុងឆ្នេរសមុទ្រ Virginia លោក James Cervera ហេតុការណ៍បាញ់រះ នៅរសៀលថ្ងៃសុក្រម្សិលមិញ បានធ្វើឲ្យមនុស្ស៤នាក់ផ្សេងទៀតរងរបួស ចំណែកប៉ូលិសម្នាក់អាចរួចរស់ជីវិតដោយសារអាវពាក់ការពារគ្រាប់។
សោកនាដកម្មបាញ់សម្លាប់មនុស្ស កើតមានឡើង នៅក្នុងអគាររដ្ឋបាលរបស់សាលាក្រុង ឆ្នេរសមុទ្រ នៅពេល ខ្មាន់កាំភ្លើង ដែលជាបុគ្គលិកបម្រើការនៅទីនោះ ដ៏យូរឆ្នាំមកហើយ បានចូលទៅបាញ់រះ សម្លាប់មនុស្ស ដោយមិនរើសមុខ។ ជនដៃដល់បានស្លាប់ ដោយសារសារមុខរបួស នៅក្នុងពេលបាញ់តបតជាមួយប៉ូលិស ដែលមានជំនួយពីប៉ូលិសសហព័ន្ធ FBI។ នៅកន្លែងកើតហេតុ ប៉ូលិសរិបអូសបានកាំភ្លើងដៃមួយដើម និងកាំភ្លើងបាញ់រះស្វ័យប្រវត្តិមួយដើម ជាមួយនឹងបង់ដែលបាញ់អស់គ្រាប់ ជាច្រើនបង់។
គេនៅមិនទាន់ដឹងពីមូលហេតុ ដែលជំរុញឲ្យជនដៃដល់លើកដៃ បាញ់សម្លាប់មនុស្សនៅកន្លែងដែលខ្លួនធ្វើការនោះ នៅឡើយទេ ប៉ុន្តែ ប្រធានប៉ូលិសក្រុងបានតឹ្រម និយាយថា ជនដៃដល់មិនសប្បាយចិត្ត ប៉ុន្តែ មិនលម្អិតច្រើននោះទេ។
គិតចាប់តាំងពីដើមឆ្នាំ ២០១៩ នេះជាលើកទី ១៥០ហើយ ដែលមានហេតុការណ៍បាញ់រះសម្លាប់មនុស្ស ក្នុងទឹកដីអាមេរិក។ សោកនាដកម្ម បាញ់រះសម្លាប់មនុស្ស នៅរដ្ឋVirginia រឹតតែធ្វើឲ្យគេចោទខ្លាំងលើបញ្ហាទិញ និងគ្រប់គ្រងការប្រើប្រាស់ នៅអាមេរិក ព្រោះថា គឺនៅរដ្ឋ Virginia នេះឯង ដែលមានទីស្នាក់ការរបស់សមាគមអាវុធជាតិ ដែលជាសមាគមការពារ ជំរុញ ឲ្យមានការប្រើប្រាស់អាវុធ ក្នុងចំណោមប្រជាជនអាមេរិកាំង។
នៅរដ្ឋVirginia ដែលសំបូររស់នៅដោយប្រជាជនអាមេរិកាំង អភិរក្សនិយម ធ្លាប់ កើតមានហេតុការណ៍បាញ់រះសម្លាប់មនុស្សម្តងហើយ កាលពីឆ្នាំ ២០០៧ ដែលកាលណោះ និស្សិត ធ្លាក់បាក់ទឹកចិត្តម្នាក់ ចូលទៅបាញ់រះសម្លាប់មនុស្ស ៣២នាក់ នៅក្នុងសកលវិទ្យាល័យបច្ចេកវិទ្យា។ រាល់ការបាញ់រះសម្លាប់មនុស្សតែងបង្កឲ្យការពិភាក្សា ស្តីពីការគ្រប់គ្រង ប្រើប្រាស់អាវុធ ប៉ុន្តែ យ៉ាងណាក៏ដោយ ទោះបីជាមានការអំពាវនាវឲ្យមានការកែប្រែច្បាប់ប្រើប្រាស់អាវុធ ច្បាប់សហព័ន្ធស្តីពីអាវុធ នៅតែដដែល គ្មានប្រែប្រួលអ្វីសោះ នៅប៉ុន្មានឆ្នាំមកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ