ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT

សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិចស៊ិក​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​អន្តោប្រវេសន៍

សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិចស៊ិក​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​អន្តោប្រវេសន៍ សហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិករកឃើញកិច្ចព្រមព្រៀងមួយស្តីពីអន្តោប្រវេសន៍ REUTERS/Adrees Latif

    បន្ទាប់​ពី​បាន​ជួប​ចរចា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រវាង​ភាគី​អាមេរិក និង​ភាគី​ម៉ិចស៊ិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​មក រដ្ឋបាល​អាមេរិក និង​រដ្ឋាភិបាល​ម៉ិចស៊ិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា​មួយ​ស្តីពី​អន្តោប្រវេសន៍​នា​ថ្ងៃ​សុក្រ ទី៧ មិថុនា។ កិច្ចព្រមព្រៀង​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​ម៉ិចស៊ិក​រួច​ផុត​ពី​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក​លើ​ទំនិញ​ម៉ិចស៊ិក​នាំ​ចូល​អាមេរិក។

    គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃទី៣១ ឧសភា និង​ដោយ​ឃើញ​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​ម៉ិចស៊ិក​ចូល​ទឹកដី​អាមេរិក​កាន់​តែ​ច្រើន លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​ម៉ិចស៊ិក​មិន​ចាត់​វិធានការ​ទប់ស្កាត់​អ្វី​ទេ លោក​នឹង​ដំឡើង​ពន្ធ​ពី ៥% ដល់​២៥% លើ​ទំនិញ​ម៉ិចស៊ិក​នាំ​ចូល​អាមេរិក​ចាប់​ពី​ថ្ងៃទី ១០​មិថុនា។

    ភាគី​ម៉ិចស៊ិក​ដែល​ដឹក​នាំ​ដោយ​ប្រមុខ​ការទូត​លោក​ម៉ារសេឡូ អេប្រារ​បាន​ផ្តើម​ចរចា​ជាមួយ​ភាគី​អាមេរិក​មក​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ពុធ ទី៥ មិថុនា។ ទំរាំ​ទទួល​បាន​ការ​ព្រមព្រៀង​គ្នា​នៅ​នាទី​ចុង​ក្រោយ​នា​យប់​ថ្ងៃ​សុក្រ ទី៧ មិថុនា ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ ក អស់​រយៈពេល​ជាង ១២ម៉ោង​ដោយ​មាន​ការ​ត ថ្លៃ​គ្នា​រវាង​ការ​ទាមទារ​ពី​ភាគី​អាមេរិក និង​សំណូមពរ​ពី​ភាគី​ម៉ិចស៊ិក។ គេ​នាំ​គ្នា​និយាយ​ច្រើន​ថា​ជា​កិច្ចព្រមព្រៀង​អាមេរិក និង​ម៉ិចស៊ិក តែ​តាម​ពិត​វា​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ម៉ិចស៊ិក​បាន​សន្យា​ជាមួយ​អាមេរិក​ក្នុង​ការ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ពី​ម៉ិចស៊ិក​ចូល​អាមេរិក។

    ចូរ​កុំ​ភ្លេច​ថា រដ្ឋបាល​អាមេរិក​បាន​បង្ខំ​ឲ្យ​ម៉ិចស៊ិក​ចាត់​វិធានការ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ បើ​មិន​ដូច្នោះ​ទេ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​នឹង​ដំឡើង​ពន្ធ​ពី ៥% ដល់​២៥% លើ​ទំនិញ​ម៉ិចស៊ិក​នាំ​ចូល​អាមេរិក។ រដ្ឋាភិបាល​ម៉ិចស៊ិក​បាន​សន្យា​ចាត់​វិធានការ​មិន​ធ្លាប់​មាន​ប្រឆាំង​ទប់​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់ រួម​មាន ទី១ ការ​ដាក់​ពង្រាយ​កម្លាំង​ឆ្មាំជាតិ​នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ព្រំដែន​ប៉ែក​ខាងត្បូង និង​ទី២ ការ​កំចាត់​ក្រុម​​អ្នក​នាំ​មនុស្ស​ឆ្លង​ដែន និង​អ្នក​ជួញដូរ​មនុស្ស រួម​ទាំង​បណ្តាញ​ដឹកជញ្ជូន និង​ហិរញ្ញវត្ថុ​របស់​ពួក​គេ។ ទីក្រុង​ម៉ិចស៊ិកកូ​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៦ មិថុនា​ថា ចំនួន​ឆ្មាំជាតិ​ដែល​ខ្លួន​គ្រោង​ដាក់​ពង្រាយ​មាន ៦ ០០០នាក់ តែ​តួលេខ​នេះ​មិន​មាន​ចែង​ច្បាស់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទេ។

    ទន្ទឹម​គ្នា​នេះ ម៉ិចស៊ិក​ក៏​បាន​សុខចិត្ត​លុតជង្គង់​ធ្វើ​តាម​ការ​ទាមទារ​របស់​អាមេរិក​មួយ​ទៀត​ទាក់ទង​នឹង​ការ​សុំសិទ្ធជ្រកកោន​របស់​ជនអន្តោប្រវេសន៍។ ជនអន្តោប្រវេសន៍​ទាំង​អស់​ដែល​បាន​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​លើ​ទឹកដី​អាមេរកាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ម៉ិចស៊ិក​ខណៈ​ពេល​ដែល​ពួក​គេ​រងចាំ​ការ​ពិនិត្យ សម្រេច​ពី​តុលាការ​អាមេរិក មាន​ន័យ​ថា ពួក​គេ​មិន​អាច​បន្ត​ស្ថិត​នៅ​លើ​ទឹកដី​អាមេរិក​បាន​ទៀត​ឡើយ​ក្នុង​ពេល​ដែល​រងចាំ​លទ្ធផល​សម្រេច​ដោយ​តុលាការ​អាមេរិក​លើ​ពាក្យ​សុំ​របស់​ពួក​គេ។

    លោក​ដូណាល់ ត្រាំ និង​សមភាគី​ម៉ិចស៊ិក​អបអរសាទរ​លើ​កិច្ចព្រមព្រៀង

    គេ​នៅ​មិន​ទាន់​ដឹង​ថា វិធានការ​សន្យា​ដោយ​ម៉ិចស៊ិក​នឹង​អាច​កាត់​បន្ថយ​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូល​ទឹកដី​អាមេរិក​ដូច​ដែល​លោក​ត្រាំ​ចង់​បាន​ឬ​ទេ។ អ្វី​ដែល​គេ​ដឹង ភាគី​ទាំង​ពីរ​អាមេរិក និង​ម៉ិចស៊ិក​បាន​សម្តែង​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន។ « អាមេរិក​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ចុះ​ហត្ថលេខា​ជា​មួយ​ម៉ិចស៊ិក។ ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ម៉ិចស៊ិក​ដែល​គ្រោង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១០ មិថុនា​ទៅ​ត្រូវ​បាន​ព្យួរ​ដោយ​គ្មាន​កំណត់​ថ្ងៃ » នេះ​ជា​ប្រតិកម្ម​របស់​លោក​ត្រាំ​នៅ​ក្នុង​បណ្តាញសង្គម Twitter។ តាម​លោក​ត្រាំ វិធានការ​សន្យា​ដោយ​ម៉ិចស៊ិក​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ ឬ​ការ​បំបាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ពី​ម៉ិចស៊ិក​ចូល​អាមេរិក។

    ចំណែក​ប្រធានាធិបតី​ម៉ិចស៊ិក​លោក​អង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរ​ក៏​បាន​ថ្លែង​សាទរ​លើ​កិច្ចព្រមព្រៀង និង​បាន​អរគុណ​ដល់​ការ​គាំទ្រ​របស់​ពលរដ្ឋ​ម៉ិចស៊ិក​ទាំង​អស់​ដែល​ចូលរួម​ជួយ​ឲ្យ​ប្រទេស​រួច​ផុត​ពី​ការ​ដំឡើង​ពន្ធ​របស់​អាមេរិក។ តើ​កិច្ចព្រមព្រៀង​អាមេរិក ម៉ិចស៊ិក​ពេល​នេះ​នឹង​អាច​ចូលរួម​ដោះស្រាយ​ឲ្យ​វិបត្តិ​អន្តោប្រវេសន៍​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​គ្នា​បាន​កម្រិត​ណា​ដែរ?។ នេះ​ជា​សំណួរ​មួយ​ដែល​គ្រប់​គ្នា​កំពុង​រងចាំ​ចម្លើយ​នា​ពេល​ខាង​មុខ។ គួរ​រម្លឹក​ថា អន្តោប្រវេសន៍​ជា​ប្រធានបទ​ក្តៅ និង​ចម្រូងចម្រាស​ខ្លាំង​រវាង​ម៉ិចស៊ិក និង​អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ។ លោកត្រាំ​បាន​ប្រើ​គ្រប់​មធ្យោបាយ ពិសេស​ចង់​សង់ជញ្ជាំង​នៅ​តាម​ព្រំដែន​ដើម្បី​ទប់សា្កត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។ តែ​ជម្រើស​ចុង​ក្រោយ​ដែល​លោក​ត្រាំ​បាន​ប្រើ​ពេល​នេះ គឺ​នយោបាយ​ដំឡើង​ពន្ធ​ដូច​ដែល​លោក​ត្រាំ​បាន​ប្រើ​ចំពោះ​ក្រុម​ប្រទេស​ដៃគូ​ផ្សេង​ដែរ។ តែ​សំណាង​ល្អ និង​ខុស​ពី​ប្រទេស​ផ្សេង​ដូច​យ៉ាង​ចិន ម៉ិចស៊ិក​បាន​លុតជង្គង់​ធ្វើ​តាម​លោក​ត្រាំ និង​បាន​រួច​ខ្លួន​ពី​ការ​ដំឡើង​ពន្ធ​នៅ​ពេល​នេះ។

    ម៉ិចស៊ិក​ជា​ទឹកដី​នៃ​ការ​ឆ្លង​កាត់​របស់​ពលរដ្ឋ​របស់​ប្រទេស​ក្បែរ​ខាង

    គេ​នាំ​គ្នា​និយាយ​ច្រើន​ពី​ម៉ិចស៊ិក តែ​មិនមែន​មាន​តែ​ពលរដ្ឋ​ម៉ិចស៊ិក​ទេ​ដែល​បាន​ព្យាយាម​ឆ្លង​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ទឹកដី​អាមេរិក។ នៅ​មាន​ពលរដ្ឋ​មក​ពី​ប្រទេស​ក្បែរ​ខាង​ម៉ិចស៊ិក​ផ្សេង​ទៀត ពិសេស​ប្រទេស​ក្វាតេម៉ាឡា សាល់វ៉ាដ័រ និង​ប្រទេស​ហុងឌុយរ៉ាស​ដែល​ជា​ប្រភព​ចាកចេញ​ភាគ​ច្រើន​របស់​ជនអន្តោប្រវេសន៍។ គេ​អាច​និយាយ​បាន​ថា ប្រទេស​ទាំង​នេះ​បាន​ប្រើ​ទឹកដី​ម៉ិចស៊ិក​ជា​ទីកន្លែង​ឆ្លង​កាត់​ដើម្បី​ឆ្លង​ចូល​អាមេរិក។ ប្រទេស​ក្វាតេម៉ាឡា សាល់វ៉ាដ័រ និង​ប្រទេស​ហុងឌុយរ៉ាស​ធ្លាប់​ត្រូវ​បាន​​លោក​ដូណាល់ ត្រាំ​ប្រកាស​ផ្តាច់​ជំនួយ​ដោយ​ចោទ​ពី​បទ​មិន​បាន​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាជន​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស។

    ដូច្នេះ ប្រភពដើម​ដែល​រដ្ឋាភិបាល​ម៉ិចស៊ិក​ត្រូវ​ពង្រឹង និង​ទប់ស្កាត់​ជា​អាទិភាព គឺ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ក្វាតេម៉ាឡា សាល់វ៉ាដ័រ និង​ប្រទេស​ហុងឌុយរ៉ាស។ ក្នុង​ថ្ងៃ​ពុធ ទី៥ មិថុនា រដ្ឋអំណាច​ម៉ិចស៊ិក​បាន​ឃាត់​ក្បួន​អន្តោប្រវេសន៍​មួយ​មាន​គ្នា​ប្រមាណ​ជា ១ ២០០នាក់​ដែល​បាន​ឆ្លង​ពី​ប្រទេស​ក្វាតេម៉ាឡា​ចូល​ទឹកដី​ម៉ិចស៊ិក។ ចំណែក​នៅ​ព្រំដែន​រវាង​អាមេរិក និង​ម៉ិចស៊ិក​វិញ គ្រាន់​តែ​ក្នុង​ខែ​ឧសភា​មួយ មាន​ការ​ឃាត់​ខ្លួន និង​រារាំង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ ១៤៤ ០០០នាក់ ពោល​កើន​៣២% បើ​ធៀប​នឹង​ខែ​មេសា។ ដូច្នេះ​សម្រាប់​លោក​ត្រាំ វា​ពិត​ជា​រឿង​បន្ទាន់​ខ្លាំង​ណាស់​ដែល​គេ​ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      លោកដូណាល់ ត្រាំ​គំរាមដំឡើង​ពន្ធ បើសិន​ម៉ិចស៊ិក​មិន​ជួយ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      លោកដូណាល់ ត្រាំ គំរាម​ប្រកាស​អាសន្នជាតិ​ដើម្បី​យកលុយ​សង់ជញ្ជាំង​នៅព្រំដែន

      ស្វែងយល់បន្ថែម

    • ម៉ិកស៊ិក​ ថា​មិនបាន​គាំទ្រ​សំណើ​ថ្មី​របស់​លោកត្រាំ​ ស្តីអំពី​បញ្ហា​ជន​អន្តោប្រវេសន៍​

      ស្វែងយល់បន្ថែម

    • សហរដ្ឋអាមេរិក-ម៉ិចស៊ិក

      នៅពេល​លោកដូណាល់ ត្រាំ នៅ​មិនស្រណុក ដោយសារ​ក្បួនជនអន្តោប្រវេសន៍​ហុងឌូរ៉ាស

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ