បរិស្ថាន៖ចាប់ពីឆ្នាំ ២០២១ កាណាដាហាមការប្រើរបស់របរប្លាស្ទិកណាដែលប្រើតែម្តងរួចបោះចោល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៦
នៅក្នុងប្រទេសកាណាដា នាយករដ្ឋមន្រ្តីលោកហ្សូសស្តាំង ទ្រុយដូ (Justin Trudeau) បានសន្យានាថ្ងៃចន្ទ ទី១១ មិថុនាថា ថង់ប្លាស្ទិក ទុយោប្លាស្ទិក កែវប្លាស្ទិក ចានប្លាស្ទិក និងរបស់របរបាស្ទិកប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតដែលប្រើតែម្តងរួចបោះចោលនឹងត្រូវហាមឃាត់ចាប់ពីឆ្នាំ ២០២១ ទៅ។ លោកទ្រុយដូបានថ្លែងនៅចំពោះមុខហ្វូងអ្នកកាសែតថា ការបំពុលដោយសំរាមប្លាស្ទិកជាបញ្ហាប្រឈមមួយរបស់ពិភពលោក ពិសេសសំរាមប្លាស្ទិកដែលមានកាន់តែច្រើននៅក្នុងសមុទ្រ។ អង្គការក្រៅរដ្ឋាភិបាលបានសាទរលើការប្រកាសរបស់លោកទ្រុយដូ។ តែគណបក្សប្រឆាំងបានចាត់ទុកការប្រកាសរបស់លោកទ្រុយដូថា គ្រាន់ជាកាយវិការនិមិត្តរូប និងដែលអាចជះផលអវិជ្ជមានដល់សេដ្ឋកិច្ច ការងារ និងដល់អ្នកប្រើប្រាស់។
អ្វីដែលនាយករដ្ឋមន្រ្តីកាណាដាលោកទ្រុយដូបានប្រកាសពេលនេះជាការគោរពតាមអ្វីដែលកាណាដាបានព្រមព្រៀងជាមួយប្រទេសមួយចំនួននៅក្នុងជំនួបកំពូលនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ក្នុងលោកហៅកាត់ G៧ កាលពីឆ្នាំ ២០១៨។ នៅក្នុងជំនួបកំពូលដែលកាណាដាបានធ្វើជាម្ចាស់កាលណោះ ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស សហភាពអឺរ៉ុប និងកាណាដាខ្លួនឯងបានព្រមព្រៀងគ្នាលើកតិកាសញ្ញាថ្មីមួយស្តីពីការប្រឆាំងនឹងការបំពុលប្លាស្ទិកនៅក្នុងសមុទ្រ។ នៅក្នុងកតិកាសញ្ញាថ្មីដែលគ្មានលក្ខណៈបង្ខិតបង្ខំមួយនេះ ភាគីនីមួយៗបានសន្យាឲ្យមានការផលិតផលិតផលបា្លស្ទិកដែលអាចយកទៅកែច្នៃប្រើឡើងវិញបាន ១០០% ពីពេលនេះដល់ឆ្នាំ ២០៣០។
តាមលោកទ្រុយដូ គិតមកដល់សព្វថ្ងៃ មាន ២១ប្រទេសដែលបានភ្ជាប់ខ្លួនទៅនឹងកតិកាសញ្ញាមួយនោះ។ ទន្ទឹមនឹងហាមការប្រើថង់ប្លាស្ទិក ទុយោប្លាស្ទិក កែវប្លាស្ទិក ចានប្លាស្ទិក និងរបស់របរបាស្ទិកប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតដែលប្រើតែម្តងរួចបោះចោលចាប់ពីឆ្នាំ ២០២១ លោកទ្រុយដូក៏ចង់ទម្លាក់ការទទួលខុសត្រូវលើក្រុមហ៊ុន រោងចក្រផលិតប្លាស្ទិកដោយតម្រូវឲ្យពួកគេបំពាក់ម៉ាស៊ីនកែច្នៃប្លាស្ទិកដែលប្រើរួចហើយឡើងវិញ។ បន្ទាប់មក ផលិតផលប្លាស្ទិកដែលក្រុមហ៊ុន រោងចក្រប្រើដើម្បីផលិតចេញជារបស់របរប្លាស្ទិក ដូចយ៉ាងដបប្លាស្ទិកត្រូវជាផលិតផលប្លាស្ទិកដែលអាចកែច្នៃឡើងវិញបានទាំងស្រុង និងគ្មានទីបញ្ចប់។
កាណាដាហាក់នៅយឺតយ៉ាវនៅក្នុងយុទ្ធនាការប្រឆាំងកាកសំណល់ប្លាស្ទិក
តាមការបញ្ជាក់របស់លោកទ្រុយដូ មានសំរាមប្លាស្ទិកមិនដល់ ១០% ផងដែលត្រូវបានកៃច្នែឡើងវិញនៅកាណាដា។ ជារៀងរាល់ឆ្នាំ ប្រជាជនកាណាដាបានចោលសំរាមប្លាស្ទិកជាង ៣លានតោន ហើយបរិមាណនេះគិតជាទឹកប្រាក់អាចមានតម្លៃដល់ទៅ ៨ ០០០លានដុល្លារ។ ម្យ៉ាងទៀត និងក្រៅពីការខាតបង់ជាទឹកប្រាក់ដ៏ច្រើនសម្បើម វាក៏ជាការខ្ជះខ្ជាយធនធាន និងថាមពលដ៏មហាសាលដែរ។ ពិតណាស់តាំងពីឆ្នាំ ២០១៨ មក មានទីក្រុង ខេត្ត និងស្រុកមួយចំនួនដូចយ៉ាងក្រុងម៉ុងរ៉េអាល់បានហាមការប្រើថង់ប្លាស្ទិក និងរបស់របរប្លាស្ទិកមួយចំនួន តែនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
អ្វីដែលលោកទ្រុយដូចង់បានពេលនេះ គឺយុទ្ធនាការប្រឆាំងនឹងសំរាមប្លាស្ទិកជាលក្ខណៈជាតិដែលមានលក្ខណៈបង្ខិតបង្ខំតាមច្បាប់ ពោលមិនមែនធ្វើឡើងដោយស្ម័គ្រចិត្តឡើយ។ តាមការប៉ាន់ប្រមាណរបស់លោកទ្រុយដូ ការកៃច្នែប្លាស្ទិកឡើងវិញនឹងអនុញ្ញាតឲ្យមានការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការបង្កើតការងារបានប្រមាណ ៤២ ០០០ការងារសម្រាប់ប្រជាជនកាណាដា។ កម្មវត្ថុរបស់លោកទ្រុយដូ គឺចង់យកបញ្ហាបរិស្ថានធ្វើប្រធានបទអាទិភាពមួយក្នុងចំណោមប្រធានបទអាទិភាពផ្សេងទៀតសម្រាប់ការបោះឆ្នោតសភានៅខែតុលាខាងមុខ។ ត្រង់ចំណុចនេះ ក្រុមប្រឆាំងមិនញញើតចាត់ទុកការប្រកាសរបស់លោកទ្រុយដូថា មានបង្កប់ដោយការកេងចំណេញនយោបាយ។
លោក Andrew Scheer ប្រធានគណបក្សអភិរក្សនិយមដែលជាបក្សប្រឆាំងបានចាត់ទុកការប្រកាសរបស់លោកទ្រុយដូថា ជាកាយវិការនិមិត្តរូប និងថា ផែនការរបស់លោកទ្រុយដូនឹងអាចជះផលអវិជ្ជមានលើវិស័យសេដ្ឋកិច្ច លើការងារ និងលើអ្នកប្រើប្រាស់។ តែក្រុមអង្គការក្រៅរដ្ឋាភិបាលអ្នកការពារបរិស្ថានដូចយ៉ាង Greenpeace បានសាទរ និងសង្ឃឹមថា ការប្រកាសរបស់លោកទ្រុយដូនឹងមិនស្ថិតជាសម្តីក្នុងខ្យល់នោះទេ។
សមុទ្រកំពុងក្លាយជាគំនរប្លាស្ទិក?
ទិវាសមុទ្រពិភពលោកឆ្នាំ ២០១៩ ក្នុងថ្ងៃទី៨ មិថុនាបានផ្តោតសំខាន់លើយុទ្ធនាការប្រឆាំងនឹងការបំពុលដោយសំរាមប្លាស្ទិក។ តាមតួលេខផ្តល់ដោយអង្គការសហប្រជាជាតិ មានសំរាមប្លាស្ទិកជាង ៣០០លានតោនត្រូវបានគេបោះចោលជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងនោះ មានប្រមាណជា ១៥០លានតោនកំពុងស្ថិតក្នុងសមុទ្រ។ បើគ្មានវិធានការទប់ស្កាត់អ្វីទេ នោះចំនួនសំរាមប្លាស្ទិកនៅក្នុងសមុទ្រនឹងមានច្រើនជាងចំនួនត្រីនៅឆ្នាំ ២០៥០។ ក្នុងថ្ងៃសុក្រ ទី៧ មិថុនា សមាគមអ្នកការពារបរិស្ថានឈ្មោះ WWF បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ក្នុងរង្វង់ក្រុមប្រទេសនៅជុំវិញសមុទ្រមេឌីទែរ៉ាណេដែលមាន ២២ប្រទេស មានសំរាមប្លាស្ទិកចំនួន ២៤លានតោនត្រូវបានគេចោលជារៀងរាល់ឆ្នាំ ក្នុងនោះ ប្រទេសបារាំងតែម្នាក់ឯងមានចំណែកដល់ទៅ ៤លាន ៥សែនតោន ពោលស្មើនឹង ៦៦,៦គីឡូក្រាមក្នុងពលរដ្ឋបារាំងម្នាក់ៗដែលបានចោលសំរាមប្លាស្ទិក។
ក្នុងចំនួនសំរាមប្លាស្ទិកទាំង ២៤លានតោនក្នុង១ឆ្នាំៗ មាន ១ភាគ៤ ពោលស្មើនឹង ៦០០ ០០០តោនបានធ្លាក់ចូលសមុទ្រ។ តាមរបាយការណ៍របស់ WWF ដដែល ក្នុងចំណោម២២ប្រទេសនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ ប្រទេសដែលគ្រប់គ្រងកាកសំណល់ប្លាស្ទិកមិនបានល្អខ្លាំងមានអេហ្ស៊ីប តួកគី និងប្រទេសអ៊ីតាលី។ គួររម្លឹកថានៅក្នុងទិវាបរិស្ថានធម្មជាតិពិភពលោកក្នុងខែមិថុនា ឆ្នាំ ២០១៨ របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថាក្នុងមួយឆ្នាំៗ ពិភពលោកបានប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជា៥០០ម៉ឺនលានថង់។ អាស៊ីត្រូវបានគេមើលឃើញថា ជាតំបន់ដែលប្រើប្រាស់ និងបោះចោលប្លាស្ទិកដោយមិនប្រណីដៃ ពិសេសការចោលប្លាស្ទិកក្នុងសមុទ្រ។ ចូរកុំភ្លេចថា សំរាមប្លាស្ទិកកំពុងចោទជាបញ្ហាខ្លាំងដល់ការបំពុលបរិស្ថាន ធនធានជីវចំរុះ ពិសេសប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ