អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បរិស្ថាន៖ចាប់ពីឆ្នាំ ២០២១ កាណាដាហាមការប្រើរបស់របរប្លាស្ទិកណាដែលប្រើតែម្តងរួចបោះចោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​កាណាដា នាយករដ្ឋមន្រ្តី​លោក​ហ្សូសស្តាំង ទ្រុយដូ (Justin Trudeau) បាន​សន្យា​នា​ថ្ងៃ​ចន្ទ ទី១១ មិថុនា​ថា ថង់ប្លាស្ទិក ទុយោប្លាស្ទិក កែវប្លាស្ទិក ចានប្លាស្ទិក និង​របស់របរ​បាស្ទិក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​ដែល​ប្រើ​តែ​ម្តង​រួច​បោះ​ចោល​នឹង​ត្រូវ​ហាមឃាត់​ចាប់​ពី​ឆ្នាំ ២០២១ ទៅ។ លោក​ទ្រុយដូ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​ថា ការ​បំពុល​ដោយ​សំរាមប្លាស្ទិក​ជា​បញ្ហា​ប្រឈម​មួយ​របស់​ពិភពលោក ពិសេស​សំរាមប្លាស្ទិក​ដែល​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​សមុទ្រ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សាទរ​លើ​ការ​ប្រកាស​របស់​លោក​ទ្រុយដូ។ តែ​គណបក្សប្រឆាំង​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​លោក​ទ្រុយដូ​ថា គ្រាន់​ជា​កាយវិការ​និមិត្តរូប និង​ដែល​អាច​ជះ​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច ការងារ និង​ដល់​អ្នក​ប្រើប្រាស់។

នាយករដ្ឋមន្រ្តីលោកហ្សូសស្តាំង ទ្រុយដូ (Justin Trudeau)
នាយករដ្ឋមន្រ្តីលោកហ្សូសស្តាំង ទ្រុយដូ (Justin Trudeau) AFP PHOTO/Lars Hagberg
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​នាយករដ្ឋមន្រ្តី​កាណាដា​លោក​ទ្រុយដូ​បាន​ប្រកាស​ពេល​នេះ​ជា​ការ​គោរព​តាម​អ្វី​ដែល​កាណាដា​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅកាត់ G៧ កាល​ពី​ឆ្នាំ ២០១៨។ នៅ​ក្នុង​ជំនួបកំពូល​ដែល​កាណាដា​បាន​ធ្វើ​ជា​ម្ចាស់​កាលណោះ ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស សហភាពអឺរ៉ុប និង​កាណាដា​ខ្លួន​ឯង​បាន​ព្រមព្រៀង​គ្នា​លើ​កតិកាសញ្ញា​ថ្មី​មួយ​ស្តីពី​ការ​ប្រឆាំង​នឹង​ការ​បំពុលប្លាស្ទិក​នៅ​ក្នុង​សមុទ្រ។ នៅ​ក្នុង​កតិកាសញ្ញា​ថ្មី​ដែល​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​មួយ​នេះ ភាគី​នីមួយៗ​បាន​សន្យា​ឲ្យ​មាន​ការ​ផលិត​ផលិតផល​បា្លស្ទិក​ដែល​អាច​យក​ទៅ​កែច្នៃ​ប្រើ​ឡើង​វិញ​បាន ១០០% ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។

តាម​លោក​ទ្រុយដូ គិត​មក​ដល់​សព្វថ្ងៃ មាន ២១ប្រទេស​ដែល​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​កតិកាសញ្ញា​មួយ​នោះ។ ទន្ទឹម​នឹង​ហាម​ការ​ប្រើ​ថង់ប្លាស្ទិក ទុយោប្លាស្ទិក កែវប្លាស្ទិក ចានប្លាស្ទិក និង​របស់របរបាស្ទិក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​ដែល​ប្រើ​តែ​ម្តង​រួច​បោះ​ចោល​ចាប់​ពី​ឆ្នាំ ២០២១ លោក​ទ្រុយដូ​ក៏​ចង់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុមហ៊ុន រោងចក្រ​ផលិត​ប្លាស្ទិក​ដោយ​តម្រូវ​ឲ្យ​ពួក​គេ​បំពាក់​ម៉ាស៊ីន​កែច្នៃ​ប្លាស្ទិក​ដែល​ប្រើ​រួច​ហើយ​ឡើង​វិញ។ បន្ទាប់​មក ផលិតផល​ប្លាស្ទិក​ដែល​ក្រុមហ៊ុន រោងចក្រ​ប្រើ​ដើម្បី​ផលិត​ចេញ​ជា​របស់របរ​ប្លាស្ទិក ដូច​យ៉ាង​ដប​ប្លាស្ទិក​ត្រូវ​ជា​ផលិតផល​ប្លាស្ទិក​ដែល​អាច​កែច្នៃ​ឡើង​វិញ​បាន​ទាំង​ស្រុង និង​គ្មាន​ទីបញ្ចប់។

កាណាដា​ហាក់​នៅ​យឺតយ៉ាវ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​កាកសំណល់​ប្លាស្ទិក

តាម​ការ​បញ្ជាក់​របស់​លោក​ទ្រុយដូ មាន​សំរាម​ប្លាស្ទិក​មិន​ដល់ ១០% ផង​ដែល​ត្រូវ​បាន​កៃច្នែ​ឡើង​វិញ​នៅ​កាណាដា។ ជា​រៀងរាល់​ឆ្នាំ ប្រជាជន​កាណាដា​បាន​ចោល​សំរាម​ប្លាស្ទិក​ជាង ៣លានតោន ហើយ​បរិមាណ​នេះ​គិត​ជា​ទឹកប្រាក់​អាច​មាន​តម្លៃ​ដល់​ទៅ ៨ ០០០លានដុល្លារ។ ម្យ៉ាងទៀត និង​ក្រៅ​ពី​ការ​ខាតបង់​ជា​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម វា​ក៏​ជា​ការ​ខ្ជះខ្ជាយ​ធនធាន និង​ថាមពល​ដ៏​មហាសាល​ដែរ។ ពិត​ណាស់​តាំង​ពី​ឆ្នាំ ២០១៨ មក មាន​ទីក្រុង ខេត្ត និង​ស្រុក​មួយ​ចំនួន​ដូច​យ៉ាង​ក្រុង​ម៉ុងរ៉េអាល់​បាន​ហាម​ការ​ប្រើ​ថង់​ប្លាស្ទិក និង​របស់របរ​ប្លាស្ទិក​មួយ​ចំនួន តែ​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

អ្វី​ដែល​លោក​ទ្រុយដូ​ចង់​បាន​ពេល​នេះ គឺ​យុទ្ធនាការ​ប្រឆាំង​នឹង​សំរាម​ប្លាស្ទិក​ជា​លក្ខណៈជាតិ​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​តាម​ច្បាប់ ពោល​មិនមែន​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ឡើយ។ តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ទ្រុយដូ ការ​កៃច្នែ​ប្លាស្ទិក​ឡើង​វិញ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ប្លាស្ទិក និង​ការ​បង្កើត​ការងារ​បាន​ប្រមាណ ៤២ ០០០ការងារ​សម្រាប់​ប្រជាជន​កាណាដា។ កម្មវត្ថុ​របស់​លោក​ទ្រុយដូ គឺ​ចង់​យក​បញ្ហា​បរិស្ថាន​ធ្វើ​ប្រធានបទ​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រធានបទ​អាទិភាព​ផ្សេង​ទៀត​សម្រាប់​ការ​បោះឆ្នោត​សភា​នៅ​ខែ​តុលា​ខាង​មុខ។ ត្រង់​ចំណុច​នេះ ក្រុមប្រឆាំង​មិន​ញញើត​ចាត់​ទុក​ការ​ប្រកាស​របស់​លោក​ទ្រុយដូ​ថា មាន​បង្កប់​ដោយ​ការ​កេង​ចំណេញ​នយោបាយ។

លោក Andrew Scheer ប្រធាន​គណបក្ស​អភិរក្សនិយម​ដែល​ជា​បក្សប្រឆាំង​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​លោក​ទ្រុយដូ​ថា ជា​កាយវិការ​និមិត្តរូប និង​ថា ផែនការ​របស់​លោក​ទ្រុយដូ​នឹង​អាច​ជះ​ផលអវិជ្ជមាន​លើ​វិស័យ​សេដ្ឋកិច្ច លើ​ការងារ និង​លើ​អ្នក​ប្រើប្រាស់។ តែ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​អ្នក​ការពារ​បរិស្ថាន​ដូច​យ៉ាង Greenpeace បាន​សាទរ និង​សង្ឃឹម​ថា ការ​ប្រកាស​របស់​លោក​ទ្រុយដូ​នឹង​មិន​ស្ថិត​ជា​សម្តី​ក្នុង​ខ្យល់​នោះ​ទេ។

សមុទ្រ​កំពុង​ក្លាយ​ជា​គំនរ​ប្លាស្ទិក?

ទិវាសមុទ្រ​ពិភពលោក​ឆ្នាំ ២០១៩ ក្នុង​ថ្ងៃទី៨ មិថុនា​បាន​ផ្តោត​សំខាន់​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បំពុល​ដោយ​សំរាម​ប្លាស្ទិក។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ មាន​សំរាម​ប្លាស្ទិក​ជាង ៣០០លានតោន​ត្រូវ​បាន​គេ​បោះ​ចោល​ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ មាន​ប្រមាណ​ជា ១៥០លានតោន​កំពុង​ស្ថិត​ក្នុង​សមុទ្រ។ បើ​គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ទេ នោះ​ចំនួន​សំរាម​ប្លាស្ទិក​នៅ​ក្នុង​សមុទ្រ​នឹង​មាន​ច្រើន​ជាង​ចំនួន​ត្រី​នៅ​ឆ្នាំ ២០៥០។ ក្នុង​ថ្ងៃ​សុក្រ ទី៧ មិថុនា សមាគម​អ្នកការពារ​បរិស្ថាន​ឈ្មោះ WWF បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា ក្នុង​រង្វង់​ក្រុម​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​មាន ២២ប្រទេស មាន​សំរាមប្លាស្ទិក​ចំនួន ២៤លានតោន​ត្រូវ​បាន​គេ​ចោល​ជា​រៀងរាល់​ឆ្នាំ ក្នុង​នោះ ប្រទេស​បារាំង​តែ​ម្នាក់​ឯង​មាន​ចំណែក​ដល់​ទៅ ៤លាន ៥សែន​តោន ពោល​ស្មើ​នឹង ៦៦,៦គីឡូក្រាម​ក្នុង​ពលរដ្ឋ​បារាំង​ម្នាក់ៗ​ដែល​បាន​ចោល​សំរាមប្លាស្ទិក។

ក្នុង​ចំនួន​សំរាមប្លាស្ទិក​ទាំង ២៤លានតោន​ក្នុង​១ឆ្នាំៗ មាន ១ភាគ៤ ពោល​ស្មើ​នឹង ៦០០ ០០០តោន​បាន​ធ្លាក់​ចូល​សមុទ្រ។ តាម​របាយការណ៍​របស់ WWF ដដែល ក្នុង​ចំណោម​២២ប្រទេស​នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ ប្រទេស​ដែល​គ្រប់គ្រង​កាកសំណល់​ប្លាស្ទិក​មិន​បាន​ល្អ​ខ្លាំង​មាន​អេហ្ស៊ីប តួកគី និង​ប្រទេស​អ៊ីតាលី។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ទិវា​បរិស្ថាន​ធម្មជាតិ​ពិភពលោក​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៨ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ក្នុង​មួយ​ឆ្នាំៗ ពិភពលោក​បាន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ប្រមាណ​ជា៥០០ម៉ឺនលានថង់។ អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តំបន់​ដែល​ប្រើប្រាស់ និង​បោះ​ចោល​ប្លាស្ទិក​ដោយ​មិន​ប្រណីដៃ ពិសេស​ការ​ចោល​ប្លាស្ទិក​ក្នុង​សមុទ្រ។ ចូរ​កុំ​ភ្លេច​ថា សំរាម​ប្លាស្ទិក​កំពុង​ចោទ​ជា​បញ្ហា​ខ្លាំង​ដល់​ការ​បំពុល​បរិស្ថាន ធនធាន​ជីវចំរុះ ពិសេស​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​មនុស្សលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ