វិបត្តិដើមបូព៌ា ៖ វ៉ាស៊ីនតោនបង្ហាញផែនការស្តារសេដ្ឋកិច្ចប៉ាឡេស្ទីនប្រកបដោយមហិច្ឆតា តែស្រពិចស្រពិលខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៣
ពីរថ្ងៃមុនការបើកសន្និសីទអន្តរជាតិស្តីពីវិបត្តិអ៊ីស្រាអែលប៉ាឡេស្ទីន នៅប្រទេសបារ៉ែន សហរដ្ឋអាមេរិកបានបង្ហាញ ជាសាធារណៈ ផែនការសន្តិភាពនៅដើមបូព៌ា។ ជាផែនការដែលសំដៅលើកស្ទួយសេដ្ឋកិច្ចប៉ាឡេស្ទីន ក្នុងទំហំ៥០ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ។ គ្រាន់តែបានឃើញផែនការសន្តិភាពអាមេរិកនេះភ្លាម ប៉ាឡេស្ទីន បានបញ្ចេញប្រតិកម្មច្រានចោលភ្លាម ដោយយល់ថាវ៉ាស៊ីនតោន គួរគិតគូរបិទបញ្ចប់សកម្មភាពលួចដីរបស់អ៊ីស្រាអែលសិន។ បណ្តាប្រទេសមួយចំនួន ក្នុងពិភពអារ៉ាប តាំងពីស៊ូដង់ដល់កូវ៉ែត នាំគ្នាបដិសេធ និងខកចិត្ត។
នេះជាលើកទីមួយ ដែលអាមេរិកបានលម្អិត ផែនការសន្តិភាពនៅតំបន់ដើមបូព៌ា ដែលខ្លួនបានសន្យាតាំងពីជាយូរខែថ្ងៃមកហើយ។ រៀបចំតាក់តែងដោយ លោក ហ្សារ៉េត កូស្នែរ ជាកូនប្រសារនិងជាទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ផែនការនេះ មានទម្រង់ គម្រោងអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយមហិច្ឆតាបំផុត ដោយគ្រោងផ្តល់ការងារឱ្យពលរដ្ឋបាន១លានការងារ ក្នុងរយៈពេល១០ឆ្នាំ តាមរយៈការទាក់ទាញឱ្យមានវិនិយោគបរទេស និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងអភិបាលកិច្ចល្អនៅតំបន់ស៊ីហ្សកដានី និងតំបន់ហ្កាហ្សា។
គម្រោងអភិវឌ្ឍ មានទំហំ ៥០ពាន់លានដុល្លារ។ ពីរភាគបី ជាប្រយោជន៍ប៉ាឡេស្ទីនផ្ទាល់។ អេហ្ស៊ីប ហ្សកដានី និងលីបង់ ជិតខាង ក៏អាចស្រូបផលបានមួយភាគ។ ប៉ុន្តែមូលនិធិនេះ នឹងត្រូវគ្រប់គ្រងចាត់ចែងដោយធនាគារអភិវឌ្ឍន៍អន្តរជាតិ មិនមែនដោយភាគីប៉ាឡេស្ទីនទេ ព្រោះវ៉ាស៊ីនតោនយល់ថា អាជ្ញាធរប៉ាឡេស្ទីន ពុករលួយ និងគ្មានប្រសិទ្ធភាព។
គម្រោងនេះនឹងត្រូវលើកទៅជជែកពិភាក្សានៅប្រទេសបារ៉ែន ក្នុងសន្និសីទអន្តរជាតិស្តីពីវិបត្តិដើមបូព៌ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦មិថុនា ខានស្អែកនេះ។ សន្និសីទស្តីពី “ពីសន្តិភាពទៅភាពរុងរឿង” ជាជំនួបក្រុមអ្នកផ្តល់ហិរញ្ញវត្ថុធំៗ របស់បណ្តាប្រទេសអារ៉ាបអ្នកមានប្រចាំតំបន់ឈូងសមុទ្ទពែក្ស តែប៉ាឡេស្ទីនគ្មានវត្តមានទេ។
ជាប៉ាឡេស្ទីន មិនទទួលយកផែនការរបស់លោកហ្សារ៉េត គូស្នេរ
លោក ហ្សារ៉េត គូស្នែរ មិនមែនជាមនុស្សទីមួយដែលលើកផែនការសន្តិភាពដោយផ្តោតទៅលើស្ថានភាពសេដ្ឋកិច្ចប៉ាឡេស្ទីនឡើយ។ រាល់គ្រប់គំនិតផ្តួចផ្តើមមុនៗ សុទ្ធតែគិតគូរស្តារសេដ្ឋកិច្ចប៉ាឡេស្ទីនទាំងអស់។ ឧទាហរណ៍ជាក់ស្តែង ផែនការចងភ្ជាប់តំបន់ហ្កាហ្សានិងតំបន់ស៊ីហ្សកដានី ដែលគ្រោងតាំងពីឆ្នាំ១៩៩៩មក ត្រូវជាប់គាំងនៅពេលត្រូវអនុវត្តជាក់ស្តែង និងពេលប្រឈមនឹងការពិត ៖ ដោយប៉ាឡេស្ទីន គ្មានសេរីភាពធ្វើចរាចរណ៍ទ្រព្យសម្បត្តិ និងបុគ្គលទេ។
ការធ្វើបំផ្លាស់ទី មិនថាជាវត្ថុឬជាមនុស្ស សុទ្ធតែស្ថិតក្រោមការត្រួតត្រារបស់អ៊ីស្រាអែលទាំងអស់។ នេះជាចំណុចដ៏រសើបបំផុត ដែលអ្នកវិនិយោគបរទេសណាក៏អត់ព្រួយមិនគិតបានឡើយ និងជាផ្នែកដ៏ស្រអាប់បំផុតនៃផែនការរបស់កូនប្រសារលោកត្រាំ សឹងថាអន់ជាងក្នុងផែនការរបស់អ្នកមុនៗផង។
ហេតុដូច្នេះហើយបានជា ប៉ាឡេស្ទីន បញ្ចេញប្រតិកម្មបដិសេធយ៉ាងទាន់ហន់នោះ។ សម្រាប់ប៉ាឡេស្ទីន ស្ថានភាពសេដ្ឋកិច្ចមិនត្រូវលើកមកពិភាក្សាមុនមានដំណោះស្រាយនយោបាយទេ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន បានសេចក្តីថ្លែងការណ៍តបថា “ដរាបណាស្ថានភាពនយោបាយមិនទាន់ត្រូវបានដោះស្រាយ យើងមិននិយាយអំពីស្ថានភាពសេដ្ឋកិច្ចទេ"។
មូលហេតុមួយទៀតដែលប៉ាឡេស្ទីនបដិសេធខ្លាំងនោះ គឺមកពីប៉ាឡេស្ទីនមើលឃើញរដ្ឋបាលលោកត្រាំ កាន់ជើងអ៊ីស្រាអែលផ្កាប់មុខ ចង់ទិញប៉ាឡេស្ទីន និងរាងរាំងមិនឱ្យប៉ាឡេស្ទីនមានរដ្ឋឯករាជ្យ។ ប៉ាឡេស្ទីនបានទាមទារថា ត្រូវលើកទណ្ឌកម្មពីហ្កាហ្សា បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែលដែលប្លន់ដី ប្លន់ធនធានធម្មជាតិ ប្លន់លុយពីប៉ាឡេស្ទីន ហើយផ្តល់សេរីភាពនៃការដើរហើរ លើដី លើអាកាសក្នុងទឹក សិន សឹមនិយាយអំពីការស្ថាបនាសេដ្ឋកិច្ចឱ្យស្វាហាប់និងរុងរឿងបាន។
តែខាងអ៊ីស្រាអែល ដោយគ្មានការភ្ញាក់ផ្អើល គេបានចាត់ទុកផែនការនេះថាមានទម្រង់ល្អ គ្រប់គ្នាចង់ជួយប៉ាឡេស្ទីន លើកលែងតែប៉ាឡេស្ទីនដែលមិនចង់ជួយខ្លួនឯង។
ផែនការនេះនឹងត្រូវបំពេញបន្ថែមតាមក្រោយនូវដំណោះស្រាយនយោបាយ នៅអំឡុងខែវិច្ឆិកាខាងមុខ ! អាមេរិកយឺតយ៉ាវខ្លាំងនឹងបង្ហាញផែនការសន្តិភាពអ៊ីស្រាអែលប៉ាឡេស្ទីន ដោយហេតុតែអ៊ីស្រាអែលជាប់បោះឆ្នោតសភា និងពុំទាន់បង្កើតរដ្ឋាភិបាលថ្មីបាន ហើយត្រូវវិលទៅបោះឆ្នោតសភាឡើងវិញម្តងទៀត។ តែអ្នកទទួលខុសត្រូវអាមេរិកបានព្រលយឱ្យដឹងផែនការសន្តិភាពបង្ហើយ ទំនងជាគ្មានចែងអំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យទេ មានន័យថាអាមេរិករបស់លោកត្រាំកំពុងប្តូរទិស ដើរផ្ទុយស្រឡះពីគោលនយោបាយរបស់រដ្ឋាភិបាលមុនៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ