នៅអាមេរិក ក្រុមមហាសេដ្ឋី ធ្វើញត្តិទាមទារឲ្យរដ្ឋាភិបាលយកពន្ធលើអ្នកមានបំផុត
“យកពន្ធពីយើងទៅ” នេះជាការអំពាវនាវរបស់មហាសេដ្ឋីអាមេរិកាំង នៅក្នុងសារមួយផ្ញើ ទៅកាន់បណ្តាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃចន្ទ ទី ២៤ មិថុនា ២០១៩។ នៅក្នុងសារ មហាសេដ្ឋី គ្រាក់ៗរបស់អាមេរិក ១៩រូប បានទាមទារឲ្យអនាគតមេដឹកនាំអាមេរិក ដាក់ពន្ធធ្ងន់បំផុត លើក្រុមអ្នកមានបំផុត នៅអាមេរិក ដើម្បី យកលុយទៅជួយកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រ ដោះស្រាយបញ្ហាសេដ្ឋកិច្ច ហើយនិងការប្រែប្រួលអាកាសធាតុជាដើម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៩
នៅក្នុងសំបុត្រចុះផ្សាយ នៅថ្ងៃចន្ទម្សិលមិញ ក្រុមមហាសេដ្ឋីអាមេរិកាំង ទាំង១៩រូប ដែលនៅក្នុងនោះ មានលោក George Soros មហាសេដ្ឋីអាមេរិកាំង ចំណាត់ថ្នាក់ទី៤ ក្នុងលោក ហើយនិងសហស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកជាដើម បានធ្វើញត្តិ ទាមទារឲ្យបេក្ខជនប្រធានាធិបតី អាមេរិក មកពីគ្រប់គណបក្ស គាំទ្រនយោបាយ យកពន្ធច្រើនជាងមុន ពីក្រុមអ្នកមាន បំផុត នៅ អាមេរិក។
នៅក្នុងញត្តិរបស់ខ្លួនផ្ញើទៅកាន់បណ្តា បេក្ខជនទាំងពីរគណបក្ស ក្រុមមហាសេដ្ឋីអាមេរិកាំង មួយក្រុមតូចនេះ បានទាមទារថា អនាគតប្រាក់ចំណូលរដ្ឋ ដែលបានមកពីការប្រមូលពន្ធ ត្រូវមានប្រភពចេញមកពីហោប៉ៅរបស់ក្រុមអ្នកមាន អ្នកដែលមានទ្រព្យសម្បត្តិធូរធា ប៉ុន្តែ មិនមែនមកពីប្រជាជនអាមេរិកាំង ដែលមានជីវភាពមធ្យម ឬប្រជាជនសាមញ្ញនោះទេ។ នៅក្នុងសំបុត្រ ក្រុមមហាសេដ្ឋី ទាំង១៩រូប ដែលមកពីគ្រួសារចំនួន ១១ គ្រួសារ បានស្រង់ជាពិសេស សំដី របស់មហាសេដ្ឋី អាមេរិកាំង លោក George Soros ដែលរអ៊ូរទាំថា តាមច្បាប់ពន្ធបច្ចុប្បន្ន គាត់បង់ពន្ធតិច ជាង លេខារបស់គាត់ទៅទៀត។
នៅក្នុងញត្តិ ក្រុមមហាសេដ្ឋីបាននិយាយយោងដល់ផងដែរ សំណើច្បាប់របស់សមាជិកព្រឹទ្ធសភា អាមេរិក លោកស្រី Elisabeth Warren ដែលចង់ដាក់ពន្ធធ្ងន់ លើប្រជាជនអាមេរិកាំងដែលមានទ្រព្យសម្បត្តិចាប់ពី៥០លានដុល្លារឡើងទៅ។
សេចក្តីព្រាងច្បាប់ពន្ធថ្មី នេះ នឹងគ្របដណ្តប់ទៅលើគ្រួសារអាមេរិកាំងប្រមាណ ៧៥ ០០០ គ្រួសារ ដែលនៅក្នុងនោះ មានផងដែរ លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលទីភ្នាក់ងារ Forbes វាយតម្លៃថា មានទ្រព្យសម្បត្តិ ដល់ទៅ ១៣០០លានដុល្លារ នៅឆ្នាំ ២០១៩។ គេប៉ាន់ស្មានថា ច្បាប់ពន្ធថ្មីលើមហាសេដ្ឋីអាមេរិកាំង នឹងធ្វើឲ្យរដ្ឋប្រមូលប្រាក់ចំណូល បាន ប្រមាណ ២៧៥ម៉ឺន លានដុល្លារ ក្នុងរយៈពេល ១០។
សម្រាប់ក្រុមមហាសេដ្ឋីអាមេរិកាំង ដែលមានគំនិត ជឿនលឿនចង់លុបបំបាត់គម្លាត រវាងអ្នកមាន និងអ្នកក្រ អាមេរិក មានការទទួលខុសត្រូវខាងផ្នែកសីលធម៌ វិជ្ជាជីវៈ ហើយនិងសេដ្ឋកិច្ច ក្នុងការដាក់ពន្ធធ្ងន់ធ្ងរលើក្រុមមហាសេដ្ឋី។ ប្រាក់ចំណូល បានមកពីការប្រមូលពន្ធច្រើនជាងមុន ពីក្រុមអ្នកមានខ្លាំង គួរត្រូវប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាអាកាសធាតុ សេដ្ឋកិច្ច កែលម្អប្រព័ន្ធសុខភាព ហើយនិងធានាសេរីភាព តាមរយៈ ការកាត់បន្ថយអសមភាពរវាងអ្នកមាន និងអ្នកក្រ នៅក្នុងសង្គមអាមេរិកាំង។ នៅក្នុងក្រសែភ្នែករបស់មហាសេដ្ឋី ដែលធ្វើញត្តិ កាលពីថ្ងៃ ចន្ទម្សិលមិញ ការបង់ពន្ធលើទ្រព្យសម្បត្តិ គឺជាកាយវិការ”ស្នេហាជាតិ” ព្រោះថា គ្រប់ជនជាតិអាមេរិកាំងទាំងអស់មានកាតព្វកិច្ចចូលរួមវិភាគទាន ជួយប្រទេសជាតិឲ្យរីកចម្រើន តាមកំរិត មធ្យោបាយ របស់ពួកគេ ដោយមិនលើកលែង អ្នកណាម្នាក់ទេ ជាពិសេស ក្រុមអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុត។
នៅក្នុងចំណោមប្រទេសជាង ៤០ អាមេរិកជាប់ចំណាត់ថ្នាក់ទី៦ ក្នុងនាមប្រទេសដែលទ្រព្យសម្បត្តិ ប្រមូលផ្តុំខ្លាំង តែនៅក្នុងចំណោមមនុស្សមួយក្រុមតូច។ នៅក្នុងញត្តិ ក្រុមមហាសេដ្ឋីអាមេរិកាំងជឿថា “ការយកពន្ធទៅលើអ្នកមានបំផុត នឹងជួយទប់បន្ថយល្បឿន កុំឲ្យទ្រព្យសម្បត្តិប្រមូលផ្តុំ តែទៅលើមនុស្សមួយក្រុម តូច ដែលជាប្រភព គំរាមកំហែងស្ថិរភាព ហើយនិងសុចរិតភាពរបស់សហរដ្ឋអាមេរិក”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ