អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទអន្តរជាតិ​ស្តីពី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បើក​ធ្វើ​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារ៉ែន​ពី​ថ្ងៃ​អង្គារ ទី២៥​ដល់​ថ្ងៃ​ពុធ ទី២៦ មិថុនា។ សន្និសីទ​ដែល​ផ្តួចផ្តើម​ដោយ​អាមេរិក​មួយ​នេះ​ចូលរួម​ដោយ​ក្រុម​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ភាគី​អ៊ីស្រាអែល​ក៏​បាន​ប្រកាស​ពី​ការ​ចូលរួម​របស់​ខ្លួន តែ​ភាគី​ប៉ាឡេស្ទីន​បាន​បដិសេធ។ នៅ​ក្នុង​សន្និសីទ លោក Jared Kushner ដែល​ជា​ទីប្រឹក្សា និង​ជា​កូនប្រសារ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នូវ​ផែនការ​សន្តិភាព​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​រូប​លោក​ជា​អ្នក​តាក់តែង​ឡើង។ លោក Kushner បាន​បញ្ជាក់​រួច​ហើយ​ថា ផែនការ​សន្តិភាព​មួយ​នេះ​បាន​ផ្តោត​សំខាន់​លើ​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន។ តែ​ក្រុមអ្នកជំនាញ និង​ក្រុមអ្នកវិភាគ​បាន​មើល​ឃើញ​ថា​ សន្និសីទ​ដែល​គ្មាន​វត្តមាន​ប៉ាឡេស្ទីន​ជា​ឱកាស​ដែល​អាមេរិក​ចង់​បង្រួបបង្រួម​អ៊ីស្រាអែល និង​ក្រុមប្រទេស​នៅ​ឈូងសមុទ្រពែក្ស​ដើម្បី​ប្រឆាំង​អ៊ីរ៉ង់​។

លោក Jared Kushner (រូបឆ្វេង) និង​ប្រធានរដ្ឋអំណាចប៉ាឡេស្ទិនលោក Mahmoud Abbas
លោក Jared Kushner (រូបឆ្វេង) និង​ប្រធានរដ្ឋអំណាចប៉ាឡេស្ទិនលោក Mahmoud Abbas Palestinian President Office (PPO)/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

« ពី​សន្តិភាព​ទៅ​កាន់​វិបុលភាព ឬ​ភាព​សំបូររុងរឿង » នេះ​ជា​ប្រធានបទ​នៃ​សន្និសីទ​ស្តីពី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រៀបចំ​ក្នុង​ទីក្រុង​ម៉ាណាម៉ា ប្រទេស​បារ៉ែន​រយៈ​ពេល ២ថ្ងៃ។ មាន​ឈ្មោះ​ជា​សន្និសីទ​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​មែន តែ​បែរ​ជា​បាន​ផ្តោត​សំខាន់​តែ​លើ​សេដ្ឋកិច្ច​ជាង​សន្តិភាព។ លោក Jared Kushner ដែល​ជា​ទីប្រឹក្សា ជា​កូនប្រសារ​លោក​ដូណាល់ ត្រាំ និង​ជា​អ្នក​រៀបរៀង​ផែនការ​សន្តិភាព​បាន​ទម្លាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី២២ មិថុនា​ដោយ​ក្តីសង្ឃឹម​ថា សន្និសីទ​ពេល​នេះ​អាច​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥០ ០០០លានដុល្លារ និង​អាច​បង្កើត​ការងារ​ចំនួន ១លានការងារ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​សម្រាប់​រយៈពេល ១០ឆ្នាំ។

គេ​អាច​និយាយ​បាន​ថា សន្និសីទ​មួយ​នេះ​មាន​បង្កប់​ដោយ​សក្តានុពល​សេដ្ឋកិច្ច​ធំធេង​ណាស់​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ឬ​និយាយ​បែប​ផ្សេង ជា​សន្និសីទ​ស្តីពី​ការ​អភិវឌ្ឍន៍​ដែនដី​ប៉ាឡេស្ទីន។ បើ​វា​ជា​សន្និសីទ​ដែល​រដ្ឋបាល​អាមេរិកាំង​មាន​គោលដៅ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​មែន ចុះ​ហេតុអ្វី​បាន​ជា​ភាគី​ប៉ាឡេស្ទីន​បែរ​ជា​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​សន្និសីទ​មួយ​នេះ​ទៅ​វិញ។ គួរ​រម្លឹក​ថា សន្និសីទ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​អាមេរិក​រៀបចំ​នៅ​ក្នុង​ប្រទេស​បារ៉ែន​ពេល​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​ប្រទេស​មហាអំណាច​នៅ​ក្នុង​ឈូងសមុទ្រពែក្ស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក រួម​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម។ ចំណែក​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​មាន​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ​មាន​តែ​អ៊ីស្រាអែល​ម្នាក់​គត់​ដែល​បាន​យល់ព្រម​ចូលរួម។

តែ​គេ​មិន​ដឹង​ថា តើ​អ៊ីស្រាអែល​បញ្ជូន​មន្រ្តី​កម្រិត​ណា​របស់​ខ្លួន​ឲ្យ​ចូលរួម​ទេ ជា​គណៈប្រតិភូ​ផ្លូវការ ឬ​មួយ​គ្រាន់​ជា​ក្រុមអ្នកជំនួញ។ ពិត​ណាស់ ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​ការ​លុយ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន តែ​នេះ​មិនមែន​ជា​ប្រធានបទ​អាទិភាព​របស់​ប៉ាឡេស្ទីន​ឯណា។ ប្រធានបទ​អាទិភាព​នៅ​ចំពោះ​មុខ​របស់​ប៉ាឡេស្ទីន គឺ​ដំណោះស្រាយ​នយោបាយ​តាម​រយៈ​ការ​បង្កើត​រដ្ឋអធិបតេយ្យ​មួយ​ឯករាជ្យ​រស់ក្បែរ​ខាង​រដ្ឋ​អ៊ីស្រាអែល។ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់​ដែល​បាន​ច្រាន​ចោល​ផែនការ​សន្តិភាព​របស់​រដ្ឋបាល​អាមេរិក​តាំង​ពី​ដើមទី​បាន​បញ្ជាក់​ត្រង់ៗ​ថា ដំណោះស្រាយ​នយោបាយ​ជា​ជំហាន​មុខ ហើយ​ដំណោះស្រាយ​សេដ្ឋកិច្ច​ជា​ជំហាន​ក្រោយ។ អ្វី​ដែល​លោក​អាបាស់​ចង់​និយាយ​នោះ​គឺ​ថា ដរាប​ណា​គ្មាន​ដំណោះស្រាយ​នយោបាយ និង​ដរាប​ណា​គ្មាន​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ឯករាជ្យ​ទេ ដរាប​នោះ​គេ​នៅ​មិន​ទាន់​អាច​និយាយ​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​បាន​ឡើយ។

មែនទែន​ទៅ ជំហរ​មួយ​នេះ​របស់​ប៉ាឡេស្ទីន​មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​ក្រៅ​ពី​ប៉ាឡេស្ទីន​ខ្លួន​ឯង ការ​ទាមទារ​ឲ្យ​បង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ​ឯករាជ្យ​ក៏​ជា​ការ​ទាមទារ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ទូទៅ​ដែរ។ ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ដូច​គ្នា​ថា កុំ​ថា​ឡើយ​មិន​និយាយ​ដល់​ដំណោះស្រាយ​នយោបាយ សូម្បី​តែ​និយាយ​ត្រឹម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ដែល​គ្មាន​ការ​ចូលរួម​ពី​ភាគី​ប៉ាឡេស្ទីន​ក៏​សន្និសីទ​ផ្តួចផ្តើម​ដោយ​អាមេរិក​មួយ​នេះ​គ្មាន​ន័យ​អ្វី​ដែរ។ នៅ​ត្រង់​ចំណុច​នេះ ភាគី​អាមេរិក រួម​ទាំង​ក្រុម​ប្រទេស​ចូលរួម​ជាមួយ​អាមេរិក​ពេល​នេះ​បាន​ដឹង​ច្បាស់​ណាស់។ បើ​ដូច្នេះ ហេតុអ្វី​បាន​ជា​រដ្ឋបាល​អាមេរិក​មានះ​នៅ​តែ​រៀបចំ?។ ក្រុម​អ្នកវិភាគ​បាន​ឆ្លើយ​ដោយ​មិន​លាក់លៀម​ថា វា​ជា​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​អាមេរិក​បង្រួបបង្រួម​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ដើម្បី​ប្រឆាំង​នឹង​អ៊ីរ៉ង់។

នៅ​ក្នុង​ស្ថានការណ៍​ក្តៅ​គគុក​រវាង​អាមេរិក និង​អ៊ីរ៉ង់​សព្វថ្ងៃ រដ្ឋបាល​អាមេរិក​ចង់​អូសទាញ​ប្រទេស​អារ៉ាប់​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឲ្យ​រួម​សហការណ៍​ជាមួយ​អ៊ីស្រាអែល​ដើម្បី​គាប​អ៊ីរ៉ង់។ ក្នុង​ឆ្នាំ ២០១៨ អ៊ីស្រាអែល​ខ្លួន​ឯង​ក៏​បាន​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​អូម៉ង់ និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ តើ​សន្និសីទ​ស្តីពី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ​មិន​ជា​វេទិកា​មួយ​ដែល​អាមេរិក​ប្រើ​ដើម្បី​ប្រមូល​កម្លាំង​ប្រឆាំង​អ៊ីរ៉ង់​ទេ​ឬ​យ៉ាង​ណា?។ នេះ​ជា​សំណួរ​ដែល​កំពុង​ចោទ​សួរ​ឡើង និង​ដែល​ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នកវិភាគ​បាន​ឆ្លើយ​ថា បើ​គេ​ចង់​គៀងគរ​ទាំង​អស់​គ្នា​ឲ្យ​ប្រឆាំង​អ៊ីរ៉ង់ គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​ជឿនលឿន​ទៅ​មុខ​នូវ​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាម​ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នកវិភាគ​ដដែល ដរាប​ណា​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បន្ត​ជាប់គាំង ដរាប​នោះ​គេ​ពិបាក​នឹង​បង្រួបបង្រួម​រវាង​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ