មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤២
សន្និសីទអន្តរជាតិស្តីពីសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបើកធ្វើរយៈពេល ២ថ្ងៃក្នុងប្រទេសបារ៉ែនពីថ្ងៃអង្គារ ទី២៥ដល់ថ្ងៃពុធ ទី២៦ មិថុនា។ សន្និសីទដែលផ្តួចផ្តើមដោយអាមេរិកមួយនេះចូលរួមដោយក្រុមប្រទេសមហាអំណាចក្នុងតំបន់ឈូងសមុទ្រពែក្ស អារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ភាគីអ៊ីស្រាអែលក៏បានប្រកាសពីការចូលរួមរបស់ខ្លួន តែភាគីប៉ាឡេស្ទីនបានបដិសេធ។ នៅក្នុងសន្និសីទ លោក Jared Kushner ដែលជាទីប្រឹក្សា និងជាកូនប្រសារប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំត្រូវបង្ហាញជាសាធារណៈនូវផែនការសន្តិភាពមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលរូបលោកជាអ្នកតាក់តែងឡើង។ លោក Kushner បានបញ្ជាក់រួចហើយថា ផែនការសន្តិភាពមួយនេះបានផ្តោតសំខាន់លើការលើកស្ទួយសេដ្ឋកិច្ចប៉ាឡេស្ទីន។ តែក្រុមអ្នកជំនាញ និងក្រុមអ្នកវិភាគបានមើលឃើញថា សន្និសីទដែលគ្មានវត្តមានប៉ាឡេស្ទីនជាឱកាសដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់។
« ពីសន្តិភាពទៅកាន់វិបុលភាព ឬភាពសំបូររុងរឿង » នេះជាប្រធានបទនៃសន្និសីទស្តីពីសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនរៀបចំក្នុងទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែនរយៈពេល ២ថ្ងៃ។ មានឈ្មោះជាសន្និសីទដើម្បីស្វែងរកសន្តិភាពឲ្យជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនមែន តែបែរជាបានផ្តោតសំខាន់តែលើសេដ្ឋកិច្ចជាងសន្តិភាព។ លោក Jared Kushner ដែលជាទីប្រឹក្សា ជាកូនប្រសារលោកដូណាល់ ត្រាំ និងជាអ្នករៀបរៀងផែនការសន្តិភាពបានទម្លាយក្នុងថ្ងៃសៅរ៍ ទី២២ មិថុនាដោយក្តីសង្ឃឹមថា សន្និសីទពេលនេះអាចជួយទ្រទ្រង់សេដ្ឋកិច្ចប៉ាឡេស្ទីនក្នុងទំហំទឹកប្រាក់ជាង ៥០ ០០០លានដុល្លារ និងអាចបង្កើតការងារចំនួន ១លានការងារឲ្យពលរដ្ឋប៉ាឡេស្ទីនសម្រាប់រយៈពេល ១០ឆ្នាំ។
គេអាចនិយាយបានថា សន្និសីទមួយនេះមានបង្កប់ដោយសក្តានុពលសេដ្ឋកិច្ចធំធេងណាស់សម្រាប់ប្រជាជនប៉ាឡេស្ទីន ឬនិយាយបែបផ្សេង ជាសន្និសីទស្តីពីការអភិវឌ្ឍន៍ដែនដីប៉ាឡេស្ទីន។ បើវាជាសន្និសីទដែលរដ្ឋបាលអាមេរិកាំងមានគោលដៅជួយលើកស្ទួយសេដ្ឋកិច្ចប៉ាឡេស្ទីនមែន ចុះហេតុអ្វីបានជាភាគីប៉ាឡេស្ទីនបែរជាបដិសេធមិនចូលរួមនៅក្នុងសន្និសីទមួយនេះទៅវិញ។ គួររម្លឹកថា សន្និសីទដែលផ្តួចផ្តើមឡើងដោយអាមេរិករៀបចំនៅក្នុងប្រទេសបារ៉ែនពេលនេះមានការចូលរួមពីក្រុមប្រទេសមហាអំណាចនៅក្នុងឈូងសមុទ្រពែក្សដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក រួមជាមួយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ចំណែកភាគីពាក់ព័ន្ធផ្ទាល់មានអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺមានតែអ៊ីស្រាអែលម្នាក់គត់ដែលបានយល់ព្រមចូលរួម។
តែគេមិនដឹងថា តើអ៊ីស្រាអែលបញ្ជូនមន្រ្តីកម្រិតណារបស់ខ្លួនឲ្យចូលរួមទេ ជាគណៈប្រតិភូផ្លូវការ ឬមួយគ្រាន់ជាក្រុមអ្នកជំនួញ។ ពិតណាស់ ប្រជាជនប៉ាឡេស្ទីនត្រូវការលុយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តែនេះមិនមែនជាប្រធានបទអាទិភាពរបស់ប៉ាឡេស្ទីនឯណា។ ប្រធានបទអាទិភាពនៅចំពោះមុខរបស់ប៉ាឡេស្ទីន គឺដំណោះស្រាយនយោបាយតាមរយៈការបង្កើតរដ្ឋអធិបតេយ្យមួយឯករាជ្យរស់ក្បែរខាងរដ្ឋអ៊ីស្រាអែល។ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាមូដ អាបាស់ដែលបានច្រានចោលផែនការសន្តិភាពរបស់រដ្ឋបាលអាមេរិកតាំងពីដើមទីបានបញ្ជាក់ត្រង់ៗថា ដំណោះស្រាយនយោបាយជាជំហានមុខ ហើយដំណោះស្រាយសេដ្ឋកិច្ចជាជំហានក្រោយ។ អ្វីដែលលោកអាបាស់ចង់និយាយនោះគឺថា ដរាបណាគ្មានដំណោះស្រាយនយោបាយ និងដរាបណាគ្មានរដ្ឋប៉ាឡេស្ទីនមួយឯករាជ្យទេ ដរាបនោះគេនៅមិនទាន់អាចនិយាយពីការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ាឡេស្ទីនបានឡើយ។
មែនទែនទៅ ជំហរមួយនេះរបស់ប៉ាឡេស្ទីនមិនមែនជារឿងថ្មីទេ ហើយក្រៅពីប៉ាឡេស្ទីនខ្លួនឯង ការទាមទារឲ្យបង្កើតរដ្ឋប៉ាឡេស្ទីនមួយឯករាជ្យក៏ជាការទាមទារចង់បានរបស់សហគមន៍អន្តរជាតិទូទៅដែរ។ ក្រុមអ្នកជំនាញ និងក្រុមអ្នកវិភាគបានយល់ឃើញដូចគ្នាថា កុំថាឡើយមិននិយាយដល់ដំណោះស្រាយនយោបាយ សូម្បីតែនិយាយត្រឹមការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ាឡេស្ទីនដែលគ្មានការចូលរួមពីភាគីប៉ាឡេស្ទីនក៏សន្និសីទផ្តួចផ្តើមដោយអាមេរិកមួយនេះគ្មានន័យអ្វីដែរ។ នៅត្រង់ចំណុចនេះ ភាគីអាមេរិក រួមទាំងក្រុមប្រទេសចូលរួមជាមួយអាមេរិកពេលនេះបានដឹងច្បាស់ណាស់។ បើដូច្នេះ ហេតុអ្វីបានជារដ្ឋបាលអាមេរិកមានះនៅតែរៀបចំ?។ ក្រុមអ្នកវិភាគបានឆ្លើយដោយមិនលាក់លៀមថា វាជាឱកាសដែលអនុញ្ញាតឲ្យអាមេរិកបង្រួបបង្រួមអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សដើម្បីប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងស្ថានការណ៍ក្តៅគគុករវាងអាមេរិក និងអ៊ីរ៉ង់សព្វថ្ងៃ រដ្ឋបាលអាមេរិកចង់អូសទាញប្រទេសអារ៉ាប់គ្រាក់ៗមួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យរួមសហការណ៍ជាមួយអ៊ីស្រាអែលដើម្បីគាបអ៊ីរ៉ង់។ ក្នុងឆ្នាំ ២០១៨ អ៊ីស្រាអែលខ្លួនឯងក៏បានប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយប្រទេសអូម៉ង់ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ តើសន្និសីទស្តីពីសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនពេលនេះមិនជាវេទិកាមួយដែលអាមេរិកប្រើដើម្បីប្រមូលកម្លាំងប្រឆាំងអ៊ីរ៉ង់ទេឬយ៉ាងណា?។ នេះជាសំណួរដែលកំពុងចោទសួរឡើង និងដែលក្រុមអ្នកជំនាញ និងក្រុមអ្នកវិភាគបានឆ្លើយថា បើគេចង់គៀងគរទាំងអស់គ្នាឲ្យប្រឆាំងអ៊ីរ៉ង់ គេត្រូវតែធ្វើឲ្យជឿនលឿនទៅមុខនូវដំណើរស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តាមក្រុមអ្នកជំនាញ និងក្រុមអ្នកវិភាគដដែល ដរាបណាកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបន្តជាប់គាំង ដរាបនោះគេពិបាកនឹងបង្រួបបង្រួមរវាងអ៊ីស្រាអែល និងបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ