ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាមេរិក

អ៊ីរ៉ង់ប្តឹង​ទៅ​អង្គការសហប្រជាជាតិ វ៉ាស៊ីនតោន​បញ្ជូន​យន្តហោះ​ចម្បាំង​F-២២ទៅ​កាតា

media យន្តហោះ​ប្រដេញ​អាមេរិក​ប្រភេទ F-២២Raptor AFP

នេះ​ជាលើក​ទី​មួយ ដែល​អាមេរិក​បញ្ជូន​យន្តហោះចម្បាំងប្រភេទ​​ F-22​ ទៅ​​កាតា ដើម្បី​បង្កើន​វត្តមាន​យោធា​​នៅ​ក្នុង​តំបន់ ដែល​កំពុង​មាន​ភាពតាន​តឹង​ជាមួយ​អ៊ីរ៉ង់។ ចំណែក​អ៊ីរ៉ង់​ក៏​បានដាក់​ពាក្យ​បណ្តឹង ជា​ផ្លូវការ​ ​ទៅ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​វត្តមាន​យន្តហោះ​ដ្រូន​អាមេរិក​​​ក្នុង​ដែន​អាកាស​ខ្លួន មុន​នឹង​ត្រូវ​ទាហាន​អ៊ីរ៉ង់​បាញ់​ទម្លាក់។

កាលពី​ខែ​ឧសភា សហរដ្ឋ​អាមេរិក​បាន​បង្ហើប​អំពី​ផែនការ​វាយប្រហារ​អ៊ីរ៉ង់ ដោយ​ប្រើ​កម្លាំង​នៅ​ក្នុង​តំបន់​ និង​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ ព្រមទាំង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​B-៥២ អាច​ពាំ​មីស៊ីល​នុយក្លេអ៊ែរ​ផង។ នៅ​ថ្ងៃ​នេះ យន្តហោះ​ប្រដេញ​ប្រភេទ F-២២ Raptor ​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បំពេញ​បេសកកម្មឈរ​ជើង​នៅ​​មូលដ្ឋាន​ទ័ព​អាមេរិក​ នៅ​កាតា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ការពារ​កងកម្លាំង​និង​ផលប្រយោជន៍​អាមេរិក​ក្នុង​តំបន់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​​​មេបញ្ជាការ​កងទ័ព​អាមេរិក​ ដោយ​មិន​បញ្ជាក់​អំពី​ចំនួន​ឱ្យ​ពិត​ប្រាកដ​ទេ។

​បើ​តាម​រូបភាព​​​ភ្ជាប់​​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួង​ការពារ​ជាតិ​អាមេរិក​​ បាន​បង្ហាញ​រូបថត​​យន្តហោះ​ចម្បាំង​ F-២២​ ចំនួន​៥​គ្រឿង​កំពុង​ហោះ​ចុះ​ថត​​លើ​មូលដ្ឋានទ័ព ​Al Oudeid ​នៅ​កាតា។

ប៉ុន្តែ​ការ​សម្រេច​បញ្ជូន​យន្ត​ចម្បាំង​ទៅ​បន្ថែម​នេះ ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​អាមេរិក​និង​អ៊ីរ៉ង់​ កំពុងមាន​សម្ពាធ​តាន​តឹង​នឹង​គ្នា​ខ្លាំង ​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​អាមេរិក​អាមេរិក​មួយ​គ្រឿង​ កាលពី​ថ្ងៃ​២០មិថុនា២០១៩។ ​តេអេរ៉ង់ និង​ ​រុស្ស៊ី ​បាន​អះអាងនិង​ចោទ​​ដូច​គ្នា ថា​យន្តហោះ​ដ្រូន​អាមេរិក​បានរំលោភ​ដែន​អាកាស​អ៊ីរ៉ង់។ តែ​វ៉ាស៊ីនតោន​បដិសេធ។

ប្រឈម​នឹង​ប្រកែក​ប្រណាំងបែប​នេះ អ៊ីរ៉ង់​ក៏​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​ទៅ​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ ប្រឆាំង​នឹង​វត្តមាន​យន្តហោះ​ដ្រូន​ ក្នុង​ដែន​អាកាស​អ៊ីរ៉ង់ មុន​នឹង​ត្រូវ​អ៊ីរ៉ង់​បាញ់​ទម្លាក់។ ជា​បណ្តឹង​ដែល​អ៊ីរ៉ង់​ចង់​បញ្ជាក់​អំពី​សិទ្ធិ​នៃ​ការ​បាញ់​ការពារ​ខ្លួន​ ប្រឆាំង​នឹង​រាល់​ការរំលោភ​គ្រប់​បែប​យ៉ាង។

សូម​បញ្ជាក់​ថាតាំង​ពី​ជាង​៤០​ឆ្នាំមក ​អាមេរិក​និង​អ៊ីរ៉ង់​មាន​ទំនាក់ទំនង​នឹង​គ្នា​រអាក់រអួល​ណាស់ និង​កាន់​តែ​ស្រអាប់​ខ្លាំង ក្រោយ​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ឡើងវិញ។ ហើយ​​​មុន​ហេតុការណ៍​ថ្ងៃទី​២០​មិថុនា ទំនាក់ទំនង​អាមេរិក​-អ៊ីរ៉ង់​បាន​ធ្លាក់​ចុះមួយ​កំរិត​ទៀត ​ស្ទើរ​ដល់​បាត ដោយហេតុ​តែ​មានការ​វាយប្រហារ​ លើនាវា​ដឹកប្រេង​ ក្នុង​ដែន​ទឹក​របស់​ប្រទេស​អេមីរ៉ាតអារ៉ាបរួម។ អាមេរិក​បាន​ចោទ​ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់ និង​គំរាម​ចង់​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹងអ៊ីរ៉ង់​ផង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ