អានតួអត្ថបទ

អ.ស.ប.បរិហារ​ករណី​សម្លាប់​មនុស្ស​ក្រៅ​ផ្លូវ​តុលាការ​ដ៏​សន្ធឹកសន្ធាប់​នៅ​វ៉េណេស៊ុយអេឡា

ដូច​បាន​សន្យា នៅ​ថ្ងៃ​សុក្រ​ទី ៥ កក្កដា​នេះ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​ស្តី​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​វ៉េណេស៊ុយអេឡា ដោយ​បរិហារ​ថា មាន​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ប្រព្រឹត្ត​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​លោកម៉ាឌុយរ៉ូ របាយការណ៍​អង្គការ​សហប្រជាជាតិ​នេះ មាន​បង្កប់​ទៅ​ដោយ​កំហុស និង​ចំណុច​មិន​ច្បាស់​លាស់​ ច្រើន​ណាស់។

លោក​ស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប.Michelle Bachelet​បរិហារ​ករណី​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​វ៉េណេស៊ុយអេឡា
លោក​ស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប.Michelle Bachelet​បរិហារ​ករណី​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​វ៉េណេស៊ុយអេឡា REUTERS/Fausto Torrealba
ផ្សាយពាណិជ្ជកម្ម

“រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា បាន​រៀប​ចំប្រើ​​យុទ្ធសាស្ត្រ​ កម្ចាត់​ បំបាត់ និង​ចាប់ទោស​ក្នុង​បទ​ឧក្រិដ្ឋ​ សកម្មជន​បក្ស​ប្រឆាំងនិង​ជន​ណា​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល » តាំង​ពីជាង​១០​ឆ្នាំ​កន្លង​មក និង​ជាពិសេស​ចាប់ពី​​ឆ្នាំ​២០១៦​មក។ នេះ​បើ​តាម​ពាក្យ​ចោទ​ប្រកាន់​របស់លោកស្រី​ មីស្ហែល បាស្ហឺឡេ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

នៅ​ក្នុង​របាយការណ៍​ ដែល​​ជាលទ្ធផល​នៃ​ការ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ ការ៉ាកាស កាលពី​ខែ​មុន លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប.​បាន​ប្រកាស​ថា ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ពី​សំណាក់​កងកម្លាំងពិសេសរបស់​រដ្ឋាភិបាល​ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ណាស់ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការរក្សា​សន្តិសុខជាតិ។ របាយការណ៍​បាន​បញ្ជាក់​​​ថា នៅ​ឆ្នាំ​ ២០១៨ បើតាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ មាន​មនុស្ស​ ៥២៨៧​នាក់ ​បាន​ស្លាប់ ដោយ​ក្រាញ​នឹង​អាជ្ញាធរ ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​សន្តិសុខជាតិ និង​១៥៦៩​នាក់ផ្សេង​ទៀត ត្រូវ​បាន​សម្លាប់​ នៅ​រវាង​ពី​ថ្ងៃ​ទី ១​មករា​ដល់​ថ្ងៃទី ១៩​ឧសភា ឆ្នាំ​២០១៩នេះ។ ពោលគឺ​ជា​ចំនួន​ដ៏​ច្រើន ហើយ​បើ​តាម​ព័ត៌មាន​ដែល​លោកស្រី​ឧត្តម​ស្នងការ​ទទួល​បាន​ គឺ​ជា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​​ស្នាដៃ​របស់​កងកម្លាំង​ពិសេស ឬ​ក្រុមស៊ីវិល​ប្រដាប់​អាវុធ​គាំទ្រ​រដ្ឋាភិបាល។

​​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧សម្រាប់​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម កង​កម្លាំង​ពិសេស​របស់រដ្ឋាភិបាល ជានគរបាល​​ជើង​ឆើត ដែលបាន​ទទួល​បង្វឹក​បង្ហាត់​យ៉ាង​ខ្លាំង មាន​សមត្ថភាពខ្ពស់​ខ្លាំងបំផុត មាន​បំពាក់​អាវុធ​ច្រើនបំផុត​ ​សម្គាល់​ដោយ​​ឯកសណ្ឋាន​ខ្មៅ ​និង​ដែល​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ខ្លាច​រអារ​បំផុត។ កង​កម្លាំង​ពិសេស​នេះ​គួរ​តែ​ត្រូវ​រំលាយ​ចោល ! នេះ​ជា​កា​រទាមទារ​​របស់​លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ដែល​ជា​អតីត​ប្រធានាធិបតី​ ឈីលី។

​ម្ចាស់​របាយការណ៍​ក៏​បាន អំពាវនាវ​​ឱ្យ​ក្រុង​ការ៉ាកាស​ ចាត់វិធានការ​ភ្លាម​និង​ដោយ​ជាក់ស្តែង បញ្ចប់​រាល់​គ្រប់​ការរំលោភ​សិទ្ធិសេដ្ឋកិច្ច សង្គម ស៊ីវិល នយោបាយ​និង​វប្បធម៌ទៀត។

ប្រឈម​នឹង​របាយការណ៍​ដ៏​រន្ធត់​នេះ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​របស់​លោក នីកូឡា ម៉ាឌូរ៉ូ បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ភ្លាម ដោយ​លើក​ឡើង​អំពី​ចំណុច​មិន​ច្បាស់​លាស់​ កំហុស ក្រៅ​បរិបទ និង​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ជា​ច្រើន របស់​របាយការណ៍។ សម្រាប់​រដ្ឋាភិបាល របាយការណ៍​៧០​ចំណុច​របស់​អង្គការ​សហប្រជាជាតិ ផ្តល់ទស្សនៈ​វិស័យ​​ស្តី​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​វ៉េណេស៊ុយអេឡា​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ