អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អាមេរិក អត្រា​ការងារ​បង្កើតថ្មី មាន​សន្ទុះកើនឡើង​ខ្លាំង​នៅខែ​មិថុនា។ របាយការណ៍​របស់​នាយកដ្ឋាន​ការងារ​អាមេរិក ចេញផ្សាយ កាលពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​ថា នៅ​ខែ មិថុនា​កន្លងទៅ គេ​បាន​បង្កើត​ការងារ​ថ្មី ជាង​២សែន​ការងារ ដែលជា​អត្រា​ខ្ពស់ ហួស​ពីការរំពឹង ព្យាករ ទុក​របស់​អ្នកវិភាគ។ នេះ​ជា​សាក្ខីកម្ម​ដែល​បញ្ជាក់​ពីសេដ្ឋកិច្ច​រឹងមាំ​របស់​អាមេរិក នៅក្នុង​កាលៈទេសៈ​ដែល​កំពុង​កើតមាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ​សារ​អួតសរសើរ​នយោបាយ​របស់លោក ដែល​បាន​ជួយ​បង្កើតការងារ​ឲ្យ​ប្រជាជន​អាមេរិក។ យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ បាន​ទាមទារ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក បញ្ចុះ​អត្រាការប្រាក់ ដើម្បី ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​អាមេរិក​បន្ថែមទៀត។ 

ក្រុមហ៊ុន​Ford វិនិយោគ ប្រាក់ ១ពាន់​លាន​ដុល្លារ នៅទីក្រុង​ឈីកាហ្គោ ដោយ​បាន​បង្កើតការងារ ៥០០​
ក្រុមហ៊ុន​Ford វិនិយោគ ប្រាក់ ១ពាន់​លាន​ដុល្លារ នៅទីក្រុង​ឈីកាហ្គោ ដោយ​បាន​បង្កើតការងារ ៥០០​ ©REUTERS/Kamil Krzaczynski Download Picture Date: 24/06/201
ផ្សាយពាណិជ្ជកម្ម

ចំនួន​ការងារធ្វើ​នៅ​អាមេរិក ដែល​មាន​សន្ទុះ​កើនឡើង​ខ្លាំង នៅ​ខែ​មិថុនា ពោល គឺ​បាន​កើនឡើង ដល់​ទៅ​ជាង​២សែន​ការងារ ដែល​ជាអត្រាដ៏​ខ្ពស់ មិនគួរ​ឲ្យ​ជឿ។ នៅក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​អាមេរិក​កំពុង​ប្រឈមនឹង​ការគំរាមកំហែង​ដោយសារ​ជម្លោះ ពាណិជ្ជកម្ម​ជាមួយ ចិន អ្នកជំនាញ​ជាច្រើន​បាន​ព្យាករ​ថា ចំនួន​ការងារ​ថ្មី​នៅ​អាមេរិក​នៅ​ខែ​មិថុនា នឹង​អាច​មាន​ត្រឹម ជាង ១សែន​ប៉ុណ្ណោះ។

ចំនួន​ការងារ​កើនឡើង​ច្រើន ខ្ពស់​បែបនេះ គឺ​បញ្ជាក់​ពីសេដ្ឋកិច្ច​ល្អ រឹងមាំ​របស់​អាមេរិក។ ដំណឹងនេះ​នឹង​រំងាប់ទៅវិញ ពាក្យចចាមអារ៉ាម ហើយ​និង​ការព្យាករ​ទុក​របស់​អ្នកសេដ្ឋកិច្ចវិទូ ដែល​ថា ជម្លោះ​ពាណិជ្ជកម្មចិន អាមេរិក ហើយ​និង​បរិយាកាស​សេដ្ឋកិច្ច​ដ៏អាប់អួរ ក្នុង​ពិភពលោក អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក ហើយ​និង​អាច​ធ្វើ​ឲ្យ​ចំនួន​បង្កើត​ការងារ​ថ្មី នៅ​ខែ​មិថុនា មាន​ត្រឹមតែ ១សែន ៦ម៉ឺន​ការងារ​តែប៉ុណ្ណោះ។

ការពិតជាក់ស្តែង សេដ្ឋកិច្ច​អាមេរិក បាន​បង្កើត​ការងារ ដល់​ទៅ ២សែន ២ម៉ឺន ៤ពាន់​ការងារ ពោល​គឺ​កើនឡើង​ដល់​ទៅ ៣​ដង បើប្រៀបធៀប​នឹង​ខែ​ឧសភា ដែល​គេ​កត់ត្រា​ឃើញ ចំនួន​ការងារ​បង្កើតថ្មី មាន​ត្រឹមតែ ៧ម៉ឺន​ប៉ុណ្ណោះ។

តាម​របាយការណ៍ របស់​នាយកដ្ឋានការងារ​អាមេរិក វិស័យ​ដែល​បាន​បង្កើតការងារ សម្រាប់​ពលរដ្ឋ​អាមេរិកាំង​នៅ​ខែ​មិថុនា មាន​ដូចជា រោងចក្រ ការដ្ឋាន​សំណង់ សេវាហិរញ្ញវត្ថុ សេវា​ជាទូទៅ ការអប់រំ ការដឹកជញ្ជូន ហើយនិង​ឃ្លាំង​ស្តុកទំនិញ​ជាដើម។

នៅក្រោយ​នាយកដ្ឋាន​ការងារ​អាមេរិក​ចេញផ្សាយ​របាយការណ៍ បង្ហាញថា ការងារ​បង្កើតថ្មី នៅអាមេរិក​បាន​កើនឡើងដល់ ជាង ២សែន​ការងារ លោកប្រធានាធិបតី អាមេរិក ដូណាល់​ត្រាំ បាន​សរសេរ​សារ​Twitter ភ្លាម ថា ការងារ ការងារ ការងារ។ ប្រធានាធិបតី អាមេរិក​បាន​លើកឡើងថា តួលេខ ការងារ​កើនឡើង​ខ្ពស់ បញ្ជាក់​ថា សេដ្ឋកិច្ច​អាមេរិក​ល្អ​មែនទែន។ លោកដូណាល់​ត្រាំ បាន​ទាញ​គុណសម្បត្តិ ដែល​លោក​បាន​ជួយ​ធ្វើ​មាន​ការបង្កើត​ការងារ ក្នុង​កម្រិត​មួយ​ខ្ពស់។

សម្រាប់​លោក​ដូណាល់ ត្រាំ ដែល​ចង់​បន្ត​តំណែង​ប្រធានាធិបតី នៅ​អាណត្តិ​ទី ២ សេដ្ឋកិច្ច​រឹងមាំ​របស់​អាមេរិក​ជាគ្រឹះបង្អែក ដែល​លោក​យក​ទៅ​អះអាង ដើម្បី អូសទាញ​ម្ចាស់ឆ្នោតអាមេរិកាំង។

ជាមួយគ្នានោះ លោកដូណាល់ ត្រាំបាន​ទាមទារ​ឲ្យ​ធនាគារ​កណ្តាល បញ្ចុះ​អត្រាការប្រាក់ ដើម្បី​ជំរុញ ឲ្យ​កំណើនសេដ្ឋកិច្ច​អាមេរិក។ សម្រាប់​ប្រធានាធិបតី​អាមេរិក​នឹង​កើនឡើង បន្ថែមទៀត ពី ៤ ទៅ​៥ភាគរយ បើសិន​ធនាគារ​កណ្តាល​សុខចិត្ត​បន្ថយ​អត្រាការប្រាក់ ជាជាង ប្រកាន់ឥរិយាបទ​ជា​ក្មេង​ក្បាលរឹង។

សេតវិមាន​បានលើកឡើង​ពីកំណើនសេដ្ឋកិច្ច ៣%​នៅ​ឆ្នាំ ២០១៩ ប៉ុន្តែ សេដ្ឋកិច្ច​វិទូ​ភាគច្រើន មិន​យល់ស្រប​ជាមួយ​នោះទេ។ ធនាគារកណ្តាល​អាមេរិក​ផ្ទាល់​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់ថយចុះ ពី​២,៩% នៅ​ឆ្នាំមុន មកនៅត្រឹម ២,១%​នៅ​ឆ្នាំនេះ ចំណែក មូលនិធិរូបិយវត្ថុ​បាន​លើកឡើង​ពីកំណើនសេដ្ឋកិច្ច​អាមេរិក តែត្រឹម​១,៩% ប៉ុណ្ណោះ។

កំណើន​សេដ្ឋកិច្ច​អាមេរិក​អាច​ធ្លាក់ថយចុះ ដោយសារ​តែ នយោបាយ​របស់​រដ្ឋ ដែល​កាត់បន្ថយ​ការយកពន្ធ ពី​ក្រុមហ៊ុន​ឯកជន ត្រូវ​ឈានដល់​ទីបញ្ចប់​នៅឆ្នាំនេះ នេះ គេ​នៅមិនទាន់​សំពាធ ការប្រឈម ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន អាមេរិក​ផង។

ប្រឈម​នឹង​ភាពមិនប្រាកដប្រជា របស់​សេដ្ឋកិច្ច​ពិភពលោក ដែល​រង្គោះរង្គើ ដោយសារ​ជម្លោះ ពាណិជ្ជកម្ម​ចិន អាមេរិក ហើយនិង​អតិផរណា​នៅទាប​ជាង​ការរំពឹងទុក ធនាគារ​កណ្តាល​អាមេរិក FED ធ្លាប់​បាន​លើកឡើង កាលពី​ខែ​មិថុនា​មុន ពី​គម្រោង បញ្ចុះ​អត្រា​ការប្រាក់ ដើម្បី​ជួយ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​អាមេរិក។

ប៉ុន្តែ នៅពេល​ដែល​ចំនួន​ការងារ​បង្កើតថ្មី នៅខែ​មិថុនា ​កើន​ឡើង​បែបនេះ វា​បែរ​ទៅ​ជា​រឿងឈឺក្បាល​ទៅវិញ សម្រាប់​ធនាគារ​កណ្តាល​អាមេរិក។ ការងារ​បង្កើតថ្មី កើនឡើង មានន័យថា សេដ្ឋកិច្ច​អាមេរិក នៅរឹងមាំ និង​មិនត្រូវការ​ជំនួយ ដែល​បាន​មកពី​ការបញ្ចុះ បន្ថយ អត្រា​ការប្រាក់​នោះ​ទេ។ ចំនួន​ការងារ​កើនឡើង​យ៉ាងដូច្នេះ គឺ​ពិបាក​នឹង​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក​សម្រេច​ចិត្ត​ថា តើ​ត្រូវ​បន្ធូរបន្ថយ​នយោបាយ​រូបិយវត្ថុ ឬ​នៅ​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ដដែល​ឬ​យ៉ាងណា។

មុន​នឹង​សម្រេចចិត្ត​ជាផ្លូវការ​នៅក្នុង​កិច្ចប្រជុំ នៅ​ដំណាច់ខែ​កក្កដានេះ ធនាគារ​កណ្តាល​អាមេរិក​ត្រូវ​នៅចាំមើល​លទ្ធផល​របាយការណ៍​មួយ ទៀត ដែល​អាច​ចេញផ្សាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ នោះ​គឺ​ជារបាយការណ៍​ដែល​និយាយ​ពី​កំណើនសេដ្ឋកិច្ច​របស់អាមេរិក ២ត្រីមាស​ដើមឆ្នាំនេះ។ ក្រុមប្រឹក្សា​ធនាគារ​កណ្តាល​អាមេរិក​នឹង​សម្រេចចិត្ត​យ៉ាងណា គឺ​អាស្រ័យ​លើ​លទ្ធផល​របាយការណ៍​ចុងក្រោយនេះ។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច ហើយនិង​អ្នកវិនិយោគ មួយចំនួន ស្ថិតក្នុង​កាលៈទេសៈ​ដែល​បរិយាកាស​សេដ្ឋកិច្ច​ពិភពលោក​ចុះស្រអាប់យ៉ាងដូច្នេះ គេ​រំពឹង​ថា ធនាគារ​កណ្តាល​អាច​បញ្ចុះអត្រាការប្រាក់ បើមិន​0,៥%ទេ ក៏ត្រឹម​0,២៥%ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ