អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖លោកម៉ាឌូរ៉ូចង់មានកិច្ចសន្ទនាជាថ្មី តែលោកហ្កាយដូចង់ឃើញលោកម៉ាឌូរ៉ូចុះពីតំណែង

នៅ​ថ្ងៃ​សុក្រ ទី៥ កក្កដា ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ​គម្រប់ ២០៨ឆ្នាំ។ នា​ឱកាស​នោះ ប្រធានាធិបតី​លោក​នីកូឡា ម៉ាឌូរ៉ូ​បាន​អួតសំញែង និង​សម្តែង​ក្តីស្មោះស្ម័គ្រ​របស់​គាត់​ចំពោះ​កងទ័ព។ ចំណែក​មេបក្សប្រឆាំង​លោក​ហ័ន ហ្កាដូ​ដែល​ជា​ប្រធាន​រដ្ឋសភា និង​ជា​ប្រធានាធិបតី​ប្រកាស់​ខ្លួន​ឯង​បាន​អំពាវនាវ​ដល់​ប្រជាជន ពិសេស​ក្រុម​អ្នក​គាំទ្រ​លោក​ឲ្យ​បន្ត​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​លោក​ម៉ាឌូរ៉ូ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា ចំនួន​អ្នក​ចូលរួម​ប្រឆាំង​នឹង​លោក​ម៉ាឌូរ៉ូ​ពេល​នេះ​មាន​ការ​ធ្លាក់​ចុះ​ច្រើន បើ​ធៀប​នឹង​ដើម​ឆ្នាំ ២០១៩។

លោក​ហ្កាយដូ និង​លោក​ម៉ាឌូរ៉ូ
លោក​ហ្កាយដូ និង​លោក​ម៉ាឌូរ៉ូ Fuente: AFP.
ផ្សាយពាណិជ្ជកម្ម

« សូម​លោក​អ្នក​កុំ​ចុះ​ចូល ! យើង​នឹង​ឈាន​ដល់​គោលដៅ ! សូម​កុំ​មាន​មន្ទិលសង្ស័យ ! យើង​នឹង​ទទួល​បាន​ជោគជ័យ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្កាដូ​ទៅ​កាន់​ក្រុម​សកម្មជន​ដែល​បាន​នាំ​គ្នា​ដង្ហែ​ក្បួនបាតុកម្ម​ប្រឆាំង​លោក​ម៉ាឌូរ៉ូ។ អ្វី​ជា​ការ​កត់សម្គាល់ ចំនួន​អ្នក​ចូលរួម​តាម​ការ​អំពាវនាវ​របស់​លោក​ហ្កាយដូ​ពេល​នេះ​មាន​តិច​ជាង​ដើម​ឆ្នាំ ពោល​ក្នុង​ដែល​លោក​ហ្កាយដូ​ទើប​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​ស្តីទី។ ទោះ​ជា​យ៉ាង​នេះ​ក្តី មេបក្សប្រឆាំង​រូប​នេះ​បាន​ស្នើ​ក្រុម​សកម្មជន​ឲ្យ​បន្ត​ផ្តល់​ការ​ទុកចិត្ត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ពី​អំណាច។ លោក​ហ្កាយដូ​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​មិន​ខ្លាច​ពី​រឿង​ចរចា​ទេ ប្រសិន​បើ​ការ​ចរចា​នោះ​នឹង​អនុញ្ញាត​ឲ្យ​សម្រេច​បាន​គោលដៅ​ចំនួន ៣ ទី១ ការ​ចុះចេញ​ពី​អំណាច​របស់​លោក​ម៉ាឌូរ៉ូ ទី២ បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ និង​ទី៣ ការ​រៀបចំ​បោះឆ្នោត​ដោយ​សេរី។

ពី​ខាង​លោក​ម៉ាឌូរ៉ូ លោក​បាន​លើក​ឡើង​ពី​កិច្ចសន្ទនា និង​រម្លឹក​ជា​ថ្មី​ពី​ការ​អំពាវនាវ​របស់​លោក​ឲ្យ​មាន​កិច្ចចរចា​ឡើង​វិញ។ បន្ទាប់​មក លោក​ម៉ាឌូរ៉ូ​មិន​ភ្លេច​អួតសំញែង និង​សម្តែង​ក្តីស្មោះស្ម័គ្រ​របស់​លោក​ចំពោះ​កងទ័ព និង​ក្រុមគ្រួសារ​កងទ័ព​ទេ។ គួរ​រម្លឹក​ថា លោក​ម៉ាឌូរ៉ូ និង​លោក​ហ្កាយដូ​បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ជា​ច្រើន​ខែ​មក​ហើយ និង​ដែល​នៅ​គ្មាន​អ្នក​ណា​អាច​កាច់​បំបាក់​អ្នក​ណា​បាន​ទេ។ នៅ​លើ​ឆាកអន្តរជាតិ លោក​ហ្កាយដូ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រមាណ ៥០ប្រទេស ក្នុង​នោះ​មាន​អាមេរិក​មួយ​ដែរ។ តែ​ក្រោយ​ពី​បាន​ព្យាយាម​កែនប្រមូល​កងទ័ព​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉ាឌូរ៉ូ​មិន​បាន​សម្រេច​ក្នុង​ថ្ងៃទី៣០ មេសា​កន្លង​ទៅ​មក លោក​ហ្កាយដូ​ក៏​បាន​ងាក​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា​វិញ​ម្តង។

ក្នុង​ខែ​ឧសភា មាន​កិច្ចចរចា​ចំនួន ២ដង​ត្រូវ​បាន​រៀបចំ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​រវាង​គណៈប្រតិភូ​ប្រឆាំង និង​គណៈប្រតិភូ​រដ្ឋាភិបាល តែ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អាច​នឹង​មាន​កិច្ចចរចា​ជា​ថ្មី​ដែរ​ឬ​ទេ។ អ្វី​ដែល​គេ​ដឹង​ពេល​នេះ និង​ក្រោយ​ពី​មរណភាព​អនុសេនីឯក​លោក Acosta នៅ​ក្នុង​ពន្ធនាគារ លោក​ហ្កាយដូ​បាន​បដិសេធ​លោ​ការ​ចរចា​ថ្មី។ សូម​បញ្ជាក់​ថា អនុសេនីឯក Acosta ត្រូវ​បាន​រដ្ឋអំណាច​កាត់ទោស​ដាក់​គុក​ពី​បទ​បាន​ចូលរួម​នៅ​ក្នុង​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី៣០ មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ