អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

ភាគីជម្លោះ​នៅ​វ៉េណេស៊ុយអេឡា​នឹង​ជួប​ចរចា​គ្នា​ជាលើកទី៣ នៅ​កោះ ការ៉ាអ៊ីប

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​នឹង​ជួប​ចរចា​ជាលើកទី​៣ ជាមួយ ក្រុមប្រឆាំង ដឹកនាំ​ដោយ​លោក ហ័ន ហ្កៃដូ នៅ​ប្រទេស​កោះ ការ៉ាអ៊ីប La Barbade នៅ​សប្តាហ៍នេះ។ ជា​ការចរចា​លើកទី​៣ នៅ​ដំណើរ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នយោបាយ​នៅ​វ៉េណេស៊ុយអេឡា ដែល​ចាប់ផ្តើម តាំង​ពី​ខែ​ឧសភា នៅ​ប្រទេស​ន័រវែស។ តើ​ជំនួបចរចា​ជា​លើកទី ៣ រវាង​ភាគី​ជម្លោះ នឹង​អាច​ជួយ​ទៅ​បិទ​បញ្ចប់​វិបត្តិ​នយោបាយ នៅ​វ៉េណេសុយអេឡា​បាន​ដែរឬទេ?

មេដឹកនាំ​ក្រុមប្រឆាំង​វ៉េណេស៊ុយអេឡា​លោក Juan Guaido ដែល​ប្រទេស​ជាង​៥០​ទទួល​ស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េណេស៊ុយអេឡានៅ​ថ្ងៃ​ប្រារព្ធបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី ២០១៨​នៅ​ខែកក្កដា ២០១៩
មេដឹកនាំ​ក្រុមប្រឆាំង​វ៉េណេស៊ុយអេឡា​លោក Juan Guaido ដែល​ប្រទេស​ជាង​៥០​ទទួល​ស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េណេស៊ុយអេឡានៅ​ថ្ងៃ​ប្រារព្ធបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី ២០១៨​នៅ​ខែកក្កដា ២០១៩ ©REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាង​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា នឹង​ជួប​ចរចា សាជាថ្មី ជាមួយ ក្រុមប្រឆាំង បន្ទាប់ពី​ការចរចា​ពីរលើក នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស កាលពី​ខែ ឧសភា​កន្លងទៅ គ្មាន​បាន​ផ្តល់​លទ្ធផល​អ្វី​ទាល់តែសោះ។

នៅ​សប្តាហ៍មុន នៅក្រោយ​មេទាហាន​ម្នាក់ ដែល​រដ្ឋាភិបាល​ចាប់ខ្លួន​ក្នុង​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច ស្លាប់​នៅ​ក្នុង​ពន្ធនាគារ មេដឹកនាំ​ក្រុមប្រឆាំង លោក​ហ័ន ហ្កៃដូ​បាន​បដិសេធ​ថា នឹង​គ្មាន​ការចរចា​ជាលើកទី ៣​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ដែល​លោក​ចាត់ទុក​ជា​មេដឹកនាំ​លួចអំណាច និង​ផ្តាច់ការ។

ប៉ុន្តែ សម្រាប់​នយោបាយវិទូ មេដឹកនាំ​ក្រុមប្រឆាំង លោក​ហ័ន ហ្កៃដូ មិនអាច​យកឈ្នះ ផ្តួចអំណាច របស់​លោក​នីកូឡា ម៉ាឌូរ៉ូ​បានទេ នោះ​បើ​ទោះបី​ជា​មាន​ជំនួយ​ពី​អាមេរិក​ក្តី។ ក្រុមប្រឆាំង ត្រូវ​រក​គន្លឹះ យន្តការ​ថ្មី​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការបោះឆ្នោត មុន​កាលកំណត់។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​អាទិត្យ លោក​ហ័ន ហ្កៃដូ​បាន​អះអាងថា ជំនួប ចរចា​ជាមួយ​អ្នកតំណាង រដ្ឋាភិបាល នឹង​ជួយ​ឲ្យ​វ៉េណេស៊ុយអេឡា​ចាកចេញ​ពី​របបផ្តាច់ការ។ តាមមេបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា ការចរចា​ជាលើកទី​៣​នៅ​ប្រទេស​កោះ​ការ៉ាអ៊ីប La Barbade មាន​គោលដៅ​បី​ធំ​គឺ ការចុះចេញពីតំណែង​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ការបង្កើត​រដ្ឋាភិបាល​អន្តរកាល ហើយ​និង​ការរៀបចំ​បោះឆ្នោត​សេរី ដែល​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​អន្តរជាតិ។

លោក​ហ័ន ហ្កៃដូ ដែល​ចោទប្រកាន់​លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ ថា បាន​លួច​បន្លំ សន្លឹកឆ្នោត នៅ​ឆ្នាំ ២០១៨ បាន​ប៉ុនប៉ង ផ្តួលអំណាច​របស់​ប្រធានាធិបតី តាំង​ពី​ដើមឆ្នាំ នេះ តាមរយៈ​ចលនា​ប្រឆាំង​តាមផ្លូវ ហើយ​និង រដ្ឋប្រហារ​មិន​បាន​សម្រេច។

លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ វិញ បាន​អះអាង​ជា​ច្រើនលើក ចង់ជួប​ចរចា​ជាមួយ​ក្រុមប្រឆាំង ប៉ុន្តែ អ្នកវិភាគ​ជាច្រើន វាយតម្លៃថា លោក​ម៉ាឌូរ៉ូ ដែល​បាន​ទទួល​ការគាំទ្រខ្លាំង​ពីកងទ័ព តាមពិត​គ្រាន់​តែ​ចង់ចំណេញពេល ព្រោះ​លោក​គ្មាន​ចេតនា​ចង់​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​នោះទេ។

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិតទាហាន លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​បាន​លើកសរសើរ​ពី​ចំណង​សម្ព័ន្ធភាព ហើយ​និង​ការស្មោះស្ម័គ្រ​របស់​កងទ័ព ដែល​ជា​សរសរ​គ្រឹះ ដើរតួ​សំខាន់​ក្នុង​ជីវិត​នយោបាយ​វ៉េណេស៊ុយអេឡា។

មេដឹកនាំ​បក្ស​ប្រឆាំង លោក​ហ័ន ហ្កៃដូ​វិញ បាន​ព្យាយាម​អូសទាញ​កងទ័ព​ឲ្យ​បែរខ្នង​ដាក់​លោក​ម៉ាឌូរ៉ូ ប៉ុន្តែ មិនបាន​សម្រេច។ នៅថ្ងៃ​អាទិត្យ ប្រធាន​រដ្ឋសភា រូប​នេះ នៅបាន​បង្កើន​ការដាក់​សម្ពាធ ដោយ​បាន​គំរាមថា រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​ក្រុមបក្ស​ប្រឆាំង​នឹង​អនុម័ត​ច្បាប់​កងទ័ព ដែល​នឹង​អនុញ្ញាត បើកផ្លូវ​ឲ្យ​មាន​អន្តរាគមន៍​យោធា​បរទេស ស្របច្បាប់ ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ពីអំណាច។ ការប៉ុនប៉ង​របស់​សមាជិកសភា របស់​ក្រុមប្រឆាំង​នឹង​អាច​បរាជ័យ​សាជាថ្មី ព្រោះថា តុលាការ​កំពូល ដែល​ស្ថិតនៅ​ខាងភាគី​លោកប្រធានាធិបតី ជាអ្នកមានអំណាច រំលាយចោល​ការសម្រេច​របស់​រដ្ឋសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ