ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អាមេរិក

វ៉េណេស៊ុយអេឡា ៖ រដ្ឋាភិបាល​និង​បក្សប្រឆាំង​ព្រម​រៀបចំ​វេទិកា​ចរចា​ជា​អចិន្ត្រៃយ៍

media  
ប្រមុខ​បក្សប្រឆាំង​លោក Juan Guaidó និង លោក​ប្រធានាធិបតី Nicolás Maduro. Fuente: AFP.

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា និង​បក្ស​ប្រឆាំង​ បាន​រក​ឃើញ​ការព្រមព្រៀង​គ្នា​ បង្កើត​វេទិកា​ចរចា​ជា​អចិន្ត្រៃយ៍​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​​ដោយ​សន្តិវិធី។ នេះ​ជា​លទ្ធផល​​នៃ​ជួប​ពិភាក្សា​​​ជាលើក​ទីបី ក្រោម​ម្លប់​​​ដឹកនាំ​របស់​​ប្រទេស​ន័រវែស​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ការ៉ាអ៊ីប និង​ទើប​បិទ​បញ្ចប់​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។

“មាន​វេទិកា​ចរចា​ ភាគីបក្សដិបក្ស​នឹងអាច​ធ្វើការ​រួម​គ្នា​ ជា​ប្រចាំ​និង​យ៉ាង​លឿន ដើម្បីដោះស្រាយ​វិបត្តិនយោបាយ ក្នុង​ក្របខ័ណ្ឌ​នៃរដ្ឋ​ធម្មនុញ្ញ” នេះ​បើ​តាម​ការ​គូស​បញ្ចាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ន័រវែស នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ផ្សាយ​ជា​សាធារណៈ​ពី​ទីក្រុង​ការ៉ាកាស។ បើ​តាមការ​លោក​រដ្ឋមន្ត្រី ភាគី​ទាំង​ពីរ នឹង​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​អាច​ជំរុញ​ការចរចា​ឱ្យ​ទៅ​មុខ ប៉ុន្តែ​លោកមិន​បានផ្តល់​ការ​បរិច្ឆេទ​នៃ​ការ​ជួប​ចរចា​ជា​ថ្មី​ទេ។

រដ្ឋាភិបាល​ន័រវែស ដែល​ជា​អ្នក​ផ្ចុងផ្តើម​ឱ្យ​ភាគី​រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវ​ចរចា ក៏​បានឆ្លៀត​​ណែនាំ​ឱ្យ​ភាគី​ទាំង​ពីរ​ប្រកាន់​ជំហរ​ប្រុងប្រយ័ត្ន​ជា​អតិបរិមា នៅ​ពេល​​បញ្ចេញ​មតិ​ធ្វើ​អត្ថាធិប្បាយ​ ឬ​សេចក្តី​ថ្លែងការណ៍​អ្វី​មួយ ទាក់ទង​នឹង​ដំណើរការ​ចរចា​នេះ។

សូម​បញ្ជាក់​ថា តំណាង​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ របស់​​លោក នីកូឡា ម៉ាឌូរ៉ូ និង​ក្រុមបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក ហ្កៃដូ ក៏​បាន​ជួប​ពិភាក្សា​គ្នា តាំង​ពី​ថ្ងៃ​ចន្ទទី ៨ កក្កដា​មក នៅ​ប្រទេស​Barbade ក្នុង​តំបន់​ប្រជុំ​កោះ​ការ៉ាអ៊ីប ​ជាគម្រប់​​លើក​ទី​បី ក្រោម​ម្លប់​ដឹកនាំ​របស់​ន័រវែស។ ជំនួប​ចរចា​ពីរ​លើក​ដំបូង នៅអូស្លូ ប្រទេស​​ន័រវែស កាល​ពី​ខែឧសភា មិន​បាន​ផ្តល់​លទ្ធផល​អ្វី ទាំងអស់។

កាលពី​សប្តាហ៍​មុន​ ក្រោយ​មាន​ហេតុការណ៍​ស្លាប់​ទាហានម្នាក់​ ​ជា​មេដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ក្នុង​ពន្ធនាគារ ​ប្រមុខ​បក្ស​ប្រឆាំង លោក ហ្កៃដូ ដែលអន្តរជាតិ​ជាង​៥០​ប្រទេស ​ទទួល​ស្គាល់​ជា​ប្រធានាធិបតី​ស្តីទី​វ៉េណេស៊ុយអេឡា បាន​ព្រមាន​មិន​ចូល​ចរចា​ជា​ថ្មី​ទៀត។ តែ​ខាង​រដ្ឋាភិបាល បាន​ទទូច​ហើយ​ទទូច​ទៀង ថា​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ត្រូវ​តែ​បន្ត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ