អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ FTC ដែល​ជា​ទីភ្នាក់ងារ​ឯករាជ្យ​អាមេរិកាំង ខាង​ការពារ​ផលប្រយោជន៍​របស់​អតិថិជន បាន​សម្រេច​ពិន័យ​ក្រុមហ៊ុន​ហ្វេសប៊ុក ឲ្យ​បង់ប្រាក់​៥ពាន់លាន​ដុល្លារ ក្នុង​បទ​ថ្លោះធ្លោយ មិនបាន​ការពារ ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។ ព័ត៌មាន​នេះ​ត្រូវ​បាន​កាសែត​អាមេរិកាំង ចុះផ្សាយ កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ ខណៈ​ដែល​ទាំង គណៈកម្មការ​ពាណិជ្ជកម្ម​អាមេរិកាំង ហើយ​និង​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បដិសេធ​មិន​បញ្ជាក់ព័ត៌មាន​ចុះផ្សាយ​របស់​កាសែត។  

ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​ប្រឈម​នឹង​ការរិះគន់​កាន់តែ​ខ្លាំង​ក្នុង​រឿង​គ្រប់គ្រង ប្រើប្រាស់​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់
ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​ប្រឈម​នឹង​ការរិះគន់​កាន់តែ​ខ្លាំង​ក្នុង​រឿង​គ្រប់គ្រង ប្រើប្រាស់​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់ ©REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​អាមេរិក​ខាង​ការពារ​ប្រយោជន៍របស់​អ្នកប្រើប្រាស់​បាន​សម្រេច ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​បង់​ប្រាក់ពិន័យ ៥ពាន់លាន​ដុល្លារ ក្នុង​បទចោទប្រកាន់​ថា ហ្វេសប៊ុក​ខ្វះខាត មិនបាន​ការពារ​ទិន្និន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​របស់ខ្លួន។

តាមការចុះផ្សាយ​របស់​កាសែត អាមេរិកាំង ពីរ​គឺ The Wall Street Journal ហើយ​និង The Washington Post គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធFTC  ដែល​មាន​ជានាទី ជា​អាជ្ញាធរ​ការពារ​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់ នៅ​អាមេរិក បាន​បើកការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ហ្វេសប៊ុក តាំង​ពីខែ មីនា ឆ្នាំ មុន នៅ​បន្ទាប់ពីមាន​បែកលេច​ធ្លាយ រឿង​អាស្រូវ ដែល​ថា ក្រុមហ៊ុន​ពិគ្រោះយោបល់​អង់គ្លេស​មួយ ឈ្មោះ Analytica បាន​ចូល​ប្រើប្រាស់​ទិន្នន័យ​ឯកជន របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ប្រមាណ ៨៧​លាននាក់ ដើម្បី​ទាញ​ជា​ប្រយោជន៍​ឲ្យ​ក្រុមឃោសនា​ឆ្នោត របស់​លោកដូណាល់ ត្រាំ។

តាម​កាសែត The Wall Street Journal ដែល​បញ្ចេញ​ព័ត៌មាន​នេះ​មុនគេ អាជ្ញាធរ​ត្រួតពិនិត្យ និងការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ FTC  បាន ស៊ើបអង្កេត​ចង់​ដឹងថា តើ​ក្រុមហ៊ុន​ហ្វេសប៊ុក មាន​បាន​រំលោភ កិច្ចព្រមព្រៀង ឆ្នាំ ២០១១ ដែល​ហ្វេសប៊ុក​ធ្លាប់​បាន​ធ្វើ​ជាមួយ FTC ដែរ​ឬទេ។ តាម​កិច្ចព្រមព្រៀង​ជាមួយ គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ ហ្វេសប៊ុក​ធ្លាប់​បាន​សន្យា​ពង្រឹង​កម្មវិធី​ជីវិត​ឯកជន នៅក្នុង​បណ្តាញ​សង្គម​របស់ខ្លួន ហើយ​និង​បាន​សន្យា ថា នឹង​សុំ​ការអនុញ្ញាត​ជា​មុន ពី​អ្នកប្រើប្រាស់ មុន​នឹង​ចែករំលែក លក់​ទិន្នន័យ ទៅ​ឲ្យ​បុគ្គលទី​៣។

ដោយចោទប្រកាន់ ហ្វេសប៊ុក ក្នុង​បទ​ខកខាន មិន​បាន​ការពារ​ទិន្នន័យ ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ទីភ្នាក់ងារ​FTC បាន​សម្រេច​ពិន័យ​ហ្វេសប៊ុក ចំនួន ៥ពាន់លាន​ដុល្លារ។ ប៉ុន្តែ ហ្វេសប៊ុក​នឹង​មិនទាន់​បង់ភ្លាមនោះទេ ព្រោះ​ថា ការសម្រេចចុងក្រោយ​យ៉ាងណានោះ គឺ​ស្ថិតនៅលើ​ក្រសួងយុត្តិធម៌​អាមេរិកាំង ដែល​នឹង​អាច​ត្រូវការ​ពេលវេលា​យូរវែង​តទៅទៀត។

ប្រាក់ពិន័យ ៥ពាន់​លាន​ដុល្លារ មានតម្លៃ​ស្មើ​នឹង​១ភាគ៤​នៃ​ប្រាក់ចំណេញ​របស់​ហ្វេសប៊ុក មួយឆ្នាំ

៥ពាន់លាន​ដុល្លារ ជា​ប្រាក់​ពិន័យ​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដែល​គ្មាន​ក្រុមហ៊ុន​ណាមួយ ធ្លាប់​បាន​រងពិន័យ​នោះទេ។ កាលពី​ឆ្នាំ ២០១២ នៅក្នុង​រំលោភ ប្រើប្រាស់​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​អ៊ីនធ័នែត ទីភ្នាក់ងារ FTC ធ្លាប់​បាន​ពិន័យ ក្រុមហ៊ុន​បច្ចេកវិទ្យា Google តែ​ក្នុង​ទំហំ​ទឹកប្រាក់ ២២​លាន​ដុល្លារ​តែប៉ុណ្ណោះ។

សម្រាប់អ្នកជំនាញ​មួយចំនួន ទីភ្នាក់ងារ អាមេរិកាំង FTC ពិន័យ​ប្រាក់​ច្រើនសន្ធឹកសន្ធាប់​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក ដោយសារ​តែ រឿង ចូល​ប្រើប្រាស់ ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ហ្វេសប៊ុក កំពុង​រសើប ហើយ​និង​ពុះកញ្ច្រោល​ខ្លាំង នៅគ្រប់កន្លែង​ក្នុង​ពិភពលោក។ នៅខែ​តុលា​កន្លងទៅ ហ្វេសប៊ុក​ត្រូវ​បានអាជ្ញាធរ​អង់គ្លេស ចាប់ពិន័យ​ឲ្យ​បង់ប្រាក់ ៥សែន​ផោន ក្នុង​បទ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បាន​រំលោភធ្ងន់ធ្ងរ​ច្បាប់ជាតិអង់គ្លេស។ នៅ​កាណាដា វិញ ហ្វេសប៊ុក​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​របស់​អាជ្ញាធរ​ពី​បទ​ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ​ផ្ទុយនឹង​ច្បាប់​ស្តីពីជីវិត​ឯកជន។

នៅ​អាមេរិក សមាជិកសភា មួយចំនួន មក គណបក្ស​ទាំង​២ បាន​សំដែង​ការខកចិត្ត​នឹង​ការសម្រេច​របស់​ទីភ្នាក់ងារ FTC។ សមាជិកព្រឹទ្ធសភា​មកពីគណបក្ស​សាធារណរដ្ឋ លោក​David Cicilline បាន​ហៅ​ការចរចា សម្រុះសម្រួល​ជាមួយ​ហ្វេសប៊ុក ថា ការពិន័យ​ដ៏ស្រាល បើប្រៀបធៀប​នឹង​កំហុស​របស់​ហ្វេសប៊ុក ចំណែក​សមាជិកសភា មក​ពីគណបក្ស​ប្រធានាធិបតេយ្យ​វិញ វាយតម្លៃ​ថា ប្រាក់ពិន័យ ៥ពាន់​លាន​ដុល្លារ គ្រាន់តែ​ជាផ្នែក​មួយ​ដ៏តូច នៃ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ហ្វេសប៊ុក ពោល គឺ​វាមិន​ធ្ងន់ ដាក់សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក ត្រូវ​ពិចារណា​ខ្លាំង​ជាងមុន ដើម្បី ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ នោះទេ។

ភាគហ៊ុន​ក្រុមហ៊ុន​បាន​កើនឡើង​២ភាគរយ​បន្ថែមទៀត នៅថ្ងៃ​សុក្រ

ប្រាក់ពិន័យ​៥ពាន់លានដុល្លារ នឹង​មិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក ខាតបង់​ហិរញ្ញវត្ថុនោះទេ។ វា​តំណាង​ឲ្យ​មួយភាគបួន នៃ​ប្រាក់ចំណេញប្រចាំឆ្នាំ​របស់​ហ្វេសប៊ុក នៅ​ឆ្នាំ ២០១៨ ដែលមាន​ប្រមាណ ២២​ពាន់​លាន​ដុល្លារ។

នៅ​ខែ​មេសា​កន្លងទៅ នៅមុន​ការសម្រេច​របស់​ទីភ្នាក់ងារ FTC ទៅទៀត ហ្វេសប៊ុក​ធ្លាប់​បានទទួល​ស្គាល់​ថា ខ្លួន​អាច​រងការពិន័យប្រាក់​ពី ៣ ទៅ ៥​ពាន់​លាន​ដុល្លារ។ ជាមួយ គ្នានោះ ក្រុមហ៊ុន​បាន​អះអាង​ដែរថា ខ្លួន​បាន​រក្សាបម្រុងទុក រួចហើយ ប្រាក់ ៣ពាន់​លាន​ដុល្លារ ដើម្បី​បង់ប្រាក់ពិន័យ គឺ​មិន​យក​ប្រាក់ទុន​របស់​ក្រុមហ៊ុន​ទៅ​បង់​នោះទេ។

ប្រហែល​ដោយសារ​តែ​មាន​ការធានា​យ៉ាងដូច្នេះ អ្នកវិនិយោគ ទិញ ភាគហ៊ុន​របស់​ហ្វេសប៊ុក​ជឿជាក់ និង​មិនបាន​ព្រួយបារម្ភ​អ្វី។ ក្រុមហ៊ុន​ហ្វេសប៊ុក មិនបានជួប​បញ្ហា​ហិរញ្ញវត្ថុ​នោះទេ។ ផ្ទុយទៅវិញ តម្លៃ​ភាគហ៊ុន​របស់​ហ្វេសប៊ុក​នៅថ្ងៃ​សុក្រ​បាន​កើន​ឡើង​ថែមទៀត ប្រមាណ ២ភាគរយ នៅក្រោយ​មាន​ព័ត៌មាន​ស្តីពី​ការពិន័យ​ប្រាក់​៥ពាន់​លាន​ដុល្លារ​ទៅលើ​ក្រុមហ៊ុន​ហ្វេសប៊ុក។

ហ្វេសប៊ុក ត្រូវបង់​ប្រាក់ពិន័យ ដល់​ទៅ ៥ពាន់​លាន​ដុល្លារ ប៉ុន្តែ គេ​នៅមិនទាន់​ច្បាស់ទេថា ហ្វេសប៊ុក​ដឹងខ្លួន កែកំហុស និងគ្រប់គ្រង​ប្រយ័ត្នប្រយែង​ជាងមុន ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។

នេះហើយ​ជា​កង្វល់​របស់​សមាគម​ការពារ​សេរីភាព​របស់​អ្នកប្រើប្រាស់​នៅលើ​អ៊ីនធ័រនែត។ ដរាបណា ទីភ្នាក់ងារ​FTC មិន​ចេញផ្សាយ​ជា​សាធារណៈ នូវ​កិច្ចព្រមព្រៀង ដែល​ទីភ្នាក់ងារ​បាន​ចរចា សម្រុះសម្រួល​ជាមួយ ហ្វេសប៊ុក គេ​នៅតែ​មិនដឹងថា តើ​ក្រៅតែពីប្រាក់ពិន័យ ៥ពាន់លាន​ដុល្លារ តើ​ហ្វេសប៊ុក​ត្រូវ​មាន​កាតព្វកិច្ច​ធ្វើអ្វីផ្សេងទៀត ដើម្បី ការពារ ទិន្នន័យ ជីវិត​ឯកជន​របស់​អ្នកប្រើប្រាស់។ គ្មាន​ឧបករណ៍ និង​វិធានការ​ការពារ​ច្បាស់លាស់ ពី​ហ្វេសប៊ុក នោះ ទិន្នន័យឯកជន​របស់​អ្នកប្រើប្រាស់ នៅតែ​ត្រូវ​គេ​យកទៅធ្វើ​អាជីវកម្ម កេងចំណេញ តែរហូតហ្នឹង។

តាម​កាសែត​អាមេរិកាំង ក្រៅតែ​ពី​ត្រូវ​ពិន័យប្រាក់ គេ​កំពុង​តាមដាន​មើលផងដែរ ថា តើទីភ្នាក់ងារ​FTC នឹង​អាច​ចោទ ប្រកាន់​ សហស្ថាបនិក និង​នាយកប្រតិបត្តិក​របស់​ហ្វេសប៊ុក Mark Zuckerberg​ដែរឬទេ នៅក្នុង​រឿងទទួល​ខុសត្រូវ​ដោយ​ផ្ទាល់ ឲ្យ​មាន​ការរំលោភ ប្រើប្រាស់​ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់​នោះ។ យ៉ាងណាក៏ដោយ គេវាយតម្លៃ ដោយសារ​តែ គណៈកម្មការ​ពាណិជ្ជកម្ម សហព័ន្ធ FTC សម្រេច​ពិន័យ ប្រាក់ ៥ពាន់​លាន​ដុល្លារ​លើ​ហ្វេសប៊ុក ដោយ​សំឡេង គាំទ្រ ៣ ទល់​នឹង​សំឡេង​ប្រឆាំង​២​ដូច្នេះ គេ​មិន​សង្ឃឹមថា លោកប្រធាន​ហ្វេសប៊ុក Zuckerberg អាច​ជាប់​ក្នុង​សំណាញ់​ដាក់ទោស របស់​ទីភ្នាក់ងារអាមេរិកាំង FTCនោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ