រដ្ឋាភិបាលអាមេរិកចាប់អនុវត្តឡើងវិញ ទោសប្រហារជីវិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥១
រដ្ឋាភិបាលសហព័ន្ធអាមេរិក ចាប់អនុវត្តឡើងវិញ ទោសប្រហារជីវិត បន្ទាប់ពីផ្អាក អស់រយៈពេល ១៦ឆ្នាំ។ តាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោក Bill Barr កាលពីថ្ងៃព្រហស្បតិ៍ អ្នកទោស ៥នាក់ ដែលតុលាការសហព័ន្ធបានកាត់ទោស ប្រហារជីវិត រួចហើយ ពីបទមនុស្សឃាត ធ្វើទារុណកម្ម និងរំលោភផ្លូវភេទ នឹងត្រូវប្រហារជីវិត នៅចុងឆ្នាំនេះ ហើយនិងនៅដើមឆ្នាំ ២០២០។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានប្រកាសចាប់អនុវត្តឡើងវិញ ទោសប្រហារជីវិត ដែលត្រូវបានផ្អាកអស់រយៈពេល ១៦ឆ្នាំមកហើយ។ នៅអាមេរិកទោសប្រហារជីវិតមានចែងឡើងដោយច្បាប់ ប៉ុន្តែ ការអនុវត្តទោសប្រហារជីវិត នៅថ្នាក់ជាតិអាមេរិក ត្រូវបានផ្អាក តាំងពីឆ្នាំ ២០០៣។
បើមើលទៅលើប្រវត្តិនៃការអនុវត្តទោសប្រហារជីវិត នៅថ្នាក់ជាតិអាមេរិក រដ្ឋាភិបាលអាមេរិក ធ្លាប់ផ្អាក អស់៤០ឆ្នាំ ទោសប្រហារជីវិត នៅមុនពេលដែលសភា បានបោះឆ្នោតឲ្យអនុវត្តឡើងវិញ នៅឆ្នាំ ១៩៩៨។ ប៉ុន្តែ បានអនុវត្តបានតែប៉ុន្មានឆ្នាំ រដ្ឋាភិបាល ក៏សម្រេចផ្អាកទៅវិញ ឈប់ ប្រហារជីវិតអ្នកទោស នៅឆ្នាំ ២០០៣។ គេបានផ្អាកប្រហារជីវិតអ្នកទោស នៅថ្នាក់ជាតិ អស់ជាច្រើនឆ្នាំ ដោយសារតែមានភាពចម្រូងចម្រាស និងការរិះគន់លើវិធីសាស្រ្តចាក់ថ្នាំ សម្លាប់អ្នកទោស ដែល ក្រុមអ្នកការពារសិទ្ធិមនុស្សវាយតម្លៃថា មានលក្ខណៈឃោឃៅពេក។ ការអនុវត្តទោសប្រហារជីវិតបានស្ងាត់ មួយរយៈផងដែរ នៅក្នុងអាណត្តិ លោកបារ៉ាក់ អូបាម៉ា ដែលមិនគាំទ្រការអនុវត្តទោសប្រហារជីវិត ដែលបើតាមលោក មានលក្ខណៈរើសអើងពណ៌សំបុរ និងឋានៈមានក្រ ក្នុងសង្គម។
យ៉ាងណាក៏ដោយ ឈប់ប្រហារជីវិតអ្នកទោស ប៉ុន្តែ មិនមែនមានន័យថា គ្មានអ្នកទោសដែលត្រូវតុលាការកាត់ទោសប្រហាជីវិតនោះទេ។ តាម មជ្ឈមណ្ឌលព័ត៌មានស្តីពីទោសប្រហារជីវិត មានអ្នកទោស ៦២នាក់ ដែលត្រូវបានតុលាការសហព័ន្ធកាត់ទោសប្រហារជីវិត និង កំពុងរង់ចាំថ្ងៃប្រហារជីវិត។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្រ្តីយុត្តិធម៌បានពន្យល់ថា ដោយអនុវត្តទោសប្រហារជីវិតឡើងវិញ គេកំពុងអនុវត្តច្បាប់ និងផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ ហើយនិងក្រុមគ្រួសារ។
ទៅតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងយុត្តធម៌ អ្នកទោស៥នាក់ ដែលធ្លាប់ត្រូវបានតុលាការសហព័ន្ធ កាត់ទោស ប្រហារជីវិត កាលពី១៥ឆ្នាំមុន នឹងត្រូវគេចាក់ថ្នាំ សម្លាប់ នៅចុងឆ្នាំនេះ ហើយនិងដើមឆ្នាំក្រោយ នៅពន្ធនាគារ សហព័ន្ធ ក្នុងរដ្ឋ Indiana ភាគខាងជើង អាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងយុត្តិធម៌អាមេរិកបានអះអាងថា អ្នកទោសទាំង៥នាក់ ដែលត្រូវគេប្រហារជីវិត នៅពន្ធនាគារសហព័ន្ធ គឺសុទ្ធតែជាឧក្រិដ្ឋជន ដែលបានសម្លាប់ ធ្វើទារុណកម្ម និងរំលោភផ្លូវភេទ ជាពិសេស ទៅលើកុមារ ហើយនិងមនុស្សចាស់ ដែលជាជនទន់ខ្សោយបំផុត នៅក្នុងសង្គម។ ម្យ៉ាងទៀត អ្នកទោសដែលត្រូវប្រហារជីវិត ដូចជា ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ រកឃើញពិតជាមានទោស ដោយគ្មានស្រពិចស្រពិលអ្វីទេ។
ដោយបញ្ជាឲ្យគេអនុវត្តទោសប្រហារជីវិតនៅថ្នាក់ជាតិឡើងវិញ រដ្ឋមន្រ្តីក្រសួងយុត្តធម៌អាមេរិក លោកBill Barr កំពុងធ្វើតាមការចង់បានរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលឧស្សាហ៍ ទាមទារ ឲ្យគេអនុវត្តទោសប្រហារជីវិត ទៅលើឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើហិង្សា សម្លាប់ប៉ូលិស ជនអ៊ីស្លាមជ្រុលនិយម ឬ ក្រុមជួញដូរគ្រឿងញៀនជាដើម។ ថ្មីៗនេះ លោកដូណាល់ ត្រាំ ធ្លាប់បានទាមទារឲ្យមានគេអនុវត្តទោសប្រហារជីវិតម្តងទៀត នៅក្រោយ ព្រឹត្តិការណ៍បាញ់រះ សម្លាប់មនុស្ស ១១នាក់ នៅវិហារជ្វីហ្វ កាលពីឆ្នាំ ២០១៨ ដែលបង្កឡើងដោយជនដៃដល់ ស្បែកស ជាតិនិយមអាមេរិកាំង។
អ្នកទោស ២៥នាក់ ត្រូវបានគេប្រហារជីវិត នៅឆ្នាំ ២០១៨
ការអនុវត្តទោសប្រហារជីវិត ធ្វើឡើងនៅថ្នាក់រដ្ឋផង និងនៅថ្នាក់ជាតិផង។ ការសម្រេចរបស់រដ្ឋមន្រ្តីយុត្តិធម៌ផ្តោតតែទៅលើថ្នាក់ជាតិប៉ុណ្ណោះ ពោល គឺ វាគ្របដណ្តប់ទៅលើអ្នកទោសណា ដែលតុលាការសហព័ន្ធ ដែលជាតុលាការជាតិ ធ្លាប់បានសម្រេចកាត់ទោសប្រហារជីវិតតែប៉ុណ្ណោះ។
តាមប្រព័ន្ធច្បាប់អាមេរិក តុលាការជាតិ ឬតុលាការសហព័ន្ធ អាចយកសំណុំរឿង ពីតុលាការថ្នាក់ រដ្ឋមកជំនុំជម្រះ ជាពិសេស ក្នុងករណីឧក្រិដ្ឋកម្មសម្លាប់មនុស្សធ្ងន់ធ្ងរ ភេរវកម្ម ឬ ឧក្រិដ្ឋកម្មប្រឆាំងរើសអើងពូជសាសន៍ជាដើម។
បើប្រៀបធៀបនឹងតុលាការនៅថ្នាក់មូលដ្ឋាន ឬនៅតាមរដ្ឋនីមួយៗ តុលាការសហព័ន្ធ សម្រេចកាត់ទោសប្រហារជីវិតអ្នកទោស តិចណាស់។ តួលេខរបស់មជ្ឈមណ្ឌលព័ត៌មានស្តីពីការប្រហារជីវិតបានបង្ហាញថា នៅពន្ធនាគារ នៅតាមបណ្តារដ្ឋ មានអ្នកទោស ដែលត្រូវរង់ចាំការប្រហារជីវិត ដល់ទៅ ២៥០០នាក់ ពន្ធនាគារថ្នាក់ជាតិវិញ មានអ្នកទោស ដែលរង់ចាំការប្រហារជីវិតតែ៦២នាក់តែប៉ុណ្ណោះ។
នៅពេលដែល រដ្ឋាភិបាលសហព័ន្ធ ផ្អាក មិនប្រហារជីវិតអ្នកទោស តាំងពីឆ្នាំ ២០០៣មក នៅតាមបណ្តារដ្ឋវិញ ដូចជានៅក្នុងរដ្ឋ ចំនួន ២៥ ដែលនៅបន្តអនុវត្តច្បាប់ប្រហារជីវិត ការប្រហារជីវិតអ្នកទោស តែងធ្វើឡើងរៀងរហូតមក។ នៅឆ្នាំ ២០១៨ អ្នកទោស ២៥នាក់ ត្រូវបានគេប្រហារជីវិត នៅក្នុងបណ្តារដ្ឋភាគខាងត្បូងអាមេរិក ដែលនៅក្នុង១៣នាក់ ជាអ្នកទោស នៅរដ្ឋតិចសាស់។
រឿងកេងចំណេញនយោបាយរបស់លោកដូណាល់ ត្រាំ?
ទោះជារដ្ឋាភិបាលសហព័ន្ធអនុវត្តទោសប្រហារជីវិតឡើងវិញ ប៉ុន្តែ អ្នកនយោបាយ ដូចជាលោកដូណាល់ ត្រាំ មិនសង្ឃឹមថា នឹងអាចអូសទាញ សំឡេងឆ្នោត ច្រើនជាងមុនពីនយោបាយមួយនេះដែរ។ ការស្ទង់មតិបានបង្ហាញថា ចំនួនប្រជាជនអាមេរិកាំងដែលគាំទ្រឲ្យមានទោសប្រហារជីវិតបានធ្លាក់មកនៅត្រឹម ៥៤ភាគរយ គឺធ្លាក់ថយចុះខ្លាំង បើប្រៀបធៀបនឹងឆ្នាំ ១៩៩០ ដែលមានប្រជាជនអាមេរិកាំងគាំទ្រដល់ទៅ ៨០ភាគរយ។
ម្យ៉ាងទៀត បើមើលទៅតួលេខនៅតាមបណ្តា រដ្ឋអាមេរិក ការអនុវត្តទោសប្រហារជីវិតជាទូទៅបានថយចុះ ដោយសារវិធីសាស្រ្តដ៏ចម្រូងចម្រាស ដែលគេប្រើសម្រាប់បញ្ចប់ជីវិតអ្នកទោស។ ការរិះគន់ភាគច្រើនផ្តោតទៅលើថ្នាំ ដែលគេប្រើសម្រាប់ចាក់សម្លាប់អ្នកទោស ព្រោះថា ថ្នាំដែលគេប្រើ រហូតមក មិនសូវមានប្រសិទ្ធិភាព ធ្វើឲ្យអ្នកទោសត្រូវត្រដរខ្យល់ ស្លាប់ ដូចសត្វធាតុ។
មួយវិញទៀត ករណីប្រហារជីវិតអ្នកទោសបានថយចុះ ក៏ដោយសារតែពន្ធនាគារខ្វះខាតថ្នាំ នៅពេលឱសថស្ថានជាច្រើន បដិសេធមិនលក់ថ្នាំ ដែលគេប្រើសម្រាប់ចាក់សម្លាប់អ្នកទោស។ អាចនិយាយបានថា លើកនេះ លោកដូណាល់ ត្រាំ ខំបង្ហាញថា លោកជាអ្នកជំរុញ ឲ្យមានឡើងវិញ ទោសប្រហារជីវិត ឧក្រិដ្ឋជន ដែលគ្រោះថ្នាក់ដល់សង្គមអាមេរិកាំង ប៉ុន្តែ រឿងនេះ លែងមានប្រជាប្រិយភាព ទាក់ទាញ ប្រជាជនអាមេរិកាំងដូចមុន ដូចមុនទៀត ព្រោះថា វិធីសាស្រ្ត ប្រហារជីវិតអ្នកទោសនៅអាមេរិក ធ្វើឡើង ដោយគ្មានលក្ខណៈមនុស្សធម៌៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ