អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​អាមេរិក​ចាប់អនុវត្ត​ឡើងវិញ ទោស​ប្រហារ​ជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ចាប់អនុវត្ត​ឡើងវិញ ទោស​ប្រហារជីវិត បន្ទាប់ពី​ផ្អាក អស់រយៈពេល ១៦ឆ្នាំ។ តាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក លោក Bill Barr កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកទោស ៥នាក់ ដែល​តុលាការ​សហព័ន្ធ​បាន​កាត់ទោស ប្រហារជីវិត រួចហើយ ពីបទ​មនុស្សឃាត ធ្វើ​ទារុណកម្ម និង​រំលោភផ្លូវភេទ នឹង​ត្រូវ​ប្រហារ​ជីវិត នៅ​ចុងឆ្នាំ​នេះ ហើយ​និង​នៅ​ដើម​ឆ្នាំ ២០២០។

បន្ទប់​ចាក់ថ្នាំ​សម្លាប់​ ប្រហារជីវិតអ្នកទោស​អាមេរិកាំង
បន្ទប់​ចាក់ថ្នាំ​សម្លាប់​ ប្រហារជីវិតអ្នកទោស​អាមេរិកាំង ©Paul BUCK PAUL BUCK / AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បាន​ប្រកាស​ចាប់អនុវត្ត​ឡើងវិញ ទោស​ប្រហារជីវិត ដែល​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល ១៦​ឆ្នាំមកហើយ។ នៅអាមេរិកទោសប្រហារជីវិត​មាន​ចែងឡើង​ដោយ​ច្បាប់ ប៉ុន្តែ ការអនុវត្តទោស​ប្រហារជីវិត នៅ​ថ្នាក់​ជាតិ​អាមេរិក ត្រូវ​បាន​ផ្អាក តាំង​ពី​ឆ្នាំ ២០០៣។

បើមើល​ទៅលើ​ប្រវត្តិ​នៃ​ការអនុវត្ត​ទោស​ប្រហារជីវិត នៅថ្នាក់​ជាតិ​អាមេរិក រដ្ឋាភិបាល​អាមេរិក ធ្លាប់​ផ្អាក អស់​៤០ឆ្នាំ ទោស​ប្រហារជីវិត នៅ​មុនពេល​ដែល​សភា បាន​បោះឆ្នោត​ឲ្យ​អនុវត្ត​ឡើង​វិញ នៅ​ឆ្នាំ ១៩៩៨។ ប៉ុន្តែ បាន​អនុវត្ត​បាន​តែប៉ុន្មានឆ្នាំ រដ្ឋាភិបាល ក៏​សម្រេច​ផ្អាក​ទៅវិញ ឈប់ ប្រហារជីវិត​អ្នកទោស នៅ​ឆ្នាំ ២០០៣។ គេ​បានផ្អាក​ប្រហារជីវិត​អ្នកទោស នៅ​ថ្នាក់ជាតិ អស់ជាច្រើនឆ្នាំ ដោយសារ​តែ​មាន​ភាពចម្រូងចម្រាស និងការរិះគន់​លើ​វិធីសាស្រ្ត​ចាក់ថ្នាំ សម្លាប់​អ្នកទោស ដែល ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​វាយតម្លៃថា មាន​លក្ខណៈ​ឃោឃៅ​ពេក។ ការអនុវត្ត​ទោស​ប្រហារជីវិត​បាន​ស្ងាត់ មួយរយៈផងដែរ នៅក្នុង​អាណត្តិ លោកបារ៉ាក់ អូបាម៉ា ដែល​មិនគាំទ្រ​ការអនុវត្ត​ទោសប្រហារជីវិត ដែលបើតាមលោក មាន​លក្ខណៈរើសអើង​ពណ៌សំបុរ និង​ឋានៈ​មានក្រ ក្នុង​សង្គម។

យ៉ាងណាក៏ដោយ ឈប់​ប្រហារជីវិត​អ្នកទោស ប៉ុន្តែ មិនមែន​មានន័យថា គ្មាន​អ្នកទោស​ដែល​ត្រូវ​តុលាការ​កាត់ទោស​ប្រហាជីវិត​នោះ​ទេ។ តាម មជ្ឈមណ្ឌល​ព័ត៌មាន​ស្តីពី​ទោសប្រហារជីវិត មាន​អ្នកទោស ៦២នាក់ ដែល​ត្រូវ​បាន​តុលាការ​សហព័ន្ធ​កាត់ទោសប្រហារជីវិត និង កំពុង​រង់ចាំ​ថ្ងៃប្រហារជីវិត។

នៅក្នុង​សេចក្តីប្រកាស រដ្ឋមន្រ្តី​យុត្តិធម៌​បាន​ពន្យល់ថា ដោយ​អនុវត្ត​ទោសប្រហារជីវិត​ឡើងវិញ គេ​កំពុង​អនុវត្ត​ច្បាប់ និង​ផ្តល់​យុត្តិធម៌ ដល់​ជនរងគ្រោះ ហើយ​និង​ក្រុមគ្រួសារ។

ទៅតាម​ការសម្រេច​របស់​រដ្ឋមន្រ្តី​ក្រសួងយុត្តធម៌ អ្នកទោស​៥នាក់ ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​សហព័ន្ធ កាត់ទោស ប្រហារជីវិត កាលពី​១៥​ឆ្នាំមុន នឹង​ត្រូវ​គេ​ចាក់ថ្នាំ សម្លាប់ នៅ​ចុងឆ្នាំនេះ ហើយ​និង​ដើមឆ្នាំក្រោយ នៅ​ពន្ធនាគារ សហព័ន្ធ ក្នុង​រដ្ឋ Indiana ភាគខាងជើង អាមេរិក។

នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​អះអាងថា អ្នកទោស​ទាំង​៥​នាក់ ដែលត្រូវ​គេ​ប្រហារជីវិត នៅ​ពន្ធនាគារ​សហព័ន្ធ គឺ​សុទ្ធតែ​ជា​ឧក្រិដ្ឋជន ដែល​បាន​សម្លាប់ ធ្វើ​ទារុណកម្ម និង​រំលោភផ្លូវភេទ ជាពិសេស ទៅលើ​កុមារ ហើយ​និង​មនុស្សចាស់ ដែលជាជន​ទន់ខ្សោយបំផុត នៅក្នុង​សង្គម។ ម្យ៉ាងទៀត អ្នកទោស​ដែល​ត្រូវ​ប្រហារជីវិត ដូចជា ត្រូវ​បាន​តុលាការ​គ្រប់ជាន់ថ្នាក់ រកឃើញ​ពិតជា​មានទោស ដោយ​គ្មាន​ស្រពិចស្រពិល​អ្វីទេ។

ដោយ​បញ្ជា​ឲ្យ​គេ​អនុវត្ត​ទោសប្រហារជីវិត​នៅ​ថ្នាក់​ជាតិ​ឡើងវិញ រដ្ឋមន្រ្តី​ក្រសួង​យុត្តធម៌​អាមេរិក លោក​Bill Barr កំពុង​ធ្វើតាម​ការចង់​បាន​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ឧស្សាហ៍ ទាមទារ ឲ្យគេ​អនុវត្ត​ទោស​ប្រហារជីវិត ទៅលើ​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា សម្លាប់​ប៉ូលិស ជនអ៊ីស្លាមជ្រុលនិយម ឬ ក្រុមជួញដូរ​គ្រឿងញៀន​ជាដើម។ ថ្មីៗនេះ លោកដូណាល់ ត្រាំ ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​គេ​អនុវត្ត​ទោសប្រហារជីវិត​ម្តងទៀត នៅក្រោយ ព្រឹត្តិការណ៍​បាញ់រះ សម្លាប់​មនុស្ស ១១នាក់ នៅ​វិហារ​ជ្វីហ្វ កាលពី​ឆ្នាំ ២០១៨ ដែល​បង្កឡើង​ដោយ​ជនដៃដល់ ស្បែកស ជាតិនិយម​អាមេរិកាំង។

អ្នកទោស ២៥នាក់ ត្រូវ​បាន​គេ​ប្រហារ​ជីវិត នៅ​ឆ្នាំ ២០១៨

ការអនុវត្តទោសប្រហារជីវិត ធ្វើឡើង​នៅ​ថ្នាក់​រដ្ឋ​ផង និង​នៅ​ថ្នាក់ជាតិផង។ ការសម្រេច​របស់​រដ្ឋមន្រ្តី​យុត្តិធម៌​ផ្តោតតែ​ទៅលើ​ថ្នាក់ជាតិ​ប៉ុណ្ណោះ ពោល គឺ វា​គ្របដណ្តប់​ទៅលើ​អ្នកទោស​ណា ដែល​តុលាការ​សហព័ន្ធ ដែល​ជា​តុលាការ​ជាតិ ធ្លាប់​បាន​សម្រេច​កាត់ទោសប្រហារ​ជីវិត​តែប៉ុណ្ណោះ។

តាមប្រព័ន្ធ​ច្បាប់​អាមេរិក តុលាការ​ជាតិ ឬ​តុលាការ​សហព័ន្ធ អាច​យក​សំណុំរឿង ពី​តុលាការ​ថ្នាក់ រដ្ឋមក​ជំនុំជម្រះ ជាពិសេស ក្នុង​ករណី​ឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស​ធ្ងន់ធ្ងរ ភេរវកម្ម ឬ ឧក្រិដ្ឋកម្ម​ប្រឆាំងរើសអើង​ពូជសាសន៍​ជាដើម។

បើប្រៀបធៀប​នឹង​តុលាការ​នៅ​ថ្នាក់មូលដ្ឋាន ឬ​នៅតាម​រដ្ឋនីមួយៗ តុលាការ​សហព័ន្ធ សម្រេច​កាត់ទោស​ប្រហារជីវិត​អ្នកទោស តិចណាស់។ តួលេខ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​ស្តី​ពី​ការប្រហារជីវិត​បាន​បង្ហាញថា នៅពន្ធនាគារ នៅ​តាម​បណ្តារដ្ឋ មាន​អ្នកទោស ដែល​ត្រូវ​រង់ចាំ​ការប្រហារជីវិត ដល់​ទៅ ២៥០០នាក់ ពន្ធនាគារ​ថ្នាក់ជាតិ​វិញ មាន​អ្នកទោស ដែល​រង់ចាំ​ការប្រហារជីវិត​តែ​៦២នាក់​តែប៉ុណ្ណោះ។

នៅពេល​ដែល រដ្ឋាភិបាល​សហព័ន្ធ ផ្អាក មិន​ប្រហារជីវិត​អ្នកទោស តាំង​ពី​ឆ្នាំ ២០០៣មក នៅ​តាម​បណ្តា​រដ្ឋ​វិញ ដូចជា​នៅក្នុង​រដ្ឋ​ ចំនួន ២៥ ដែល​នៅ​បន្ត​អនុវត្ត​ច្បាប់​ប្រហារជីវិត ការប្រហារជីវិត​អ្នកទោស តែង​ធ្វើឡើង​រៀងរហូតមក។ នៅ​ឆ្នាំ ២០១៨ អ្នកទោស ២៥នាក់ ត្រូវ​បាន​គេ​ប្រហារជីវិត នៅ​ក្នុង​បណ្តា​រដ្ឋ​ភាគខាងត្បូង​អាមេរិក ដែល​នៅក្នុង​១៣​នាក់ ជា​អ្នកទោស នៅ​រដ្ឋតិចសាស់។

រឿង​កេងចំណេញ​នយោបាយ​របស់លោកដូណាល់ ត្រាំ?

ទោះជា​រដ្ឋាភិបាល​សហព័ន្ធ​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ ប៉ុន្តែ អ្នកនយោបាយ ដូចជា​លោកដូណាល់ ត្រាំ មិន​សង្ឃឹម​ថា នឹង​អាច​អូសទាញ សំឡេង​ឆ្នោត ច្រើនជាងមុន​ពីនយោបាយ​មួយនេះដែរ។ ការស្ទង់មតិ​បាន​បង្ហាញថា ចំនួន​ប្រជាជន​អាមេរិកាំង​ដែល​គាំទ្រ​ឲ្យ​មាន​ទោសប្រហារជីវិត​បាន​ធ្លាក់​មកនៅ​ត្រឹម ៥៤ភាគរយ គឺ​ធ្លាក់ថយចុះ​ខ្លាំង បើប្រៀបធៀប​នឹង​ឆ្នាំ ១៩៩០ ដែល​មាន​ប្រជាជន​អាមេរិកាំងគាំទ្រ​ដល់​ទៅ ៨០ភាគរយ។

ម្យ៉ាងទៀត បើមើលទៅតួលេខ​នៅតាមបណ្តា រដ្ឋអាមេរិក ការអនុវត្ត​ទោសប្រហារជីវិត​ជាទូទៅ​បាន​ថយចុះ  ដោយសារ​វិធីសាស្រ្ត​ដ៏ចម្រូងចម្រាស ដែល​គេ​ប្រើ​សម្រាប់​បញ្ចប់​ជីវិត​អ្នកទោស។ ការរិះគន់​ភាគច្រើន​ផ្តោតទៅលើ​ថ្នាំ ដែល​គេ​ប្រើ​សម្រាប់​ចាក់សម្លាប់​អ្នកទោស ព្រោះថា ថ្នាំដែល​គេ​ប្រើ រហូតមក មិនសូវ​មាន​ប្រសិទ្ធិភាព ធ្វើ​ឲ្យ​អ្នកទោស​ត្រូវ​ត្រដរខ្យល់ ស្លាប់ ដូច​សត្វធាតុ។

មួយវិញទៀត ករណី​ប្រហារជីវិត​អ្នកទោស​បាន​ថយចុះ ក៏ដោយសារ​តែ​ពន្ធនាគារ​ខ្វះខាត​ថ្នាំ នៅពេល​ឱសថស្ថាន​ជាច្រើន បដិសេធ​មិនលក់​ថ្នាំ ដែល​គេ​ប្រើ​សម្រាប់​ចាក់សម្លាប់​អ្នកទោស។ អាច​និយាយ​បានថា លើកនេះ លោក​ដូណាល់ ត្រាំ ខំបង្ហាញថា លោក​ជាអ្នកជំរុញ ឲ្យមាន​ឡើងវិញ ទោស​ប្រហារ​ជីវិត ឧក្រិដ្ឋជន ដែល​គ្រោះថ្នាក់​ដល់​សង្គម​អាមេរិកាំង ប៉ុន្តែ រឿងនេះ លែងមាន​ប្រជាប្រិយភាព ទាក់ទាញ ប្រជាជន​អាមេរិកាំងដូចមុន ដូចមុន​ទៀត ព្រោះថា វិធីសាស្រ្ត ប្រហារជីវិត​អ្នកទោស​នៅ​អាមេរិក ធ្វើឡើង ដោយ​គ្មាន​លក្ខណៈ​មនុស្សធម៌៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ