អានតួអត្ថបទ
សេដ្ឋកិច្ច​អាមេរិក

សេដ្ឋកិច្ច​អាមេរិក​ចាប់ផ្តើម​ឲ្យ​សញ្ញា​ដើរយឺតៗ

តើ​សេដ្ឋកិច្ច​អាមេរិក​កំពុង​ចាប់រង្គោះរង្គើ​ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន អាមេរិក​ឬ​ក៏យ៉ាងណា? តួលេខ​របស់នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ សុក្រ បាន​បង្ហាញថា ឱនភាព​ពាណិជ្ជកម្ម ប្រចាំ​ខែ មិថុនា​បាន​កាត់បន្ថយ ប្រមាណ ០,៣ភាគរយ ដោយសារ​ការនាំចូល​ទំនិញ មកពី​ប្រទេស​ចិន និង​សហភាព អឺរ៉ុប បាន​ធ្លាក់ចុះ។ ទន្ទឹមគ្នានោះ ការនាំចេញ​ទំនិញ​អាមេរិក​ក៏​បាន​ធ្លាក់ចុះ ខ្លាំង​គួរ ឲ្យ​កត់សំគាល់​ផងដែរ។ 

កុងតឺន័រ​នៅកំពង់ផែ​រដ្ឋFlorida
កុងតឺន័រ​នៅកំពង់ផែ​រដ្ឋFlorida ©REUTERS/Carlo Allegri/File Photo GLOBAL BUSINESS WEEK AHEAD
ផ្សាយពាណិជ្ជកម្ម

នៅ​ខែ​មិថុនា ឱនភាព​ពាណិជ្ជកម្ម​អាមេរិក មាន​ទំហំ​ទឹកប្រាក់ ៥៥ ២០០​លាន​ដុល្លារ​អាមេរិក គឺ​ថយចុះ​បន្តិច ដោយសារ​ការនាំចូល​បាន​ធ្លាក់​ចុះ ប្រមាណ ១,៧% ឬ ២៦១ពាន់​លាន​ដុល្លារ ចំណែក ការនាំចេញ​របស់​អាមេរិក​វិញ ​ធ្លាក់ចុះ​ខ្លាំង ជាង​ការនាំចូល​ទៅទៀត ដល់ ទៅ​២%។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ចេញផ្សាយ កាល​ពី​ថ្ងៃ​សុក្រ ដោយសារ​ការនាំចូល​ពី​ចិន និង​អឺរ៉ុប​ធ្លាក់ថយចុះ ទំនិញ​នាំចូល​អាមេរិក ដូចជា​ទូរស័ព្ទដៃ និង​សំភារៈប្រើប្រាស់​របស់​ប្រជាជន​អាមេរិកាំង បាន​ធ្លាក់​ថយចុះ ជាង ១៤០០​លាន​ដុល្លារ។ នៅក្នុង​ជម្លោះពាណិជ្ជកម្ម រវាង​គ្នា ប៉េកាំង និង​វ៉ាស៊ីនតោន​បាន​ប្រកាស​ដំឡើងពន្ធ លើ​ទំនិញ​នាំចូលគ្នា​ទៅវិញ ទៅមក សរុប ៣៦០ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ កាត់បន្ថយ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ។

លោកដូណាល់ ត្រាំ ប្រើ​នយោបាយ ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ដើម្បី​ ការពារ​ការងារ​ប្រជាជន​អាមេរិកាំង និង​កាត់បន្ថយ គម្លាត នៃការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ តួលេខ​របស់​ក្រសួងការងារ​អាមេរិក នៅថ្ងៃសុក្រ​បាន​បង្ហាញដែរថា សម្រាប់​ខែ​កក្កដា ចំនួន​ការងារ​បង្កើតថ្មី បាន​ថយចុះ នៅពេល​អត្រា​អ្នកអត់ការងារ​ធ្វើវិញ នៅ​នឹងថ្កល់ ប្រមាណ ៣,៧% ដែល​នេះ ជា​សញ្ញា​នៃ​សេដ្ឋកិច្ច​ដើរ​យឺត​របស់​អាមេរិក។

ការនាំចេញ​ធ្លាក់ចុះ ចំណែក​ចំនួនការងារ​បង្កើតថ្មី ក៏​ធ្លាក់ចុះ។ សញ្ញា​នៃ​សេដ្ឋកិច្ច​ដើរយឺត នឹងអាច​រឹតតែ​អាក្រក់ នៅពេល​នយោបាយ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ ទៅលើ​ទំនិញ​ចិន នាំចូល​អាមេរិក ដែល​មាន​តម្លៃ ជាង ៣០០​ពាន់លានដុល្លារ​ផ្សេងទៀត ចាប់ចូលជាធរមាន នៅខែកញ្ញា​ខាងមុខ។

នៅថ្ងៃ ព្រហស្បតិ៍ ដោយសារ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន នៅទីក្រុង​សៀងហៃ មិន​បាន​​ផ្តល់​លទ្ធផល​តាមការចង់បាន លោកដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើងពន្ធ ១០ភាគរយ លើ​ទំនិញនាំចូល​ពី​ចិន ប្រមាណ ៣០០ពាន់​លាន​ដុល្លារផ្សេងទៀត ចាប់ពី​ថ្ងៃទី ១​កញ្ញា។

នៅពេលវិធានការ​​ដំឡើង​ពន្ធ​ពីរលើក​ដំបូង លើ​ទំនិញ​នាំចូល​ពី​ចិន ផ្តោតសំខាន់​ទៅ​លើ​វត្ថុធាតុដើម វិធានការ​ដំឡើង​ពន្ធ លើកទី​៣​របស់​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លើ​ទំនិញ​ចិន តម្លៃ ជាង ៣០០​ពាន់​លាន​ដុល្លារផ្សេងទៀត នឹង​ធ្វើ​ឲ្យ​ទំនិញ លក់រាយ​ឡើងថ្លៃនៅ​អាមេរិក ដែលជាការប៉ះពាល់​ដោយ​ផ្ទាល់ លើ​ប្រយោជន៍ របស់​អ្នកប្រើប្រាស់ និង​អ្នកជំនួញ​អាមេរិកាំង។

ធនាគារ​កណ្តាល​អាមេរិក នៅសប្តាហ៍នេះ​បាន​កាត់បន្ថយ​អត្រាការប្រាក់​ប្រមាណ​០,២៥ភាគរយ ដើម្បី ជំរុញ ពង្រីក សេដ្ឋកិច្ច​អាមេរិក ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ដើរយឺត ហើយ​និង​ភាពមិនច្បាស់លាស់ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ