អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិកជួបគ្រោះបាញ់ប្រហារមនុស្ស ជាថ្មី បែបប្រកាន់ពូជសាសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ អាមេរិក​ជួប​ករណី​​បាញ់​ប្រហារ ពីរ​ផ្ទួនៗ​គ្នា ! នៅ​វេលាម៉ោង ១រំលង​អាធ្រាត្រឆ្លង​ចូល​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​បាញ់​រះ​មួយ​​បាន​កើត​ឡើងនៅរដ្ឋ​Ohio ស្លាប់​មនុស្ស​អស់​៩​នាក់។ ប៉ុន្តែ​គឺ​ករណី​បាញ់​ប្រហារ​ នៅ​តិច​សាស់ ​​នៅ​ក្នុង​ទីផ្សារ​ទំនើប​ នៅ​El Paso ជាប់​ព្រំ​ប្រទល់​នឹង​ប្រទេស​ម៉ិចស៊ិក ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង។ មាន​ស្លាប់យ៉ាង​ហោច​ណាស់ ២០​នាក់ របួស២៦​នាក់។ ​ជា​ករណី​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ទី៦ នៅ​សហរដ្ឋ​អាមេរិក គិត​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ​មក និង​ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិតិចសាស់។ ​ខ្មាន់​កាំភ្លើង​ ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ឃាំង​ ដោយ​ប៉ូលិស​​អាមេរិក​ដែល​សង្ស័យ​ថា​ជន​នេះ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​បែប​រើស​អើង​ពូជសាសន៍។

កង​កម្លាំង​សន្តិសុខ​​ពង្រាយ​នៅ​មុខ​ផ្សារ​ Wal-Mart នៅ​ El Paso រដ្ឋ​Texas ថ្ងៃទី ៣ សីហា ២០១៩
កង​កម្លាំង​សន្តិសុខ​​ពង្រាយ​នៅ​មុខ​ផ្សារ​ Wal-Mart នៅ​ El Paso រដ្ឋ​Texas ថ្ងៃទី ៣ សីហា ២០១៩ Joel Angel JUAREZ / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍​ទី ៣ សីហា​ម្សិលមិញ មាន​ករណី​​បាញ់​ប្រហារ បាន​កើត​ឡើង​​ នៅ​El Paso នៃ​រដ្ឋ​តិចសាស់​អាមេរិកជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិចស៊ិក ក្នុង​ទីផ្សារ​ទំនើប​ Walmart ដែល​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាមេរិក​ឡាទីន​ចូល​ចិត្ត​ទៅ។

នៅ​វេលា ម៉ោង​១០​​ព្រឹក ​ម៉ោងនៅ​តិចសាស់ ពេល​ម៉ោង​ដែល​មាន​មនុស្ស​ម្នា​មក​ផ្សារ​យ៉ាង​ច្រើន​កុះ​ករ (​ ប្រមាណ​ពី​១០០០​ទៅ​បី​ពាន់​នាក់ ព្រម​ទាំង​បុគ្គលិក​ធ្វើការជាង​១០០​នាក់) ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​អាវុធ​ អាកា ៤៧ ពាក់​វែនតា ស្លៀក​ខោ​កាគី អាវយឺត​ខ្មៅ ដើរ​ចូល​ទៅ​ក្នុង​ផ្សារ ដោយ​ពាក់​ប្រដាប់​ការពារ​សំឡេង​នៅ​ត្រចៀក លើក​កាំភ្លើង​បាញ់​ តម្រង់​មនុស្ស និង​បាញ់​រះ​ ឱ្យ​ដួល​ដេក​ដី។ នេះ​បើ​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព​។ ​បើតាម​រូបថត​វីដេអូ របស់​សាក្សី​ក្នុង​ហេតុការណ៍ សំឡេង​ស្នូរ​គ្រាប់​កាំភ្លើង​លាន់​ដូច​​​គេ​បាញ់​កាំជ្រួច មួយ​ហើយ​មួយ​ទៀត បន្ត​បន្ទាប់​គ្នា​យ៉ាង​ស្មើ។

ការ​បាញ់​ប្រហារ ដែល​បាន​បង្ក​ឱ្យ​មាន​ភាព​ស្លន់​ស្លោ​រន្ធត់​យ៉ាង​ខ្លាំង បាន​​ស្ងប់ស្ងាត់ទៅ​ពេល​រសៀល ប៉ូលិស​អាច​​​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​ខ្មាន់​កាំភ្លើង​បាន​ព្រម​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិសចាប់​ នៅពេល​សាប​ព្រោះ​សោកនាដកម្ម​រួច។

​​“ប្រឆាំង​នឹងការ​លុកលុយ​របស់​អាមេរិកឡាទីន”

បើ​តាម​ប៉ូលិស ខ្មាន់​កាំភ្លើង​ ជា​ជន​ជាតិ​អាមេរិក​ស្បែក​ស អាយុ ២១​ឆ្នាំ មាន​កំណើត​កើត​ជា​នៅ​ភូមិ​ Allen ក្បែរ​ក្រុង​Dallas ជិះ​ឡាន​​៩ម៉ោងទើប​ដល់​​កន្លែងកើតហេតុ​នៅ​El Paso។ ប្រភព​សារព័ត៌មាន​ខ្លះ​បាន​ផ្សាយ​ថា​ខ្មាន់​កាំភ្លើង​មាន​ឈ្មោះ​Partrick Crusius។

​ប៉ូលិស​អង្កេត​ កំពុង​សង្ស័យ​ថា​ ដើម​ហេតុ​នៃ​ការ​បាញ់ប្រហារ ជា​ទង្វើស្អប់​ខ្ពើមគ្នា។ ពាក្យ​ថា​ស្អប់​ខ្ពើម​ នៅ​សហរដ្ឋ​អាមេរិក​គឺ​សំដៅ​លើ​ ការ​ប្រកាន់ និង​រើសអើង ដោយ​សារ​មាន​សាសនា មាន​ដើម​កំណើត មាន​ពណ៌សម្បុរ​ស្បែក ឬ​មាន​ទំនោរផ្លូវ​ភេទ។ អាជ្ញាធរ​បាន​រក​ឃើញ​សំណេរ​មួយ​ដែល​ទំនង​ជា​របស់​ជនជាប់​សង្ស័យ​ឬ​ខ្មាន់​កាំភ្លើង​នៅ​អែលប៉ាសូ សរសេរ​បង្ហោះ​ក្នុង​អ៊ីនធ័រនែត​។ តែ​ប៉ូលិស​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ព្រោះ​ការ​អង្កេត​កំពុង​ចាប់​ផ្តើម​។

ប៉ុន្តែ​បើតាម​ឯកសារ​ជា​​សំណេរ​កម្រាស​បួន​ទំព័រ ដែល​ទំនងសរសេរ​ដោយ​​ខ្មាន់​កាំភ្លើង និង​ដែល​មាន​បង្ហោះ​ក្នុង​វិបសៃត៍​របស់​ជន​ជ្រុលនិយម​ ជនល្មើសបាន​​ចាត់​ទុក​ការ​បាញ់​ប្រហារ​ម្សិលមិញ​នេះ ជា​ចម្លើយ​តប​ទៅ​នឹង​ការឈ្លានពាន​​​របស់​ជនជាតិ​អាមេរិក​ឡាទីន​ នៅរដ្ឋ​តិចសាស់។ ម្ចាស់​សំណេរ​ថែម​ទាំង​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ខ្មាន់​កាំភ្លើង​ស្បែក​ស​នៅ​នូវែលហ្សេឡង់ ដែល​បានបង្ក​សោកនាដកម្ម​បាញ់​ប្រហារ​សម្លាប់​មនុស្ស​អស់​៥១​នាក់ នៅ​ក្នុង​វិហារ​អ៊ីស្លាមពីរ កាលពី​ថ្ងៃទី ១៥​មីនា ២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ។

មាន​ប្រជាជន​រស់​នៅ​ជាង​កន្លះ​លាន​នាក់ (៦៨០០០០នាក់) ក្រុង អែលប៉ាសូ ជា​ក្រុង​មាន​ព្រំដែន​ជាប់​ម៉ិចស៊ិកតែ​ម្តង និង​មាន​ប្រជាជន​៨០%​ មាន​ដើម​កំណើត​មក​ពី​អាមេរិក​ឡាទីន​។ នេះ​បើ​តាម​ស្ថិតិ​ឆ្នាំ​២០១៨។ ក្នុងគ្រោះ​បាញ់​ប្រហារ​នេះ ក្រៅ​ពី​មាន​ស្លាប់​ជនជាតិ​អាមេរិក​ដើម​កំណើត​អាមេរិកឡាទីនជា​ច្រើន​នាក់ គេក៏​រាប់​ឃើញ​មាន​ជនម៉ិចស៊ិក​បីនាក់ផង។

ខ្មាន់​កាំភ្លើង​នៅ​El Paso ថត​ដោយ​កាម៉េរ៉ា​សុវត្ថិភាព
ខ្មាន់​កាំភ្លើង​នៅ​El Paso ថត​ដោយ​កាម៉េរ៉ា​សុវត្ថិភាព Courtesy of KTSM 9 / KTSM 9 news Channel / AFP

៧ខែ ​២៥០​ករណី

នៅ​សហរដ្ឋ​អាមេរិក ការកាន់​អាវុធ ជាទង្វើ​ស្រប​ច្បាប់។ តែ​អាមេរិក​ក៏​រង​សោកា​ញឹក​ញយ​ណាស់​ដែរ​ ដោយ​សកម្មភាព​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ នៅ​តាម​សាលារៀន នៅ​ទីកន្លែង​សាសនា ទីសាធារណៈ ការិយាល័យ​ធ្វើការ​ឬ មជ្ឈមណ្ឌល​ពាណិជ្ជ ទីផ្សារ ...

ការ​បាញ់​ប្រហារ​នៅ​អែលប៉ាសូ គឺ​ជា​ករណី​សោកនាដកម្ម​ដែល​មាន​ស្លាប់​ច្រើន​ជាងគេ ទី​៦ នៅ​សហរដ្ឋ​អាមេរិក គិត​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ និង​ត្រូវ​ជា​ករណី​បាញ់​ប្រហារ ស្លាប់​មនុស្សលើស​ពី​​បួន​នាក់ ​លើក​ទី ២៥០ គិត​ចាប់​ពី​ថ្ងៃទី ១​មករា ២០១៩​មក។ នេះ​បើតាម​កំណត់ត្រា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Gum violence archive។

កាលពី​ថ្ងៃ​អាទិត្យ​ទី ២៨​កក្កដា សប្តាហ៍​មុន ខ្មាន់​កាំភ្លើង​អាយុ​១៩​ឆ្នាំ បាន​ចូល​ទៅ​បាញ់​ប្រហារ​​​សម្លាប់​មនុស្ស​អស់​បួន​នាក់ នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ខ្ទឹម​ នៅកាលីហ្វ័រញ៉ា។ កាលពី​ថ្ងៃអង្គារ​ បុគ្គលិក​ផ្សារ​Walmart បាន​បាញ់​សម្លាប់​អ្នក​រួម​ការងារ​ពីរ​នាក់​ នៅ​ក្នុង​ផ្សារ​នៅ​មិស៊ីស៊ីពី។ ហើយ​ក្រោយ​សោកនាដកម្ម​នៅ​អែលប៉ាសូ​ តែ​ប៉ុន្មាន​ម៉ោង ក្នុង​យប់​ថ្ងៃសៅរ៍​ទី​បី​សីហា ​ដដែល​ មានការ​បាញ់ប្រហារ​​ មួយករណី​ទៀត នៅរដ្ឋ​អូអាយូ។ ខ្មាន់​កាំភ្លើង​បាន​សម្លាប់​មនុស្ស ៩​នាក់ មុន​នឹងត្រូវ​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស​ស្លាប់​ខ្លួន​ឯង។ ករណីបាញ់​ប្រហារ​នៅ​អូអាយូ​នេះ ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​នៅ​ឡើយ​ទេ។

ការបាញ់​ប្រហារ​ និង​​គំនួច​នយោបាយ

ប៉ុន្តែ​មិន​ថា​ករណី​បាញ់​ប្រហារ​នៅ​អូអាយូ ឬ​នៅ​អែលប៉ាសូ ទេ ក្រោយ​សោកនាដកម្ម​បង្ហូរ​ឈាម គេតែ​ឮ​សម្រែក​ជា​ច្រើន​ទាមទារ​ឱ្យ​អាមេរិក​គិត​គូរ​គ្រប់​គ្រងទីផ្សារ​អាវុធ​ឱ្យ​បាន​ប្រសើរ​ឡើង។ គ្រាន់​តែ​ថា​នៅ​​លើក​នេះ សម្រែក​ទាមទារ​ហាក់​មាន​លាក់​គំនួច​នយោបាយ​បន្ថែម​មួយ​ទៀត។

ក្រៅ​អំពី​ប្រតិកម្ម​របស់​លោក​ប្រធានាធិបតី លំហូរ​ប្រតិកម្ម​បែប​វាយបក​លើ​លោក​ត្រាំ មក​ពី​ខាង​​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ធ្លាក់​មក​ឥត​ដាច់។ លោក​ចូបៃដិន អតីត​អនុប្រធានាធិបតី​សម័យ​លោក​អូបាម៉ា និង​ជា​បេក្ខជនប្រធានាធិបតី​​ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ នៅក្នុង​បក្ស​ប្រជាធិបតេយ្យ បាន​បញ្ចេញ​ប្រតិកម្ម​បែប​ទាក់ទាញ ដោយ​និយាយ​ចំៗ​ថា "ដល់​វេលា​ដែល​បញ្ចេញ​សកម្មភាព​និង​បិទ​បញ្ចប់​អំពើ​ហិង្សា​រាតត្បាត​ដោយ​អាវុធ​ហើយ"​។ គូប្រជែង​លោក​បៃដិន​ម្នាក់ទៀត បាន​បរិហារ​ថា អាមេរិក​កំពុង​រង​ការ​វាយប្រហារ​​ភេរវនិយម​ពី​សំណាក់ ជន​ជ្រុលនិយម​ស្បែកស​ផ្ទៃក្នុង។

បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ម្នាក់​ទៀត ឈ្មោះ លោក Beto O'Rourke ដែល​មាន​ដើម​កំណើត​នៅ​ El Paso បាន​ចោទ​ប្រកាន់​លោក​ដូណាល់ ត្រាំ​ ថា​ជា​អ្ន​ក​លើក​ទឹក​ចិត្តឱ្យ​មាន​ការ​ប្រកាន់​រើស​អើង​ពូជសាសន៍ ដោយ​ត្រង់តែ​ម្តង។ បេក្ខជន​រូប​នេះ យល់​ថា កំណើនគួរ​ឱ្យ​កត់​សម្គាល់​នៃ​​បទ​ឧក្រិដ្ឋ​ស្អប់ខ្ពើម​គ្នា​ នៅ​អាមេរិក ក្រោម​រដ្ឋបាល​លោក​ត្រាំ នា​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ​ បណ្តាល​មក​ពីប្រធានាធិបតី​ចាត់ទុក​ជនជាតិ​ម៉ិចស៊ិកជា​អ្នក​រំលោភ​ឈ្លានពាន​និង​ជា​ឧក្រិដ្ឋជន។ លោកត្រាំ ជា​អ្នក​ប្រកាន់​ពូជសាសន៍ ហើយ​បណ្តុះ​គំនិត​នេះ​ដល់ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ