អានតួអត្ថបទ

លោក ត្រាំ ចង់​​​ពង្រឹង​ច្បាប់​ត្រួតពិនិត្យការលក់អាវុធ ផ្គួប​​ជាមួយ​ច្បាប់​អន្តោប្រវេសន៍

ក្រៅ​អំពី​បរិហារ​ករណី​​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ថា បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​ និង​អំពាវនាវ​ឱ្យ​មាន​ការ​កាត់ទោស​ខ្មាន់​កាំភ្លើង​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ នៅ​ថ្ងៃ​ចន្ទទី ៥ សីហា ២០១៩ ​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​អំពាវនាវ​ឱ្យ​តំណាង​សភា​​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​ចាប់​ដៃ​គ្នា​អនុម័ត​ច្បាប់​មួយ សំដៅ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ប្រវត្តិ​អ្នក​ទិញ​អាវុធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ លោក​ដូណាល់ត្រាំ ក៏​បាន​ឆ្លៀត​បន្ទោស​ ចោទ​ប្រកាន់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ថា​បាន​រួម​ចំណែក​ឱ្យ​មាន​កំហឹង​និង​ហិង្សា​។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ភរិយា
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ភរិយា Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ថ្លែង​សុន្ទរកថា ជា​ផ្លូវការ​ ជុំ​វិញ​សោកនាដកម្ម​បាញ់​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង ពីរ​ករណី​ផ្ទួន​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​តាម​សារ​ទ្វីត ដោយ​អំពាវនាវ​ឱ្យ​តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​រួម​គ្នា​បង្កើត​ច្បាប់​ ពង្រឹង​ការ​ត្រួត​ពិនិត្យ​​ប្រវត្តិ​របស់​អ្នក​ទិញ​អាវុធ ឱ្យ​បាន​សម្រេច។ ហើយ​បើ​អាច​ ច្បាប់​នេះ ​គួរ​តែ​បូក​បញ្ចូល​​​ទៅក្នុង​​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍​ដ៏​ចាំបាច់។

សម្រាប់​លោក​ប្រធានាធិបតី អាមេរិក​មិន​អាច​បំភ្លេច​ជន​រងគ្រោះ​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅតិចសាស់ នៅ​អូអាយូ និង​ក្នុង​ការបាញ់​ប្រហារ​មុនៗ​ឡើយ។ ដូច្នេះ​អាមេរិក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ល្អ ដែល​ធំ​អស្ចារ្យ​ ឆ្លើយ​តប​ទៅនឹង​សោកនាដកម្ម​ទាំង​ពីរ​ម្សិលមិញ។

ប៉ុន្តែ​លោក ដូណាល់ ត្រាំ គ្មាន​សម្តែង​ប្រតិកម្ម​អ្វី​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​ធំ ដែល​ថា​សុន្ទរកថា​របស់​ប្រធានាធិបតី​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍​ ជា​ការ​សាបព្រោះ​បណ្តុះ​ភាព​តានតឹង​ ស្អប់​ខ្ពើម​គ្នា​កាន់​តែ​ខ្លាំង​ក្នុង​សង្គម​អាមេរិក​ឡើយ។ លោក​ដូណាល់ ត្រាំ បែរ​ជា​ងាក​ទៅ​បន្ទោស​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ទៅ​វិញ។

បើ​តាម​លោក​ត្រាំ ប្រព័ន្ធ​ឃោសនា​ព័ត៌មាន មាន​ចំណែក​យ៉ាង​ធំ ក្នុង​ការឃោសនា​បំផ្លើស​ព័ត៌មាន​មិន​ពិត Fake News ដែល​ជំរុញ​ឱ្យ​ កំហឹង និង​ការស្អប់​ឆាប​ឆេះ និង​ដុះដាល​​ឡើង​ តាំង​ពី​ជា​ច្រើន​ឆ្នាំ​នៅ​អាមេរិក។ សារព័ត៌មាន​មាន​ទំនួល​ខុស​ត្រូវ​លើ​ជីវិត​និង​សន្តិសុខ​ នៅ​ផ្ទៃ​ក្នុង​​ប្រទេស។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ដូណាល់ ត្រាំ ដោយ​ទាមទារ​ឱ្យ​ប្រព័ន្ធ​ឃោសនា ចាប់​​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​សមភាព កុំ​ប្រកាន់​ខាង និង​ចេះ​សម្រួល​បន្ទន់​ទៅ​តាមកាល កុំច្បាស់​ដាច់​ណាត់ពេក ព្រោះ​បើ​ពុំ​នោះ​សោត​ទេ អាមេរិក​នឹង​មាន​ជួប​ហេតុការណ៍អាក្រក់​​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ជា​ពុំ​ខាន​។ ហេតុការណ៍​អាក្រក់​នោះ​គឺ​សំដៅ​លើ​ការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស ដែល​បាន​កើត​ឡើង​នៅ តិចសាស់ ស្លាប់​មនុស្ស​អស់​២០​នាក់ និង​នៅ​អូអាយូ ស្លាប់​៩​នាក់ កាលពី​ថ្ងៃ​សៅរ៍​ទី ៣​សីហា២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ