តើការបង្កកទ្រព្យសម្បតិ្តរដ្ឋាភិបាលវ៉េណេស៊ុយអេឡាពីសំណាក់រដ្ឋបាលអាមេរិកាំងអាចនឹងទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៦
នៅថ្ងៃអង្គារ ទី៦ សីហា ប្រទេសវ៉េណេស៊ុយអេឡាតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានចោទសហរដ្ឋអាមេរិកថាជាភេរវនិយមសេដ្ឋកិច្ច និងព្យាយាមបំផ្លាញកិច្ចសន្ទនាផ្ទៃក្នុងរវាងរដ្ឋាភិបាលក្រុងការ៉ាកាស និងគណបក្សប្រឆាំង។ ប្រតិកម្មខ្លាំងៗរបស់វ៉េណេស៊ុយអេឡាពេលនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីរដ្ឋបាលអាមេរិកាំងបានសម្រេចបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាដែលមាននៅសហរដ្ឋអាមេរិក។ ដោយឡែកនៅក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ សន្និសីទអន្តរជាតិមួយដើម្បីប្រជាធិបតេយ្យវ៉េណេស៊ុយអេឡាបានរៀបចំឡើងដោយមានប្រទេសប្រមាណ ៦០ ចូលរួម។ តែគ្មានវត្តមានប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡា ម៉ាឌូរ៉ូ និងក្រុមប្រទេសសម្ព័ន្ធមិត្តគាំទ្រលោកម៉ាឌូរ៉ូ។
អ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំចង់បានតាមរយៈទណ្ឌកម្មបង្កកសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡានៅសហរដ្ឋអាមេរិក គឺទម្លាក់លោកនីកូឡា ម៉ាឌូរ៉ូចេញពីអំណាច។ គួររម្លឹកថា តាំងពីមេបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡាលោកហ័ន ហ្កាយដូដែលជាប្រធានសភាបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីកាលពីថ្ងៃទី២៣ មករាមក រដ្ឋបាលអាមេរិកាំងបានចេញមុខទទួលស្គាល់លោកហ្កាយដូជាប្រធានាធិបតីវ៉េណេស៊ុយអេឡាស្របច្បាប់ និងមានប្រមាណជា ៦០ប្រទេសផ្សេងទៀតក៏បានប្រកាន់ជំហរដូចសហរដ្ឋអាមេរិកដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា លោកម៉ាឌូរ៉ូក៏មានក្រុមប្រទេសសម្ព័ន្ធមិត្តរបស់លោកដែរ ពិសេសមហាអំណាចរុស្ស៊ី និងចិន។
នេះមិនមែនជាលើកទី១ ទេដែលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើក្រុងការ៉ាកាស គ្រាន់តែថាទណ្ឌកម្មមុនៗជាការដាក់លើស្ថានប័នរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់។ ចំណែកទណ្ឌកម្មលើកនេះ គឺបានដាក់សំដៅលើរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូទាំងមូល។ ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចចុងក្រោយរបស់សហរដ្ឋអាមេរិកមួយនេះ ទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេដែលមាននៅលើទឹកដីអាមេរិកាំងនឹងត្រូវបង្កកទុកមិនឲ្យផ្ទេរចេញ ឬដោះដូរអ្វីទាំងអស់។ តាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន បុលតុន នេះជាលើកទី១ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយដែលសហរដ្ឋអាមេរិកបានប្រើទណ្ឌកម្មប្រភេទនេះ ហើយជាមួយនឹងទណ្ឌកម្មមួយនេះ វ៉េណេស៊ុយអេឡាធ្លាក់ចូលក្នុងចង្កោមប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ ស៊ីរី និងប្រទេសគុយបា។
ដោយឡែកនៅថ្ងៃអង្គារ ទី៦ សីហា ពោលមួយថ្ងៃក្រោយការប្រកាសបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡានៅសហរដ្ឋអាមេរិក សេតវិមានបានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តប្រើយន្តការណ៍ផ្សេងទៀតដើម្បីទម្លាក់លោកម៉ាឌូរ៉ូពីអំណាចឲ្យបាន។
សន្និសីទអន្តរជាតិដែលសំដៅគាំទ្រមេបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា
ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡានៅសហរដ្ឋអាមេរិកបានធ្លាក់មក ខណៈពេលដែលសន្និសីទអន្តរជាតិមួយដើម្បីប្រជាធិបតេយ្យនៅវ៉េណេស៊ុយអេឡាបានរៀបចំក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ។ គឺជាសន្និសីទដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមលីម៉ាដែលមានសមាជិកប្រមាណជា ១០ប្រទេសនៅអាមេរិកឡាទីនបូកនឹងប្រទេសកាណាដា។ បន្ទាប់មក ក៏មានការចូលរួមពីប្រមាណជា ៥០ប្រទេសផ្សេងទៀត ក្នុងនោះក៏មានសហរដ្ឋអាមេរិកមួយដែរ។ តែអ្វីជាការកត់សម្គាល់ ក្រុមលីម៉ា និងក្រុមប្រទេសផ្សេងដែលចូលរួមនៅក្នុងសន្និសីទអន្តរជាតិនោះសុទ្ធសឹងជាអ្នកគាំទ្រមេបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោកហ័ន ហ្កាដូ និងចង់ឃើញការធ្លាក់ពីអំណាចរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡា ម៉ាឌូរ៉ូដូចសហរដ្ឋអាមេរិក។
លោកម៉ាឌូរ៉ូគ្មានវត្តមាននៅក្នុងសន្និសីទ ហើយក្រុមប្រទេសសម្ព័ន្ធមិត្តរបស់លោកម៉ាឌូរ៉ូ មានចិន រុស្ស៊ី អ៊ីរ៉ង់ និងគុយបាក៏បានបដិសេធមិនចូលរួមនៅក្នុងសន្និសីទនោះដែរ។ ដូច្នេះគេអាចនិយាយបានថា សន្និសីទអន្តរជាតិមួយនេះជាសន្និសីទមួយដែលសំដៅផ្តល់ការគាំទ្របន្ថែមដល់លោកហ្កាយដូជាជាងបិទបញ្ចប់វិបត្តិនយោបាយវ៉េណេស៊ុយអេឡា។ ថ្លែងនៅក្នុងពេលបើកសន្និសីទ ប្រមុខការទូតប៉េរូបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឲ្យបន្តការគាំទ្រលោកហ្កាយដូ និងសង្ឃឹមថា ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកនឹងអាចទម្លាក់លោកម៉ាឌូរ៉ូនាពេលឆាប់ៗខាងមុខ។ ក្រៅពីកិច្ចប្រជុំរវាងក្រុមប្រទេសដែលគាំទ្រមេបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោកហ្កាយដូ ក៏មានកិច្ចសន្ទនាផ្ទៃក្នុងរវាងក្រុមអ្នកតំណាងរដ្ឋាភិបាល និងក្រុមប្រឆាំងវ៉េណេស៊ុយឡាដែរ។
កិច្ចសសន្ទនាផ្ទៃក្នុងមួយនេះរៀបចំនៅក្នុងប្រទេសបាបាដុសដោយមានប្រទេសន័វែសធ្វើជាអន្តរការី។ គឺកិច្ចសន្ទនាផ្ទៃក្នុងមួយនេះឯងដែលរដ្ឋាភិបាលក្រុងការ៉ាកាសចោទសហរដ្ឋអាមេរិកពីបទព្យាយាមបំផ្លាញតាមរយៈទណ្ឌកម្មបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡានៅក្នុងទឹកដីអាមេរិកាំង។
តើទណ្ឌកម្មអាមេរិកអាចទម្លាក់លោកម៉ាឌូរ៉ូបានដែរឬទេ?
ការទម្លាក់លោកម៉ាឌូរ៉ូពីអំណាចបានអាស្រ័យលើកត្តាជាច្រើន ពោលមិនអាស្រ័យតែលើជំហររបស់សហរដ្ឋអាមេរិកមួយទេ។ ពិតណាស់ជាមួយនឹងទណ្ឌកម្មថ្មីរបស់អាមេរិក វ៉េណេស៊ុយអេឡាកំពុងមានសេដ្ឋកិច្ចយ៉ាប់យឺនស្រាប់នឹងកាន់តែធ្លាក់ដុនដាប់ថែមទៀត។ ប្រេងឆៅដែលជាប្រភពចំណូលចម្បងរបស់ប្រទេសត្រូវបានសហរដ្ឋអាមេរិកបិទខ្ទប់។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ផលិតកម្មប្រេងឆៅវ៉េណេស៊ុយអេឡាបានធ្លាក់ចុះយ៉ាងគំហុកពីការបូមក្នុងបរិមាណ ៣លាន២សែនបារីលក្នុងមួយថ្ងៃមកនៅត្រឹមប្រមាណតែ ១លានបារីលក្នុងមួយថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ទំនិញគ្រប់មុខមានមិនគ្រប់គ្រាន់ និងមានតម្លៃខ្ពស់កប់ពពក ហើយបើយោងតាមអង្គការមូលនិធិរូបិយវត្តុអន្តរជាតិ IMF អត្រាអតិផរណាឡើងដល់ ៧ខ្ទង់ គឺ ១ ០០០ ០០០ភាគរយ។
វិស័យនាំចូលរបស់រដ្ឋដែលមានទឹកប្រាក់ដល់ទៅ ៥៧ ០០០លានដុល្លារក្នុងឆ្នាំ ២០១៣ បានធ្លាក់នៅត្រឹម ៨ ០០០លានដុល្លារក្នុងឆ្នាំ ២០១៩។ តែការដែលរបបលោកម៉ាឌូរ៉ូកំពុងបន្តរស់រានមានជីវិតមកដល់សព្វថ្ងៃ គឺដោយមានបង្អែកពីមហាអំណាចចិន និងរុស្ស៊ី។ លោកម៉ាឌូរ៉ូកំពុងបន្តលក់ប្រេងឆៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសរុស្ស៊ីដោយប្រើយន្តការណ៍គេចពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ ការបន្តរស់រានមានជីវិតរបស់លោកម៉ាឌូរ៉ូ និងរបបរបស់គាត់ក៏ដោយសារមានការគាំទ្រពីកងទ័ព។ ដូច្នេះនៅចំពោះមុខ ការប្រើទណ្ឌកម្មដើម្បីទម្លាក់លោកម៉ាឌូរ៉ូប្រហែលជាពិបាកបន្តិច ហើយលោកត្រាំក៏បានដឹងច្បាស់ណាស់ចំពោះបញ្ហានេះ។ តែលោកត្រាំសង្ឃឹមប្រើទណ្ឌកម្មដើម្បីធ្វើឲ្យលោកម៉ាឌូរ៉ូចុះខ្សោយ និងបញ្ឆេះកំហឹង ភាពក្តៅក្រហាយរបស់ពលរដ្ឋ ពិសេសកងទ័ពឲ្យបែរកាណុងកាំភ្លើងប្រឆាំងលោកម៉ាឌូរ៉ូវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ