ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាមេរិក

អាមេរិក៖រដ្ឋបាលរបស់លោកដូណាល់ ត្រាំរឹតបន្តឹងការសុំសញ្ជាតិ និងសុំសិទ្ធិស្នាក់នៅរបស់ជនអន្តោប្រវេសន៍

media  
លោក Ken Cuccinelli នាយកស្តីទីទទួល​បន្ទុក​សេវាអន្តោប្រវេសន៍​នៅ​សហរដ្ឋអាមេរិក Brendan Smialowski / AFP

នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​វិធានការ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ លោក​ដូណាល់ ត្រាំ​បាន​ផ្តើម​ចំណាត់ការ​លើ​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​ម្តង។ សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី១២ សីហា​ថា ការ​សុំ​សញ្ជាតិអាមេរិកាំង និង​ការ​សុំ​សិទ្ធិស្នាក់នៅ​នឹង​អាច​បដិសេធ​ចំពោះ​ជនអន្តោប្រវេសន៍​ស្របច្បាប់​ណា​ដែល​បាន​ទទួល​ជំនួយសង្គម។ វិធានការ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋបាល​របស់​លោក​ត្រាំ​ចង់​សំដៅ​លើ​ក្រុម​ជនអន្តោប្រវេសន៍​ដែល​មិន​អាច​ប្រកប​របប​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង​បាន។ ក្រុម​សមាគមន៍​អ្នក​ការពារ​ជនអន្តោប្រវេសន៍​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ដោយ​ចាត់​ទុក​វិធានការ​របស់​លោក​ត្រាំ​ថា​មាន​លក្ខណៈ​រើសអើង។

តាម​រយៈ​វិធានការ​មួយ​នេះ រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ចង់​ឲ្យ​ជនអន្តោប្រវេសន៍​ពឹង​ផ្អែក​លើ​ខ្លួនឯង និង​មាន​ការ​ទទួលខុសត្រូវ​ផ្ទាល់​ខ្លួន​ជាជាង​ដេក​រង់​ចាំ​ជំនួយសង្គម​ពី​រដ្ឋ។ វិធានការ​ថ្មី​មួយ​នេះ​បាន​សំដៅ​លើ​អ្នក​ដែល​ចង់​សុំ​សិទ្ធិ​រស់នៅ​លើ​ទឹកដី​អាមេរិកាំង និង​អ្នក​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិកាំង​ស្រាប់។ ចំពោះ​បេក្ខជន​ដែល​ដាក់​ពាក្យ​សុំ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ប្រសិន​បើ​បេក្ខជន​រូប​នោះ​មិន​មាន​លទ្ធភាព​ដើម្បី​អាច​រស់នៅ​ខ្លួន​ឯង​ដោយ​មិន​ពឹង​លើ​ជំនួយសង្គម​ពី​រដ្ឋ​បាន​ទេ ពាក្យ​សុំ​របស់​គេ​នឹង​ត្រូវ​បដិសេធ។ ចំណែក​អ្នក​ដែល​កំពុង​មាន​វត្តមាន​នៅ​លើ​ទឹកដី​អាមេរិកាំង​ស្រាប់ និង​កំពុង​ទទួល​បាន​ជំនួយសង្គម​ពី​រដ្ឋ ដូច​យ៉ាង​ជំនួយ​ចំណីអាហារ ឬ​ជំនួយ​ស្នាក់នៅ ការ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង និង​ការ​សុំ​បន្ត​សិទ្ធិស្នាក់នៅ​របស់​រូប​គេ​នឹង​ត្រូវ​បដិសេធ។

គួរ​រម្លឹក​ថា​នៅ​សហរដ្ឋអាមេរិក ធនធានហិរញ្ញវត្ថុ​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​ដែល​រដ្ឋបាលអាមេរិក​យក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​សិក្សា​លើ​ការ​សុំ​សិទ្ធិ​រស់នៅ ឬ​សុំ​សញ្ជាតិ​អាមេរិកាំង​របស់​ជនអន្តោប្រវេសន៍​ស្របច្បាប់។ តែ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​ចង់​បាន គឺ​រឹតបន្តឹង​បន្ថែម​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ និង​បន្ត​រក្សា​ជំនួយសង្គម​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ក្រីក្រ។ វិធានការ​មួយ​នេះ​របស់​លោក​ត្រាំ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ ៦០ថ្ងៃ​ខាង​មុខ​កំពុង​ធ្វើ​ឲ្យ​ក្រុម​សមាគមន៍​អ្នក​ការពារ​ជនអន្តោប្រវេសន៍​ខឹងសម្បារ​យ៉ាង​ខ្លាំង។ សម្រាប់​ពួក​គេ វិធានការ​របស់​លោក​ត្រាំ​មាន​លក្ខណៈ​រើសអើង។

សមាគមន៍​អ្នក​ការពារ​ជនអន្តោប្រវេសន៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា វិធានការ​របស់​លោក​ត្រាំ​អាច​នឹង​ប៉ះពាល់​ដល់​ជនអន្តោប្រវេសន៍​ស្របច្បាប់​ជិត ២៦លាននាក់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិកាំង។ ក្រៅ​ពី​ប្រតិកម្ម​ខឹងសម្បារ​របស់​ក្រុម​សមាគមន៍​អ្នក​ការពារ​ជនអន្តោប្រវេសន៍ ក៏​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ផ្សេងៗ​ដែល​ថា អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ​នេះ​គឺ​ផ្ទុយ​នឹង​រូបភាព​របស់​សហរដ្ឋអាមេរិក​ដែល​ជា​ដែនដី​តែង​ទទួល​ស្វាគមន៍​ជនអន្តោប្រវេសន៍​ដោយ​គ្មាន​ការ​រើសអើង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ