អានតួអត្ថបទ

អេលសាល់វ៉ាឌ័រ ទារដាក់ទោស៤០ឆ្នាំស្ត្រីដែលបង្កើតកូនមកស្លាប់

នៅ​ថ្ងៃ​ចន្ទ​ទី ១៩ សីហា​ ២០១៩ នេះ តុលាការអេល​សាល់វ៉ាឌ័រ​ត្រូវ​ចេញ​សាលក្រម​ ថា​ពិត​ជា​សម្រេច​ដាក់​ទោស​នាង​ឱ្យ​ជាប់​ពន្ធនាគារ ចំនួន​៤០​ឆ្នាំមែន​ឬ​យ៉ាងណា។ នាង​ អេវឺ​លីន អែរណង់ដេ (Evelyn Hernandez) ដែល​ពេល​នេះ​មាន​អាយុ​២១​ឆ្នាំ​ កំពុង​ប្រឈម​នឹង​ការ​ទទួល​ទោស​ពី​បទ​បង្កើត​កូន​មក​ស្លាប់​ និង​កំពុង​ក្លាយ​ជា​និម្មិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ច្បាប់​ហាមឃាត់​ការ​រម្លូត​កូន។ អេលសាល់វ៉ាឌ័រ​ ដែល​ជា​ប្រទេស​តូច​មួយ​នៅទ្វីប​អាមេរិក​កណ្តាល មាន​ច្បាប់​តាំង​តែង​ខ្លាំង​បំផុត​មួយ​ទៅ​លើ​ពិភពលោក ហាមឃាត់​មិន​ឱ្យ​ស្ត្រី​រម្លូត​កូន​ទេ។ តើ​រឿង​រ៉ាវ​នាង​ អេវឺលីន អែរណង់ដេ ដំណើរ​ដើម​ទង​យ៉ាងណា​ខ្លះ ?

ជាប់​ទោស​៣០​ឆ្នាំ​ពី​បទ​រម្លូត​កូន នាង​ Evelyn Hernandez អាច​នឹង​មាន​ទោស​ដល់​៤០​ឆ្នាំ​នៅ​សវនការ​លើក​ទីពីរ
ជាប់​ទោស​៣០​ឆ្នាំ​ពី​បទ​រម្លូត​កូន នាង​ Evelyn Hernandez អាច​នឹង​មាន​ទោស​ដល់​៤០​ឆ្នាំ​នៅ​សវនការ​លើក​ទីពីរ REUTERS/Jose Cabezas
ផ្សាយពាណិជ្ជកម្ម

រស់​ក្នុង​សង្កាត់​ក្រីក្រ ជនបទ​ ត្រួត​ត្រា​ដោយ​ក្រុម​បង​ធំ នាង​ អេវឺលីន អែរណង់ដេ ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​ ប៉ុន្តែ​ដូច​ស្ត្រី​ភាគ​ច្រើន នាង​មិន​ហ៊ាន​ប្តឹង​ទេ។ ថ្ងៃ​មួយ​​ (៦មេសា២០១៦)ក្នុង​វ័យ​ជំទង់​ទើប​អាយុ​១៨​ឆ្នាំនៅ​ឡើយ អេវឺលីនស្រាប់​តែ​ឈឺ​ពោះ​​សម្រាល​កូន តែ​ជា​សំណាង​អាក្រក់ ​ទារក​នោះកើត​ចេញ​មក​ក៏​ស្លាប់​ភ្លាម​​។ ការ​ធ្វើ​កោសល្យវិច័យ​បាន​បង្ហាញ​ថា ទារកនោះ​មាន​​អាយុ​៣២​សប្តាហ៍​កើត​មក​ស្លាប់​ដោយ​ការ​រលាក​សួត។ ប៉ុន្តែ​មន្ទីរ​ពេទ្យ​បាន​ចាត់​ទុកឧប្បត្តិហេតុ​ស្លាប់ ថា​ជា​ការ​រម្លូត​កូន ទើប​ត្រូវ​ផ្តល់​ព័ត៌មាន​ប្រាប់​អាជ្ញាធរ។​

នៅ​អេលសាល់វ៉ាឌ័រ ទោះ​ក្នុង​លក្ខខណ្ឌ​និ​ងបរិបទ​ណា​ក៏​ដោយ ក៏ការ​រម្លូត​កូន​ជា​បម្រាម​ដាច់ខាត​ បើល្មើស​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ​ពី​៣០ទៅ​៥០​ឆ្នាំ។ ភ្លាម​នោះ​តុលាការ​អេលសាល់វ៉ាឌ័រ បាន​ដាក់​ទោស​ឱ្យ​នាង​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ ពី​បទ​មនុស្ស​ឃាត ស្ថានទម្ងន់ ដោយ​គិត​ទុក​ជាមុន​។ ​ដោយ​សារ​ការ​​ប្រមូល​ផ្តុំ​របស់ក្រុម​​មេធាវី និង​អង្គការ​ការពារ​សិទ្ធិ​ស្ត្រី តុលាការ​កំពូល​បាន​លុប​ចេញ​សម្រេច​ឆ្នាំ​២០១៧​ទៅ​វិញ បន្ទាប់​ពី​នាង​ អេវឺលីន អែរឌីណង់​ ជាប់​ឃុំ​អស់​រយៈ​ពេល​៣៣​ខែ។

ប៉ុន្តែនៅ​ក្នុង​សវនការ​លើក​ទី​ពីរ​ដែល​បានចាប់​បើកនៅ​ថ្ងៃ​ទី ១៦​សីហា ក្រសួង​សាធារណៈ​អេលសាល់វ៉ាឌ័រ បាន​ប្តូរ​បទ​ចោទ​ប្រកាន់​ពី​ បទ​​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន​ ទៅ​ជា​បទ​​មនុស្ស​ឃាត​ដោយ​ធ្វេសប្រហែស។ ជាមួយ​បទ​ចោទ​ប្រកាន់​នេះ តុលាការអាច​ដាក់​ទោស​នាង​​ដល់​៤០​ឆ្នាំ​ក្នុង​ពន្ធនាគារ។ ​សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​សីហា២០១៩។

ខាង​ចុង​ចោទ បានទាមទារ​សុំ​ឱ្យ​នាង​អេវឺលីន អាច​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ដើម្បី​មា​នឱកាស​រៀបចំ​សំណុំ​ឯកសារតាម​ផ្លូវ​ច្បាប់ ព្រោះ​អេលសាល់វ៉ាឌ័រ​ទើប​មាន​ប្រធាន​តុលាការ​ថ្មី​ ក្មេង ​​ដែល​បាន​សន្យា​បើក​ការតស៊ូ​មតិ​ជុំ​វិញ​ច្បាប់​រម្លូត​កូន។ តាំង​ពី​ថ្ងៃ​បើក​សវនការ​មក សកម្មជន​ការ​ពារ​សិទ្ធិ​ស្ត្រី​ជា​ច្រើន​សិប​បាន​នាំ​គ្នា​មកបាតុកម្ម​នៅ​មុខ​តុលាការ​ស្រែក​សុំ​សេរីភាព​ឱ្យ​នាង​អេវឺលីន។ គិត​មក​ទល់​ថ្ងៃ​នេះ​ មាន​ស្ត្រី​១៦​នាក់ កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ពីបទ​រម្លូត​កូន។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មាន​ស្ត្រី​ជាប់ទោស ក្នុង​​ករណីដូច​គ្នា​ ៥​នាក់​បាន​ទទួល​សេរីភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ