ប្រេស៊ីល៖លោកបុលសូណារ៉ូកំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានក្នុងរឿងឆេះព្រៃអាម៉ាហ្សូន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣២
នៅថ្ងៃសុក្រ ទី២៣ សីហានេះ ពិភពលោកបាននាំគ្នាផ្តោតអារម្មណ៍ខ្លាំងលើអគ្គិភ័យដែលកំពុងបន្តឆាបឆេះព្រៃអាម៉ាហ្សូននៅក្នុងប្រទេសប្រេស៊ីល។ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ សីហា អង្គការសហប្រជាជាតិ និងប្រធានាធិបតីបារាំងលោកម៉ាក្រុងមិនញញើតទម្លាក់ការទទួលខុសត្រូវ និងស្តីបន្ទោសលើប្រធានាធិបតីប្រេស៊ីលលោកហ្សាអៀរ បុលសូណារ៉ូ។ ការស្តីបន្ទោសដែលបានធ្វើឲ្យលោកបុលសូណារ៉ូមិនសប្បាយចិត្ត និងបានចោទលោកម៉ាក្រុងវិញថា មានគំនិតអាណានិគមនិយម។ យ៉ាងណាក៏ដោយ លោកម៉ាក្រុងបានចាត់ទុកភ្លើងឆេះព្រៃអាម៉ាហ្សូនពេលនេះជាព្រឹត្តិការណ៍អាសន្នមួយសម្រាប់ពិភពលោក និងជាប្រធានបទដែលលោកចង់ឲ្យលើកទៅជជែកនៅក្នុងជំនួបកំពូល G៧ ដែលរៀបចំចាប់ពីថ្ងៃសៅរ៍ ទី២៤ សីហាក្នុងប្រទេសបារាំង។
អ្វីៗបានផ្តើមចេញពីលោកបុលសូណារ៉ូដែលបានថ្លែងជាសាធារណៈក្នុងថ្ងៃពុធ ទី២១ សីហាថា គឺក្រុមអង្គការក្រៅរដ្ឋាភិបាលជាអ្នកចូលទៅដុតព្រៃអាម៉ាហ្សូនឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅពេលនេះ។ និយាយយ៉ាងដូច្នេះមិនមែនលោកបុលសូណារ៉ូក្នុងនាមជាប្រធានាធិបតីប្រេស៊ីលមិនចង់ទទួលខុសត្រូវលើភ្លើងឆេះព្រៃអាម៉ាហ្សូនពេលនេះទេ គ្រាន់តែលោកចង់បញ្ជាក់ថា មិនមែនដោយសារគោលនយោបាយកសិកម្មរបស់លោកទេដែលជាផលវិបាកនៃការឆេះព្រៃអាម៉ាហ្សូនពេលនេះ។ តែបញ្ហានៅត្រង់ថា ព្រឹត្តិការណ៍ឆេះព្រៃអាម៉ាហ្សូនមិនមែនកំណត់ត្រឹមព្រំដែនប្រទេសប្រេស៊ីល ឬជាបញ្ហាផ្ទៃក្នុងរបស់ប្រេស៊ីលឯណា។
សម្រាប់ប្រធានាធិបតីបារាំងលោកម៉ាក្រុង អ្វីដែលកំពុងកើតឡើងនៅព្រៃអាម៉ាហ្សូនពេលនេះជាក្តីកង្វល់របស់មនុស្សលោកទាំងមូល។ « ផ្ទះរបស់យើងកំពុងឆេះ។ អាម៉ាហ្សូនជាសួតនៃផែនដីរបស់យើងដែលផលិតខ្យល់អុកស៊ីសែនចំនួន ២០% ដល់យើងកំពុងឆាបឆេះ។ ជាវិបត្តិអន្តរជាតិមួយ។ សមាជិកក្នុងក្រុមប្រទេស G៧ លើកទៅជជែកជាបន្ទាន់នៅក្នុងជំនួប ២ថ្ងៃទៀត » នេះជាសារដែលលោកម៉ាក្រុងបានសរសេរនៅក្នុងបណ្តាញសង្គម Twitter នាថ្ងៃព្រហស្បតិ៍ ទី២២ សីហា។ គឺផ្តើមចេញពីប្រតិកម្មរបស់លោកម៉ាក្រុងនេះហើយដែលបានធ្វើឲ្យលោកបុលសូណារ៉ូក្រៅស្លឹកត្រចៀករហូតចោទលោកម៉ាក្រុងពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រេស៊ីល និងថា គំនិតរបស់លោកម៉ាក្រុងជាគំនិតអាណានិគមនិយម។
ក្រៅពីប្រតិកម្មរបស់ប្រធានាធិបតីបារាំង ក៏មានប្រតិកម្មព្រួយបារម្ភពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guteres។ « ខណៈដែលពិភពលោកកំពុងជួបវិបត្តិអាកាសធាតុ យើងមិនអាចទទួលយកការខូចខាតបន្ថែមទៀតលើប្រភពអុកស៊ីសែនមួយដ៏សំខាន់ និងជីវចម្រុះបានទេ » នេះជាការបញ្ជាក់បន្ថែមរបស់លោក Antonio Guteres។
តើភ្លើងឆេះព្រៃអាម៉ាហ្សូនពេលនេះជាកំហុសរបស់អ្នកណា?
សម្រាប់ប្រធានាធិបតីប្រេស៊ីលលោកបុលសូណារ៉ូ វាជាកំហុសរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល។ តែលោកបុលសូណារ៉ូមិនបានលើកយកភស្តុតាងអ្វីទៅបង្ហាញពិតប្រាកដទេ ពោលគ្រាន់តែនិយាយថា ពួកសកម្មជនអង្គការក្រៅរដ្ឋាភិបាលជាអ្នកចូលទៅដុតព្រៃអាម៉ាហ្សូន។ ជាចម្លើយតបវិញ ក្រុមអង្គការក្រៅរដ្ឋាភិបាលជិត ១២០អង្គការបានវាយបកលើលោកបុលសូណារ៉ូដោយសរសេរឌឺដងថា បុលសូណារ៉ូមិនត្រូវការ NGO ដើម្បីដុតរូបភាពប្រេស៊ីលនៅចំពោះមុខពិភពលោកទេ។ NGO បានបរិហារលោកបុលសូណារ៉ូពីបទបានបំភ្លៃមតិមហាជនលើការងារដែលក្រុមសង្គមស៊ីវិល និងក្រុម NGO សម្រេចបានក្នុងបញ្ហាបរិស្ថាន។ ចំណែកក្រុមអ្នកជំនាញបរិស្ថានទូទៅបានយល់ឃើញថា ភ្លើងឆេះព្រៃអាម៉ាហ្សូនពេលនេះជាផលវិបាកកើតចេញពីការអភិវឌ្ឍន៍នយោបាយកសិកម្មរបស់លោកបុលសូណារ៉ូ។
លោក Paulo Moutinho អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវបរិស្ថានស្តីពីព្រៃអាម៉ាហ្សូនបានពន្យល់ថា ប្រភពនៃកណើនចំនួនភ្លើងឆេះព្រៃអាម៉ាហ្សូនបានកើតចេញពីកំណើននៃការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន។ តាមក្រុមអ្នកបរិស្ថាន នយោបាយកសិកម្មរបស់លោកបុលសូណារ៉ូគឺការពង្រីកដីកសិកម្មតាមរយៈការកាប់ព្រៃឈើ ហើយមុននឹងអាចយកដីព្រៃឈើទៅធ្វើកសិកម្មបាន ពលរដ្ឋបានប្រើវិធីសាស្រ្តដុតសំអាតសំណល់ព្រៃឈើសេសសល់នៅលើដីនោះ។ នេះហើយជាប្រភពភ្លើងដែលបានឆ្លងរាលដាលចូលទៅឆេះព្រៃឈើនៅក្បែរនោះ។ វិទ្យាស្ថានស្រាវជ្រាវអវកាសជាតិបានសម្គាល់ឃើញថាក្នុងរយៈពេលតែ ៤៨ម៉ោង មានប្រភពភ្លើងថ្មីជិត ២ ៥០០កន្លែង។ បើផ្អែកតាមទីភ្នាក់ងារអវកាសប្រេស៊ីល ភ្លើងឆេះព្រៃបានកើតមានចំនួន ៧៥ ៣៣៦ដងនៅទូទាំងប្រទេសប្រេស៊ីលគិតតាំងពីខែមករាដល់ថ្ងៃទី២១ សីហា ពោលកើនចំនួន ៨៤% បើគិតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ក្នុងនោះ មាន ៥៤% ទាក់ទងនឹងព្រៃអាម៉ាហ្សូន។
ព្រៃអាម៉ាហ្សូនជាសួតផែនដី
បើគេនិយាយពីតំបន់អាម៉ាហ្សូនជាលក្ខណៈទូទៅ គឺព្រៃអាម៉ាហ្សូន និងទន្លេអាម៉ាហ្សូន។ ជាមួយនឹងផ្ទៃក្រឡាដីសរុប ៧លាន ៤សែនគីឡូម៉ែត្រការ៉េ តំបន់អាម៉ាហ្សូនបានស្រូបយកតែម្នាក់ឯងជិត ៤០% នៃផ្ទៃក្រឡាដីនៅទ្វីបអាមេរិកខាងត្បូង និងមានជាប់ពាក់ព័ន្ធចំនួន ៩ប្រទេស គឺប្រេស៊ីល បូលីវី ប៉េរូ អេក្វាទ័រ កូឡុំប៊ី វ៉េណេស៊ុយអេឡា សូរីណាម ហ៊្គូយ៉ាណា ហ្គីយ៉ាន រួមទាំងដែនដីមួយរបស់បារាំងនៅឯនាយសមុទ្រឈ្មោះ Guyane។ តែផ្ទែក្រឡាដីអាម៉ាហ្សូនជិត ៦០% ស្ថិតក្នុងដែនដីប្រទេសប្រេស៊ីល។ ទន្លេអាម៉ាហ្សូនជាទន្លេដែលមានផ្ទុកបរិមាណទឹកដ៏សំខាន់ក្នុងលោក និងមានប្រវែងវែងជាងគេ គឺ ៦ ៩០០គីឡូម៉ែត្រ។
បើនិយាយពីព្រៃអាម៉ាហ្សូន គឺគ្របដណ្តប់លើផ្ទៃក្រឡាដីចំនួន ៥លាន ៥សែនគីឡូម៉ែត្រការ៉េ ពោលជាព្រៃត្រូពិចដ៏ធំជាងគេក្នុងលោក និងដែលក្នុងនោះ មាន ២លាន ១សែនគីឡូម៉ែត្រការ៉េជាតំបន់ទទួលបានការ ការពារ ព្រោះវាជាជម្រកជីវចម្រុះដែលគ្មានពីរក្នុងលោក។ គេនាំគ្នាចាត់ទុកព្រៃអាម៉ាហ្សូនជាសួតផែនដី ព្រោះព្រៃត្រូពិចដ៏ធំមួយនេះបានស្រូបយកឧស្ម័នកាបូនិចច្រើនជាងការបញ្ចេញ នេះបើយោងតាមមូលនិធិពិភពលោកដើម្បីធម្មជាតិ។ តាមអង្គការសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិ្កការអាម៉ាហ្សូន សត្វ រុក្ខជាតិចម្រុះចំនួន ១ភាគ៤ ក្នុងលោកកំពុងមានវត្តមានក្នុងព្រៃអាម៉ាហ្សូន។ មូលនិធិពិភពលោកដើម្បីធម្មជាតិបានសម្គាល់ឃើញថា មានការបាត់បង់ព្រៃអាម៉ាហ្សូនជិត ២០% រយៈពេល ៥០ឆ្នាំចុងក្រោយ ហើយព្រឹត្តិការណ៍មួយនេះហាក់កំពុងបន្តកើនឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ