អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រេស៊ីល៖លោកបុលសូណារ៉ូកំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានក្នុងរឿងឆេះព្រៃអាម៉ាហ្សូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី២៣ សីហា​នេះ ពិភពលោក​បាន​នាំ​គ្នា​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​អគ្គិភ័យ​ដែល​កំពុង​បន្ត​ឆាបឆេះ​ព្រៃ​អាម៉ាហ្សូន​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា អង្គការសហប្រជាជាតិ និង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​មិន​ញញើត​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ និង​ស្តីបន្ទោស​លើ​ប្រធានាធិបតី​ប្រេស៊ីល​លោក​ហ្សាអៀរ បុលសូណារ៉ូ។ ការ​ស្តីបន្ទោស​ដែល​បាន​ធ្វើ​ឲ្យ​លោក​បុលសូណារ៉ូ​មិន​សប្បាយចិត្ត និង​បាន​ចោទ​លោក​ម៉ាក្រុង​វិញ​ថា មាន​គំនិតអាណានិគមនិយម។ យ៉ាង​ណា​ក៏​ដោយ លោក​ម៉ាក្រុង​បាន​ចាត់​ទុក​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ពេល​នេះ​ជា​ព្រឹត្តិការណ៍អាសន្ន​មួយ​សម្រាប់​ពិភពលោក និង​ជា​ប្រធានបទ​ដែល​លោក​ចង់​ឲ្យ​លើក​ទៅ​ជជែក​នៅ​ក្នុង​ជំនួបកំពូល G៧ ដែល​រៀបចំ​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី២៤ សីហា​ក្នុង​ប្រទេស​បារាំង។

នៅប្រេស៊ីល លោកបុលសូណារ៉ូកំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានក្នុងរឿងឆេះព្រៃអាម៉ាហ្សូន
នៅប្រេស៊ីល លោកបុលសូណារ៉ូកំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានក្នុងរឿងឆេះព្រៃអាម៉ាហ្សូន REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ផ្តើម​ចេញ​ពី​លោក​បុលសូណារ៉ូ​ដែល​បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ពុធ ទី២១ សីហា​ថា គឺ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ជា​អ្នក​ចូល​ទៅ​ដុត​ព្រៃអាម៉ាហ្សូន​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេល​នេះ។ និយាយ​យ៉ាង​ដូច្នេះ​មិនមែន​លោក​បុលសូណារ៉ូ​ក្នុង​នាម​ជា​ប្រធានាធិបតី​ប្រេស៊ីល​មិន​ចង់​ទទួល​ខុស​ត្រូវ​លើ​ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន​ពេល​នេះ​ទេ គ្រាន់​តែ​លោក​ចង់​បញ្ជាក់​ថា មិនមែន​ដោយសារ​គោលនយោបាយ​កសិកម្ម​របស់​លោក​ទេ​ដែល​ជា​ផលវិបាក​នៃ​ការ​ឆេះព្រៃអាម៉ាហ្សូន​ពេល​នេះ។ តែ​បញ្ហា​នៅ​ត្រង់​ថា ព្រឹត្តិការណ៍​ឆេះព្រៃអាម៉ាហ្សូន​មិនមែន​កំណត់​ត្រឹម​ព្រំដែន​ប្រទេស​ប្រេស៊ីល ឬ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រេស៊ីល​ឯណា។

សម្រាប់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ព្រៃអាម៉ាហ្សូន​ពេល​នេះ​ជា​ក្តី​កង្វល់​របស់​មនុស្សលោក​ទាំង​មូល។ « ផ្ទះ​របស់​យើង​កំពុង​ឆេះ។ អាម៉ាហ្សូន​ជា​សួត​នៃ​ផែនដី​របស់​យើង​ដែល​ផលិត​ខ្យល់​អុកស៊ីសែន​ចំនួន ២០% ដល់​យើង​កំពុង​ឆាបឆេះ។ ជា​វិបត្តិអន្តរជាតិ​មួយ។ សមាជិក​ក្នុង​ក្រុម​ប្រទេស G៧ លើក​ទៅ​ជជែក​ជា​បន្ទាន់​នៅ​ក្នុង​ជំនួប ២ថ្ងៃ​ទៀត » នេះ​ជា​សារ​ដែល​លោក​ម៉ាក្រុង​បាន​សរសេរ​នៅ​ក្នុង​បណ្តាញសង្គម Twitter នា​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា។ គឺ​ផ្តើម​ចេញ​ពី​ប្រតិកម្ម​របស់​លោក​ម៉ាក្រុង​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​បុលសូណារ៉ូ​ក្រៅ​ស្លឹកត្រចៀក​រហូត​ចោទ​លោក​ម៉ាក្រុង​ពី​បទ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រេស៊ីល និង​ថា គំនិត​របស់​លោក​ម៉ាក្រុង​ជា​គំនិតអាណានិគមនិយម។

ក្រៅ​ពី​ប្រតិកម្ម​របស់​ប្រធានាធិបតី​បារាំង ក៏​មាន​ប្រតិកម្ម​ព្រួយបារម្ភ​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guteres។ « ខណៈ​ដែល​ពិភពលោក​កំពុង​ជួបវិបត្តិ​អាកាសធាតុ យើង​មិន​អាច​ទទួល​យក​ការ​ខូចខាត​បន្ថែម​ទៀត​លើ​ប្រភព​អុកស៊ីសែន​មួយ​ដ៏​សំខាន់ និង​ជីវចម្រុះ​បាន​ទេ » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក Antonio Guteres។

តើ​ភ្លើងឆេះព្រៃ​អាម៉ាហ្សូន​ពេល​នេះ​ជា​កំហុស​របស់​អ្នក​ណា?

សម្រាប់​ប្រធានាធិបតី​ប្រេស៊ីល​លោក​បុលសូណារ៉ូ វា​ជា​កំហុស​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។ តែ​លោក​បុលសូណារ៉ូ​មិន​បាន​លើក​យក​ភស្តុតាង​អ្វី​ទៅ​បង្ហាញ​ពិត​ប្រាកដ​ទេ ពោល​គ្រាន់​តែ​និយាយ​ថា ពួក​សកម្មជន​អង្គការ​ក្រៅរដ្ឋាភិបាល​ជា​អ្នក​ចូល​ទៅ​ដុត​ព្រៃអាម៉ាហ្សូន។ ជា​ចម្លើយ​តប​វិញ ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ជិត ១២០អង្គការ​បាន​វាយបក​លើ​លោក​បុលសូណារ៉ូ​ដោយ​សរសេរ​ឌឺដង​ថា បុលសូណារ៉ូ​មិន​ត្រូវ​ការ NGO ដើម្បី​ដុត​រូបភាព​ប្រេស៊ីល​នៅ​ចំពោះ​មុខ​ពិភពលោក​ទេ។ NGO បាន​បរិហារ​លោក​បុលសូណារ៉ូ​ពី​បទ​បាន​បំភ្លៃ​មតិមហាជន​លើ​ការងារ​ដែល​ក្រុម​សង្គមស៊ីវិល និង​ក្រុម NGO សម្រេច​បាន​ក្នុង​បញ្ហា​បរិស្ថាន។ ចំណែក​ក្រុម​អ្នកជំនាញ​បរិស្ថាន​ទូទៅ​បាន​យល់​ឃើញ​ថា ភ្លើងឆេះ​ព្រៃអាម៉ាហ្សូន​ពេល​នេះ​ជា​ផលវិបាក​កើត​ចេញ​ពី​ការ​អភិវឌ្ឍន៍​នយោបាយ​កសិកម្ម​របស់​លោក​បុលសូណារ៉ូ។

លោក Paulo Moutinho អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បរិស្ថាន​ស្តីពី​ព្រៃអាម៉ាហ្សូន​បាន​ពន្យល់​ថា ប្រភព​នៃ​កណើន​ចំនួន​ភ្លើង​ឆេះព្រៃអាម៉ាហ្សូន​បាន​កើត​ចេញ​ពី​កំណើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​អាម៉ាហ្សូន។ តាម​ក្រុម​អ្នកបរិស្ថាន នយោបាយ​កសិកម្ម​របស់​លោក​បុលសូណារ៉ូ​គឺ​ការ​ពង្រីក​ដីកសិកម្ម​តាម​រយៈ​ការ​កាប់ព្រៃឈើ ហើយ​មុន​នឹង​អាច​យក​ដីព្រៃឈើ​ទៅ​ធ្វើ​កសិកម្ម​បាន ពលរដ្ឋ​បាន​ប្រើ​វិធីសាស្រ្ត​ដុត​សំអាត​សំណល់​ព្រៃឈើ​សេសសល់​នៅ​លើ​ដី​នោះ។ នេះ​ហើយ​ជា​ប្រភព​ភ្លើង​ដែល​បាន​ឆ្លង​រាលដាល​ចូល​ទៅ​ឆេះ​ព្រៃឈើ​នៅ​ក្បែរ​នោះ។ វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាសជាតិ​បាន​សម្គាល់​ឃើញ​ថា​ក្នុង​រយៈពេល​តែ ៤៨ម៉ោង មាន​ប្រភព​ភ្លើង​ថ្មី​ជិត ២ ៥០០កន្លែង។ បើ​ផ្អែក​តាម​ទីភ្នាក់ងារ​អវកាស​ប្រេស៊ីល ភ្លើង​ឆេះ​ព្រៃ​បាន​កើត​មាន​ចំនួន ៧៥ ៣៣៦ដង​នៅ​ទូទាំង​ប្រទេស​ប្រេស៊ីល​គិត​តាំង​ពី​ខែ​មករា​ដល់​ថ្ងៃទី២១ សីហា ពោល​កើន​ចំនួន ៨៤% បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨ ក្នុង​នោះ មាន ៥៤% ទាក់ទង​នឹង​ព្រៃអាម៉ាហ្សូន។

ព្រៃអាម៉ាហ្សូន​ជា​សួត​ផែនដី

បើ​គេ​និយាយ​ពី​តំបន់​អាម៉ាហ្សូន​ជា​លក្ខណៈ​ទូទៅ គឺ​ព្រៃអាម៉ាហ្សូន និង​ទន្លេ​អាម៉ាហ្សូន។ ជាមួយ​នឹង​ផ្ទៃក្រឡាដី​សរុប ៧លាន ៤សែន​គីឡូម៉ែត្រការ៉េ តំបន់​អាម៉ាហ្សូន​បាន​ស្រូប​យក​តែ​ម្នាក់​ឯង​ជិត ៤០% នៃ​ផ្ទៃក្រឡាដី​នៅ​ទ្វីបអាមេរិកខាងត្បូង និង​មាន​ជាប់​ពាក់ព័ន្ធ​ចំនួន ៩ប្រទេស គឺ​ប្រេស៊ីល បូលីវី ប៉េរូ អេក្វាទ័រ កូឡុំប៊ី វ៉េណេស៊ុយអេឡា សូរីណាម ហ៊្គូយ៉ាណា ហ្គីយ៉ាន រួម​ទាំង​ដែនដី​មួយ​របស់​បារាំង​នៅ​ឯ​នាយសមុទ្រ​ឈ្មោះ Guyane។ តែ​ផ្ទែក្រឡាដី​អាម៉ាហ្សូន​ជិត ៦០% ស្ថិត​ក្នុង​ដែនដី​ប្រទេស​ប្រេស៊ីល។ ទន្លេ​អាម៉ាហ្សូន​ជា​ទន្លេ​ដែល​មាន​ផ្ទុក​បរិមាណ​ទឹក​ដ៏​សំខាន់​ក្នុង​លោក និង​មាន​ប្រវែង​វែង​ជាង​គេ គឺ ៦ ៩០០គីឡូម៉ែត្រ។

បើ​និយាយ​ពី​ព្រៃអាម៉ាហ្សូន គឺ​គ្របដណ្តប់​លើ​ផ្ទៃក្រឡាដី​ចំនួន ៥លាន ៥សែន​គីឡូម៉ែត្រការ៉េ ពោល​ជា​ព្រៃត្រូពិច​ដ៏​ធំ​ជាង​គេ​ក្នុង​លោក និង​ដែល​ក្នុង​នោះ មាន ២លាន ១សែន​គីឡូម៉ែត្រការ៉េ​ជា​តំបន់​ទទួល​បាន​ការ ការពារ ព្រោះ​វា​ជា​ជម្រក​ជីវចម្រុះ​ដែល​គ្មាន​ពីរ​ក្នុង​លោក។ គេ​នាំ​គ្នា​ចាត់​ទុក​ព្រៃអាម៉ាហ្សូន​ជា​សួត​ផែនដី ព្រោះ​ព្រៃត្រូពិច​ដ៏​ធំ​មួយ​នេះ​បាន​ស្រូប​យក​ឧស្ម័ន​កាបូនិច​ច្រើន​ជាង​ការ​បញ្ចេញ នេះ​បើ​យោង​តាម​មូលនិធិពិភពលោក​ដើម្បី​ធម្មជាតិ។ តាម​អង្គការ​សន្ធិសញ្ញា​នៃ​កិច្ចសហប្រតិបត្តិ្កការ​អាម៉ាហ្សូន សត្វ រុក្ខជាតិ​ចម្រុះ​ចំនួន ១ភាគ៤ ក្នុង​លោក​កំពុង​មាន​វត្តមាន​ក្នុង​ព្រៃអាម៉ាហ្សូន។ មូលនិធិពិភពលោក​ដើម្បី​ធម្មជាតិ​បាន​សម្គាល់​ឃើញ​ថា មាន​ការ​បាត់បង់​ព្រៃអាម៉ាហ្សូន​ជិត ២០% រយៈពេល ៥០ឆ្នាំ​ចុង​ក្រោយ ហើយ​ព្រឹត្តិការណ៍​មួយ​នេះ​ហាក់​កំពុង​បន្ត​កើន​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ