ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?

ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?
 
លុយ​ប៉េសូ (péso) ប្រទស​អាហ្សង់​ទីន​ REUTERS/Agustin Marcarian

​វិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ នឹង​ត្រូវ​​ដាក់​ឱ្យ​អនុវត្ត​រហូតដល់ដំណាច់ឆ្នាំនេះ ដោយរដ្ឋាភិបាល​អាហ្សង់ទីន ដើម្បី​ទប់ស្កាត់ការធ្លាក់ចុះតម្លៃរូបិយវត្ថុជាតិប៉េសូ (peso) និងដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។ តើហេតុអ្វីអាហ្សង់ទីនអនុវត្ត​វិធានការរបៀបនេះ? តើវិធានការនេះអាចមានឥទ្ធិពលអ្វីខ្លះ?

ដើម្បី​ទប់ស្កាត់​​ការធ្លាក់​ចុះ​តម្លៃរូបិយវត្ថុ​ជាតិប៉េសូ និង​ដើម្បី​រក្សាស្ថិរភាពហិរញ្ញវត្ថុក្នុង​ប្រទេស រដ្ឋាភិបាល​អាហ្សង់ទីន ដែល​កំពុង​ដឹកនាំ​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន លោក Mauricio Macri បាន​អនុម័ត​វិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ ឬ​ជាភាសាបារាំង “Le contrôle des changes”។

តាម​រយៈ​ការ​ប្រកាស​ជាផ្លូវការ ​របស់​រដ្ឋាភិបាល វិធានការនេះនឹងត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំនេះ។ ដូច្នេះ ពលរដ្ឋ​អាហ្សង់ទីន អាចទិញ ឬក៏ធ្វើបញ្ញើលុយបរទេស បាន​ត្រឹម​តែ១ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​មួយខែ។ សម្រាប់ពលរដ្ឋដែល​​​មិន​តាំងទីលំនៅអចិន្ត្រៃយ៍ ចំនួន​សាច់ប្រាក់​កំណត់មានត្រឹមតែ​១ពាន់ដុល្លារអាមេរិក​។ ក្រុមហ៊ុនទាំងអស់ត្រូវស្នើសុំការអនុញ្ញាត ដើម្បីលក់​ប្រាក់​ប៉េសូ ធ្វើបញ្ញើលុយ ឬ​ក៏ការចែក​ភាគលាភ​ទៅបរទេស។ ក្រុមហ៊ុនទាំងនោះក៏​មិនអាចទិញលុយដុល្លារ សម្រាប់គោលបំណងសន្សំបានដែរ។ ក៏ប៉ុន្តែ វិធានការ​មិន​មាន​ការរឹតត្បិត ចំពោះការទិញលុយ​ដុល្លារ សម្រាប់​ប្រតិបត្តិការពាណិជ្ជកម្មបរទេស ហើយ​ក៏​មិនមានការ​កំណត់ចំពោះក្រុមហ៊ុន និងអ្នកសន្សំដែលចង់ដកលុយ​ដុល្លារជាសាច់ប្រាក់ ពីគណនីរបស់ពួកគេផ្ទាល់នោះទេ។

ស្ថានភាព​​សេដ្ឋកិច្ច​អាហ្សង់ទីន​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​

គួររំលឹកផងដែរថា សម្រាប់​ពេល​បច្ចុប្បន្ន អាហ្សង់ទីនបាន​និង​កំពុង​ប្រឈម​នឹងការ​កើន​ឡើង​អត្រា​អតិផរណា។ តម្លៃលុយ​ប៉េសូបានធ្លាក់ចុះជាង ២៥ភាគរយ កាលពីខែមុន បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបឋមបានបង្ហាញថា រដ្ឋាភិបាលបច្ចុប្បន្ន​ដែល​មាន​ទំនោរ​អនុវត្តនយោបាយ​ជំរុញលើកទឹកចិត្ត​ទីផ្សារ និង​ជំនួញ មានឱកាសតិចតួចក្នុងការរក្សាអំណាច សម្រាប់​ការ​បោះឆ្នោត​បន្ទាប់ នៅ​ខែ​តុលា​ខាង​មុខ​នេះ។ អត្រាការប្រាក់សម្រាប់​កម្ចីរបស់​រដ្ឋាភិបាល​នៅទីផ្សារ​អន្តរជាតិបានកើនឡើងយ៉ាងខ្លាំង នៅពេលដែលធនាគារកណ្តាលព្យាយាមពន្យារពេល​ទូទាត់សងបំណុលសាធារណៈរបស់​ខ្លួន ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ៧ពាន់លានដុល្លារអាមេរិក អំឡុង​​ឆ្នាំនេះ។

ទំនុកចិត្ត​លើ​លទ្ធភាព​របស់​រដ្ឋាភិបាលក្នុង​ការ​ដោះស្រាយ​បញ្ហា ក៏​បាន​ធ្លាក់​ចុះ​ផងដែរ ពីសំណាក់​ពលរដ្ឋ​អាហ្សង់ទីនខ្លួនឯង។ តាម​ប្រវត្តិកន្លងមក គេអង្កេតឃើញថា ពលរដ្ឋ​អាហ្សង់ទីន ជាធម្មតា មានជំនឿតិចតួចណាស់លើលុយ​​ជាតិប៉េសូ​របស់​ខ្លួន។ ប្រជាជន​តែង​តែចង់ប្ដូរលុយ​ប៉េសូជា​លុយ​ដុល្លារ ភ្លាមៗ នៅពេល​ពួកគេ​មាន​ឱកាស ព្រោះដោយសារ​ការ​ភ័យខ្លាច​ការធ្លាក់ចុះ​តម្លៃលុយ​ប៉េសូ​នេះ​តែម្ដង។ ដោយ​មិន​មាន​ទំនុកចិត្ត​លើស្ថាប័ន​ហិរញ្ញវត្ថុ រួម​ទាំងធនាគារកណ្តាល ពួកគេ​ងាក​មក​ប្រើប្រាស់ ធនាគារ​ប្រពៃណី គឺ​ការ​រក្សា​​លុយ​ក្រោមពូក ឬ​នៅក្នុង​ផ្ទះ។ លើស​ពី​នេះ ដោយសារ​តែជារឿយៗ រដ្ឋាភិបាល​អាហ្សង់ទីន មាន​ទម្លាប់​រឹតត្បិតលើ​ការដោះដូររូបិយវត្ថុរបៀបនេះ ស្ថាន​ភាពបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ពលរដ្ឋអាហ្សង់ទីនបន្ថែម​ទៀត ក្នុង​ការការពារខ្លួន​របស់​ពួកគេ។

អាហ្សង់ទីន និង​មូលនិធិរូបិយវត្ថុអន្តរជាតិ (FMI)

គួរឱ្យ​កត់សម្គាល់ផងដែរថា វិបត្តិហិរញ្ញវត្ថុ​​របស់​អាហ្សង់ទីន អំឡុង​ពេល​នេះ មាន​ទំនាក់ទំនង​យ៉ាងជិតស្និត​ជាមួយនឹង​បំណុលសាធារណៈ ​របស់​រដ្ឋាភិបាលអាហ្សង់ទីន។ ជារឿយ​ៗ រដ្ឋាភិបាល​​អាហ្សង់ទីនតែងតែ​ខ្ចីបំណុល​នៅលើ​ទីផ្សារ​អន្តរជាតិ ដើម្បី​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច ជាពិសេស​បំណុល​ពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ ជាឧទាហរណ៍ បំណុល​​ពី​មូលនិធិរូបិយវត្ថុអន្តរជាតិបាន​កើន​ដល់ជាង​ ៥០ពាន់លានដុល្លារអាមេរិក ​នៅ​ឆ្នាំ​២០១៨។​

តើវិធានការនេះអាចមានឥទ្ធិពលអ្វីខ្លះ?

ផ្អែកតាម​អ្នក​ជំនាញ វិធានការ​របស់រដ្ឋាភិបាល អាច​នឹង​បង្ក​ឱ្យ​កំណើន​សេដ្ឋកិច្ចធ្លាក់​​ថមថយ ហើយ​ចំណាត់ថ្នាក់ហានិភ័យរបស់​ប្រទេស​មួយ​នេះ​ក៏នឹង​កើន​ឡើង​ផងដែរ។ ចំណាត់ថ្នាក់​​អាហ្សង់ទីន ត្រូវទម្លាក់​ចុះ ដោយស្ថាប័នវាយតម្លៃ​ធំៗ ដូចជា ស្ថាប័ន Fitch Ratings បច្ចុប្បន្ន បានចាត់ចំណាត់ថ្នាក់​អាហ្សង់ទីន ជាប្រទេស​ខកខានមិនបានសងបំណុល។ ស្ថាប័ន Standard and Poor’s ទម្លាក់ចំណាត់ថ្នាក់មក​ CCC- ខណៈ​ ស្ថាប័ន Moody's ទម្លាក់ចំណាត់ថ្នាក់​មក​ត្រឹម Caa2។ ស្ថាប័នទាំង​នេះ​បាន​វាយតម្លៃជារួមថា អាច​មាន​ឱកាសច្រើន​ជាង៩០ភាគរយ​ដែល​រដ្ឋាភិបាល​អាហ្សង់ទីនមាន​ហានិភ័យខ្ពស់ ក្នុងការខកខានមិនបានសងបំណុលពេញលេញ ក្នុងរយៈពេល​៥ឆ្នាំ។ ប្រទេសនេះក៏ប្រថុយនឹងការ​ធ្លាក់ចុះ​ទុនបម្រុង​របស់​ខ្លួនផងដែរ ដោយ​ចំនួនទុនបម្រុងបច្ចុប្បន្នមាន​ក្រោម១៥ពាន់លានដុល្លារអាមេរិក។

ជាចុងក្រោយ  ការដាក់ចេញនូវវិធានការ​នេះក៏ជាបរាជ័យ​មួយ​ផងដែរ សម្រាប់លោកប្រធានាធិបតី Mauricio Macri ដែលបានចូលកាន់តំណែងជាង៣ឆ្នាំមកហើយ និងបាន​សន្យាថានឹងធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាពឡើងវិញ បន្ទាប់ពីមានការអន្តរាគមន៍របស់រដ្ឋយ៉ាង​តឹងរ៉ឹងជាច្រើនឆ្នាំ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ