អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៦
នៅថ្ងៃអង្គារ ទី១០ កញ្ញាវេលាម៉ោង ១២ថ្ងៃត្រង់ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយប្រកាសបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ។ ការប្រកាសរបស់លោកត្រាំបានធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter របស់លោក។ មានអាយុ ៧០ឆ្នាំ និងបានតែងតាំងក្នុងខែមីនា ឆ្នាំ ២០១៨ លោកចន បុលតុនជាទីប្រឹក្សាសន្តិសុខជាតិទី៣ ដែលត្រូវបានលោកត្រាំដកតំណែង។ តែគេអាចនិយាយបានថា ការបញ្ចប់តួនាទីលោកបុលតុនពីលោកត្រាំពេលនេះជារឿងដែលគេរង់ចាំ ព្រោះមានសំណុំរឿងអន្តរជាតិជាច្រើនដែលឥស្សរជនទាំងពីរយល់ឃើញមិនដូចគ្នា និងនិយាយមិនចុះសម្រុងគ្នា។
រវាងលោកដូណាល់ ត្រាំ និងលោកចន បុលតុន សំណុំរឿងខ្វែងគំនិតគ្នាមិនខ្វះទេ តែមាន ៣ សំខាន់ អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ និងសំណុំរឿងកូរ៉េខាងជើង។ ក្នុងសំណុំរឿងអាហ្វហ្កានីស្ថាន រដ្ឋបាលអាមេរិកាំងរបស់លោកត្រាំបានផ្តើមកិច្ចចរចាជាមួយភាគីឧទ្ទាមតាលីបង់ក្នុងទីក្រុងដូហា ប្រទេសកាតាតាំងពីជាង ១ឆ្នាំ។ កាលពីថ្ងៃសៅរ៍ ទី៧ កញ្ញា លោកត្រាំបានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា លោកបានអញ្ជើញថ្នាក់ដឹកនាំឧទ្ទាមតាលីបង់ទៅសំណាក់របស់លោកនៅ Camp David ដើម្បីជជែកលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យមានការដកទ័ពអាមេរិកាំងចេញពីទឹកដីអាហ្វហ្កានីស្ថាន។
តែលោកត្រាំបានលុបចោលជំនួបនេះវិញ បន្ទាប់ពីមានអំពើភេរវកម្មរបស់ពួកឧទ្ទាមតាលីបង់នៅអាហ្វហ្កានីស្ថានដែលបានបណ្តាលឲ្យស្លាប់ទាហានអាមេរិកាំងម្នាក់។ ទីបំផុត លោកត្រាំក៏បានប្រកាសលុបចោលការចរចាជាមួយពួកតាលីបង់ជាស្ថាពរ។ ទោះជាយ៉ាងនេះក្តី លោកបុលតុនមិនដែលសប្បាយចិត្ត និងនឹកស្មានមិនដល់ពីការដែលអាមេរិកសុខចិត្តអង្គុយចរចាជាមួយពួកឧទ្ទាមតាលីបង់។ អ្វីដែលលោកបុលតុនចង់ឃើញ និងចង់បាន គឺការបន្តរក្សាទ័ពអាមរិកាំងនៅអាហ្វហ្កានីស្ថាន រួមទាំងនៅអ៊ីរ៉ាក់។
សំណុំរឿងអ៊ីរ៉ង់
នៅក្នុងសំណុំរឿងអ៊ីរ៉ង់ លោកបុលតុនតែងប្រកាន់ជំហរសង្រ្គាមជានិច្ច។ កាលពីឆ្នាំ ២០១៥ ពោលមុនលោកត្រាំយកធ្វើជាទីប្រឹក្សាសន្តិសុខជាតិ លោកបុលតុនបានចុះផ្សាយអត្ថបទមួយក្នុងទំព័រកាសែត New York Times ក្រោមចំណងជើង « ដើម្បីចាប់អ៊ីរ៉ង់ គេត្រូវទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ »។ ប៉ុន្មានខែក្រោយពីបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិក្នុងខែមីនា ឆ្នាំ ២០១៨ លោកត្រាំបានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលចុះហត្ថលេខាក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ា។ តែក្នុងរយៈពេលចុងក្រោយនេះ និងខុសពីលោកបុលតុនដែលនៅតែចង់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់ លោកត្រាំហាក់បន្ទន់ជំហរដោយបានលើកឡើងពីលទ្ធភាពនៃជំនួបជាមួយសមភាគីអ៊ីរ៉ង់លោកហាសាន រ៉ូហានីនាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉កនៅដំណាច់ខែកញ្ញាខាងមុខ។
សំណុំរឿងកូរ៉េខាងជើង
នៅក្នុងសំណុំរឿងកូរ៉េខាងជើងក៏លោកបុលតុនតែងមានជំហរសង្រ្គាមដោយប្រកាន់យកទ្រឹស្តី « វាយប្រហារបង្ការទុកមុន ចំាជជែកគ្នាតាមក្រោយ »។ មុននឹងទទួលតំណែងជាទីប្រឹក្សាសន្តិសុខជាតិ លោកបុលតុនបានសរសេរនៅក្នុងកាសែត Wall Street Journal ថា វាជារឿងស្របច្បាប់ដែលអាមេរិកត្រូវតែសំពងកូរ៉េខាងជើងរបស់លោកគីម ជុនអ៊ុន។ តាមពិត ជំហរយកកូរ៉េខាងជើងជាសត្រូវរបស់លោកបុលតុនមិនមែនជារឿងថ្មីទេ ពោលមានតាំងពីកូរ៉េខាងជើងស្ថិតក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ីលដែលជាឪពុករបស់លោកគីម ជុងអ៊ុន។ លោកបុលតុនត្រូវបានកូរ៉េខាងជើងជំនាន់លោកគីម ជុងអ៊ីលចាត់ទុកជាសម្រាមមនុស្សកាលពីឆ្នាំ ២០០៣។ ចំណែកលោកបុលតុលវិញបានហៅលោកគីម ជុងអ៊ីលពេលនោះជាមេដឹកនាំផ្តាច់ការ។
គ្រាន់តែទទួលបានតំណែងជាទីប្រឹក្សាសន្តិសុខជាតិក្នុងខែមីនា ឆ្នាំ ២០១៨ ភ្លាម លោកបុលតុលបានដំឡើងសាច់ដុំដាក់កូរ៉េខាងជើងដោយចង់ឲ្យអាមេរិកសំពងកូរ៉េខាងជើងមុន មុននឹងកូរ៉េខាងជើងសំពងអាមេរិក។ ពីដំបូង លោកត្រាំក៏មានជំហរម៉ឺងម៉ាត់ទល់នឹងកូរ៉េខាងជើង ព្រមទាំងមានការជេរប្រមាថតទល់នឹងលោកគីម ជុងអ៊ុនផង។ តែក្រោយមក ភាពល្អូកល្អឺនរវាងលោកត្រាំ និងលោកគីមក៏បានចាប់ផ្តើមរហូតមានជំនួបរវាងគ្នាចំនួន ៣ដង។ លោកបុលតុនបានអមដំណើរលោកត្រាំនៅក្នុងជំនួបលើកទី១ និងទី២ នៅសិង្ហបុរី និងនៅវៀតណាម ទោះបីជាលោកមិនសប្បាយចិត្តពីការរំកិលរកគ្នារវាងលោកត្រាំ និងលោកគីមក្តី។
តែជំនួបលើកទី៣ នៅព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ លោកបុលតុនមិនបានអមដំណើរជាមួយលោកត្រាំទេដោយប្តូរទិសដៅទៅទស្សនកិច្ចនៅក្នុងប្រទេសម៉ុងហ្គោលីវិញ។ បន្ទាប់មក លោកបុលតុនបានរិះគន់ ទិតៀនលើការបាញ់សាកល្បងគ្រាប់មីស៊ីលចម្ងាយខ្លីរបស់កូរ៉េខាងជើង។ តែផ្ទុយពីលោកបុលតុន លោកត្រាំហាក់មិនសូវយកចិត្តទុកដាក់នឹងការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងវាយប្រហារអ្នកដែលបានរិះគន់ដោយសរសេរថា « កូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលតូចៗដែលបានបង្កបញ្ហាដល់ជនរួមជាតិរបស់ខ្ញុំ និងអ្នកផ្សេងទៀត តែមិនមែនខ្ញុំទេ »។
ប្តូរទីប្រឹក្សាសន្តិសុខជាតិមិនមានឥទ្ធិពលលើនយោបាយការបរទេសរបស់លោកត្រាំ
ការដែលលោកដូណាល់ ត្រាំបានបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិមកពីឥស្សរជនទាំងពីរយល់ឃើញមិនដូចគ្នា និងនិយាយមិនចុះសម្រុងគ្នាលើប្រធានរឿងមួយចំនួន។ តែមានការលើកឡើងថា ការបណ្តេញលោកបុលតុនយ៉ាងតក់ក្រហល់ និងប្រញិបប្រញាប់ពេលនេះជាសក្ខីកម្មដែលបញ្ជាក់ពីវត្តមានវិបត្តិនៅក្នុងរដ្ឋបាលរបស់លោកដូណាល់ ត្រាំខណៈដែលនយោបាយការបរទេសរបស់លោកត្រាំកំពុងមានភាពមិនច្បាស់លាស់។ គេបានដឹងរួចហើយ លោកដូណាល់ ត្រាំដែលជាប្រធានាធិបតីអាមេរិកទី៤៥ ជាប្រធានាធិបតីម្នាក់ដែលនិយាយបត់បែនតាមទំនើងចិត្ត និងសម្រេចតាមការនឹកឃើញដោយមិនបានពិចារណាវែងឆ្ងាយ។
ពិតណាស់ លោកចន បុលតុនជាទីប្រឹក្សាសន្តិសុខជាតិទី៣ ដែលត្រូវបានលោកត្រាំដកចោល តែគេមិនត្រូវភ្លេចនិយាយទេថា មានទីប្រឹក្សាជាន់ខ្ពស់ រួមទាំងរដ្ឋមន្រ្តីជាច្រើនរូបផ្សេងទៀតក៏ត្រូវបានលោកត្រាំប្តូរចេញ ឬមួយក៏ដើរចេញដោយខ្លួនឯង។ ការរុះរើ ដោះដូរសមាសភាពក្នុងជួររដ្ឋាភិបាលជារឿងមួយល្អដើម្បីពង្រឹងគុណភាពការងារ។ បញ្ហានៅត្រង់ថា លោកត្រាំស្តាប់យោបល់ទីប្រឹក្សា និងជំនួយការរបស់លោក តែការសម្រេចចិត្តភាគច្រើនរបស់លោក គឺផ្អែកលើការគិត និងការយល់ឃើញរបស់លោកជាជាងយោបល់របស់អ្នកផ្សេង។ ដូច្នេះ ការដកតំណែងលោកបុលតុនពេលនេះ ឬមួយក៏ឥស្សរជនណាផ្សេងនៅពេលខាងមុខនឹងមិនមានឥទ្ធិពលលើនយោបាយការបរទេសអាមេរិករបស់លោកត្រាំឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ