អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១០ កញ្ញា​វេលា​ម៉ោង ១២ថ្ងៃត្រង់​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដោយ​​ប្រកាស​បញ្ចប់​តំណែង​លោក​ចន បុលតុន​ពី​ទីប្រឹក្សាសន្តិសុខជាតិ។ ការ​ប្រកាស​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង​តាម​រយៈ​បណ្តាញសង្គម Twitter របស់​លោក។ មាន​អាយុ ៧០ឆ្នាំ និង​បាន​តែងតាំង​ក្នុង​ខែ​មីនា ឆ្នាំ ២០១៨ លោក​ចន បុលតុន​ជា​ទីប្រឹក្សាសន្តិសុខជាតិ​ទី៣ ដែល​ត្រូវ​បាន​លោក​ត្រាំ​ដក​តំណែង។ តែ​គេ​អាច​និយាយ​បាន​ថា ការ​បញ្ចប់​តួនាទី​លោក​បុលតុន​ពី​លោក​ត្រាំ​ពេល​នេះ​ជា​រឿង​ដែល​គេ​រង់ចាំ ព្រោះ​មាន​សំណុំរឿង​អន្តរជាតិ​ជា​ច្រើន​ដែល​ឥស្សរជន​ទាំង​ពីរ​យល់​ឃើញ​មិន​ដូច​គ្នា និង​និយាយ​មិន​ចុះ​សម្រុង​គ្នា។

លោក​ចន បុលតុន (រូបឆ្វេង) និង​លោក​ដូណាល់ ត្រាំ
លោក​ចន បុលតុន (រូបឆ្វេង) និង​លោក​ដូណាល់ ត្រាំ REUTERS/Leah Millis/File Photo
ផ្សាយពាណិជ្ជកម្ម

រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ចន បុលតុន សំណុំរឿង​ខ្វែង​គំនិត​គ្នា​មិន​ខ្វះ​ទេ តែ​មាន ៣ សំខាន់ អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ និង​សំណុំរឿង​កូរ៉េខាងជើង។ ក្នុង​សំណុំរឿង​អាហ្វហ្កានីស្ថាន រដ្ឋបាល​អាមេរិកាំង​របស់​លោក​ត្រាំ​បាន​ផ្តើម​កិច្ចចរចា​ជាមួយ​ភាគី​ឧទ្ទាម​តាលីបង់​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​តាំង​ពី​ជាង ១ឆ្នាំ។ កាល​ពី​ថ្ងៃ​សៅរ៍ ទី៧ កញ្ញា លោក​ត្រាំ​បាន​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា លោក​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ឧទ្ទាម​តាលីបង់​ទៅ​សំណាក់​របស់​លោក​នៅ Camp David ដើម្បី​ជជែក​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដក​ទ័ព​អាមេរិកាំង​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

តែ​លោក​ត្រាំ​បាន​លុប​ចោល​ជំនួប​នេះ​វិញ បន្ទាប់​ពី​មាន​អំពើភេរវកម្ម​របស់​ពួក​ឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិកាំង​ម្នាក់។ ទីបំផុត លោក​ត្រាំ​ក៏​បាន​ប្រកាស​លុប​ចោល​ការ​ចរចា​ជាមួយ​ពួក​តាលីបង់​ជា​ស្ថាពរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បុលតុន​មិន​ដែល​សប្បាយចិត្ត និង​នឹក​ស្មាន​មិន​ដល់​ពី​ការ​ដែល​អាមេរិក​សុខចិត្ត​អង្គុយ​ចរចា​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់។ អ្វី​ដែល​លោក​បុលតុន​ចង់​ឃើញ និង​ចង់​បាន គឺ​ការ​បន្ត​រក្សា​ទ័ពអាមរិកាំង​នៅ​អាហ្វហ្កានីស្ថាន រួម​ទាំង​នៅ​អ៊ីរ៉ាក់។

សំណុំរឿង​អ៊ីរ៉ង់

នៅ​ក្នុង​សំណុំរឿង​អ៊ីរ៉ង់ លោក​បុលតុន​តែង​ប្រកាន់​ជំហរ​សង្រ្គាម​ជានិច្ច។ កាល​ពី​ឆ្នាំ ២០១៥ ពោល​មុន​លោក​ត្រាំ​យក​ធ្វើ​ជា​ទីប្រឹក្សាសន្តិសុខជាតិ លោក​បុលតុន​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្នុង​ទំព័រ​កាសែត New York Times ក្រោម​ចំណងជើង « ដើម្បី​ចាប់​អ៊ីរ៉ង់ គេ​ត្រូវ​ទម្លាក់​គ្រាប់បែក​លើ​អ៊ីរ៉ង់ »។ ប៉ុន្មាន​ខែ​ក្រោយ​ពី​បាន​តែងតាំង​ជា​ទីប្រឹក្សាសន្តិសុខជាតិ​ក្នុង​ខែ​មីនា ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​សម្រេច​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​ចុះ​ហត្ថលេខា​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ និង​ខុស​ពី​លោក​បុលតុន​ដែល​នៅ​តែ​ចង់​ប្តូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់ លោក​ត្រាំ​ហាក់​បន្ទន់​ជំហរ​ដោយ​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ជំនួប​ជាមួយ​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​នា​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​នៅ​ដំណាច់ខែ​កញ្ញា​ខាង​មុខ។

សំណុំរឿង​កូរ៉េខាងជើង

នៅ​ក្នុង​សំណុំរឿង​កូរ៉េខាងជើង​ក៏​លោក​បុលតុន​តែង​មាន​ជំហរ​សង្រ្គាម​ដោយ​ប្រកាន់​យក​ទ្រឹស្តី « វាយប្រហារ​បង្ការ​ទុក​មុន ចំា​ជជែក​គ្នា​តាម​ក្រោយ »។ មុន​នឹង​ទទួល​តំណែង​ជា​ទីប្រឹក្សាសន្តិសុខជាតិ លោក​បុលតុន​បាន​សរសេរ​នៅ​ក្នុង​កាសែត Wall Street Journal ថា វា​ជា​រឿង​ស្របច្បាប់​ដែល​អាមេរិក​ត្រូវ​តែ​សំពង​កូរ៉េខាងជើង​របស់​លោក​គីម ជុនអ៊ុន។ តាម​ពិត ជំហរ​យក​កូរ៉េខាងជើង​ជា​សត្រូវ​របស់​លោក​បុលតុន​មិនមែន​ជា​រឿង​ថ្មី​ទេ ពោល​មាន​តាំង​ពី​កូរ៉េខាងជើង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​គីម ជុងអ៊ីល​ដែល​ជា​ឪពុក​របស់​លោក​គីម ជុងអ៊ុន។ លោក​បុលតុន​ត្រូវ​បាន​កូរ៉េខាងជើង​ជំនាន់​លោក​គីម ជុងអ៊ីល​ចាត់​ទុក​ជា​សម្រាមមនុស្ស​កាល​ពី​ឆ្នាំ ២០០៣។ ចំណែក​លោក​បុលតុល​វិញ​បាន​ហៅ​លោក​គីម ជុងអ៊ីល​ពេល​នោះ​ជា​មេដឹកនាំផ្តាច់ការ។

គ្រាន់​តែ​ទទួល​បាន​តំណែង​ជា​ទីប្រឹក្សាសន្តិសុខជាតិ​ក្នុង​ខែ​មីនា ឆ្នាំ ២០១៨ ភ្លាម លោក​បុលតុល​បាន​ដំឡើង​សាច់ដុំ​ដាក់​កូរ៉េខាងជើង​ដោយ​ចង់​ឲ្យ​អាមេរិក​សំពង​កូរ៉េខាងជើង​មុន មុន​នឹង​កូរ៉េខាងជើង​សំពង​អាមេរិក។ ពី​ដំបូង លោក​ត្រាំ​ក៏​មាន​ជំហរ​ម៉ឺងម៉ាត់​ទល់​នឹង​កូរ៉េខាងជើង ព្រម​ទាំង​មាន​ការ​ជេរប្រមាថ​តទល់​នឹង​លោក​គីម ជុងអ៊ុន​ផង។ តែ​ក្រោយ​មក ភាព​ល្អូកល្អឺន​រវាង​លោក​ត្រាំ និង​លោក​គីម​ក៏​បាន​ចាប់​ផ្តើម​រហូត​មាន​ជំនួប​រវាង​គ្នា​ចំនួន ៣ដង។ លោក​បុលតុន​បាន​អមដំណើរ​លោក​ត្រាំ​នៅ​ក្នុង​ជំនួប​លើកទី១ និង​ទី២ នៅ​សិង្ហបុរី និង​នៅ​វៀតណាម ទោះ​បី​ជា​លោក​មិន​សប្បាយចិត្ត​ពី​ការ​រំកិល​រក​គ្នា​រវាង​លោក​ត្រាំ និង​លោក​គីម​ក្តី។

តែ​ជំនួបលើកទី៣ នៅ​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ លោក​បុលតុន​មិន​បាន​អម​ដំណើរ​ជាមួយ​លោក​ត្រាំ​ទេ​ដោយ​ប្តូរ​ទិសដៅ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី​វិញ។ បន្ទាប់​មក លោក​បុលតុន​បាន​រិះគន់ ទិតៀន​លើ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ខ្លី​របស់​កូរ៉េខាងជើង។ តែ​ផ្ទុយ​ពី​លោក​បុលតុន លោក​ត្រាំ​ហាក់​មិន​សូវ​យកចិត្ត​ទុកដាក់​នឹង​ការ​បាញ់​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង ព្រម​ទាំង​វាយប្រហារ​អ្នក​ដែល​បាន​រិះគន់​ដោយ​សរសេរ​ថា « កូរ៉េខាងជើង​បាញ់​គ្រាប់មីស៊ីល​តូចៗ​ដែល​បាន​បង្ក​បញ្ហា​ដល់​ជនរួមជាតិ​របស់​ខ្ញុំ និង​អ្នក​ផ្សេង​ទៀត តែ​មិនមែន​ខ្ញុំ​ទេ »។

ប្តូរ​ទីប្រឹក្សាសន្តិសុខជាតិ​មិន​មាន​ឥទ្ធិពល​លើ​នយោបាយការបរទេស​របស់​លោក​ត្រាំ

ការ​ដែល​លោក​ដូណាល់ ត្រាំ​បាន​បញ្ចប់​តំណែង​លោក​ចន បុលតុន​ពី​ទីប្រឹក្សាសន្តិសុខជាតិ​មក​ពី​ឥស្សរជន​ទាំង​ពីរ​យល់​ឃើញ​មិន​ដូច​គ្នា និង​និយាយ​មិន​ចុះ​សម្រុង​គ្នា​លើ​ប្រធានរឿង​មួយ​ចំនួន។ តែ​មាន​ការ​លើក​ឡើង​ថា ការ​បណ្តេញ​លោក​បុលតុន​យ៉ាង​តក់ក្រហល់ និង​ប្រញិបប្រញាប់​ពេល​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​វត្តមាន​វិបត្តិ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ខណៈ​ដែល​នយោបាយការបរទេស​របស់​លោក​ត្រាំ​កំពុង​មាន​ភាព​មិន​ច្បាស់លាស់។ គេ​បាន​ដឹង​រួច​ហើយ លោក​ដូណាល់ ត្រាំ​ដែល​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ ជា​ប្រធានាធិបតី​ម្នាក់​ដែល​និយាយ​បត់បែន​តាម​ទំនើងចិត្ត និង​សម្រេច​តាម​ការ​នឹកឃើញ​ដោយ​មិន​បាន​ពិចារណា​វែងឆ្ងាយ។

ពិត​ណាស់ លោក​ចន បុលតុន​ជា​ទីប្រឹក្សាសន្តិសុខជាតិ​ទី៣ ដែល​ត្រូវ​បាន​លោក​ត្រាំ​ដក​ចោល តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​ទីប្រឹក្សាជាន់ខ្ពស់ រួម​ទាំង​រដ្ឋមន្រ្តី​ជា​ច្រើន​រូប​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​លោក​ត្រាំ​ប្តូរ​ចេញ ឬ​មួយ​ក៏​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។ ការ​រុះរើ ដោះដូរ​សមាសភាព​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​រឿង​មួយ​ល្អ​ដើម្បី​ពង្រឹង​គុណភាព​ការងារ។ បញ្ហា​នៅ​ត្រង់​ថា លោក​ត្រាំ​ស្តាប់​យោបល់​ទីប្រឹក្សា និង​ជំនួយការ​របស់​លោក តែ​ការ​សម្រេចចិត្ត​ភាគច្រើន​របស់​លោក គឺ​ផ្អែក​លើ​ការ​គិត និង​ការ​យល់ឃើញ​របស់​លោក​ជាជាង​យោបល់​របស់​អ្នក​ផ្សេង។ ដូច្នេះ ការ​ដក​តំណែង​លោក​បុលតុន​ពេល​នេះ ឬ​មួយ​ក៏​ឥស្សរជន​ណា​ផ្សេង​នៅ​ពេល​ខាង​មុខ​នឹង​មិន​មាន​ឥទ្ធិពល​លើ​នយោបាយ​ការបរទេស​អាមេរិក​របស់​លោក​ត្រាំ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ