អានតួអត្ថបទ
អាមេរិក-អាល់កៃដា

អាមេរិក៖លោកដូណាល់ ត្រាំបញ្ជាក់ពីការស្លាប់ហាមហ្សា បិនឡាដិនដែលជាកូនប្រុសសពភេរវជនអ៊ូសាម៉ា បិនឡាដិន

នៅ​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ពី​ការ​ស្លាប់​ហាមហ្សា បិនឡាដិន​ដែល​កូនប្រុស​របស់​សព​អ៊ូសាម៉ា បិនឡាដិន។ ហាមហ្សា បិនឡាដិន​គឺ​ជា​កូនប្រុស​សំណព្វចិត្ត​របស់​សព​អ៊ូសាម៉ា បិនឡាដិន និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ដែល​ត្រូវ​ក្លាយ​ជា​មេដឹកនាំ​អង្គការ​ភេរវនិយម​អាល់កៃដា។ គឺ​អង្គការ​ភេរវនិយម​មួយ​នេះ​ឯង​ដែល​បាន​រៀបចំ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​លើ​ទឹកដី​អាមេរិកាំង។ គួរ​រម្លឹក​ថា ព័ត៌មាន​នៃ​ការ​ស្លាប់​ហាមហ្សា បិនឡាដិន​ត្រូវ​បាន​សារព័ត៌មាន​អាមេរិកាំង​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាង​នា​ដំណាច់​ខែ​កក្កដា។

លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក
លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ហាមហ្សា បិនឡាដិន​ដែល​ជា​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​នៃ​អង្គការ​ភេរវនិយម​អាល់កៃដា និង​ដែល​ជា​កូនប្រុស​សព​អ៊ូសាម៉ា បិនឡាដិន​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការប្រឆាំង​ភេរវនិយម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​រវាង​ទឹកដី​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន និង​ទឹកដី​នៃ​ប្រទេស​ប៉ាគីស្ថាន នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។ តែ​លោក​ត្រាំ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ប្រតិបត្តិការប្រឆាំង​ភេរវនិយម​ដឹកនាំ​ដោយ​អាមេរិក​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ ឬ​ខែ​ណា​ពិត​ប្រាកដ​ទេ។ អ្វី​ដែល​គេ​ដឹង ព័ត៌មាន​នៃ​ការ​ស្លាប់​ហាមហ្សា បិនឡាដិន​ត្រូវ​បាន​សារព័ត៌មាន​អាមេរិកាំង​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាង​នា​ដំណាច់​ខែ​កក្កដា។

លោក​ដូណាល់ ត្រាំ​បាន​បន្ថែម​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ដដែល​ថា ការបាត់បង់​ហាមហ្សា បិនឡាដិន​មិន​ត្រឹម​តែ​ជា​ការ​ដក​ហូត​សិទ្ធិអំណាច​ពី​អង្គការ​អាល់កៃដា និង​ការ​កាត់ផ្តាច់​ទំនាក់ទំនង​ជា​និមិត្តរូប​ពី​សព​ឪពុក​របស់​គេ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សកម្មភាព​ប្រតិបត្តិការ​សំខាន់ៗ​របស់​អាល់កៃដា​ដែរ។ តាម​លោក​ត្រាំ ហាមហ្សា បិនឡាដិន​បាន​រៀបចំ​ផែនការ និង​ធ្វើ​ការងារ​ជាមួយ​ក្រុម​ភេរវនិយម​ផ្សេង​ទៀត។ សូម​ជម្រាប​ថា​នៅ​មុន​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​លោក​ត្រាំ​ពេល​នេះ ការ​ស្លាប់​របស់​ហាមហ្សា បិនឡាដិន​ធ្លាប់​បាន​ទម្លាយ​ជា​សាធារណៈ​ដោយ​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Mark Esper នា​ដំណាច់​ខែ​សីហា​កន្លង​ទៅ។

គ្រាន់​តែ​ថា​កាល​ណោះ លោក Mark Esper មិន​ហ៊ាន​បញ្ជាក់​ជា​ផ្លូវការ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​អ្វី​ដែរ។ គួរ​រម្លឹក​ថា​មាន​អាយុ​ខ្ទង់ ៣០ឆ្នាំ ហាមហ្សា បិនឡាដិន​ជា​កូន​ទី១៥ ជា​កូនប្រុស​ប្រពន្ធ​ទី៣ ជា​កូនប្រុស​សំណព្វចិត្ត និង​ជា​អ្នក​ដែល​ត្រូវ​ក្លាយ​ជា​មេដឹកនាំ​អង្គការ​ភេរវនិយម​អាល់កៃដា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ហាមហ្សា បិនឡាដិន​ត្រូវ​រដ្ឋបាល​អាមេរិកាំង​ចុះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​មនុស្ស​ជាប់ចោទ​ពី​បទ​ភេរវនិយម។ ក្នុង​ខែ​កុម្ភៈ ទីក្រុង​វ៉ាស៊ីនតោន​ហ៊ាន​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ដល់​ទៅ ១លានដុល្លារ​ចំពោះ​អ្នក​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​ស្តីពី​កន្លែង​លាក់ខ្លួន​របស់​ហាមហ្សា បិនឡាដិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ