អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់-អាមេរិក

តម្លៃប្រេងបានស្ទុះឡើង ក្រោយពីលោកដូណាល់ ត្រាំព្រមានវាយប្រហារអ៊ីរ៉ង់

នៅ​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ស្ទុះ​ឡើង​ជាង ១០% នៅ​អាស៊ី ពោល​មាន​តម្លៃ ៦៦ដុល្លារ​ក្នុង​មួយ​បារីល។ នេះ​ជា​ផលវិបាក​កើត​ចេញ​ពី​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​ដែល​បាន​ធ្វើ​ឲ្យ​ផលិតកម្មប្រេង​អារ៉ាប៊ីសាអូឌីត​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ក្នុង​មួយ​ថ្ងៃ ពោល​ធ្លាក់​ចុះ​ចំនួន​ ៥ ៧០០ ០០០បារីល។ ទន្ទឹម​គ្នា​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា​ថា អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​វាយប្រហារ​លើ​ប្រទេស​ដែល​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​ទាំង​ពីរ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​លោក​ដូណាល់ ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​សំដៅ​លើ​ប្រទេស​អ៊ីរ៉ង់។ « អាមេរិក​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​វាយ​បក​វិញ។ យើង​កំពុង​រង់ចាំ​ចម្លើយ​ពី​អារ៉ាប៊ីសាអូឌីត​ដើម្បី​ប្រាប់​យើង​ថា តើ​ប្រទេស​ណា​បាន​ស៊ុមគ្រលំ ឃុបឃិត​នៅ​ក្នុង​ការ​វាយប្រហារ » នេះ​ជា​សំណេរ​របស់​លោក​ត្រាំ​នៅ​ក្នុង​បណ្តាញសង្គម Twitter របស់​លោក។ អ្វី​ដែល​លោក​ត្រាំ​ចង់​បញ្ជាក់ ការ​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​នឹង​មិន​អាច​ស្ថិត​នៅ​ដោយ​គ្មាន​ចម្លើយ​តប​វិញ​ឡើយ។ លោកត្រាំ​បាន​បន្ថែម​ថា លោក​គ្មាន​មន្ទិលសង្ស័យ​លើ​អត្តសញ្ញាណ​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នោះ​ទេ។

ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​ដដែល ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​បាន​ចង្អុល​ចំ​មុខ​អ៊ីរ៉ង់ តែ​ត្រូវ​បាន​អ៊ីរ៉ង់​បដិសេធ​ដោយ​ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់​ល្ងីល្ងើ និង​មិន​អាច​យល់​បាន។ យ៉ាង​ណា​ក៏​ដោយ ផលវិបាក​ចំពោះ​មុខ​ដែល​បាន និង​កំពុង​កើត​ចេញ​ពី​ការ​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ គឺ​តម្លៃប្រេង​ស្ទុះ​ឡើង​នៅ​លើ​ទីផ្សារអន្តរជាតិ។ មុន​គេ គឺ​ទីផ្សារ​នៅ​អាស៊ី​ដែល​តម្លៃប្រេង​មួយ​បារីល​ឡើង​ជាង ១០% ពោល​មាន​តម្លៃ ៦៦ដុល្លារ​ក្នុង​មួយ​បារីល​នា​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា​នេះ។ ទីផ្សារ​អាស៊ី​ភ័យ​ស្លន់ស្លោ​ក៏​ដោយសារ​ថា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង​តែវ៉ាន់​បាន​ទិញ​ប្រេង​ពី​អារ៉ាប៊ីសាអូឌីត​ក្នុង​មួយ​ថ្ងៃ​ចំនួន ៤លានបារីល។

អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង គឺ​កង្វះ​ប្រេង​ក្នុង​លោក ព្រោះ​ចូរ​កុំ​ភ្លេច​ថា តាំង​ពី​អារ៉ាប៊ីសាអូឌីត​បាន​ផ្អាក​ដំណើរការ​ស្ថានីយ៍ចម្រាញ់ប្រេង​ទាំង​ពីរ​មក ផលិតកម្ម​ប្រេង​អារ៉ាប៊ីសាអូឌីត​បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល ពោល​មាន ៥ ៧០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ គឺ​ស្មើ​នឹង ៥% នៃ​ផលិតកម្ម​ប្រេង​សរុប​ក្នុង​លោក។ ដើម្បី​ទប់​កុំ​ឲ្យ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង លោក​ត្រាំ​បាន​អនុញ្ញាត​ឲ្យ​អាមេរិក​បញ្ចេញ​ប្រេង​របស់​ខ្លួន​ស្តុក​នៅ​ក្រោម​ដី​ក្នុង​រដ្ឋ Louisiane និង Texas ដែល​មាន​ចំនួន ៦៤៥លានបារីល។ គួរ​រម្លឹក​ថា ផែនការ​ស្តុកប្រេង​នេះ​ត្រូវ​បាន​អាមេរិក​បង្កើត​ឡើង​ក្នុង​ទសវត្ស ៧០ និង​ធ្លាប់​បាន​បញ្ជេញ​ប្រើ​ចំនួន ៣ដង​រួច​ហើយ។ តែ​បើ​អាមេរិក​ត្រូវ​ធ្វើ​ម្តង​ទៀត​ពេល​នេះ គេ​ត្រូវ​ចំណាយ​ពេល​ចំនួន ២សប្តាហ៍​ទើប​អាច​នាំ​ប្រេង​ចូល​ដល់​ទីផ្សារអន្តរជាតិ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ