អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់​ប្រកាស​បិទផ្លូវ មិនចរចាជាមួយ​អាមេរិក

នៅ​ពេល​អាមេរិក និង​អ៊ីរ៉ង់ កាន់​តែ​តានតឹង​នឹង​គ្នា ជាពិសេស នៅក្រោយ ការវាយប្រហារ​ទៅលើ​ទីតាំង​ផលិតប្រេង​របស់​អារ៉ាប៊ី សាអូឌីត ដែល​អាមេរិក​ចោទប្រកាន់​ថា ជាស្នាដៃ​របស់អ៊ីរ៉ង់ ប្រមុខ​ដឹកនាំ​សាសនា​អ៊ីរ៉ង់ អាលី ខាមេណី បាន​ចេញ​មុខ​ប្រកាស មិន​ចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។ សម្រាប់​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ អ៊ីរ៉ង់​យល់ព្រម​ជួប​ចរចា​ជាមួយ​អាមេរិក តែក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​អាមេរិក​បាន​ដកខ្លួន តាំង​ពី​ឆ្នាំ ២០១៥។ 

រូបភាពផ្កាយរណប​របស់អាមេរិក​បង្ហាញពី ទីតាំង​រោងចក្រ​ចម្រាញ់ប្រេង​របស់​អារ៉ាប៊ី សាអូឌីត ពីរកន្លែងដែល​រងការវាយប្រហារ​​កាលពីថ្ងៃសៅរ៍ទី ១៤​កញ្ញា ២០១៩
រូបភាពផ្កាយរណប​របស់អាមេរិក​បង្ហាញពី ទីតាំង​រោងចក្រ​ចម្រាញ់ប្រេង​របស់​អារ៉ាប៊ី សាអូឌីត ពីរកន្លែងដែល​រងការវាយប្រហារ​​កាលពីថ្ងៃសៅរ៍ទី ១៤​កញ្ញា ២០១៩ © U.S. Government/DigitalGlobe/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​សាសនា​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល នៅ​អ៊ីរ៉ង់ លោក​អាលី ខាមេណី បាន​និយាយ​បិទផ្លូវ មិន​ឲ្យ​មាន​ការចរចា​ណាមួយ ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។ ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់ បាន​បញ្ជាក់​ជំហរ​នេះ សាជាថ្មី បន្ទាប់ពី​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស អ៊ីរ៉ង់ កាលពី​ថ្ងៃ​ចន្ទ បានលើកឡើង​ថា លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រ៉ូហានី គ្មាន​គម្រោង​ជួប​លោកដូណាល់ ត្រាំ នៅ​សប្តាហ៍ក្រោយ​នោះទេ។

និយាយ​ទៅកាន់​និស្សិត នៅទីក្រុង​តេហេរ៉ង់ ប្រមុខសាសនា​អ៊ីស្លាម ដ៏មាន​ឥទ្ធិពល​របស់អ៊ីរ៉ង់ បាន​ថ្លែងថា ការចរចា ណាមួយ ជាមួយ​អាមេរិក នឹង​មាន​ន័យថា អ៊ីរ៉ង់ ចុះញ៉ម ធ្វើទៅតាម​ការទាមទារ​របស់​អាមេរិក។ វា​មានន័យផង​ដែរ ថា នយោបាយ​របស់​អាមេរិក ដាក់សម្ពាធ​ទៅលើ​អ៊ីរ៉ង់ បាន​ទទួល​ជោគជ័យ។ យ៉ាងណាក៏ដោយ សម្រាប់​ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់ អ៊ីរ៉ង់ នឹង​អាច​ចរចា​ជាមួយ​អាមេរិក តែ​ក្នុង​គោលដៅ ស្រោចស្រង់ កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពីនុយក្លេអ៊ែរ អ៊ីរ៉ង់​ដែល​អាមេរិក​បាន​សម្រេច​ដកខ្លួន ដោយ​ឯកតោ​ភាគី​កាលពី​ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​អាទិត្យ ពោល​គឺ​នៅ​១​ថ្ងៃ​ក្រោយ ការវាយប្រហារ​ទៅលើ​ទីតាំង​ផលិតប្រេង​២កន្លែង​របស់​អារ៉ាប៊ី សាអូឌីត ដែល​ប្រមុខការបរទេស​អាមេរិក បាន​ចង្អុរ​ចោទចំថា ជា​ស្នាដៃ​របស់​អ៊ីរ៉ង់ សេតវិមាន​បាន​អះអាង​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​នឹង​អាច​ជួបប្រធានាធិបតី អ៊ីរ៉ង់ នៅក្រៅក្របខ័ណ្ឌ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ចាប់ផ្តើម​នៅ​សប្តាហ៍ក្រោយ នៅទីក្រុង​ញូវយ៉ក។

នៅក្រោយ​ការវាយប្រហារ​ទៅលើ​ទីតាំងផលិត​ប្រេង​របស់អារ៉ាប៊ី សាអូឌីត លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ចន្ទ បាន​សរសេរ​ក្នុង​សារ Twitter ថា​អាមេរិក ត្រៀមខ្លួន​រួចហើយ ដើម្បី​វាយបកវិញ។ ប៉ុន្តែ អាមេរិក នៅ​រង់ចាំ​ចម្លើយ​ពីអារ៉ាប៊ី សាអូឌីត ដើម្បី​ដឹងថា តើ​ប្រទេស​ណា​ដែល​ស៊ុំគ្រលំ នៅក្នុង​ការវាយប្រហារ​លើកនេះ។

នៅក្នុង​ការស៊ើបអង្កេត​បឋម​របស់ខ្លួន អារ៉ាប៊ី សាអូឌីត ដែល​គ្មាន​បង្ហាញ​ភស្តុតាង អ្វី​ជាក់ស្តែង បាន​លើកឡើង​ថា អាវុធ ដែល​ពួកឧទ្ទាម​ហ៊ូទី​ នៅយេម៉ែន បាន​ប្រើ​ដើម្បី​បំផ្លាញ រោងចក្រ​ផលិតប្រេង មាន​ប្រភពមកពី​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​មិនបាន​ចោទប្រកាន់​ចំៗទេថា ការវាយប្រហារ​នៅថ្ងៃ​សៅរ៍ គឺ​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់​។

ប្រធានាធិបតី អ៊ីរ៉ង់ លោក​ហាសាន់ រូហានីធ្លាប់​បាន​បដិសេធ ទាត់ចោល ការទម្លាក់កំហុស​លើ​អ៊ីរ៉ង់។ សម្រាប់មេដឹកនាំ​អ៊ីរ៉ង់ ការវាយប្រហារ​របស់​ពួកឧទ្ទាម​ហ៊ូទី កាលពី​ថ្ងៃ​សៅរ៍ គឺ​ជា​ការសំដែង សិទ្ធិ​ការពារ​ខ្លួន របស់​ប្រជាជន​យេម៉ែន ដែល​បាន​រងគ្រោះ ដោយសារ​ប្រតិបត្តិការ​វាយប្រហារ​កងទ័ព​របស់​អារ៉ាប៊ី សាអូឌីត តាំង​ពី​ឆ្នាំ ២០១៥មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ