ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាមេរិក

អ៊ីរ៉ង់ព្រមានពីសង្គ្រាមទាំងស្រុង បើអាមេរិក ឬអារ៉ាប៊ីសាអូឌីតបើកការវាយប្រហារលើអ៊ីរ៉ង់

media  
ប្រមុខការទូតអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីស្វ REUTERS/Evgenia Novozhenina

សង្រ្គាមពាក្យ​សម្តី​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​រវាង​អ៊ីរ៉ង់ អាមេរិក និង​អារ៉ាប៊ីសាអូឌីត។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN ផ្សព្វផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីស្វ​បាន​ថ្លែង​ព្រមាន​ពី​សង្គ្រាមទាំងស្រុង​មួយ​បញ្ឆេះ​ឡើង​ដោយ​អាមេរិក ឬ​អារ៉ាប៊ីសាអូឌីត ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​រីយ៉ាដ​បើក​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់។ ប្រតិកម្ម​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត​បាន​បង្ហាញ​ភស្តុតាង​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​ពួក​ឧទ្ទាម​ហ៊ូទី​លើ​ស្ថានីយ៍​ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។

នៅ​ក្នុង​សំណួរ​របស់​ទូរទស្សន៍ CNN ដែល​សួរ​ថា តើ​អ្វី​ទៅ​ជា​ផលវិបាក​នៃ​ការ​វាយប្រហារ​ពី​អាមេរិក ឬ​ពី​អារ៉ាប៊ីសាអូឌីត​លើ​អ៊ីរ៉ង់ ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​យ៉ាវ៉ាដ ហ្សារីស្វ​បាន​ឆ្លើយ​ក្នុង​សម្លេង​ធ្ងន់​ថា « សង្រ្គាម​ទាំងស្រុង​មួយ »។ បន្ទាប់​មក​នៅ​ក្នុង​សម្លេង​ធ្ងន់​ដដែល លោក​ហ្សារីស្វ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា « យើង​មិន​ចង់​ធ្វើ​សង្រ្គាម។ យើង​មិន​ចង់​ចូលរួម​នៅ​ក្នុង​ការ​ប្រឈម​មុខ​យោធា​ទេ។ យើង​គិត​ថា ជម្លោះ​ប្រដាប់​អាវុធ​មួយ​ដែល​ផ្អែក​លើ​ល្បិចកល​ជា​រឿង​អាក្រក់​ខ្លាំង​ណាស់។ តែ​យើង​មិន​ភ័យ​ខ្លាច ឬ​ញ័រជើង​ទេ​ក្នុង​ករណី​ដែល​ត្រូវ​ការពារ​អធិបតេយ្យ​របស់​យើង »។

ចំណែក​នៅ​ក្នុង​ទំព័រ​បណ្តាញ​សង្គម Twitter ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា​ដដែល ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​បរិហារ​លើ​ភាព​រំជើបរំជួល​ប្រឌិត​ឡើង​ជុំវិញ​ការ​វាយប្រហារ​លើ​ស្ថានីយ៍​ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​នា​ពេល​ថ្មីៗ​ដើម្បី​រៀបចំ​មតិពិភពលោក​សម្រាប់​សង្រ្គាម​មួយ​ប្រឆាំង​នឹង​អ៊ីរ៉ង់។ ទោះ​បី​ជា​លោក​ហ្សារីស្វ​មិន​បាន​និយាយ​ចំ​ឈ្មោះ​នរណា​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​លើ​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​ដែល​ចង្អុល​មុខ​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​ពួក​ឧទ្ទាម​ហ៊ូទី​លើ​ស្ថានីយ៍​ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។

ចំណែក​អារ៉ាប៊ីសាអូឌីត​ក៏​បាន​លើក​យក​ភស្តុតាង​ទៅ​បង្ហាញ​ដើម្បី​ទម្លាក់​កំហុស​ដាក់​អ៊ីរ៉ង់​ដែរ។ « សុទ្ធសឹង​ជា​រឿង​ប្រឌិត​ទាំង​អស់ » នេះ​ជា​ការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ។ គួរ​រម្លឹក​ថា​តាំង​ពី​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា ទីក្រុង​តេហេរ៉ង់​បាន​ច្រានចោល​រាល់​ការ​ចោទ​ប្រកាន់​របស់​អាមេរិក និង​អារ៉ាប៊ីសាអូឌីត។ ក្នុង​ថ្ងៃ​ពុធ ទី១៨ កញ្ញា ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី​ថា ជា​ការ​ព្រមាន​ដល់​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ដឹក​នាំ​កម្លាំង​អារ៉ាប់​វាយប្រហារ​លើ​ពួក​ហ៊ូទី​តាំង​ពី​ឆ្នាំ ២០១៥។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ ទី១៨ កញ្ញា​ដដែល ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ទម្លាយ​ថា លោក​មិន​ទាត់​ចោល​វិធានការ​ណា​មួយ រួម​ទាំង​ផ្លូវ​យោធា​ប្រឆាំង​អ៊ីរ៉ង់​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ