អានតួអត្ថបទ
Twitter

Twitter លុបចោល​គណនី​ក្លែងក្លាយ រាប់ពាន់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មហាអំណាច​បរទេស

ក្រុមហ៊ុន​Twitter​បាន​សម្រេច​លុប​ចោល​គណនីក្លែងក្លាយ ជាង ៥ពាន់ ដែល​មានជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​បរទេស។ នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​សុក្រ ក្រុមហ៊ុន​Twitter​បាន​ចោទប្រកាន់​គណនី​ក្លែងក្លាយ​ថា ជា​ឧបករណ៍​នយោបាយ សម្រាប់​ដើរផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត នៅលើ​បណ្តាញ​សង្គម។ 

រូបអ្នកប្រើប្រាស់​Twitter នៅឆ្នាំ ២០១៣
រូបអ្នកប្រើប្រាស់​Twitter នៅឆ្នាំ ២០១៣ ©REUTERS/Kacper Pempel/Illustration
ផ្សាយពាណិជ្ជកម្ម

គណនី​ដែល​ក្រុមហ៊ុន​Twitter បាន​លុបចោល ពី​បណ្តាញ​សង្គម​របស់ខ្លួន ភាគច្រើន​ជា​គណនី ដែល​ឃោសនា​ឲ្យ​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត ឬ ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ក្នុង​គោលដៅ​​វាយប្រហារ ប្រទេស​អ៊ីរ៉ង់ កាតា ហើយ​និង​បាតុកម្ម នៅ​ទីក្រុង​ហុងកុង។

នៅក្នុង​ចំណោម​គណនីជាង ៥ពាន់ ដែល​បណ្តាញសង្គម​Twitter បាន​សម្រេច​លុបចោល កាលពី​ថ្ងៃ​សុក្រ មាន​គណនីក្លែងក្លាយ​ជាង ៤ពាន់ ដែល​មាន​ប្រភព​មកពី​ប្រទេស​អេមីរ៉ា អារ៉ាប់រួម។ គណនី​ទាំងនោះ​ផ្តោតសំខាន់​ទៅលើ​ការឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទាក់ទង​នឹង​សង្រ្គាម​នៅ​យេម៉ែន ជាទី ដែល អេមីរ៉ា អារ៉ាប់រួម​បាន​ចូលដៃ ធ្វើសង្រ្គាម​ជាមួយ​អារ៉ាប៊ី សាអូឌីត តាំង​ពី​ឆ្នាំ ២០១៥។

តាម​សេចក្តីប្រកាស​របស់​Twitter ដោយផ្អែក​ទៅលើ​នយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឧបាយ​បញ្ឆោត ក្រុមហ៊ុន​បាន​សម្រេចផងដែរ លុបចោល​គណនី​ជិត ៣០០ (២៧៣) មក​ពីអេហ្ស៊ីប និង​អេមីរ៉ា អារ៉ាប់រួម ក្នុង​ហេតុផល​ថា គណនី​ទាំងនោះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទាក់ទង​នឹង​ប្រទេស​កាតា ហើយនិង​អ៊ីរ៉ង់។ តាម​Twitter គណនី​ខាងលើ ដែល​ឧស្សាហ៍ បង្ហោះសារ លើកសរសើរ​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត ត្រូវបាន​បង្កើត និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Dot Dev នៅ​អេមីរ៉ា អារ៉ាប់រួម និង​នៅ​អេហ្ស៊ីប។

គួររំលឹកថា ចាប់តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ អារ៉ាប៊ី សាអូឌីត ជាមួយ អេមីរ៉ាអារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប​បាន​ធ្វើពហិការ​សេដ្ឋកិច្ច​ជាមួយ ប្រទេស​កាតារ​ដែល​ក្រុមប្រទេស​សេដ្ឋីប្រេង​ចោទប្រកាន់​ថា ជាអ្នកឧបត្ថម្ភទុន​ដល់​ក្រុមភេរវនិយម ហើយ​និង​មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ីសាអូឌីត។

ក្រៅតែ​បិទ​គណនី​របស់​ប្រទេស​អារ៉ាប់ ក្រុមហ៊ុន​Twitter បានបិទផងដែរ គណនី​រាប់រយ នៅ​ប្រទេស​អេស្ប៉ាញ និង​គណនី ជាង ១ពាន់ នៅ​អេក្វាទ័រ ដែល​បង្កើតឡើង​ដោយ​ក្រុមគណបក្ស​នយោបាយ​កាន់អំណាច។ គណនី​របស់​អេក្វាទ័រ​ដែល​Twitter បាន​សម្រេចចិត្ត​លុបចោល ទាំងស្រុង ភាគច្រើន លើកសរសេរ​ពី​បញ្ហា ដែល​កើតឡើង​មកពី​ច្បាប់​អេក្វាទ័រ​ទាក់ទង​នឹង​សិទ្ធិសេរីភាពបញ្ចេញមតិ។

នៅក្នុង​យុទ្ធនាការ​បោសសម្អាត គណនី​ក្លែងក្លាយ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត Twitter បាន​កំណត់ សំគាល់ឃើញ មាន​គណនី ជាង ៤ពាន់ (៤៣០២) មានទីតាំង​នៅប្រទេស​ចិន ប៉ុន្តែ ដែល​ព្យាយាម ប៉ុនប៉ង និយាយ​អាក្រក់​ពី​បាតុកម្ម​នៅ​ហុងកុង។ Twitter ផ្តោតសំខាន់​លើ​គណនី​របស់​អ្នកប្រើប្រាស់​ចិន បន្ទាប់ពី​បាន​លុបចោល​គណនី ក្លែងក្លាយ ជាង ២សែន របស់​ចិន ដែលមាន​ចេតនា​សរសេរ ញុះញង់​ឲ្យ​មាន​អសណ្តាប់ធ្នាប់​សាធារណៈនៅហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ