អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​អាកាសធាតុ ៖ អង្គការ​សហប្រជាជាតិ​ចេញ​មុខ​ខ្លាំង​ខាង​ជួយ​ផែនដី ជាង​ខាង​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បី​ថ្ងៃ​ក្រោយ​បាតុកម្ម ​ដើម្បីអាកាសធាតុ​របស់​យុវសិស្ស​និង​និស្សិត​ នៅ​ទូទាំង​ពិភពលោក​ នៅ​ថ្ងៃ​នេះ មាន​ជំនួប​កំពូល​ស្តី​អំពីភាព​បន្ទាន់​​អាកាសធាតុ ​ត្រូវ​បើក​ធ្វើ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទីក្រុង​ញូវយ៉ក​។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរក៍ (Antonio Guterres) បានកោះ​ហៅ​រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ឱ្យ​មកជួប​ប្រជុំ និង​បង្ហាញ​ផែនការ​ ជាក់ស្តែង​ អាចសម្រេច​បាន ក្នុង​បុព្វហេតុ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ឡើង​កម្តៅ​​អាកាសធាតុ។ ​​

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres និង​នាង Greta Thunberg ជាតិស៊ុយអែត​ នៅ​អង្គការសហប្រជាជាតិ​ ​
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres និង​នាង Greta Thunberg ជាតិស៊ុយអែត​ នៅ​អង្គការសហប្រជាជាតិ​ ​ REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរក៍ ត្រូវ​ធ្វើ​ជា​អធិបតី បើក​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នាទីក្រុង​ញូវយ៉ក។

អាទិភាព​របស់​លោក ហ្គូទែរក៍

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ មិន​រង់​ចាំ​ដល់​ពេល​កំណត់​ ឆ្នាំ​២០២០ សម្រាប់​សើរើ​មើល​កម្មវត្ថុ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីសឡើយ។ ការ​រៀប​ចំ​ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ​នេះ ស្តែង​ឱ្យ​ឃើញ​ថា​ អាកាសធាតុ ​គឺ​ជា​អាទិភាព​ដ៏​ចំបង​បំផុត​របស់​អង្គការ​សហប្រជាជាតិ​ក្រោម​អាណត្តិ​ដឹកនាំ​​របស់​​លោក។ កាលពី​ខែ​ឧសភា​ លោក​បាន​អញ្ជើ្​ទៅ​មើល​ដោយ​ផ្ទាល់ក្រុម​ប្រទេស​តូច​ជាកូនកោះ នៅ​កណ្តាល​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ដែល​កំពុង​ប្រឈម​នឹង​គ្រោះលិច​លង់​ដោយ​សារ​កម្ពស់​ទឹកសមុទ្ទ​ឡើង​ ឬ​ក៏​ចុះ​ទៅ​ដល់​កន្លែង​រងគ្រោះ​មហន្តរាយ​ធម្មជាតិ​ ព្យុះកំណាច​ ជា​ដើម​។ល។

​លោក ហ្គូទែរក៍​ បាន​ពន្យល់​ទៀត​ថា អ្វីដែល​លោក​ធ្វើ​នេះ មិន​មែន​ដោយចង់​​តាំង​ខ្លួន​ជា​ហៅហ្វាយ​ផែនដី​ទេ តែ​ក្នុង​កម្មវត្ថុ​ពន្យុះ​ បំពង​សំឡេង​ឱ្យ​បាន​លាន់​ឮ​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បុព្វហេតុប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ។

លោក​អគ្គលេខា​ធិការ​ត្រូវ​តែ​សកម្ម​ខ្លាំង​យ៉ាង​នេះ ព្រោះ​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​មុន គឺ​លោក​បានគីមូន បាន​សម្រេច​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ តាម​រយៈ​ការ​ប្រសូត​ចេញ​ជា​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ​២០១៥។ ឯ​ចំណែក​រូប​លោក​វិញ​ តាំង​ពីមក​តួនាទី លោក​អាច​ដោះស្រាយ​វិបត្តិ​និង​ជម្លោះ​ក្នុង​ពិភពលោក​បាន​យ៉ាង​ស្តួច​ស្តើង​បំផុត ខាង​ផ្នែក​សិទ្ធិមនុស្ស​ក៏​គ្មាន​លទ្ធផល គ្មាន​អ្វី​ទៅមុខសោះ រាប់​តាំង​ពី​សង្គ្រាម​នៅ​ស៊ីរី ដល់​យេម៉ែន និង​ឆ្លង​ដល់​វិបត្តិ​ជាតិពិន្ធុ​នៅ​ភូមា។ អំណាច​របស់​អង្គការ​សហប្រជាជាតិ​មាន​កំរិត​យ៉ាង​ខ្លាំង​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ ហ្គូទែរក៍​ចង់​ពង្រាង​បញ្ហា ងាក​មក​​ផ្តោត​ខ្លាំង​លើ​សំណុំ​រឿង​អាកាសធាតុ ដែលលោក​យល់​ថា​ ​មាន​ទាក់ទង​​ខ្លាំង​នៅ​ជីវិត​របស់​ប្រជាពលរដ្ឋ និង​កំណើន​នៃ​ភេរវនិយម។

សើរើ​កម្មវត្ថុ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់

​អគ្គលេខាធិការ​បាន​បញ្ជាក់​ក្នុង​លិខិត​អញ្ជើញជា​លាយ​លក្ខណ៍ កុំ​ឱ្យ​អ្នក​ដឹកនាំ​ប្រទេស​មកប្រជុំ​​ដៃ​ទទេ ឬ​តែ​ពាក្យ​សន្យា ត្រូវ​មក​ជាមួយ​ផែនការ និង​កម្មវត្ថុ​ ច្បាស់លាស់ អាច​សម្រេច​ កាត់​បន្ថយ​ឧស្ម័ន​បំពុល​បរិយាកាស​បាន​ ដូច​ជា​ ជា​វិធានការ​ផ្នែក​ធ្វើ​អន្តរកាលថាមពល ចំណាយ​ហិរញ្ញវត្ថុដើម្បី​អាកាសធាតុ ឬ​តម្លៃ​ធ្យូងថ្ម ឬ​ដំណោះស្រាយ​បែប​ធម្មជាតិ ដើម្បី​សម្រប​តាម​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស។

ដោយសារ​តែ ជំនួប​កំពូល​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ ក្រោម​សម្ពាធ​ពិសេស​របស់​ក្មេងៗ ​តែ​បី​ថ្ងៃ​ក្រោយ​បាតុកម្ម និង​តែ​បួន​ថ្ងៃ​មុន​កូដកម្ម​ថ្មី​មួយ​ទៀត​របស់​សិស្ស​សាលានៅ​ទូទាំង​ពិភពលោក​ដើម្បីអាកាសធាតុ និង​ការចូល​រួមក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដើម្បី​ជជែក​និង​ផ្តោះប្តូរ​យោបល់​រក​ដំណោះស្រាយ​ឱ្យ​​អាកាសធាតុ លោក​អគ្គលេខាធិការ​សង្ឃឹម​ថានឹងមាន​ការ​ប្រកាស សើរើ​ ​ផែនការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ បើ​តាម​លោក ហ្គូទែរក៍ មាន​ប្រទេស​មួយ​ចំនួន​ធំ នឹងបង្ហាញ​​អំពី​វិធានការ​ជាតិ​កាត់​បន្ថយ​ឧស្ម័នកាបូនិក​ឱ្យ​ដល់​កំរិត​សូន្យ នៅ​ឆ្នាំ​២០៥០ (ឧស្ម័នពុល​ដែល​បញ្ចេញ​​នឹង​ត្រូវ​ស្រូប​អស់​វិញ ដោយ​ការ​ដាំ​ដើម​ឈើ) គ្មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ធ្យូង​ថ្ម​​ថ្មី​ចាប់​ពី​ឆ្នាំ​២០២០​ទៅ ឬបញ្ចប់​ជំនួយ​លើ​ថាមពលហ្វូស៊ីល។

ប្រទេស​ជា​ច្រើន​នោះ គឺ​រាប់​ក្នុង​ចំណោម​ប្រទេស​ដែលវត្តមាន។ នៅ​ក្នុង​ចំណោម​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ទាំង​១៣៦​ប្រទេស​ដែលមក​​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ស្អែក មាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ ដែលមក​ចូល​រួម​ជំនួប​កំពូលស្តី​ពី​អាកាសធាតុ ពោល​គឺ​ផែនការ​។ អាមេរិក​របស់​លោក​ត្រាំ អវត្តមាន។ ប្រេស៊ីល​និង​អូស្ត្រាលី​ ក៏​អវត្តមាន​ ព្រោះ​គ្មាន​ផែនការអាច​ប្រកាសកើត។ ចិន​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ និង​ពីរ​ដង​លើស​អាមេរិក តំណាង​ដោយ​រដ្ឋមន្ត្រីការបរទេស។ ឥណ្ឌា​ដែល​ចូល​ចិត្ត​ធ្យូងថ្ម​ដូច​ចិន​ដែរ បាន​ដើរ​ជួរ​មុខ​ លោក ម៉ូឌី​នឹង​ត្រូវ​ចាប់​ផ្តើម​មុន​គេ​ជាមួយ​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ នូវែលហ្សេឡង់​និង​ក្រុមប្រទេស​កូន​កោះ​នៅប៉ាស៊ីហ្វិក។

ជា​សរុប​មាន​ប្រទេស​ប្រមាណ​តែ​ជាង​៦០​ប៉ុណ្ណោះ ដែល​ព្រម​​សើរើ​កម្មវត្ថុអាកាសធាតុ និង​មាន​វិធានការ​ថ្មី។ វិធានាការ​ថ្មី​ដែល​តម្រូវ​ឱ្យ​ប្រទេស​នីមួយ​​ប្រឹង​ប្រែង​ជាង​មុន​បី​ទៅ​បួន​ដង ព្រោះ​បើ​តាម​របាយការណ៍​ចុងក្រោយ​របស់​អ.ស.ប. ចេញ​ថ្ងៃអាទិត្យ​​ម្សិលមិញ​ ​ ៥​ឆ្នាំ​ចុងក្រោយ​នេះ ជា​ឆ្នាំ​ក្តៅ​ជាង​គេ​បំផុត ផែនដី​ឡើង​កម្តៅ​ជាមធ្យម​១​អង្សា នៅ​សតវត្សរ៍​ទី ១៩ និង​កំពុង​ឡើង​លឿន​ខ្លាំង​។

ប៉ុន្តែ​ សេចក្តី​ប្រកាស​ ទាំង​អស់​នេះ គ្មាន​តម្លៃ​តាម​ផ្លូវ​ច្បាប់​ទេ ! ព្រោះមិនមែន​ជា​ការ​ចរចា​អាកាសធាតុ ​ជំនួបកំពូល​ថ្ងៃ​​នេះគ្រាន់​តែ​ជា​ ឈ្នាន់ ជា​កម្លាំង​ចលករ នាំ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​កម្មវត្ថុ​ នៅ​ក្នុងសន្និសីទ​អន្តរជាតិ ស្តីពី​អាកាសធាតុ COP២៦ នៅ​អង់គ្លេស នៅ​ចុង​ឆ្នាំ​២០២០ ខាង​មុខ។ សន្និសីទ​ដែល​គ្រប់​ប្រទេស​ជា​ហត្ថលេខី​លើកិច្ចព្រមព្រៀង​អាកាសធាតុ​​ក្រុង​ប៉ារីស ត្រូវ​ស្នើ​កិច្ចសន្យា​អាកាសធាតុ​ថ្មី​ជូន​អង្គការ​សហប្រជាជាតិ។ នៅ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំង ១៩៥​ មា​ន​៧៥​ហើយ​ដែល​បាន​បញ្ជាក់​ឆន្ទៈ​គោរព​កិច្ចព្រមព្រៀង។ ឯ​អាមេរិក​បាន​ដើរ​ចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ