អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អាមេរិក​បាន​ចុះ​ផ្សាយ​របាយការណ៍​នៃ​ការ​សិក្សា​មួយ​ស្តីពី​ស្ថានភាព​សត្វស្លាប​នៅ​អាមេរិកខាងជើង។ ការ​សិក្សា​មួយ​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អាមេរិកខាងជើង។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥០ឆ្នាំ ពោល​តាំង​ពីឆ្នាំ ១៩៧០មក អាមេរិកខាងជើង​បាន​បាត់បង់​សត្វស្លាប​គ្រប់ប្រភេទ​ជិត ៣ ០០០លានក្បាល។ អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការ​វិនាស​សត្វស្លាប​យ៉ាង​ច្រើន​សម្បើម​របៀប​នេះ ហើយ​ថា តើ​មាន​ប្រភេទ​ស្លាប និង​តំបន់​ណា​ខ្លះ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល
ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល Roberto Machado Noa/LightRocket via Getty Image
ផ្សាយពាណិជ្ជកម្ម

២លាន ៩សែន​ក្បាល នេះ​ជា​ចំនួន​សត្វ​ស្លាប​ដែល​បាន​បាត់បង់​នៅ​អាមេរិក​ខាង​ជើង​គិត​តាំង​ពី​ឆ្នាំ ១៩៧០។ សត្វ​ត្រចៀកកាំ សារិកាកែវ និង​ពពួក​បក្សី​សន្តាន​ចាប​ជា​ច្រើន​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​ផុតពូជ​ពី​ទ្វីបអាមេរិក​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដែរ ប្រសិន​បើ​គ្មាន​វិធានការ​អ្វី​ដើម្បី​ទប់​ស្កាត់​ទេ​នោះ។ តាម​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិកខាងជើង ក្នុង​ចំណោម​សត្វស្លាប​បាត់បង់​ទាំង ២លាន ៩សែន​ក្បាល​ក្នុង​រយៈពេល ៥០ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ជាង ៩០% អាច​ស្ថិត​ក្នុង​ប្រភេទ​សត្វស្លាប​ចំនួន ១២ប្រភេទ​ខុស​គ្នា។ ដើម្បី​អាច​ទទួល​បាន​លទ្ធផល​មួយ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សិក្សា​លើ​ទិន្នន័យ​ជា​ច្រើន​ខុសៗ​គ្នា។ ដំបូង គឺ​ការ​សិក្សា​លើ​ទិន្នន័យ​ស្តីពី​ដំណើរផ្លូវ​ហោះហើរ និង​ប៉ាន់ប្រមាណមើល​ចំនួន​សត្វស្លាប។

នៅ​រៀងរាល់​និទាឃរដូវ ឬ​រដូវផ្ការីក ក្រុម​អ្នកជំនាញ និង​មិន​ជំនាញ​ជា​ច្រើន​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត​ឃ្លាំមើល ស្វែង​យល់ និង​ស្តាប់​សម្លេង​សត្វស្លាប​ដែល​តែង​ហោះ​តាម​ផ្លូវ​តែ​មួយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តាម​រយៈ​ទិន្នន័យ​មួយ​នេះ គេ​អាច​ដឹង​ពី​ចំនួន​សត្វស្លាប​កើន​ឡើង ឬ​ថយ​ចុះ។ ផ្អែក​តាម​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិកខាងជើង​ដដែល លទ្ធផល​នៃ​ការ​សិក្សា​មួយ​នេះ​ត្រូវ​បាន​ប្រៀបធៀប​នឹង​ទិន្នន័យ​របស់​បណ្តាញ​រ៉ាដា​នៃ​ឧតុនិយមអាមេរិកាំង​ដែល​មាន​ស្ថានីយ​រ៉ាដា​ចំនួន ១៤៣កន្លែង​នៅ​អាមេរិក​ខាងជើង។ ស្ថានីយរ៉ាដា​ទាំង ១៤៣កន្លែង​មាន​ស្តុក​ព័ត៌មាន​ស្តីពី​ចលនា​របស់​ពពួក​សត្វស្លាប ពិសេស​អាច​ចាប់​បាន​ពី​ដំណើរ​បន្លាស់ទី​របស់​សត្វ​ស្លាប​នៅ​ពេល​យប់​ដែល​ភ្នែក​មនុស្ស​ពិបាក​មើល​ឃើញ។

គឺ​ទិន្នន័យ​ទាំង​ពីរ​បាន​មក​ពី​ប្រភព​ពីរ​ផ្សេង​គ្នា​ច្របាច់​បញ្ចូល​គ្នា​នេះ​ហើយ​ដែល​បាន​ធ្វើ​លទ្ធផល​នៃ​ការ​សិក្សា​មាន​ភាព​កាន់​តែ​ជាក់ច្បាស់។ លោក​វ៉ាង់សង់ ប្រឺតាញ៉ុល អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ម្នាក់​បាន​សម្លឹង​ឃើញ​ពី​សារៈសំខាន់ ព្រោះ​នេះ​ជា​លើកទី១ ដែល​មាន​ការ​សិក្សា​ពី​ស្ថានភាព​ពពួក​សត្វស្លាប​នៅ​ក្នុង​ទ្វីប​មួយ​ក្នុង​រយៈពេល ៥០ឆ្នាំ។ តើ​អ្វី​ទៅ​ជា​ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិកខាងជើង​បាត់បង់​សត្វស្លាប​គ្រប់​ប្រភេទ​ជិត ៣ ០០០លានក្បាល​តាំង​ពី​ឆ្នាំ ១៩៧០?។ មិន​បាច់​ស្វែង​រក​វែង​ឆ្ងាយ​ពេក​ទេ គឺ​ទង្វើ​របស់​មនុស្ស។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្តី​បន្ទោស​ពី​របៀប​ធ្វើ​កសិកម្ម​របស់​ប្រជាកសិករ​តាម​រយៈ​ការ​បង្កើន​ដំណាំ​កសិកម្ម ការ​ប្រើប្រាស់​ជីគីមី និង​ការ​ប្រើ​ថ្នាំ​សម្លាប់សត្វល្អិត។ ប្រភេទ​សត្វ​ខ្លះ​ប្រឈម​នឹង​ការ​គំរាមកំហែង​ច្រើន​ប្រភេទ ពិសេសប្រភេទ​សត្វ​ចំណាកស្រុក។

ជាក់ស្តែង ចំនួន​សត្វត្រចៀកកាំ​នៅ​អាមេរិកខាងជើង​បាន​ធ្លាក់​ចុះ​ចំនួន ៩០% តាំង​ពី​ឆ្នាំ ១៩៧០។ តាម​អ្នកស្រាវជ្រាវ ការ​បាត់បង់​សត្វស្លាប​បន្តបន្ទាប់​ជា​សញ្ញា​នៃ​ការ​រិចរិល​បរិស្ថាន​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​ចូរ​កុំ​ភ្លេច​ថា សត្វស្លាប​គឺ​ជា​សូចនាករ​ដ៏​ប្រសើរ​សម្រាប់​សុខភាព​បរិស្ថាន។ ក្រៅ​ពី​អាមេរិកខាងជើង អឺរ៉ុប​បាន​បាត់បង់​សត្វស្លាប​ចំនួន ៤០០លានក្បាល​ក្នុង​រយៈពេល ៣០ឆ្នាំ ពោល​បាត់បង់​អស់ ៣០% នៃ​ចំនួន​សត្វស្លាប​សរុប។ ការ​សិក្សា​ជា​ច្រើន​ចុះ​ផ្សាយ​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៩ បាន​បង្ហាញ​ពី​ការ​បាត់បង់​ពពួក​សត្វស្លាប​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។ នៅ​ប្រទេស​អង់គ្លេស ចំនួន​សត្វ​ស្លាប​បាន​ធ្លាក់​ចុះ ៦០% ក្នុង​រយៈពេល ៥០ឆ្នាំ​ចុង​ក្រោយ​នេះ។ ចំណែក​បារាំង​បាន​បាត់បង់​សត្វស្លាប​អស់ ៣០% ក្នុង​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ។ សម្រាប់​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​លោក​វ៉ាង់សង់ ប្រឺតាញ៉ុល វា​ល្មម​ដល់​ពេល​ដែល​ពិភពលោក​ត្រូវ​ពួតដៃ​គ្នា​ទប់ស្កាត់​នឹង​ការ​វិនាសហិនហោច​សត្វស្លាប​គ្រប់​ប្រភេទ​ក្នុង​លោក។

អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​រូប​នេះ​ដដែល​បាន​យល់​យល់​ឃើញ​ថា លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិកាំង​ពេល​នេះ​ជា​ការ​ទាញ​សញ្ញាអាសន្ន​មួយ​បន្ថែម​ទៀត និង​វា​ល្មម​ដល់​ពេល​ដែល​ថ្នាក់ដឹកនាំ​នយោបាយ​ត្រូវ​យក​លទ្ធផល​នៃ​ការសិក្សា​នេះ​ទៅ​គិតគូរ ពិចារណា​ឲ្យ​បាន​ដិតដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ