អានតួអត្ថបទ

កាណាដា ដង្ហែកូដកម្មទ្រង់ទ្រាយធំ ដើម្បីអាកាសធាតុ នាំមុខដោយយុវតី Greta Thunberg

នៅ​ថ្ងៃសុក្រ​ទី ២៧ កញ្ញាម្សិលមិញ មាន​​កូដកម្ម​ ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កាណាដា ត្រូវ​បាន​រៀប​ចំ​ឡើង។ ទម្រង់​​ធំជាង​គេ គឺ​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ដោយ​រាប់ឃើញ​មាន​មនុស្ស​រាប់​រយ​ពាន់​នាក់ បាន​ដង្ហែ​ក្បួន ពេញ​ដង​ផ្លូវ ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​សកម្មភាព​ដើម្បី​អាកាសធាតុ។ ហើយ​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត ក្បួន​បាតុកម្ម ត្រូវ​បាន​នាំ​មុខ​ដោយ​យុវតី Greta Thunberg។ ក្មេងៗ យុវភាព ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ​និង​សកលវិទ្យាល័យ​បាន​នាំ​គ្នា​ផ្អាក​ការ​សិក្សា​មួយ​ថ្ងៃ​ ដើម្បី​ចូល​រួម​ធ្វើ​បាតុកម្ម។

យុវតី​អ្នក​បរិស្ថាននិយមស៊ុយអែត Greta Thunberg ក្នុង​ក្បួន​បាតុកម្ម​នៅទីក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា ថ្ងៃទី ២៧ កញ្ញា ២០១៩
យុវតី​អ្នក​បរិស្ថាននិយមស៊ុយអែត Greta Thunberg ក្នុង​ក្បួន​បាតុកម្ម​នៅទីក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា ថ្ងៃទី ២៧ កញ្ញា ២០១៩ REUTERS/Andrej Ivanov
ផ្សាយពាណិជ្ជកម្ម

“គឺ​យើង​ជា​អ្នក​បញ្ចេញ​សកម្មភាព​ពេល​នេះ​ ព្រោះ​បើ​យើង​មិន​ធ្វើ គ្មាន​នរណា​ធ្វើ​ទេ” ! សំដី​​របស់​យុវតី​អាយុ​១៦​ឆ្នាំ កំពុង​ផ្លុំ​រងើក​កំហឹង​ឱ្យ​ឆេះឆាប​និង​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ ឬ ?

កម្រ​មាន​ណាស់ ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បែប​នេះ​នៅ​មុខ​សភា​ក្រុង​គេប៊ិច នៅ​ក្រុង​ម៉ុងរ៉េអាល់ ... ដើម្បី​ទាមទារ​រដ្ឋាភិបាល​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ជួយ​អាកាសធាតុ​យ៉ាង​ដូច្នេះ នៅ​កាណាដា។

សិស្ស​សាលា ភាគ​ច្រើន​ជា​សិស្ស​​អនុវិទ្យាល័យ​ សិស្ស​វិទ្យាល័យ កាណាដា​យ៉ាង ក្នុង​ចំនួន​ដ៏​​សន្ធឹក​សន្ធាប់ បាន​នាំ​គ្នា​ចុះ​ផ្លូវ​យ៉ាង​កក​កុញ ស្រែក​បញ្ចេញ​ក្តី​ព្រួយ​បារម្ភ​របស់ពួក​គេ ចំពោះ​ផែន​ដី ដែល​មនុស្ស​ចាស់ មនុស្ស​ធំ មិន​សូវ​ខ្វល់។ កាន់​បដាគ្រប់​ដៃ សិស្ស​សាលា​បឋម​សិក្សា ក៏​មក​ចូល​រួម​គាំទ្រ​ សិស្ស​ច្បង​ដែរ។ ខ្លះ​មាន​អាយុ​ទើប​​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ។

អ្នក​ផ្តួចផ្តើម​រៀប​ចំ​កូដកម្មដើរ​ដង្ហែក្បួន​ដើម្បី​អាកាសធាតុ​ លោក André Bélisle ដែល​ជា​អ្នក​បរិស្ថាន​និយម​បំផុត​ម្នាក់​នោះ បាន​ចាត់​ទុក​សុន្ទរកថា​របស់លោក​Justin Trudeau ​ប្រមុខ​រដ្ឋាភិបាល​កាណាដាស្តី​ពី​អាកាសធាតុ​ថាមាន​លាក់​ពុត។ លោក បាន​ប្រកាស​សន្យា​នៅទីក្រុងប៉ារីស​ ដោយ​ដាក់​ដៃ​លើ​ទ្រូង​​ដូច​ស្បថ​ផង ថា​នឹង​ប្រើ​គ្រប់​លទ្ធភាព​​ និង​ធ្វើ​ជាមេដឹកនាំ​ពិភពលោ​កដើម្បី​អាកាសធាតុ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ រដ្ឋាភិបាល​​បែរ​ជា​ព្រម​ពង្រីក​គម្រោង​​សាងសង់​បំពង់​បង្ហូរ​ប្រេង កាត់​ភ្នំ ​​ប្រវែង​រាប់ពាន់​គីឡូម៉ែត្រ​ ដើម្បី​ពង្រីកទីផ្សារ​ថាមពល​ទៅ​អាស៊ី​ទៅ​វិញ។

បាតុករ​ប្រមូល​ផ្តុំ​កម្លាំង​ជា​ធ្លុង​មួយ​ បាន​សន្យា​នឹង​តាមមើល​សកម្មភាព​របស់​រដ្ឋាភិបាល​មិន​ដាច់​ភ្នែក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ