អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកដូណាល់ ត្រាំ​និយាយ​ជាប្រធានាធិបតី បង្កហេតុ​ឬ​យ៉ាងណា? ក្នុងពេល​ដែល​សភា​កំពុង​បើក​នីតិវិធី ស៊ើបអង្កេត​ឈាន​ទៅ​ទម្លាក់លោក ក្នុងរឿង​ដែល​លោក​រំលោភអំណាច សុំ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន ស៊ើបអង្កេត​លើ​គ្រួសារ​របស់​បេក្ខជន​ប្រធានាធិបតី ចូ បាយដិន ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​និយាយ​ ដោយ​ចំហ សុំ​ឲ្យ ប្រទេស​ចិន ស៊ើបអង្កេត​លើ​កូនប្រុស​អតីតប្រធានាធិបតី Joe Bidenដែល​ធ្លាប់​បោះទុន​វិនិយោគ​នៅ​ប្រទេស​ចិន។ 

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅរដ្ឋFlorida ថ្ងៃទី ៣​តុលា ២០១៩
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅរដ្ឋFlorida ថ្ងៃទី ៣​តុលា ២០១៩ ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន ស៊ើបអង្កេត​លើ​មុខជំនួញ​របស់​កូនប្រុស លោក​ Joe Biden ដែល​សព្វថ្ងៃ ជា​បេក្ខជន​ប្រធានាធិបតី មកពីគណបក្ស​ប្រជាធិបតេយ្យ ដែល​អាច​ជា​គូប្រជែង​របស់លោក នៅក្នុងការបោះឆ្នោត ឆ្នាំ ២០២០។

ការអំពាវនាវ​របស់​លោកដូណាល់ ត្រាំ ធ្វើឡើង​នៅខណៈដែល​គណៈកម្មការ​សភា កំពុង​បើក​ការស៊ើបអង្កេត ក្នុង​ក្របខ័ណ្ឌនៃ​នីតិវិធី​ដក​តំណែង​លោក​ពី​ប្រធានាធិបតី ក្នុង​សំណុំរឿង​ទូរស័ព្ទ មួយ​ប្រធានាធិបតី​អ៊ុយក្រែន។

លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​បាន​ដាក់សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky ឲ្យ​បើក​ការស៊ើបអង្កេត លើ​កូនប្រុស​លោក Joe Biden ជាថ្នូរ​នឹង​ប្រាក់ជំនួយ​យោធា​របស់​អាមេរិក សម្រាប់​អ៊ុយក្រែននោះទេ។

ប៉ុន្តែ នៅ​ថ្ងៃ​ពុធ​ម្សិលម្ង៉ៃ នៅ​មុន​សភា​កោះហៅ​ប្រេសិត​អាមេរិក​ប្រចាំ​អ៊ុយក្រែន ឲ្យ​ចូល​ទៅ​ឆ្លើយបំភ្លឺ នៅសភា កំហឹង​របស់​លោកដូណាល់ មានកាន់តែ​ខ្លាំងៗឡើង។ លោក​បាន​ប្រើ​ពាក្យ​ប្រមាថ មើលងាយ​ខ្លាំងៗ ប្រធាន​គណៈកម្មការស៊ើបអង្កេត​របស់​សភា មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែលលោកចោទប្រកាន់​ថា ជាជនក្បត់ជាតិទៀតផង។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោក​ហាក់​ចាក់បណ្តោយ ទៅតាម​អ្នកកាសែត​ថា ដែល​សួរថា នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ តើ​លោក​ទន្ទឹង​ចង់បាន​អ្វី ពី​ប្រធានាធិបតី​អ៊ុយក្រែន។ លោកដូណាល់ ត្រាំបាន​ឆ្លើយវិញថា លោក​គិតថា ភាគី​អ៊ុយក្រែន ស្មោះត្រង់ ហើយ​និង​បើក​ការស៊ើបអង្កេត​លើ​គ្រួសារ​បាយដិន។

តាមប្រធានាធិបតី អាមេរិក អ៊ុយក្រែន ត្រូវ​ស៊ើបអង្កេត​លើ​គ្រួសារ​របស់​លោក Joe Biden ។ ដោយគិត​ពីរឿងនេះ លោក​យល់ថា ប្រទេស​ចិន ក៏ត្រូវ ស៊ើបអង្កេត​លើ​គ្រួសារ​បាយដិន​ដែរ ព្រោះថា អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ចិន គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូចអ្វី​ដែលបានកើតឡើង​នៅ​ប្រទេស​អ៊ុយក្រែន។ លោក​ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ដែរថា លោក​នឹង​ស្នើសុំ​ទៅ​ប្រធានាធិបតី​ចិន ឲ្យ​ស៊ើបអង្កេត លើ​គ្រួសារ​បាយដិន ដូច​ដែលលោក​ធ្លាប់​បាន​ស្នើទៅ​ប្រធានាធិបតី អ៊ុយក្រែន​អីចឹងដែរ។

ទៅតាម​ខ្លឹមសារ​សន្ទនា តាមទូរស័ព្ទ ជាមួយ ប្រធានាធិបតី​អ៊ុយក្រែន លោកដូណាល់ ត្រាំ ធ្លាប់​បាន​សុំឲ្យ​ភាគី​បើកការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ ប្រឆាំង​កូនប្រុស​របស់​លោកចូ បាយដិន ដែលធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន ឧស្ម័ន​អ៊ុយក្រែន នៅក្នុងពេល​លោកចូ បាយដិននៅធ្វើ​ជា​អនុប្រធានាធិបតី​អាមេរិក។ នៅក្នុង​ករណី​ប្រទេស​ចិន លោកដូណាល់ ត្រាំ បាន​ចោទប្រកាន់ កូនប្រុស​របស់​លោកចូ បាយដិន Joe Biden ថា បាន​ឆ្លៀត​យក​ទស្សនកិច្ច​នៅ​ប្រទេសចិន របស់​លោក Joe Biden កាល​នៅជា​អនុប្រធានាធិបតី អាមេរិក ដើម្បី ឆ្លៀតឱកាស​ធ្វើជំនួញ ជាមួយ​ក្រុមហ៊ុន​ចិន។ ការចោទប្រកាន់ដែល​មេធាវី​របស់​គ្រួសារ​លោក Jo Biden បដិសេធ ទាត់ចោល​ថា ជា​ការភូតភ​កុហកទាំងស្រុង ព្រោះថា កូន​លោកបាយដិន​បាន​ធ្វើ​ជំនួញមែន​ជាមួយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ នៅ​ឆ្នាំ ២០១៧ ពោល​គឺ​នៅ១ឆ្នាំ ក្រោយ អាណត្តិ​អនុប្រធានាធិបតី​របស់​លោកបាយដិន។

លោកដូណាល់ ត្រាំ​បាន​និយាយការពារ​ខ្លួន​ថា ក្នុង​នាមជា​ប្រធានាធិបតី លោក​មាន​សិទ្ធិ និង​រហូត​ដល់ទៅ​កាតព្វកិច្ច ផង ក្នុង​ការស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ។ ការស៊ើបអង្កេត ដែលអាមេរិក​អាច​ត្រូវការសុំ ឬ ស្នើ​ឲ្យ​ប្រទេស​ដទៃ​ទៀត ចូលរួម ជួយ​អាមេរិកដែរនោះ។

រុស្ស៊ី បើសិន​អ្នកស្តាប់…..

សេចក្តីអំពាវនាវ​របស់លោកដូណាល់ ត្រាំ លើកនេះ ដែល​ចង់​ឲ្យ​ចិន​បើកការស៊ើបអង្កេត លើ​កូនប្រុស​របស់លោក Jo Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី ឆ្នាំ ២០២០ បាន​ធ្វើ​ឲ្យ​គេ​នឹកទៅដល់​ឃ្លា​របស់​លោកដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការឃោសនា​​បោះឆ្នោត ឆ្នាំ ២០១៦។ កាលណោះ លោកដូណាល់ ត្រាំ បាន​បង្ហើរពាក្យ សុំ​ឲ្យ​រុស្ស៊ី ជួយ​ស្វែងរក​មែល របស់​បេក្ខជន ប្រធានាធិបតី លោកស្រី ហ៊ីឡារី គ្លីនតុន។ គេគ្មាន​ភស្តុតាងថា លោកដូណាល់ ត្រាំ បាន​ទាក់ទង​ជាមួយ​រុស្ស៊ី​ដោយផ្ទាល់​ទេ។ ប៉ុន្តែ ក្រោយមក ស្រាប់តែ​មាន​បែកលេចធ្លាយ​រឿងអាស្រូវ​មែលសម្ងាត់​របស់​លោកស្រី គ្លីនតុន ដែល​ជា​ដើមហេតុ​មួយ ធ្វើ​ឲ្យ​លោកស្រី​បរាជ័យ ចាញ់ឆ្នោត លោក​ដូណាល់ ត្រាំ។

នៅពេលនោះ លោកដូណាល់ ត្រាំ បាន​និយាយ​ថា ការដែលលោកនិយាយ​សុំរុស្ស៊ី​ជារឿង​លេងសើចទេ ប៉ុន្តែ លើកនេះ លោកដូណាល់ ត្រាំ ហាក់​មិននិយាយ​លេងៗ​ដូច​មុនទេ។ ការនេះបានធ្វើ​ឲ្យ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ជាតិ អាមេរិក​ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ចេញមុខ ប្រកាស​អំពាវនាវ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ នៅក្នុង​ចំណោម បេក្ខជន។ នៅក្នុង​សារ Twitter ប្រធាន​គណៈកម្មការ​បោះឆ្នោត​ជាតិ បាន​បញ្ជាក់ ប្រាប់​ប្រជាជនអាមេរិក ឲ្យ​ដឹងថា សម្រាប់​គ្រប់​បេក្ខជន ដែល​ឈរឈ្មោះ​សម្រាប់​តំណែង​សាធារណៈ វា​ជារឿង​ខុសច្បាប់ ដែល​ពួកគេ ទទួល ឬ​​ស្វែងរក​ជំនួយ ពីជនបរទេស នៅក្នុង​ក្របខ័ណ្ឌ​បោះឆ្នោត​អាមេរិក។

សម្រាប់​ក្រុមប្រជាធិបតេយ្យ ច្បាស់ណាស់ថា ការអំពាវនាវ​របស់លោកដូណាល់ ត្រាំ ដើម្បី​រកជំនួយ​ពីអ៊ុយក្រែន និង​ចិន ឲ្យ​ស៊ើបអង្កេត​លើ​កូនប្រុស​របស់​លោក Jo Biden កំពុង​ស្ថិតក្នុង​ករណី​លើកឡើង​របស់​ប្រធាន​គណៈកម្មការ​បោះឆ្នោត។

នីតិវិធី​ទម្លាក់តំណែងដែល​អាច​បរាជ័យ​ធ្លាក់ទឹក​នៅ​ព្រឹទ្ធសភា

លោកដូណាល់ ត្រាំ​ស្វែងរក​ជំនួយ​ពីរដ្ឋាភិបាល​បរទេស ដើម្បី ផលប្រយោជន៍​សន្លឹកឆ្នោត។ គណបក្ស​ប្រជាធិបតេយ្យ បាន​មើលឃើញ​ចំណុចខ្សោយ​មួយនេះ របស់លោកដូណាល់ ត្រាំ និង​បាន​បើកនីតិវិធី ទម្លាក់លោកត្រាំ ពីតំណែង​ប្រធានាធិបតី។

ប៉ុន្តែ ការប៉ុនប៉ង​របស់​គណបក្ស​ប្រជាធិបតេយ្យ ប្រហែល​មិន​បាន​ជោគជ័យ​នោះទេ ព្រោះថា គណបក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​ទម្លាក់​លោក​ដូណាល់ ត្រាំ តែ​នៅត្រឹម​សភា អ្នកតំណាងរាស្រ្ត ដោយសារ​ខ្លួន មាន​សំឡេង​ភាគច្រើន ប៉ុន្តែ ព្រឹទ្ធសភា គម្រោង​នេះនឹង​អាច​ធ្លាក់ទឹក ដោយសារ​ការបោះឆ្នោត​ប្រឆាំង​របស់​គណបក្ស​សាធារណរដ្ឋ របស់លោកដូណាល់ ត្រាំ ដែល​មានសំឡេង​ភាគច្រើន​នៅព្រឹទ្ធសភា។

ទោះជា​ឱកាស បោះឆ្នោត​ទម្លាក់​លោកដូណាល់ ត្រាំ មាន​តិច ប៉ុន្តែ រឿង​អាស្រូវ រំលោភអំណាច ពឹងប្រទេស ឲ្យ​ចូលលូកដៃ​ក្នុង​ការបោះឆ្នោត​យ៉ាងដូច្នេះ កំពុង​តែធ្វើ​ឲ្យ​ប្រធានាធិបតី​របស់លោកដូណាល់ ត្រាំ​ធ្លាក់កូដ មិនតិច​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ