លោកដូណាល់ ត្រាំស្នើសុំជាចំហ ឲ្យចិនស៊ើបអង្កេតកូនប្រុសលោក Joe Biden
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤១
លោកដូណាល់ ត្រាំនិយាយជាប្រធានាធិបតី បង្កហេតុឬយ៉ាងណា? ក្នុងពេលដែលសភាកំពុងបើកនីតិវិធី ស៊ើបអង្កេតឈានទៅទម្លាក់លោក ក្នុងរឿងដែលលោករំលោភអំណាច សុំឲ្យប្រធានាធិបតីអ៊ុយក្រែន ស៊ើបអង្កេតលើគ្រួសាររបស់បេក្ខជនប្រធានាធិបតី ចូ បាយដិន ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បាននិយាយ ដោយចំហ សុំឲ្យ ប្រទេសចិន ស៊ើបអង្កេតលើកូនប្រុសអតីតប្រធានាធិបតី Joe Bidenដែលធ្លាប់បោះទុនវិនិយោគនៅប្រទេសចិន។
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានអំពាវនាវឲ្យប្រទេសចិន ស៊ើបអង្កេតលើមុខជំនួញរបស់កូនប្រុស លោក Joe Biden ដែលសព្វថ្ងៃ ជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ដែលអាចជាគូប្រជែងរបស់លោក នៅក្នុងការបោះឆ្នោត ឆ្នាំ ២០២០។
ការអំពាវនាវរបស់លោកដូណាល់ ត្រាំ ធ្វើឡើងនៅខណៈដែលគណៈកម្មការសភា កំពុងបើកការស៊ើបអង្កេត ក្នុងក្របខ័ណ្ឌនៃនីតិវិធីដកតំណែងលោកពីប្រធានាធិបតី ក្នុងសំណុំរឿងទូរស័ព្ទ មួយប្រធានាធិបតីអ៊ុយក្រែន។
លោកដូណាល់ ត្រាំ ធ្លាប់បានបដិសេធថា លោកមិនបានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឲ្យបើកការស៊ើបអង្កេត លើកូនប្រុសលោក Joe Biden ជាថ្នូរនឹងប្រាក់ជំនួយយោធារបស់អាមេរិក សម្រាប់អ៊ុយក្រែននោះទេ។
ប៉ុន្តែ នៅថ្ងៃពុធម្សិលម្ង៉ៃ នៅមុនសភាកោះហៅប្រេសិតអាមេរិកប្រចាំអ៊ុយក្រែន ឲ្យចូលទៅឆ្លើយបំភ្លឺ នៅសភា កំហឹងរបស់លោកដូណាល់ មានកាន់តែខ្លាំងៗឡើង។ លោកបានប្រើពាក្យប្រមាថ មើលងាយខ្លាំងៗ ប្រធានគណៈកម្មការស៊ើបអង្កេតរបស់សភា មកពីគណបក្សប្រជាធិបតេយ្យ ដែលលោកចោទប្រកាន់ថា ជាជនក្បត់ជាតិទៀតផង។
នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកហាក់ចាក់បណ្តោយ ទៅតាមអ្នកកាសែតថា ដែលសួរថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ តើលោកទន្ទឹងចង់បានអ្វី ពីប្រធានាធិបតីអ៊ុយក្រែន។ លោកដូណាល់ ត្រាំបានឆ្លើយវិញថា លោកគិតថា ភាគីអ៊ុយក្រែន ស្មោះត្រង់ ហើយនិងបើកការស៊ើបអង្កេតលើគ្រួសារបាយដិន។
តាមប្រធានាធិបតី អាមេរិក អ៊ុយក្រែន ត្រូវស៊ើបអង្កេតលើគ្រួសាររបស់លោក Joe Biden ។ ដោយគិតពីរឿងនេះ លោកយល់ថា ប្រទេសចិន ក៏ត្រូវ ស៊ើបអង្កេតលើគ្រួសារបាយដិនដែរ ព្រោះថា អ្វីដែលបានកើតឡើងនៅប្រទេសចិន គឺមានលក្ខណៈធ្ងន់ធ្ងរដូចអ្វីដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន។ លោកដូណាល់ ត្រាំ បានមានប្រសាសន៍ដែរថា លោកនឹងស្នើសុំទៅប្រធានាធិបតីចិន ឲ្យស៊ើបអង្កេត លើគ្រួសារបាយដិន ដូចដែលលោកធ្លាប់បានស្នើទៅប្រធានាធិបតី អ៊ុយក្រែនអីចឹងដែរ។
ទៅតាមខ្លឹមសារសន្ទនា តាមទូរស័ព្ទ ជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោកដូណាល់ ត្រាំ ធ្លាប់បានសុំឲ្យភាគីបើកការស៊ើបអង្កេតសំណុំរឿងពុករលួយ ប្រឆាំងកូនប្រុសរបស់លោកចូ បាយដិន ដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឧស្ម័នអ៊ុយក្រែន នៅក្នុងពេលលោកចូ បាយដិននៅធ្វើជាអនុប្រធានាធិបតីអាមេរិក។ នៅក្នុងករណីប្រទេសចិន លោកដូណាល់ ត្រាំ បានចោទប្រកាន់ កូនប្រុសរបស់លោកចូ បាយដិន Joe Biden ថា បានឆ្លៀតយកទស្សនកិច្ចនៅប្រទេសចិន របស់លោក Joe Biden កាលនៅជាអនុប្រធានាធិបតី អាមេរិក ដើម្បី ឆ្លៀតឱកាសធ្វើជំនួញ ជាមួយក្រុមហ៊ុនចិន។ ការចោទប្រកាន់ដែលមេធាវីរបស់គ្រួសារលោក Jo Biden បដិសេធ ទាត់ចោលថា ជាការភូតភកុហកទាំងស្រុង ព្រោះថា កូនលោកបាយដិនបានធ្វើជំនួញមែនជាមួយក្រុមហ៊ុនចិន ប៉ុន្តែ នៅឆ្នាំ ២០១៧ ពោលគឺនៅ១ឆ្នាំ ក្រោយ អាណត្តិអនុប្រធានាធិបតីរបស់លោកបាយដិន។
លោកដូណាល់ ត្រាំបាននិយាយការពារខ្លួនថា ក្នុងនាមជាប្រធានាធិបតី លោកមានសិទ្ធិ និងរហូតដល់ទៅកាតព្វកិច្ច ផង ក្នុងការស៊ើបអង្កេតលើសំណុំរឿងពុករលួយ។ ការស៊ើបអង្កេត ដែលអាមេរិកអាចត្រូវការសុំ ឬ ស្នើឲ្យប្រទេសដទៃទៀត ចូលរួម ជួយអាមេរិកដែរនោះ។
រុស្ស៊ី បើសិនអ្នកស្តាប់…..
សេចក្តីអំពាវនាវរបស់លោកដូណាល់ ត្រាំ លើកនេះ ដែលចង់ឲ្យចិនបើកការស៊ើបអង្កេត លើកូនប្រុសរបស់លោក Jo Biden ដែលជាបេក្ខជនប្រធានាធិបតី ឆ្នាំ ២០២០ បានធ្វើឲ្យគេនឹកទៅដល់ឃ្លារបស់លោកដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ ២០១៦។ កាលណោះ លោកដូណាល់ ត្រាំ បានបង្ហើរពាក្យ សុំឲ្យរុស្ស៊ី ជួយស្វែងរកមែល របស់បេក្ខជន ប្រធានាធិបតី លោកស្រី ហ៊ីឡារី គ្លីនតុន។ គេគ្មានភស្តុតាងថា លោកដូណាល់ ត្រាំ បានទាក់ទងជាមួយរុស្ស៊ីដោយផ្ទាល់ទេ។ ប៉ុន្តែ ក្រោយមក ស្រាប់តែមានបែកលេចធ្លាយរឿងអាស្រូវមែលសម្ងាត់របស់លោកស្រី គ្លីនតុន ដែលជាដើមហេតុមួយ ធ្វើឲ្យលោកស្រីបរាជ័យ ចាញ់ឆ្នោត លោកដូណាល់ ត្រាំ។
នៅពេលនោះ លោកដូណាល់ ត្រាំ បាននិយាយថា ការដែលលោកនិយាយសុំរុស្ស៊ីជារឿងលេងសើចទេ ប៉ុន្តែ លើកនេះ លោកដូណាល់ ត្រាំ ហាក់មិននិយាយលេងៗដូចមុនទេ។ ការនេះបានធ្វើឲ្យប្រធានគណៈកម្មការបោះឆ្នោតជាតិ អាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ចេញមុខ ប្រកាសអំពាវនាវឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងចំណោម បេក្ខជន។ នៅក្នុងសារ Twitter ប្រធានគណៈកម្មការបោះឆ្នោតជាតិ បានបញ្ជាក់ ប្រាប់ប្រជាជនអាមេរិក ឲ្យដឹងថា សម្រាប់គ្រប់បេក្ខជន ដែលឈរឈ្មោះសម្រាប់តំណែងសាធារណៈ វាជារឿងខុសច្បាប់ ដែលពួកគេ ទទួល ឬស្វែងរកជំនួយ ពីជនបរទេស នៅក្នុងក្របខ័ណ្ឌបោះឆ្នោតអាមេរិក។
សម្រាប់ក្រុមប្រជាធិបតេយ្យ ច្បាស់ណាស់ថា ការអំពាវនាវរបស់លោកដូណាល់ ត្រាំ ដើម្បីរកជំនួយពីអ៊ុយក្រែន និងចិន ឲ្យស៊ើបអង្កេតលើកូនប្រុសរបស់លោក Jo Biden កំពុងស្ថិតក្នុងករណីលើកឡើងរបស់ប្រធានគណៈកម្មការបោះឆ្នោត។
នីតិវិធីទម្លាក់តំណែងដែលអាចបរាជ័យធ្លាក់ទឹកនៅព្រឹទ្ធសភា
លោកដូណាល់ ត្រាំស្វែងរកជំនួយពីរដ្ឋាភិបាលបរទេស ដើម្បី ផលប្រយោជន៍សន្លឹកឆ្នោត។ គណបក្សប្រជាធិបតេយ្យ បានមើលឃើញចំណុចខ្សោយមួយនេះ របស់លោកដូណាល់ ត្រាំ និងបានបើកនីតិវិធី ទម្លាក់លោកត្រាំ ពីតំណែងប្រធានាធិបតី។
ប៉ុន្តែ ការប៉ុនប៉ងរបស់គណបក្សប្រជាធិបតេយ្យ ប្រហែលមិនបានជោគជ័យនោះទេ ព្រោះថា គណបក្សប្រជាធិបតេយ្យបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ តែនៅត្រឹមសភា អ្នកតំណាងរាស្រ្ត ដោយសារខ្លួន មានសំឡេងភាគច្រើន ប៉ុន្តែ ព្រឹទ្ធសភា គម្រោងនេះនឹងអាចធ្លាក់ទឹក ដោយសារការបោះឆ្នោតប្រឆាំងរបស់គណបក្សសាធារណរដ្ឋ របស់លោកដូណាល់ ត្រាំ ដែលមានសំឡេងភាគច្រើននៅព្រឹទ្ធសភា។
ទោះជាឱកាស បោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ មានតិច ប៉ុន្តែ រឿងអាស្រូវ រំលោភអំណាច ពឹងប្រទេស ឲ្យចូលលូកដៃក្នុងការបោះឆ្នោតយ៉ាងដូច្នេះ កំពុងតែធ្វើឲ្យប្រធានាធិបតីរបស់លោកដូណាល់ ត្រាំធ្លាក់កូដ មិនតិចនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ