អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៥
នៅក្នុងប្រទេសអេក្វាទ័រ ប្រធានាធិបតីលោកឡេនីន ម៉ូរ៉េណូ និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកបានយល់ព្រមចូលតុចរចាជាលើកទី១ នាថ្ងៃអាទិត្យ ទី១៣ តុលា។ ការព្រមព្រៀងផ្តើមកិច្ចសន្ទនារវាងគ្នាពេលនេះបានធ្វើឡើង ក្រោយពីប្រជាជនម្ចាស់ស្រុកបានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងកំណែទម្រង់របស់លោកឡេនីន ម៉ូរ៉េណូតាំងពី ១១ថ្ងៃកន្លងមក។ ក្បួនបាតុកម្មដែលបង្កប់ដោយអំពើហិង្សាខ្លាំងក្លារវាងក្រុមបាតុករ និងកម្លាំងប៉ូលិសបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ របួសជាង ១ ០០០នាក់ និងចាប់ខ្លួនជាង ១ ០០០នាក់ផ្សេងទៀត។ កំណើនអំពើហិង្សាពីមួយថ្ងៃទៅមួយថ្ងៃបានបង្ខំប្រធានាធិបតីឲ្យប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃច័ន្ទ ទី៧ តុលា និងបានដាក់ពង្រាយកម្លាំងប៉ូលិស និងទាហានចំនួន ៧៤ ០០០នាក់។
អ្វីៗបានផ្តើមចេញពីកំណែទម្រង់សេដ្ឋកិច្ចជាតិរបស់ប្រធានាធិបតីលោកឡេនីន ម៉ូរ៉េណូដែលតម្រូវតាមលក្ខខណ្ឌទាមទារពីអន្តរជាតិ ពិសេសអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ លក្ខខណ្ឌនោះ គឺប្រាក់កម្ចីដូរនឹងកំណែទម្រង់ មានន័យថា ដើម្បីអាចទទួលបានប្រាក់កម្ចីពីអន្តរជាតិចំនួន ១០៣ ០០០លានដុលារ ក្នុងនោះមាន ៤ ២០០លានដុល្លារពី IMF បាន លោកម៉ូរ៉េណូត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រទេសដោយចៀសមិនរួច។ ត្រង់ចំណុចនេះ លោកម៉ូរ៉េណូបានចាត់វិធានការធ្វើកំណែទម្រង់នៅក្នុងវិស័យសំខាន់ចំនួន ៣ គឺសេដ្ឋកិច្ច ការងារ និងពន្ធដារ។
វិធានការកំណែទម្រង់សេដ្ឋកិច្ចបានចាប់ផ្តើមពីការលុបចោលប្រាក់ឧបត្ថម្ភធនលើប្រេងសាំង ដំឡើងប្រាក់ជំនួយសង្គមចំពោះអ្នកមានចំណូលតិច ឬមួយក៏កាត់បន្ថយពន្ធចំនួនពាក់កណ្តាលសម្រាប់វិស័យកសិកម្ម និងឧស្សាហកម្ម។ វិធានការកំណែទម្រង់ការងារបានចាប់ផ្តើមពីការកាត់បន្ថយប្រាក់ខែចំនួន ២០% ពីមន្រ្តីរដ្ឋការដែលមានកិច្ចសន្យា កាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់មន្រ្តីរដ្ឋការពី ៣០ថ្ងៃមកនៅ ១៥ថ្ងៃ មន្រ្តីរដ្ឋការត្រូវផ្តល់ប្រាក់ខែខ្លួនចំនួន ១ថ្ងៃក្នុង១ខែឲ្យរដ្ឋ ឬមួយក៏បង្កើតនីតិវិធីសម្រួលដល់ការជ្រើសរើសបុគ្គលិកថ្មី និងការបញ្ឈប់បុគ្គលិកចាស់។ ចំណែកវិធានការកំណែទម្រង់ក្នុងវិស័យពន្ធដារបានចាប់ផ្តើមពីការកាត់បន្ថយពន្ធសម្រាប់អ្នកដាំដើមចេក ឬការលុបចោលពន្ធលើការនាំចូលទូរស័ព្ទដៃ និងកុំព្យូទ័រ។
តែអ្វីដែលបានបញ្ឆេះកំហឹងពលរដ្ឋទូទៅ ពិសេសក្រុមជនជាតិដើមម្ចាស់ស្រុកខ្លាំងជាងគេ គឺការលុបចោលប្រាក់ឧបត្ថម្ភធនលើប្រេងសាំង។ វិធានការមួយនេះបានអនុញ្ញាតឲ្យរដ្ឋឈប់ចំណាយលុយចំនួន ១ ៣០០លានដុល្លារក្នុងមួយឆ្នាំ។ តែវិធានការមួយនេះបានធ្វើឲ្យតម្លៃប្រេងសាំងឡើងថ្លៃទ្វេដង ពោលឡើង ១២៣% និងតម្លៃធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈស្ទុះឡើងដល់ទៅ ៤០%។
ចលនារបស់ជនជាតិដើមម្ចាស់ស្រុកធា្លប់បានទម្លាក់ប្រធានាធិបតី ៣នាក់
ក្រុមជនជាតិដើមម្ចាស់ស្រុកដែលភាសាបារាំងហៅថា Indigènes ឬ Indigenous ជាភាសាអង់គ្លេសមានចំនួន ២៥% ក្នុងចំណោមប្រជាជនអេក្វាទ័រសរុប ១៧ ៣០០ ០០០នាក់។ ប្រជាជនម្ចាស់ស្រុកភាគច្រើនប្រកបមុខរបរនៅក្នុងវិស័យកសិកម្ម និងមានចំនួន ៦៨% ជាអ្នកក្រីក្រ។ បាតុករម្ចាស់ស្រុកមិនបានប្រឆាំងនឹងគ្រប់វិធានការកំណែទម្រង់របស់ប្រធានាធិបតីលោកឡេនីន ម៉ូរ៉េណូទេ ពោលគឺប្រឆាំងតែលើវិធានការលុបចោលប្រាក់ឧបត្ថម្ភធនលើប្រេងសាំង។ ក្រុមជនជាតិដើមម្ចាស់ស្រុកភាគច្រើនធ្វើការងារនៅក្នុងវិស័យកសិកម្មបានមើលឃើញថា តម្លៃប្រេងសាំង និងតម្លៃដឹកជញ្ជូនឡើងថ្លៃខ្លាំងធ្វើឲ្យការចំណាយដឹកជញ្ជូនផលិតផលកសិកម្មរបស់ពួកគេមានតម្លៃខ្ពស់។
អ្វីដែលពួកគេទាមទារចង់បាន គឺឲ្យលោកម៉ូរ៉េណូដកចេញវិញនូវវិធានការលុបចោលប្រាក់ឧបត្ថម្ភធនលើប្រេងសាំង។ គួរបញ្ជាក់ថា ប្រជាជនម្ចាស់ស្រុកនៅអេក្វាទ័រដែលមានត្រឹម ២៥% នៃប្រជាជនអេក្វាទ័រសរុបទាំងជាង ១៧លាននាក់កំពុងបន្តមានឥទ្ធិពល និងអំណាចខ្លាំង។ នៅក្នុងអតីតកាល ចលនារបស់ពួកគេធា្លប់បានទម្លាក់ប្រធានាធិបតីអេក្វាទ័រចំនួន ៣រូប។
ឆន្ទៈនៃការងាករកដំណោះស្រាយដោយសន្តិវិធី
បន្ទាប់ពីមានបាតុកម្មហិង្សាអស់រយៈពេល ១១ថ្ងៃដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ របួសជាង ១ ០០០នាក់ និងចាប់ខ្លួនជាង ១ ០០០នាក់មក ប្រធានាធិបតីលោកឡេនីន ម៉ូរ៉េណូ និងក្រុមជនជាតិដើមម្ចាស់ស្រុកបានយល់ព្រមចូលតុចរចានៅថ្ងៃអាទិត្យ ទី១៣ តុលា។ អ្នកដែលបានបោះដៃ និងអំពាវនាវឲ្យមានកិច្ចសន្ទនាមុនគេ គឺប្រធានាធិបតីលោកម៉ូរ៉េណូ។ តែតាំងពីវិបត្តិសង្គមដ៏ហិង្សាមួយនេះបានផ្ទុះក្នុងថ្ងៃដំបូងមក អង្គការសហប្រជាជាតិ និងវិហារកាតូលិកអេក្វាទ័របានរួមដៃគ្នាយ៉ាងសស្រាក់សស្រាំក្នុងការអំពាវនាវ និងបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធទាំងអស់ឲ្យជួបជជែកគ្នា។ កត្តាមួយទៀតដែលគេមិនអាចមើលរំលងបាន គឺការប្តេជ្ញាចិត្តរបស់លោកម៉ូរ៉េណូដែលបង្ខំចិត្តធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិដើម្បីអាចទទួលបានប្រាក់កម្ចីពីអន្តរជាតិ។
នៅក្នុងន័យនេះ និងដើម្បីប្រឈមនឹងកំណើនសន្ទុះរបស់បាតុករ លោកម៉ូរ៉េណូមិនញញើតប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ពង្រាយកម្លាំងប៉ូលិស និងទាហាន ឬមួយក៏រើទីស្នាក់ការរដ្ឋាភិបាលចេញពីទីក្រុងទៅដាក់កន្លែងផ្សេងជាបណ្តោះអាសន្ន។ តាំងពីដើមដំបូង ក្រុមជនជាតិដើមម្ចាស់ស្រុករឹងទទឹងមិនព្រមចរចា និងទាមទារឲ្យលោកម៉ូរ៉េណូដកវិធានការលុបចោលប្រាក់ឧបត្ថម្ភធនលើប្រេងសាំងចេញវិញ។ កំណែទម្រង់ចេញវិញក៏បានយល់ព្រមតាមសំណើសុំចរចារបស់លោកម៉ូរ៉េណូ។ សូមជម្រាបថា លោកម៉ូរ៉េណូដែលបានស្គាល់កម្រិតប្រជាប្រិយភាពធ្លាក់ចុះខ្លាំងកំពុងប្រឈមនឹងវិបត្តិសង្គមមួយធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពីលោកបានជាប់ឆ្នោតក្នុងឆ្នាំ ២០១៧។
តើវិបត្តិសង្គមមួយនេះនឹងត្រូវចប់តាមរយៈការចរចាពេលនេះ ឬយ៉ាងណា?។ គេនៅមិនទាន់អាចឆ្លើយបានទេ តែអ្វីដែលគេអាចនិយាយបានពេលនេះគឺថា ភាគីពាក់ព័ន្ធមានឆន្ទៈចង់ងាកទៅដោះស្រាយបញ្ហាដោយសន្តិវិធីជាជាងបន្តប្រឈមមុខដាក់គ្នាដោយហិង្សា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ