ក្រុមយុទ្ធជនគួឌីស្ថានស៊ីរីចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដាម៉ាស ដើម្បីទប់ទល់នឹងតួកគី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៥
វិបត្តិស៊ីរីបានឈានដល់របត់ថ្មី ! ក្រុមគួឌីស្ថាននៅស៊ីរី ដែលធ្លាប់ជាសម្ព័ន្ធមិត្តអាមេរិក បានប្រកាសនៅថ្ងៃអាទិត្យទី ១៣ តុលានេះ សម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងដាម៉ាស ដើម្បីបានកម្លាំងទៅជួយការពារព្រំដែន ប្រឈមនឹងការវាយប្រហារពីសំណាក់កងទ័ពតួកគី។ ភាគីទាំងពីរអាចភ្ជាប់ទំនាក់ទំនង និងចរចាគ្នាបាន ដោយមានរុស្ស៊ីជាអន្តរការី តាំងពីតួកគីចាប់បើកប្រតិបត្តិការយោធាមក។
សេចក្តីប្រកាសរបស់ក្រុមគួឌីស្ថានព្រមត្រូវរ៉ូវជាមួយរដ្ឋាភិបាលស៊ីរី ជារបត់ថ្មី នៃវិបត្តិស៊ីរី ដ៏ស្មុគស្មាញ ព្រោះតាំងពីដើមរៀងមក ក្រុមយុទ្ធជនគួកឌីស្ថាន ដែលគ្រប់គ្រងតំបន់ភាគខាងជើងប្រទេសស៊ីរី (មួយភាគបីនៃប្រទេស) ត្រូវបានរដ្ឋាភិបាលស៊ីរី ចាត់ទុកជាក្រុមក្បត់ជាតិ ដោយងាកទៅចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញ ភាគីទាំងពីរ បែរជាប្រកាសចុះកិច្ចព្រមព្រៀងគ្នា និងចាប់ដៃគ្នារួមគ្នាជាកម្លាំងតែមួយ ដើម្បីការពារប្រទេសប្រឈមនឹងអ្វីដែលគេអាចហៅថាជា "ការឈ្លានពាន” របស់តួកគី។
កងកម្លាំងគួឌីស្ថាន មានឈ្មោះល្បី ជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា និងបានយកឈ្នះពួកជីហាតរដ្ឋអ៊ីស្លាមនៅស៊ីរី ជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីរបស់លោកបាស្ហារ អាល់អាសាដកំពុងកាន់អំណាច។ ប៉ុន្តែនៅពេលពួកអង្គការរដ្ឋអ៊ីស្លាមបរាជ័យអស់ គឺកងកម្លាំងគួឌីស្ថានខ្លួនឯង ដែលរងការវាយប្រហារពីសំណាក់កងទ័ពតួកគីទៅវិញ ក្រោមហេតុផលថា ក្រុមនេះជារនាំងស្ទះមិនឱ្យអង់ការ៉ាកម្ចាត់ពួកជីហាតភេរវនិយមអង្គការរដ្ឋអ៊ីស្លាម។ បើកផ្លូវដោយការប្រកាសដកកងទ័ពអាមេរិកមួយភាគ តួកគីបានបើកប្រតិបត្តិការយ៉ាងសន្ធាប់ តាំងពីថ្ងៃពុធ មក បាននិងកំពុងដណ្តើមយកបានទីតាំងរបស់គួឌីស្ថានជាបណ្តើរៗ។ ទាហានគួឌីស្ថាន ដែលចំណាយកម្លាំងកាយ និងអាវុធយុទ្ធភ័ណ្ឌស្ទើរអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាម និងដែលចាប់ទន់ដៃទៅ រងគ្រោះបាត់បង់ជីវិតកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ដោយប្រតិបត្តិការយោធាតួកគី។
ប្រឈមនឹងស្ថានការបែបនេះ បូកផ្សំនឹងសេចក្តីសម្រេចចិត្តរបស់អាមេរិកដកកងទ័ពទាំងស្រុង ប្រមាណ១ពាន់នាក់ចេញពីភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យទៀត ក្រុមគួដឌីស្ថាន គ្មានជម្រើសអ្វីក្រៅពីត្រូវងាកទៅរករដ្ឋាភិបាលស៊ីរី។
ជាកិច្ចព្រមព្រៀងដ៏ចុកចាប់ តែដើម្បីការពារព្រំដែនប្រទេស
ភាគីទាំងពីរ បានផ្តើមចរចាគ្នា តាំងពី៥ថ្ងៃមកហើយ។ ហើយគឺក្រុមគួឌីស្ថាន តែម្តងដែលជាស្នើទៅរុស្ស៊ី ឱ្យធ្វើអន្តរការី ភ្ជាប់ទំនាក់ទំនង ឱ្យមានកិច្ចចរចាជាមួយរដ្ឋាភិបាលលោកបាស្ហារ អាល់អាសាដ។
តាមរយៈកិច្ចព្រមព្រៀង រដ្ឋាភិបាលស៊ីរីរបស់លោក បាស្ហារ អាល់អាសាដ អាចបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងជើងប្រទេស ដូចជាក្រុង មីនបី និងក្រុងកូបាណេ។ ជាកិច្ចព្រមព្រៀងយោធាបឋម ដោយពុំមានភ្ជាប់លក្ខខណ្ឌស្វ័យភាពរបស់គួឌីស្ថានទេ។ រដ្ឋបាលគួឌីស្ថាននៅតែមានដំណើរការពាក់កណ្តាលស្វយ័តធម្មតាដដែល។ បើតាមអ្នកទទួលខុសត្រូវគួឌីស្ថាន លក្ខខណ្ឌនយោបាយត្រូវលើកទៅជជែកនៅពេលក្រោយ។ គួដឌីស្ថាន សុខចិត្តទទួលយកកិច្ចព្រមព្រៀងទាំងចុកចាប់ ឱ្យអាចការពារព្រំដែនប្រទេសបាន។
កងទ័ពស៊ីរី បានធ្វើដំណើរទៅដល់តំបន់ព្រំដែនហើយ កងរថក្រោះនិងពាសដែកខ្លះ ស្ថិតនៅចម្ងាយតែប្រមាណ៦គីឡូម៉ែត្រពីព្រំទល់ជាមួយតួកគី។
“សញ្ញាវិជ្ជមាន”
ហានិភ័យនៃការប្រឈមមុខគ្នាដោយផ្ទាល់លើសមរភូមិប្រយុទ្ធទល់នឹងកងទ័ពរបស់តួកគីមានកំរិតខ្ពស់ជាងពេលណាៗទាំងអស់។ នេះជាការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប ដែលក៏បានទទួលស្គាល់ថាគ្មានអំណាចអ្វីអាចគាបតួកគីឱ្យបញ្ឈប់យុទ្ធនាការប្រឆាំងក្រុមគួដឌីស្ថាននៅស៊ីរីបានទេ
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក អ៊ែរដូហ្កានប្រធានាធិបតីតួកគី បានអះអាងប្រតិបត្តិការយោធាតួកគីប្រឆាំងនឹងក្រុមគួឌីស្ថាននៅស៊ីរី គឺ ដើម្បីបង្កើតតំបន់ “សុវត្ថិភាព” សម្រាប់ផ្ទេរជនភៀសខ្លួនស៊ីរី ជាង៣,៦លាននាក់ពីតួកគីទៅស៊ីរី។ លោកបានធានាថា បានធ្វើគ្រប់យ៉ាងដើម្បីឱ្យបងប្អូនអារ៉ាប់ស៊ីរីអាចមកតាំងទីនៅក្នុងក្រុងភាគខាងជើងស៊ីរីបាន។ លោក អ៊ែរដូហ្កាន យល់ថាវត្តមានកងទ័ពស៊ីរីនៅតាមព្រំដែនមិនមែនជាបញ្ហាទេ តែតាមការពិតគឺជាសញ្ញាវិជ្ជមាន ស្របតាមគំនិតផ្តួចផ្តើមរបស់លោកពូទីនប្រធានាធិបតីរុស្ស៊ី។
រុស្ស៊ី ដែលរីករាយនឹងការដកកងទ័ពអាមេរិក មិនគាំទ្រប្រតិបត្តិការយោធាតួកគីនៅក្រុងកូបាណេឡើយ តែក៏មិនបានដំឡើងសំឡេងសំលុតតួកគីដែរ។ ដូច្នេះគេមិនដឹងថាតើលោកអ៊ែរដូហ្កាន ហ៊ានល្មើសនឹងលោកពូទីន និងថាតើលោកពូទីនអាចបញ្ចុះបញ្ចូលលោកអ៊ែរដូហ្កានឱ្យបញ្ចប់ប្រតិបត្តិការត្រឹមណេះបានឬយ៉ាងណាទេ។ អ្វីដែលច្បាស់សម្រាប់ពេលនេះ គឺការដកកងទ័ពអាមេរិកចេញពីស៊ីរី បានបើកផ្លូវឱ្យរុស្ស៊ីធ្វើជាមេកើយនៅក្នុងតំបន់ ឱ្យកម្លាំងដល់លោក បាស្ហា អាល់អាសាដ។ ការប្រែប្រួលនឹងមានខ្លាំងនៅរវាងពីរបីថ្ងៃខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ