អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀងតួកគី-អាមេរិក៖​ក្រុមគួដឌីស្ថាន​ត្រូវ​អាមេរិក បោះបង់ចោល​ជាលើកទី២

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីចរចា​ជាង​៤ម៉ោង ជាមួយ ប្រធានាធិបតី​តួកគី នៅទីក្រុង​អង់ការ៉ា កាលពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ អនុប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ប្រកាសថា តួកគី​យល់ព្រម ធ្វើ​បទឈប់បាញ់ ​ឈប់​វាយប្រហារ​ទៅ​លើ​កងកម្លាំង​គួដឌីស្ថាន នៅ​តំបន់​ភាគខាងជើង ស៊ីរី។ ប៉ុន្តែ ជាមួយគ្នានេះ កងកម្លាំង​គួដឌីស្ថាន ក៏​ត្រូវ​ដក​ខ្លួន​ថយ ចេញពី​តំបន់​កាន់កាប់​របស់ខ្លួន នៅ​ព្រំដែន ពោល គឺ​ប្រមាណ​៣២​គីឡូម៉ែត្រ ពី​ព្រំដែន​តួកគី ចូល​ទៅក្នុង​ទឹកដី​ស៊ីរី ដើម្បី​ទុក​ឲ្យ​តួកគី​អាច​បង្កើត​តំបន់​សុវត្ថិភាពសម្រាប់​ដាក់ជនភៀសខ្លួន​ស៊ីរី។ នេះបើតាម កិច្ចព្រមព្រៀង ដែល​អាមេរិក បានរកឃើញ​ជាមួយ​រដ្ឋាភិបាល​តួកគី​កាលពី​ថ្ងៃ​ម្សិលមិញ។ លោកដូណាល់ ត្រាំ បាន​ប្រកាស​ពីជោគជ័យ​នៃ​នយោបាយការបរទេស​របស់​អាមេរិក ដែល​បាន​ជួយ​បិទបញ្ចប់​សង្រ្គាមបង្ហូរឈាម ទៅលើ​កងកម្លាំង​គួដឌីស្ថាន។ 

ប្រធានាធិបតី​តួកគីលោក Recep Tayyip Erdogan ជួបពិភាក្សា​ជាមួយ​អនុប្រធានាធិបតីអាមេរិកMike Pence នៅវិមានប្រធានាធិបតី​នៅទីក្រុង​អង់ការ៉ា​ថ្ងៃទី ១៧​តុលា ២០១៩
ប្រធានាធិបតី​តួកគីលោក Recep Tayyip Erdogan ជួបពិភាក្សា​ជាមួយ​អនុប្រធានាធិបតីអាមេរិកMike Pence នៅវិមានប្រធានាធិបតី​នៅទីក្រុង​អង់ការ៉ា​ថ្ងៃទី ១៧​តុលា ២០១៩ ©Murat Kula/Presidential Press Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​តួកគី នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​យល់ព្រម ផ្អាក ប្រតិបត្តិការ វាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថាន ស៊ីរី រយៈពេល ៥ថ្ងៃ នៅបន្ទាប់ពី​មានជំនួប ចរចា រវាង​អនុប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​តួកគី នៅទីក្រុង​អង់ការ៉ា កាលពីថ្ងៃ​ម្សិលមិញ។ នៅក្រោយ​ជំនួប​ជាមួយ អនុប្រធានាធិបតី លោក​Mike Pence តួកគី​បាន​ផ្លាស់ប្តូរជំហរ ព្រោះថា កាលពី​ថ្ងៃពុធ ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន ធ្លាប់​បាន​អះអាងថា លោក​នឹង​មិនធ្វើ​បទឈប់បាញ់ ហើយក៏​មិន​ខ្លាច ការទណ្ឌកម្ម​របស់​អាមេរិកដែរ។

ទៅតាម​កិច្ចព្រមព្រៀង កងទ័ព​តួកគី នឹង​ផ្អាក​ការវាយប្រហារ​ទៅលើ​កងកម្លាំង​គួដឌីស្ថាន រយៈពេល ៥ថ្ងៃ ពោល គឺ​បន្ទាប់ពី​បាន​បើក​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុមនេះ អស់​រយៈពេល ៨ថ្ងៃមក។

រដ្ឋមន្រ្តី​ការបរទេស​តួកគី​បាននិយាយ​ថា តួកគី​មិនបាន​អនុវត្តបទឈប់បាញ់ទេ ប៉ុន្តែ គឺគ្រាន់តែ​ផ្អាក ការវាយប្រហារ មួយរយៈ តែប៉ុណ្ណោះ ដោយ​ទុក​ពេល ៥ថ្ងៃ ឲ្យ​ទាហាន​គួដឌីស្ថាន ត្រូវតែ​ដកចេញ ពី​តំបន់ នៅតាម​ព្រំដែន​តួកគី-ស៊ីរី។ អនុប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​យ៉ាងដូច្នេះ​ដែរ​ថា តួកគី ផ្អាក​ការវាយប្រហារ រយៈពេល ៥ថ្ងៃ និង​ឈាន​ទៅ​បិទបញ្ចប់​តែម្តង នៅពេល​កងកម្លាំង​គួដឌីស្ថាន​ស៊ីរី ដកខ្លួន ចេញឲ្យ​អស់​ពី​តំបន់ ជាប់ព្រំដែន ពោល​គឺ​ចម្ងាយ​៣២​គីឡូម៉ែត្រ ពី​ព្រំដែន​តួកគី។ កិច្ចព្រមព្រៀង តួកគី​-អាមេរិក បាន​លើកឡើង​ពីចម្ងាយ ៣២​គីឡូម៉ែត្រ​ទៅ​ខាងទឹកដី​ស៊ីរី ដែល​កងកម្លាំង គួដឌីស្ថាន ត្រូវ​ដកខ្លួន​ថយ ប៉ុន្តែ កិច្ចព្រមព្រៀង នេះ​មិនបាន​បញ្ជាក់​ពី​ប្រវែង តាមខ្សែបន្ទាត់ ព្រំដែន តួកគី​ស៊ីរី​នោះទេ។ នៅ​មុន​បើក​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថាន ដែល​កាន់កាប់​តំបន់​ភាគខាងជើង ស៊ីរី ដែល​ជាប់ជាមួយ​ព្រំដែន តួកគី ប្រធានាធិបតី​តួកគី បាន​បង្ហាញ​ពី​ផែនការ ចង់​បាន​ទឹកដី ភាគខាងជើង ស៊ីរី ដែលស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ជាមួយ ស៊ីរី ប្រមាណ ៤៨០ គីឡូម៉ែត្រ ដើម្បី​យកទៅធ្វើ​ជា​តំបន់​សុវត្ថិភាព សម្រាប់​ដាក់​ប្រជាជន​ភៀសខ្លួន​ស៊ីរី ជាង ២លាននាក់ ដែលពេលនេះ កំពុង​ជ្រកកោន​ក្នុង​ទឹកដី​តួកគី។

សូមអាន៖ តើគួដឌីស្ថានជានរណា ?

តាម​កិច្ចព្រមព្រៀង ថ្ងៃ​ព្រហស្បតិ៍ ទាហាន​តួកគី ជា​អ្នកទទួលបន្ទុក ចាត់ចែង គ្រប់គ្រង​តំបន់​សុវត្ថិភាព ក្នុង​ទឹកដី​ស៊ីរី ដោយ​គ្មាន​វត្តមាន​របស់​ពួកទាហាន​គួដឌីស្ថាន។

អនុប្រធានាធិបតី​អាមេរិក លោកMike Pence និយាយ​ថា អាមេរិក​នឹង​ធ្វើការ​ជាមួយ​ក្រុមគួដឌីស្ថាន ដើម្បី ជួយ​សម្រួល ឲ្យ​ការដកខ្លួន​ថយ​របស់​ទាហាន​គួដឌីស្ថាន ប្រព្រឹត្ត​ទៅ​ដោយរលូន ក្នុង​រយៈពេល​៥ថ្ងៃនេះ។ នៅបន្ទាប់​ពី​បញ្ហា​ដោះស្រាយ​ចប់សព្វគ្រប់ ពោល​គឺ​តួកគី​ឈប់វាយប្រហារ​ទាំងស្រុង​ទៅលើ​ក្រុមគួដឌីស្ថាន នោះអាមេរិក​នឹង​លុបចោល​វិញ ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​អាមេរិក​ធ្លាប់​ដាក់​ទៅលើ​តួកគី​កន្លងមក។

លោកដូណាល់ ត្រាំ​លើកឡើង​ពីថ្ងៃ​ដ៏វិសេស​សម្រាប់អាមេរិក តួកគី និង​ប្រជាជន​គួដឌីស្ថាន

នៅក្នុង​មិទិ្ទញ នៅ​រដ្ឋតិចសាស់ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ម្សិលមិញ បាន​លើកនិយាយ​ពី​ថ្ងៃ​ដ៏វិសេស​សម្រាប់​តួកគី និង​ក្រុមគួដឌីស្ថាន។ សម្រាប់​លោកដូណាល់ ត្រាំ ក្រុមគួដឌីស្ថាន​កំពុង​សប្បាយចិត្ត​នឹង​ដំណោះស្រាយ​របស់​អាមេរិក ​ដែល​បាន​ជួយ​ទៅ​បិទបញ្ចប់ សង្រ្គាម សម្លាប់​បង្ហូរឈាម គ្នា តាមរយៈ បទឈប់បាញ់ ៥ថ្ងៃ​របស់​តួកគី។

ស្តាប់មួយភ្លែត គេអាច​គិតថា លោកប្រធានាធិបតី អាមេរិក​ប្រឹងប្រែង ណាស់ ដើម្បី​ជួយ​សម្របសម្រួល ​ឲ្យ​មាន​កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់។ ប៉ុន្តែ តាមពិត អាមេរិក​កំពុងតែ​ព្យាយាម​ទៅ​ដោះស្រាយ បញ្ហា ភាពវឹកវរ ដែល​តាមពិត គឺ​លោកដូណាល់ ត្រាំ ខ្លួនឯង ដែល​ជា​អ្នកបង្កឡើង ដោយសារ​តែ​សម្រេច​ដកកងទ័ព​អាមេរិក ចេញពីស៊ីរី ដែលដូចជា​បើកឱកាស​ឲ្យ​តួកគី​បើកការវាយប្រហារ ទៅលើ​ពួកគួដឌីស្ថាន។ កិច្ចព្រមព្រៀង តួកគី អាមេរិក កាលពីថ្ងៃ​ម្សិលមិញ ទៀតសោត មិនមែន​ជា​ដំណោះស្រាយ ពិតប្រាកដនោះទេ។ ថ្វីត្បិតថា វា​បានជំរុញ ឲ្យ​តួកគីសុខចិត្ត​ផ្អាក ការវាយប្រហារយោធា ឈប់​ឲ្យ​មានការសម្លាប់បង្ហូរឈាម ជាពិសេស ទៅលើ​ប្រជាជនស៊ីវិល ប៉ុន្តែ កិច្ចព្រមព្រៀងនេះ មិន​បាន​ទៅ​ដោះស្រាយ បញ្ហា​ពិតប្រាកដនោះទេ។

ដោយយល់ព្រមព្រៀងជាមួយ​តួកគី តាមរយៈ ការខ្លួន​ដកថយ​របស់​ក្រុមគួដឌីស្ថាន ​ចេញពី​តំបន់ កាន់កាប់​របស់​ពួកគេ ដើម្បី បើកផ្លូវ​ឲ្យ​តួកគី ចូល​ទៅ​បង្កើត ​តំបន់​សុវត្ថិភាព ក្នុង​ទឹកដី​ស៊ីរី អាមេរិករបស់លោកដូណាល់ ត្រាំ កំពុង​បើកផ្លូវ ឲ្យ​តួកគី ចូល​ទៅ​រំលោភ​ យក​ទឹកដី​របស់​ពួកគួដឌីស្ថាន ដោយចេញមុខ ដោយ​មិន​ចាំបាច់​ចំណាយ​កម្លាំង​យោធា។ តួកគី​ដែល​ជាអ្នកចំណេញ ទាំងស្រុង​ពី​កិច្ចព្រមព្រៀងជាមួយ​អាមេរិក ព្រោះ ថា តួកគី​បាន​ទទួល​អ្វីៗ គ្រប់យ៉ាង​ដែល​ខ្លួន​ប្រាថ្នា​តាំងពីដើមមក។ គឺ​លោកដូណាល់ ត្រាំ បានជួយ​ឲ្យ​តួកគី​សម្រេចផែនការនេះ បាន​ដោយ​ស្រួល និងអាច​ជៀសរួច​ផុត​ពី​ការរិះគន់ ដោយសារតែ​មាន​អាមេរិក​ជា​អ្នកបើកផ្លូវ។

កងទ័ព​គួដឌីស្ថានស៊ីរី ត្រូវ​អាមេរិក​បោះបង់ចោល​ជាលើកទី២

ក្រុមទាហាន​គួដឌីស្ថានស៊ីរី​ត្រូវ​អាមេរិក​របស់​លោកដូណាល់ ត្រាំ បោះបង់ចោល​ម្តងហើយ ទៅក្នុង​ក្រញ៉ាំដៃ​របស់​ទាហាន​តួកគី ដោយសារ​តែ​លោកដូណាល់ ត្រាំ បាន​ប្រកាស​ដកកងទ័ព​អាមេរិក​ចេញពីទឹកដី ស៊ីរី។ ជាមួយ​នឹង​កិច្ចព្រមព្រៀងតួកគី អាមេរិក ក្រុមគួដឌីស្ថាន​ស៊ីរី ត្រូវ​អាមេរិក​បោះបង់ ចោល​ម្តងទៀត។ ដូច្នេះ ក្រុមគួដឌីស្ថាន ស៊ីរី ដែលបារម្ភ​ខ្លាច​ការសម្លាប់​ប្រល័យពូជសាសន៍ លើ​ជនជាតិ​គួដ ដោយសារ​តែ​ប្រតិបត្តិការ​បោសសម្អាត​របស់​រដ្ឋាភិបាល​តួកគី គ្មានជម្រើស​អ្វីផ្សេង ក្រៅតែ​ពី​ទទួល​យល់ព្រម តាម​កិច្ចព្រមព្រៀង ដែល​អាមេរិក​ចរចា ជាមួយ​តួកគីនោះទេ។

នៅថ្ងៃ ម្សិលមិញ មេបញ្ជាការ​កងទ័ព​គួដឌីស្ថាន បាន​និយាយ​ប្រាប់​ទូរទស្សន៍​អារ៉ាប់ ថា ទាហាន​គួដឌីស្ថាន ស្វាគម បទឈប់បាញ់ និង​សុខចិត្ត យល់ព្រម​អនុវត្ត​តាម​កិច្ចព្រមព្រៀង ប៉ុន្តែ ក្រុមគួដឌីស្ថាន នឹង​យល់ព្រម​ដកខ្លួនចេញតែ​ពីតំបន់ ដែលកំពុង​រងការប្រហារ​ខ្លាំង របស់​តួកគី តែប៉ុណ្ណោះ។ មួយវិញទៀត ក្រុមប្រដាប់អាវុធ គួដឌីស្ថាន យល់ព្រមដកខ្លួនថយចេញពី​តំបន់ ជាប់ព្រំដែន​ជាមួយ​តួកគី ប៉ុន្តែ មិនគាំទ្រ​ឲ្យ​មាន​រើប្តូផ្លាស់ទី​ប្រជាជន គួដឌីស្ថាន​ចេញពី​តំបន់ភាគខាងជើង​ទឹកដី​ស៊ីរីនោះទេ។ ក្រុមគួដឌីស្ថាន ប្រាថ្នា​ចង់​បាន​ដូច្នេះមែន ប៉ុន្តែ ថា តើ​តួកគី​យល់ព្រមធ្វើ​តាម​ដែរ​ឬទេ។ ចម្លើយ​គឺអត់​ទេ ព្រោះថា រដ្ឋាភិបាល​តួកគី ចង់ បាន​ទឹកដី​ភាគខាងជើង ស៊ីរី មួយផ្នែក សម្រាប់ ដាក់ប្រជាជនភៀសខ្លួន​ស៊ីរីក៏ពិត​មែន ប៉ុន្តែ បំណង​ធំ​របស់​ប្រធានាធិបតី តួកគី គឺ បំបែក​កម្ចាយ​ឲ្យ​ខ្ទេច សំបុក​របស់​ប្រជាជន​គួដឌីស្ថានស៊ីរី ដែល រដ្ឋាភិបាល​តួកគី​ចាត់ទុក ជាក្រុមភេរវនិយម រួមដៃគ្នា​ជាមួយ​ក្រុមគួដឌីស្ថាន ក្នុង​ស្រុក​តួកគី ដើម្បី វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ