ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាមេរិក

ប៊ូអ៊ីង ជាប់ចោទលាក់ឯកសារ​ទាក់ទង​នឹង​សុវត្ថិភាព​យន្តហោះ​737Max

media  
តាំង​មាន​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​អេត្យូពី​មក គ្រប់​យន្តហោះ​ Boeing 737 MAX មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហោះហើរ​ទៀត​ទេ REUTERS/Mike Blake

ប៊ូអ៊ីង​កំពុង​លង់​នឹង​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ ទាក់ទង​នឹងសុវត្ថិភាព​​យន្តហោះ​ប្រភេទ​៧៣៧​Max ! នៅ​ថ្ងៃសុក្រ​ម្សិលមិញ ស្ថាប័ន​គ្រប់គ្រង​ចរាចរណ៍​អាកាស​អាមេរិក​ បានធ្វើ​ការ​ចោទប្រកាន់​ក្រុមហ៊ុន​ប៊ូអ៊ីង ថា​បា​ន​លាក់​ឯកសារ​ដ៏​សំខាន់​ ស្តី​ពី​ប្រព័ន្ធ​សុវត្ថិភាព​យន្តហោះ។ អ្នក​បើកបរ​បាន​​លើក​ឡើង​អំពី​បញ្ហា​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ទប់​យន្តហោះ​មិន​ឱ្យ​ធ្លាក់ តាំង​ពី​ក្នុងដំណាក់កាល​តេស្ត​​សាកល្បងម្ល៉េះ។

តើ​ជា​ការ​ធ្វេសប្រហែស ឬ ជា​ឆន្ទៈ​លួច​បន្លំ​​របស់​ប៊ូអ៊ីង ដើម្បី​ឱ្យ​យន្តហោះ​ប៊ូអ៊ីង ​ប្រភេទ​ 737 MAX បាន​ទទួល​សិទ្ធិ​ហោះហើរ​និង​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​អាកាស ? គេ​អាច​សង្ស័យ​យ៉ាងណា​ក៏​បាន​ ព្រោះ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ មាន​ការ​ទម្លាយ​ឱ្យ​ដឹង​នូវ​​ ការ​ផ្តោះប្តូរ​សារ​គ្នា​រវាង​អ្នក​បើកបរ​ ធ្វើ​តេស្ត​សាកល្បងយន្តហោះ​ ​ពីរនាក់​ ម្នាក់​ជា​ប្រធាន ម្នាក់​ជា​សហការី កាលពី​ឆ្នាំ​២០១៦ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរការ​ហោះហើរ​សាកល្បង​ មុន​នឹង​ចេញពី​ចរាចរណ៍។

នៅ​ក្នុង​កិច្ចសន្ទនា​នោះ “អ្នកធ្វើ​តេស្ត​​បើកបរ​ម្នាក់ បាន​លើក​ឡើង​អំពីភាព​មិន​ប្រក្រតី​ និងគួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​ប្រព័ន្ធ​ប្រឆាំង​នឹង​ដាំក្បាលយន្តហោះ​ធ្លាក់​ចុះ ជា​ស្វ័យប្រវត្តិ​ នៅ​ពេល​សាកល្បង​លើ​គំរូ​យន្តហោះ។ ​អ្នកធ្វើ​តេស្ត​​បើក​បរ​ម្នាក់​ទៀត​​ឆ្លើយ​ថា ដូច្នេះ​​ត្រូវ​បញ្ជាក់​ក្នុង​ក្បួន​បើក​ ពេល​មាន​អាសន្ន អំពី​​​បញ្ជា​ការ​បើកបរ​ដោយ​ដៃ​ទៅ​ !”។ តែ​​បទបញ្ជា​នេះ​គ្មាន​ចែង​ក្នុង​សៀវភៅ​ស្តី​ពី​​វិធីហោះហើរ​ទេ។

ប្រសិន​បើ​មានការ​បញ្ជាក់​អំពី​​វិធានការសង្គ្រោះ​ តើ​គេ​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​បាន​មែនឬ ? នេះ​ជា​អ្វី​ដែល​គេ​ត្រូវ​វិភាគ​ឱ្យ​ស៊ីជម្រៅ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ ការ​ទម្លាយ​កិច្ចសន្ទនាខាង​លើ​បាន​បង្ក​បង្កើត​ឱ្យ​មានភាព​រំជើបរំជួល​យ៉ាង​ខ្លាំង ព្រោះ​មាន​ន័យ​ថា​ប៊ូអ៊ីង​បាន​ដឹង​រឿង​តាំង​ពី​ខែ​កុម្ភៈ​មក​ តែ​មិន​បាន​ជូន​ដំណឹង​ដល់​ភ្នាក់ងារ​សហព័ន្ធ​អាកាសចរណ៍​និង​ក្រសួង។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​ប៊ូអ៊ីង​ធ្លាក់​ថ្លៃ​អស់ ៦,៨%​។ ប្រធាន​ក្រុមហ៊ុន​ ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​សភា​និង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី ២៩​តុលា​ខាង​មុខ។ តំណាង​អ្នក​ប្រជាធិបតេយ្យ​ យល់​ថា​នេះ​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ​ ដែល​គេ​ស្វែង​រក​យូរមក​ហើយ​។ តាំង​ពីឆ្នាំ​២០១១មក ក្រុមហ៊ុន​ត្រូវ​ជាប់​សង្ស័យ​ថា មើលស្រាល​សុវត្ថិភាព គិត​តែ​ពីផលចំណេញ​និង​ចំណូលដើម្បី​ប្រកួត​ឈ្នះ​ក្រុមហ៊ុន​អ៊ែរប៊ូស​អឺរ៉ុបដែល​ទើប​ចេញ​យន្តហោះ​ប្រភេទ​ថ្មី​A៣២០Neo ​ច្រើនជាង។

ការ​ផលិត​យន្តហោះ​៧៣៧Max បាន​ចំណាយ​ពេល​ដ៏​ខ្លីបំផុត ព្រោះ​គ្រាន់​តែ​​ធ្វើ​ទំនើបកម្មយន្តហោះ​ ៧៣៧ (ផលិត​នៅ​ឆ្នាំ​១៩៦០) ដោយ​បំពាក់​ម៉ាស៊ីន​ថ្មី​ ធ្ងន់​ខ្លាំង​ជាង​មុន។ យន្តហោះ​បាន​ចេញ​ធ្វើ​ចរាចរណ៍​នៅ​ខែ​វិច្ឆិកា ២០១៥ ជាមួយ​នឹង​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ ទទួល​បាន​ការ​បញ្ជា​ទិញ​មិន​តិច​ជាង ៥ពាន់ ព្រោះ​គេមិន​ត្រូវ​ការ​បំពាក់​បំប៉ន​អ្នក​បើក​បរ​ពី​របៀប​បើក​ថ្មី​ទេ។ ប៉ុន្តែ​នៅ​ខែ​១៣​មីនា ២០១៩ យន្តហោះ​៧៣៧Max ត្រូវ​រង​បម្រាម​ លែង​ឱ្យ​ធ្វើការ​ហោះហើរសោះ ក្រោយ​ពី​មាន​គ្រោះថ្នាក់​ពីរ ជា​បន្ត​បន្ទាប់​គ្នា ៖ នៅ​ខែ​តុលា​២០១៨ យន្តហោះ​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​បាន​ធ្លាក់ ស្លាប់​អ្នក​ដំណើរ​១៨៩​នាក់ និងនៅ​ថ្ងៃទី ១០​មីនា ២០១៩ យន្តហោះ​ប្រភេទ​ដដែល​របស់​អេត្យូពី​បាន​ធ្លាក់​ក្រោយ​ពី​ហោះ​ឡើង​បាន​តែ​ប៉ុន្មាន​នាទី​ ស្លាប់​មនុស្ស​អស់​១៥៧​នាក់។

ក្តី​សង្ឃឹម​ថា​នឹង​ឃើញ​យន្តហោះ​ប៊ូអ៊ីង ៧៣៧​Max ធ្វើ​ចរាចរណ៍​ឡើង​វិញ នៅ​មុន​ដំណាច់​ឆ្នាំ​២០១៩ កំពុង​រសាត់​កាន់​តែ​ឆ្ងាយ​ហើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ