ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាមេរិក

បោះឆ្នោតកាណាដា ៖ ​នាយក​រដ្ឋមន្ត្រី​Trudeau ឈរ​ឈ្មោះ​អាណត្តិ​ថ្មី តែ​ចុះ​ខ្សោយ​ខ្លាំង

media លោក​ Justin Trudeau និង​គូប្រជែង​ជា​ប្រធាន​គណបក្ស​អភិរក្ស​លោក Andrew Scheer Adrian Wyld/Pool via REUTERS

តើកាណាដា នឹង​ជ្រើសរើស​​ ​លោក ទ្រុយដូ (Justin Trudeau) ឱ្យ​បន្ត​​ដឹកនាំ​រដ្ឋាភិបាល​​​អាណត្តិ​ទីពីរ ឬ​ក៏​ប្តូរ​មេដឹកនាំ​ថ្មី ក្មេង​ជាង​ មាន​និន្នាការ​នយោបាយ​ជា​​អ្នក​អភិរក្ស​និយម​ លោក អង់ឌ្រូ ស្ហែរ (Andrew Scheer) ? ពលរដ្ឋ​កាណាដា​ជាង ២៧​,៤លាន​នាក់​ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ចន្ទ​ទី ២១ តុលានេះ តាម​រយៈ​ការ​បោះឆ្នោត​សភា​ ជ្រើសរើស​សមាជិក​សភា​៣៣៨រូប ដែល​គេ​ពិបាក​ស្មាន​លទ្ធផល​បំផុត។

បើការ​ស្ទង់​មតិនេះ​​ក្លាយ​ជា​ការ​ពិត គ្មាន​គណបក្ស​ណា​មួយ​អាច​ទទួល​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​នៅក្នុង​សភា សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន​ឡើយ។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​គគ្រឹកគគ្រេង និងដ៏​​តាន​តឹង​ផង​នៅពេល​ខ្លះ ទំនង​ជា​មិន​អាច​យក​ឈ្នះ​ចិត្ត​ពលរដ្ឋ​កាណាដាទេ។ គណបក្ស​ធំៗ​ពីរ ដែល​ធ្លាប់​តែ​ឆ្លាស់​គ្នា​ដឹកនាំ​ប្រទេស តាំង​ពីឆ្នាំ ១៨៦៧​មក បាន​ទទួល​ការ​គាំទ្រ​ស្ទើរ​ស្មើគ្នា ! ពិតជា​ពុំដែល​ធ្លាប់​កើត​មាន​ទេ !​

គណបក្ស​សេរីនិយម​របស់​លោក​ ទ្រុយដូ អាច​ដណ្តើម​បាន​អាសនៈ​ប្រមាណ​ពី ៣១​ទៅ​៣៤% និង​ប្រមាណ​តែ​៣២-៣៣% សម្រាប់​​គណបក្ស​អភិរក្ស​និយម​ របស់​លោក ស្ហែរ។ ​តាម​រយៈ​លទ្ធផល​ស្ទង់​មតិ គណបក្ស​ធំជាង​គេ​ទាំងពីរ មិន​អាច​មាន​តំណាង​រាស្ត្រ​១៧០​រូប ដើម្បី​ក្លាយ​ជា​បក្ស​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅសភា​ឡើយ។ ក្នុង​ករណី​បែប​នេះ អនាគត​នាយករដ្ឋមន្ត្រី​ថ្មី ត្រូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​តូចៗ​ផ្សេង​ទៀត។ ជា​ឧទាហរណ៍​គណបក្សប្រជាធិបតេយ្យ ដែល​ជា​បក្ស​ថ្មី​ថ្មោង ដឹកនាំ​ដោយ​លោក Singh តែ​មាន​សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​ដល់​ទៅ ២០% ឬ​គណបក្ស​អ្នក​ឯករាជ្យ​និយម​កេបិច ដែល​ធ្លាប់​មាន​តំណាង​​ដល់​ទៅ ១ភាគ​បួន​នៅ​សភា ដឹកនាំ​ដោយ​លោក​Yves François Blanchet។

បេក្ខជន​នាយក​រដ្ឋមន្ត្រី​ពី​ឆ្វេង​ទៅ ស្តាំ ៖ លោក​Yves-François Blanchet លោក Andrew Scheer ពិធីករ Pierre Bruneau លោក​ Justin Trudeau និង​លោក Jagmeet Singh ក្នុង​កម្មវិធី​តស៊ូ​មតិ​ JOEL LEMAY / POOL / AFP

បើ​និយាយ​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​វិញ អាយុ​លែង​ជា​គុណសម្បត្តិនៃការ​ប្រកួត​ប្រជែង​ទៀត​ហើយ។ គេ​នៅ​ចង​ចាំ​បាន​ថា​ ក្នុង​សម័យ​បោះឆ្នោតសភា​ឆ្នាំ​២០១៥ វ័យ​ក្មេង​របស់​លោក​ទ្រុយដូ​ ជា​ចំណែក​មួយ​រុញ​លោក​បាន​​ទទួល​ជ័យ​ជំនះ។ តែ​ឆ្នាំ​នេះ គូប្រជែង​លោក Scheer ឬ​លោក​ Singh មាន​អាយុ​ទើប​៤០​ឆ្នាំ​ ទល់​នឹង​៤៧ឆ្នាំ​សម្រាប់​លោក​ទ្រុយដូ។ មិន​តែ​ប៉ុណ្ណោះ លោក​ទ្រុយដូ កំពុង​ចុះ​ទន់​ខ្សោយ​ប្រជាប្រិយភាព និង​រួមរឹត​ដោយ​រឿង​អាស្រូវ​ជា​ច្រើន​ទៀត ដូច​ជា​យក​នយោបាយ​ទៅ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ ឬ​ថតរូប​ឡកឡើយ​ជា​មួយ​ជនស្បែក​ខ្មៅ ...

ប៉ុន្តែទោះ​បី​មិន​ឈ្នះ​ឆ្នោត​ក៏​ដោយ​ ក៏​លោក​ទ្រុយដូ នៅ​តែ​មាន​ប្រៀប​ជាង​បេក្ខជន​ដទៃ។ ប្រព័ន្ធ​បោះឆ្នោត​កាណាដា ចែង​អនុញ្ញាត​​ឱ្យ​នាយករដ្ឋមន្ត្រីផុត​អាណត្តិ ​បន្ត​តំណែងទៀត ឱ្យ​​អាចប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់ខាត​នៅ​សភា​បាន។ គណបក្ស​អភិរក្ស​​ បាន​ចោទ​លោក​ទ្រុយដូ​រួច​ជា​ស្រេច​ទៅ​ហើយ​ថា​បាន​ទៅ​លួច​ចរចា​ចង​មេត្រី​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​បាន​នៅ​កាន់​អំណាច៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ