កាណាដា ៖ លោកទ្រុយដូ ជាប់អាណត្តិថ្មី តែគ្មានសំឡេងភាគច្រើននៅក្នុងសភា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៩
ដូចការស្ទង់មតិ និងបើតាមលទ្ធផលបឋម គណបក្សសេរីនិយមកាណាដាដែលកំពុងកាន់អំណាច បានឈ្នះ នៅក្នុងសម័យបោះឆ្នោតសភាថ្ងៃទី ២១តុលា មែន ប៉ុន្តែគណបក្ស គ្មានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាទេ នៅក្នុងអាណត្តិនេះ ដោយប្រមូលបានអាសនៈតែប្រមាណជិត១៦០កៅអីប៉ុណ្ណោះ។ មានន័យថាលោក ទ្រុយដូ អាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីកាណាដាបន្តទៀត ប៉ុន្តែក្នុងអាណត្តិទីពីរនេះ លោកជាប្រមុខរដ្ឋាភិបាលភាគតិច ដោយត្រូវចងសម្ព័ន្ធជាមួយគណបក្សផ្សេងទៀតក្នុងការដឹកនាំប្រទេស។ តើរដ្ឋាភិបាលភាគតិចមានន័យយ៉ាងណា ? មានការដឹកនាំប្រទេសយ៉ាងដូចម្តេច ?
បើតាមលទ្ធផលបឋម គណបក្សសេរីនិយមដឹកនាំដោយលោក ទ្រុយដូ បានទទួលសំឡេងនាំមុខគេ ប្រមាណ១៥៧អាសនៈ គណបក្សអភិរក្សនិយមដែលជាគូប្រជែងដ៏ចំបងនិងដែលមានការគាំទ្រប្រហាក់ប្រហែលគ្នានៅគ្រប់ការស្ទង់មតិ ដណ្តើមអាសនៈបានប្រមាណតែ១២០កៅអីទេ។ លោក Scheer ប្រធានគណបក្សប្រឆាំង បានប្រកាសទទួលស្គាល់បរាជ័យភ្លាម និងបានថ្លែងអបអរជោគជ័យរបស់លោកទ្រុយដូ តែបានឆ្លៀតព្រមានថា “រដ្ឋាភិបាលទ្រុយដូជិតអស់ខ្យល់ហើយ អ្នកអភិរក្សត្រៀមជាស្រេចនឹងមកបន្ត បើពេលនោះមកដល់”។
ពាក្យព្រមាននេះមិនខុសទេ ព្រោះថ្វីបើលោក ទ្រុយដូ បានឈ្នះឆ្នោតមាននាមជានាយករដ្ឋមន្ត្រីអាណត្តិទីពីរមែន ប៉ុន្តែដោយគ្មានសំឡេងភាគច្រើននៅក្នុងសភា រដ្ឋាភិបាលទ្រុយដូថ្មី ជារដ្ឋាភិបាលភាគតិច ដោយត្រូវស្វែងការចងសម្ព័ន្ធមេត្រីជាមួយគណបក្សផ្សេង មួយឬច្រើនទៀត ដើម្បីអាចបង្កើតរដ្ឋាភិបាលបានផង និងដើម្បីបញ្ចៀសការធ្វើញ្ញតិទម្លាក់ផង។
គ្រាន់តែបោះឆ្នោតចប់ កិច្ចការដ៏ចំបងទីមួយរបស់លោក ទ្រុយដូ ដែលត្រូវចាប់ផ្តើមតាំងពីព្រឹកនៅថ្ងៃអង្គារទៅតែម្តង គឺទៅចរចាជាមួយលោក Jagmeet Singh ប្រធានគណបក្សប្រជាធិបតេយ្យ ដែលទទួលបានសំឡេងគាំទ្រប្រមាណ២៤អាសនៈ។ ការគាំទ្ររបស់គណបក្សនេះតែមួយ គ្រប់គ្រាន់នឹងជួយលោកទ្រុយដូឱ្យប្រមូលសំឡេងភាគច្រើនដាច់ខាតក្នុងសភាហើយ។ សេណារីយោ ចងសម្ព័ន្ធជាមួយគណបក្សកេប៉ិច (៣២អាសនៈ) ដែលស្ថិតនៅលំដាប់ទីបី នៃការបោះឆ្នោត ក៏ជាលទ្ធភាពមួយដែរ តែទំនងជាពិបាកបន្តិចព្រោះមេបក្សនេះបានបដិសេធមិនចរចាជាមួយទេ។ សម្ព័ន្ធភាពជាមួយបក្សកេប៊ិច បើអាចកើតមាន ក៏ចំណងដែលមិនសូវរឹងមាំ ដូចជាមួយគណបក្សប្រជាធិបតេយ្យដែរ។
រដ្ឋាភិបាលភាគតិច ផុយស្រួយ
ក្រោយពីរកសម្ព័ន្ធមិត្តគាំទ្របាន ទើបលោកទ្រុយដូ ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថ្មី និងតាក់តែងកម្មវិធីដឹកនាំប្រទេសអាណត្តិទីពីរ។ ប៉ុន្តែការគាំទ្រ ដើម្បីអាចរក្សាលោកឱ្យនៅកាន់អំណាចជាប់ ជាថ្នូរនឹងការតម្រឹមបន្ស៊ីនយោបាយគ្នា មិនមែនជាការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពអ្វីជាផ្លូវការទេ។ ជាទូទៅ រដ្ឋាភិបាលភាគតិចបែបនេះ ត្រូវប្រើការចរចាច្រើន លើគ្រប់គម្រោង គ្រប់សំណើ ទាំងអស់ ជាមួយបក្សប្រឆាំង-បក្សដែលព្រមគាំទ្រខ្លួន ដើម្បីអាចឆ្លងកាត់សភារួច។ នៅពេលណា បក្សធ្លាប់គាំទ្រលោក ដូរចិត្ត លោក ទ្រុយដូ អាចនឹងប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្តទៀត។ ដូច្នេះរដ្ឋាភិបាលភាគតិចជារដ្ឋាភិបាលផុយស្រួយ ដោយបក្សប្រឆាំងអាចមានមធ្យោបាយច្រើនយ៉ាងសម្រាប់ផ្ចាញ់។
សូម្បីតែសុន្ទរកថាចូលកាន់តំណែង ដែលជាការបង្ហាញផែនការដឹកនាំប្រទេសអាណត្តិថ្មី ត្រូវឆ្លងកាត់ ជាចាំបាច់ការអនុម័តពីសភា។ សុន្ទរកថានឹងត្រូវអានដោយអគ្គទេសាភិបាល ដែលជាតំណាងព្រះមហាក្សត្រអេលីហ្សាបែតទីពីរ-ជាប្រមុខរដ្ឋកាណាដា រួចសភានឹងផ្តល់ទំនុកចិត្តតាមក្រោយ។ បើសមាជិកសភាមិនបោះឆ្នោតអនុម័តក្នុងសំឡេងភាគច្រើនដាច់ខាតទេ នោះរដ្ឋាភិបាលលោកទ្រុយដូ ត្រូវស្លាប់មុនកើតទៅវិញ។ លោក ទ្រុយដូ ត្រូវធ្លាក់ពីអំណាច ហើយតំណាងប្រមុខរដ្ឋ នឹងតែងតាំងមេបក្សប្រឆាំងណាម្នាក់ឱ្យទទួលបន្ទុកបង្កើតរដ្ឋាភិបាលថ្មី។
ដោយយល់អំពីភាពផុយស្រួយនេះ ទើបសភាថ្មីកាណាដា ទំនងជានឹងមិនអាចចាប់បើកអាណត្តិថ្មី លឿនៗទេ។ គេទំនងជាត្រូវរង់ចាំរហូតដល់ខែធ្នូឯណោះ ព្រោះលោកទ្រុយដូ ចង់ប្រើពេលវេលាចរចានិងផ្សំផ្គុំសមាសភាពរដ្ឋាភិបាលថ្មី ឱ្យត្រូវរ៉ូវគ្នាយ៉ាងប្រាកដជាក់ ជាមុនសិន។ នេះបើតាមទស្សនៈយល់ឃើញរបស់អ្នកជំនាញជាច្រើន។
រដ្ឋាភិបាលភាគតិចមានអាយុមិនវែង
រដ្ឋាភិបាលភាគតិចកាណាដា មានអាយុកាលជាមធ្យម តែប្រមាណពី ១៨ទៅ២៤ខែប៉ុណ្ណោះ។ ជាសរុបកាណាដា ធ្លាប់មានរដ្ឋាភិបាលភាគតិច ចំនួន ១២ដង ចុងក្រោយគឺរដ្ឋាភិបាលរបស់លោក Harper នៃបក្សអភិរក្សនិយមកាលពីឆ្នាំ២០០៨-២០១១។ រដ្ឋាភិបាលភាគតិចដែលមានអាយុខ្លីជាងគេបំផុត តែ៦៨ថ្ងៃ គឺរដ្ឋាភិបាលរបស់លោក Charles Tupper នៅឆ្នាំ ១៨៩៦។
ដោយមិនគិតអំពីរដ្ឋាភិបាលភាគតិច តាមធម្មតា ការចងសម្ព័ន្ធ បង្កើតរដ្ឋាភិបាល ពុំមែនជាប្រពៃណីរបស់កាណាដាទេ។ ក្នុងប្រវត្តិកាណាដា គេធ្លាប់ឃើញមានករណីបង្កើតរដ្ឋាភិបាលចម្រុះតែម្តងគត់ ក្នុងសម័យសង្គ្រាមលោកលើកទីមួយ។ កាលណោះរដ្ឋាភិបាលលោក Robert Borden ដែលជារដ្ឋាភិបាលភាគច្រើនឈ្នះឆ្នោតដល់ទៅ៥៧% តែបានសម្រេចបង្កើតរដ្ឋាភិបាលចម្រុះ បញ្ចូលអ្នកសេរីនិយម អ្នកអភិរក្សនិយម និង តំណាងរាស្រ្តឯករាជ្យ ដើម្បីធានាការរួបរួមនយោបាយក្នុងបរិបទនៃសង្គ្រាមនៅអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ