អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ការ​ស្ទង់​មតិ និង​បើ​តាម​លទ្ធផលបឋម គណបក្ស​សេរីនិយម​កាណាដា​ដែល​កំពុង​កាន់​អំណាច បាន​ឈ្នះ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​ថ្ងៃទី ២១​តុលា មែន ប៉ុន្តែ​​គណបក្ស​ គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ទេ នៅ​ក្នុង​អាណត្តិ​នេះ ដោយ​​ប្រមូល​​បាន​អាសនៈ​តែ​ប្រមាណ​ជិត​១៦០​កៅអី​ប៉ុណ្ណោះ។ មាន​ន័យ​ថា​លោក ទ្រុយដូ អាច​រក្សា​តួនាទី​​ជា​នាយករដ្ឋមន្ត្រី​កាណាដាបន្ត​ទៀត ប៉ុន្តែ​ក្នុង​អាណត្តិទីពីរ​នេះ លោក​ជា​ប្រមុខ​រដ្ឋាភិបាលភាគតិច ដោយ​ត្រូវ​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង​ទៀត​ក្នុង​ការ​ដឹកនាំ​ប្រទេស។​ តើ​រដ្ឋាភិបាល​ភាគ​តិច​មាន​ន័យ​យ៉ាងណា ? មាន​ការ​ដឹកនាំ​ប្រទេស​យ៉ាង​ដូចម្តេច ?

លោកនាយករដ្ឋមន្ត្រី​ទ្រុយដូ និងភរិយា អបអរលទ្ធផលឈ្នះ​​​​ឆ្នោត
លោកនាយករដ្ឋមន្ត្រី​ទ្រុយដូ និងភរិយា អបអរលទ្ធផលឈ្នះ​​​​ឆ្នោត REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លទ្ធផល​បឋម គណបក្ស​សេរីនិយម​ដឹកនាំ​ដោយ​លោក ទ្រុយដូ បាន​ទទួល​សំឡេង​នាំ​មុខ​គេ ប្រមាណ​១៥៧​អាសនៈ គណបក្ស​អភិរក្សនិយម​ដែល​ជា​គូប្រជែង​ដ៏​ចំបង​និង​ដែល​មាន​ការគាំទ្រ​ប្រហាក់​ប្រហែល​គ្នា​នៅ​គ្រប់​ការ​ស្ទង់​មតិ ដណ្តើម​អាសនៈ​បាន​ប្រមាណ​តែ​១២០​កៅអី​ទេ។ លោក Scheer ប្រធានគណបក្ស​ប្រឆាំង បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យភ្លាម​ និង​បាន​ថ្លែង​អបអរ​ជោគជ័យ​របស់​លោក​ទ្រុយដូ​​ តែ​បាន​ឆ្លៀត​ព្រមានថា​ “រដ្ឋាភិបាលទ្រុយដូ​​ជិត​អស់ខ្យល់ហើយ អ្នក​អភិរក្ស​ត្រៀម​ជា​ស្រេច​នឹង​មក​​បន្ត​ បើ​ពេល​នោះ​មក​ដល់”។

ពាក្យ​ព្រមាន​នេះ​មិន​ខុស​ទេ ព្រោះ​ថ្វី​បើ​លោក​ ទ្រុយដូ បាន​ឈ្នះ​ឆ្នោត​មាន​នាម​ជា​នាយករដ្ឋមន្ត្រី​អាណត្តិទីពីរ​មែន ប៉ុន្តែដោយ​​គ្មាន​សំឡេងភាគ​ច្រើន​នៅ​ក្នុង​សភា​ រដ្ឋាភិបាល​​ទ្រុយដូ​​ថ្មី ជា​រដ្ឋាភិបាល​ភាគតិច ដោយ​ត្រូវ​ស្វែង​ការ​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​គណបក្ស​ផ្សេង​ មួយឬ​ច្រើន​ទៀត ដើម្បី​អាច​បង្កើត​រដ្ឋាភិបាលបាន​ផង និង​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ញ្ញតិ​​ទម្លាក់​ផង។

គ្រាន់​តែបោះឆ្នោត​ចប់​ កិច្ចការ​ដ៏​ចំបង​ទី​មួយ​របស់​លោក ទ្រុយដូ ដែលត្រូវ​ចាប់​ផ្តើម​តាំង​ពី​ព្រឹក​នៅ​ថ្ងៃ​អង្គារទៅតែ​ម្តង គឺ​ទៅ​ចរចា​ជាមួយលោក Jagmeet Singh ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​២៤​អាសនៈ។ ការ​គាំទ្រ​របស់​​​គណបក្សនេះ​តែ​មួយ គ្រប់គ្រាន់​នឹង​ជួយ​លោក​ទ្រុយដូឱ្យ​​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​​ក្នុង​សភា​ហើយ។ សេណារីយោ​ ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​កេប៉ិច (៣២អាសនៈ)​ ដែល​ស្ថិត​នៅលំដាប់​ទី​បី នៃ​ការ​បោះឆ្នោត ក៏​ជា​លទ្ធភាព​មួយ​ដែរ តែ​ទំនង​ជា​ពិបាក​បន្តិច​ព្រោះ​មេ​បក្ស​នេះ​បាន​បដិសេធ​មិន​ចរចា​ជាមួយ​ទេ។ ​សម្ព័ន្ធភាព​ជាមួយ​បក្ស​កេប៊ិច បើ​អាច​កើត​មាន​ ក៏​ចំណង​ដែល​មិន​សូវ​រឹង​មាំ​ ដូច​ជា​មួយ​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។

​ ​រដ្ឋាភិបាល​ភាគតិច ផុយស្រួយ​

ក្រោយ​ពី​រកសម្ព័ន្ធមិត្ត​គាំទ្រ​បាន ទើប​លោក​ទ្រុយដូ ត្រូវ​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​ និង​តាក់តែង​កម្មវិធី​ដឹកនាំ​ប្រទេស​អាណត្តិ​ទីពីរ។ ប៉ុន្តែ​ការ​គាំទ្រ​ ដើម្បី​អាច​រក្សា​លោក​ឱ្យ​នៅ​កាន់​អំណាច​ជាប់ ជា​ថ្នូរ​នឹង​ការ​តម្រឹម​បន្ស៊ី​​នយោបាយ​គ្នា មិន​មែន​ជា​ការ​ចុះ​កិច្ចព្រមព្រៀង​ចង​សម្ព័ន្ធ​ភាព​អ្វី​ជា​ផ្លូវការ​ទេ។ ​ជា​ទូទៅ រដ្ឋាភិបាល​ភាគ​តិចបែប​នេះ ត្រូវប្រើ​ការ​ចរចាច្រើន លើ​គ្រប់​គម្រោង​ គ្រប់​សំណើ​ ទាំង​អស់ ជាមួយ​បក្ស​ប្រឆាំង​-បក្ស​ដែលព្រម​គាំទ្រ​ខ្លួន ដើម្បី​អាច​ឆ្លង​កាត់​សភា​រួច។ នៅ​ពេល​ណា​ បក្ស​ធ្លាប់​គាំទ្រ​លោក ដូរ​ចិត្ត លោក​ ទ្រុយដូ អាច​នឹង​ប្រឈម​នឹង​ការ​បោះឆ្នោត​ដក​ទំនុក​ចិត្ត​ទៀត។ ដូច្នេះរដ្ឋាភិបាល​ភាគតិច​ជា​រដ្ឋាភិបាល​ផុយស្រួយ ដោយ​បក្ស​ប្រឆាំង​អាច​មាន​មធ្យោបាយ​ច្រើន​យ៉ាង​សម្រាប់​ផ្ចាញ់។

សូម្បី​តែ​សុន្ទរកថា​ចូល​កាន់​តំណែង​ ដែល​ជា​ការ​បង្ហាញ​ផែនការ​ដឹកនាំ​ប្រទេស​អាណត្តិ​ថ្មី​ ​ត្រូវ​ឆ្លង​កាត់​ ជាចាំបាច់​ការ​អនុម័ត​ពី​សភា​។ សុន្ទរកថា​នឹង​ត្រូវ​អាន​ដោយអគ្គទេសាភិបាល ដែល​ជា​​តំណាង​ព្រះ​មហាក្សត្រ​អេលីហ្សាបែត​ទីពីរ-ជា​ប្រមុខ​រដ្ឋ​កាណាដា​ រួច​សភា​នឹង​ផ្តល់​ទំនុកចិត្ត​តាម​ក្រោយ។ បើ​សមាជិកសភា​មិន​បោះឆ្នោត​អនុម័ត​ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទេ នោះ​រដ្ឋាភិបាល​លោក​ទ្រុយដូ ត្រូវ​ស្លាប់​មុន​​កើតទៅ​វិញ។ លោក ទ្រុយដូ ត្រូវ​ធ្លាក់​ពី​អំណាច ហើយតំណាង​​ប្រមុខ​រដ្ឋ​ នឹង​តែង​តាំង​មេបក្ស​ប្រឆាំង​ណា​ម្នាក់​ឱ្យទទួល​បន្ទុក​​បង្កើត​រដ្ឋាភិបាល​ថ្មី។

ដោយ​យល់​អំពី​ភាព​ផុយ​ស្រួយ​នេះ ទើប​សភា​ថ្មីកាណាដា ទំនង​ជា​នឹង​មិន​អាច​ចាប់​បើក​អាណត្តិ​ថ្មី លឿន​ៗ​ទេ។ គេ​ទំនង​ជា​ត្រូវ​រង់ចាំ​រហូត​ដល់​ខែ​ធ្នូ​ឯណោះ ព្រោះ​លោក​ទ្រុយដូ ចង់​ប្រើ​ពេលវេលា​ចរចានិង​ផ្សំ​ផ្គុំ​សមាសភាព​រដ្ឋាភិបាល​ថ្មី​ ឱ្យ​ត្រូវរ៉ូវ​គ្នា​យ៉ាង​ប្រាកដ​ជាក់​ ​ ជាមុន​សិន។ នេះ​បើ​តាម​ទស្សនៈ​យល់​ឃើញ​របស់​អ្នក​ជំនាញ​ជា​ច្រើន។

រដ្ឋាភិបាល​ភាគ​តិច​មាន​អាយុ​មិន​វែង​

រដ្ឋាភិបាល​ភាគ​តិចកាណាដា មាន​អាយុ​កាល​ជា​មធ្យម តែ​ប្រមាណ​ពី ១៨​ទៅ​២៤​ខែ​ប៉ុណ្ណោះ។ ជា​សរុប​កាណាដា​ ធ្លាប់​មាន​រដ្ឋាភិបាល​ភាគ​តិច ចំនួន ១២​ដង ចុងក្រោយ​គឺ​រដ្ឋាភិបាល​របស់​លោក​ Harper នៃ​បក្ស​អភិរក្ស​និយម​កាលពី​ឆ្នាំ​២០០៨-២០១១។ រដ្ឋាភិបាល​ភាគ​តិច​ដែល​មាន​អាយុ​ខ្លី​ជាង​គេ​បំផុត តែ​៦៨​ថ្ងៃ គឺ​រដ្ឋាភិបាល​របស់​លោក Charles Tupper នៅ​ឆ្នាំ ១៨៩៦។

ដោយ​មិន​គិត​​អំពី​រដ្ឋាភិបាល​ភាគតិច ​ តាម​ធម្មតា ការ​ចង​សម្ព័ន្ធ បង្កើត​រដ្ឋាភិបាល​ ​ ពុំ​មែន​ជា​ប្រពៃណី​របស់​កាណាដា​ទេ។​ ក្នុង​ប្រវត្តិកាណាដា​ គេ​ធ្លាប់​ឃើញ​មាន​ករណី​បង្កើត​រដ្ឋាភិបា​ល​ចម្រុះ​តែ​ម្តង​គត់​​​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ។ កាលណោះ​រដ្ឋាភិបាល​លោក Robert Borden ដែល​ជា​រដ្ឋាភិបាល​ភាគ​ច្រើនឈ្នះ​ឆ្នោត​ដល់​ទៅ​៥៧% តែ​បាន​សម្រេច​បង្កើត​រដ្ឋាភិបាល​ចម្រុះ បញ្ចូល​​អ្នក​សេរីនិយម អ្នក​អភិរក្ស​និយម និង​ តំណាង​រាស្រ្ត​ឯករាជ្យ​ ​ដើម្បី​ធានា​ការ​រួបរួម​នយោបាយ​ក្នុង​បរិបទ​នៃសង្គ្រាម​នៅ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ