អានតួអត្ថបទ
ONU

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យថ្នាក់ដឹកនាំស្តាប់ និងដោះស្រាយបញ្ហារបស់ប្រជាជន

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​បាតុកម្ម​មហាជន​ដែល​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល និង​ហិង្សា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​នៅ​អ៊ីរ៉ាក់ លីបង់ ឈីលី ឬ​មួយ​ក៏​នៅ​ក្នុង​ប្រទេស​បូលីវី។ នៅ​ក្នុង​ប្រតិកម្ម លោក Antonio បាន​សម្តែង​ក្តី​បារម្ភ​ដោយ​ទទួល​ស្គាល់​ថា ចលនា​មហាជន​នៅ​ក្នុង​ប្រទេស​នីមួយៗ​នៃ​ទ្វីប​នីមួយៗ​មាន​លក្ខណៈ​ពិសេស​របស់​វា។ តែ​នៅ​ក្នុង​លក្ខណៈ​ពិសេស​នោះ​មាន​បង្កប់​ដោយ​លក្ខណៈ​រួម​ដែល​លោក Antonio បាន​លើក​ឡើង​ពី​គម្លាត​នៃ​សេចក្តីទុកចិត្ត​រវាង​ប្រជាជន និង​អ្នកកាន់អំណាច។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ©REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​សារ​មួយ​ដែល​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ផ្ញើ​ទៅ​កាន់​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​សមាជិក​អង្គការសប្រជាជាតិ​ទាំង​អស់។ សម្រាប់​លោក Antonio Guterres បាតុកម្ម​មហាជន​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​នីមួយៗ​នៃ​ទ្វីប​នីមួយៗ​ពេល​នេះ​ពិត​ជា​មាន​លក្ខណៈពិសេស​របស់​វា​ដាច់​ដោយឡែក​ពី​គ្នា។ តែ​វា​មាន​បង្កប់​ដោយ​លក្ខណៈ​រួម​ដូច​គ្នា​ដែល​លោក Antonio បាន​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះ​នៃ​ជំនឿ​ទុកចិត្ត​រវាង​ប្រជាជន និង​ថ្នាក់ដឹកនាំ​នយោបាយ។

« វា​ច្បាស់​ណាស់​ថា មាន​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ​រវាងប្រជាជន និង​អំណាច​នយោបាយ។ កត្តា​មួយ​នេះ​បាន និង​កំពុង​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សង្គម។ ស្រប​ពេល​គ្នា​នេះ ពិភពលោក​ក៏​កំពុង​ធ្វើ​ការ​តស៊ូ​ទល់​នឹង​ផលប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ចេញ​ពី​សកលភាវូបនីយកម្ម និង​បច្ចេកវិទ្យាថ្មីៗ។ គឺ​សកលភាវូបនីយកម្ម និង​បច្ចេកវិទ្យាថ្មីៗ​នេះ​ហើយ​ដែល​បាន​បង្កើន​ឲ្យ​វិសមភាព​នៅ​ក្នុង​សង្គម​កាន់​តែ​ខ្លាំង។ នៅ​ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ទាំង​អស់​ឲ្យ​ស្តាប់​បញ្ហា​ពិត​នៃ​ពី​ក្រុម​មនុស្ស​ដែល​ជួប​បញ្ហា​ពិតៗ »។

ទន្ទឹម​នឹង​អំពាវនាវ​ឲ្យ​ស្តាប់​បញ្ហា​ពិត​នៃ​ការ​តវ៉ា​របស់​ប្រជាជន លោក Antonio Guterres ក៏​បាន​ជំរុញ​ថ្នាក់ដឹកនាំ​ក្នុង​លោក​ឲ្យ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​មាន​លក្ខណៈ​អធ្យាស្រ័យ និង​សាមគ្គីភាព​ដើម្បី​លើក​ស្ទួយ​យុត្តិធម៌សង្គម។ នៅ​ចុង​បញ្ចប់ សារ​របស់​លោក Antonio Guterres បាន​សម្តែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អំពើហិង្សា​នៅ​ក្នុង​បាតុកម្ម​ដែល​ពេល​ខ្លះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទៀត​ផង។ នៅ​ក្នុង​ន័យ​នេះ លោក Antonio បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំង​បាតុករ និង​កម្លាំង​សន្តិសុខ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​បញ្ជៀស​អំពើហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ