អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​ជួប​ឱនភាព​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ ២០១៩​នេះ។ ​ទំហំនៃ​ឱនភាព​ថវិកា​មានដល់​ទៅ​ ៩៨៤​ពាន់​លាន​ដុល្លារ ពោល​គឺ​ជាការ​កើន​ឡើង​ដែល​មាន​កំរិត​ ៤,៦%​ផលិតផល​សរុប​ក្នុង​ស្រុង​ (PIB)។ ហេតុ​អ្វី​បាន​​ជា​អាមេរិក​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ល្អ និង​ដែល​ខំ​ប្រឹង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ ​ដំឡើងពន្ធគយ​នាំ​ចូលជាមួយ​ចិន ដើម្បី​បាន​ប្រាក់​ចំណូល​​បន្ថែមហើយ បែរ​ជា​មាន​ឱនភាព​ថវិកាខ្ពស់​ខ្លាំង​ទៅ​វិញ​បែបនេះ ? ហេតុអ្វី​បាន​ជា​ដូច្នេះ ?!

អាមេរិក​មាន​​ឱនភាព​ថវិកា​ខ្ពស់​​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុងក្រោយ​នេះ
អាមេរិក​មាន​​ឱនភាព​ថវិកា​ខ្ពស់​​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុងក្រោយ​នេះ AFP Photo/Ali al-Saadi
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អាមេរិក​បាន​បូកសរុបបិទ​បញ្ជី​​គម្រោង​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៩។ ជា​លទ្ធផល​សហរដ្ឋ​អាមេរិក មាន​ឱនភាព​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ទៅ​៤,៦%​ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។

អាមេរិក​ធ្លាប់​ជួប​វិបត្តិ​​ឱនភាព​ថវិកា​ដ៏​ធ្ងន់ធ្ងរ​បំផុត​មែន​មែន​ម្តង​ កាលពី​១០​ឆ្នាំ មុន ដែល​កាលណោះ ឱនភាព​មាន​ទំហំ​ដល់​ទៅ ១៤០០​ពាន់​លាន​ដុល្លារ។ នៅ​ឆ្នាំ​នោះ​រដ្ឋាបាល​លោក​អូបាម៉ា និង​សភាអាមេរិក​បាន​ប្រើ​គ្រប់​វិធានការ​បន្ទាន់​ ដើម្បី​សង្គ្រោះ​ប្រទេស​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ និង​ ដើម្បី​ភ្ញោច​បំប៉ន​ សេដ្ឋកិច្ច​ដែល​ដើរ​ថយ​ក្រោយ​ឱ្យ​កំរើក​ឡើង​វិញ។

​ចេញ​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ និង​វិបត្តិ​សេដ្ឋកិច្ចដើរថយក្រោយ​ចង់​ភ្លាម សហរដ្ឋ​អាមេរិក​ ក្រោម​ការ​ដឹកនាំ​របស់​លោក​អូបាម៉ា​ដដែល​ បាន​ជួប​ឱនភាព​ថវិកា​ធ្ងន់ធ្ងរ​ម្តង​ទៀត នៅ​ឆ្នាំ​២០១២ ក្នុង​ទំហំ​ដល់​ទៅ​ ១១០០​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ ​ លោក​អូបាម៉ា បាន​ទម្លាក់​ឱនភាព​ថវិកា​ឱ្យមក​នៅ​ត្រឹម​ ៥៨៥​លាន​ នៅ​ឆ្នាំ​២០១៦ ​ក្នុ​ង​ពេល​បញ្ចប់​អាណត្តិ​ទី​ពីរ។ ​រដ្ឋាភិបាល​លោកអូបាម៉ា ពេល​នោះ​ ​បាន​រង​ការ​​រិះគន់យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​សាធារណរដ្ឋ ថា​គួរ​តែ​កាត់​បន្ថយ​ឱនភាព​ឱ្យ​បាន​ច្រើន​ជាង​នេះ។ ប៉ុន្តែ​តាំង​ពី​ ​លោក ត្រាំ ឡើង​ដឹកនាំ​ប្រទេស​មក ឱនភាព​ថវិកា​កើន​ឡើង​ជា​លំដាប់ ៖ ៣,៨%​ នៅ​ឆ្នាំ​២០១៨ និង ៤,៦%​នៅ​ឆ្នាំ​២០១៩ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB)។

ចំណាយកើន​លឿន​ជាង​​ចំណូល

សង្គ្រាម​ពាណិជ្ជកម្ម​​​​ជាមួយ​ចិន ដ៏​ខ្លាំងក្លា​នេះ បាន​ពាំនាំ​ចំណូល​ឱ្យ​អាមេរិក​បាន​បន្ថែម ៣០ពាន់លាន​ដុល្លារ ដែល​ស្មើ​នឹង​កំណើន​ដល់​ទៅ​៧០%​បើ​ប្រៀប​ទៅនឹង​មុន​ពេល​មាន​​​សង្គ្រាមពាណិជ្ជកម្ម​។ នេះ​ជា​ប្រាក់​ចំណូល​ពន្ធនាំចូល​ដ៏​ខ្ពស់​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ទេ !

ប៉ុន្តែចំណូល​ប៉ុនណេះ​មិន​អាច​បង្រួញ​​ឱនភាព​ថវិកាបាន​ទេ។ ព្រោះ​ថ្វី​បើ​ចំណូលបាន​កើន​ឡើង​៤%​មែន​ តែ​ចំណាយ​​វិញ​បាន​កើន​ឡើងខ្លាំង​ជាង​ចំណូល​​ ដល់​ទៅ​​​ជា​ពីរដង (៨%)។ បើ​ចូល​តិច​ជាង​ចាយ ​ឱនភាព​ ត្រូវ​តែ​រីក​ធំ​ដោយ​ចៀស​មិន​រួច។

​ សហរដ្ឋ​អាមេរិក​ ​មានចាយ​ធំ​និង​កើន​ឡើង​ខ្លាំង​ណាស់ ដោយ​សារ​មូលហេតុ​ច្រើនយ៉ាង ៖ ​ប្រជាពលរដ្ឋ​កាន់​តែ​ចាស់ ដូច្នេះ​ចំណាយ​ផ្នែក​ប្រាក់​និវត្តន៍​ត្រូវ​តែ​ប៉ោង​ឡើង​ (៦%) និង​ចំណាយ​ធានា​សុខភាព​ សម្រាប់​ជន​ក្រីក្រ​ និង​មនុស្ស​ចាស់​ ក៏​កើន​ឡើង​(៨%) ដែល​ជា​បន្ទុក​មួយ​ធ្វើ​ឱ្យ​ផ្អៀង​ជញ្ជីង​ថវិកា។

​ចំណាយ​ដ៏​មហិមា​ក្នុង​វិស័យ​ការពារ​ជាតិ​ និង​ការ​ធ្វើ​កំណែទម្រង់​ពន្ធដារ​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​មុនដែល​បាន​ធ្វើ​ឱ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ចុះ​ទាប​បំផុត​ ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំចុងក្រោយ​នេះ ​ ជា​​ហេតុ​ផល​ដ៏​សំខាន់ពីរ​ផ្សេង​​​ទៀត ដែលជីក​ថវិកា​ឱ្យ​​ខូង​​កាន់​តែ​ខ្លាំង។ ការ​ចំណាយ​ផ្នែក​យោធាអាមេរិក បាន​កើន​ឡើង​ដល់​ទៅ ៩%​។ ហើយ​ជា​ចុងក្រោយ ឱនភាព​រីកកាន់​តែ​ធំ ដោយ​សារ​តែ​អាមេរិក​​បំណុលជាតិ​ បាន​កើន​ឡើង​ដល់​ទៅ​១០% និងការ​​ចំណាយ​សម្រាប់​យក​ទៅ​ជួយ​កសិករ​ដែល​រងគ្រោះ​ និង​រង​ផលវិបាក​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ចិន។

​​ឱនភាព​អាមេរិក​នឹង​ឡើង​ដល់​១៥០០​ពាន់​លាន​នៅ​ឆ្នាំ​២០២៨

​ដើម្បីធានាស្ថិរភាព​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យ​បាន​ជា​និរន្ត​ ​អាមេរិក​យល់​ថាគេ​ត្រូវ​តែ​កាត់បន្ថយ​ការ​ចំណាយ​ឥត​ប្រយោជន៍ និង​គ្មាន​ទំនួល​ខុស​ត្រូវ ដូច​មាន​ចែង​​គម្រោង​ថវិកា​ឆ្នាំ​២០២០ របស់ប្រធានាធិបតី។ នេះ​បើ​តាមការ​អះអាង​របស់​រដ្ឋមន្ត្រី​​ក្រសួង​ហិរញ្ញវត្ថុ។​ ប៉ុន្តែ​ក្រសួង​មិន​បាន​ផ្តល់​ការ​ព្យាករ​ឬ​វិធានការ​អ្វីថ្មី​ទេ។

ផ្ទុយ​ទៅ​វិញ ​ការិយាល័យ​ហិរញ្ញវត្ថុ​របស់​សភាបាន​ព្យាករ​ថា ​អាមេរិកនឹង​មាន​ឱនភាព​ថវិកា​កើន​ឡើង​ដល់​១០០០ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ក្រោយ​២០២០ និង​ ឡើង​ដល់​១៥០០ពាន់​លាន​នៅ​ឆ្នាំ​២០២៨។ ឱនភាព​កាន់​តែ​ធំ​នេះ បង្ក​ជា​​ផលវិបាក​ឱ្យ​មាន​​កំណើន​ប្រាក់​បំណុល​ជាតិ​ ដែល​នឹង​ត្រូវ​កើន​ឡើង​ដល់​ទៅ ២៣០០០​ពាន់​លាន​ដុល្លារ​។ ​នៅ​ពេល​ប្រទេស​ត្រូវ​ការ​ចំណាយ​ច្រើន ត្រូវ​បង្កើន​ប្រាក់​កច្ចី។ ទំនោរ​បែប​នេះ ជា​គ្រោះ​ថ្នាក់ ហើយ​អាមេរិក​ពិត​ជា​មិន​អាច​ទ្រទ្រង់​បានយូរ​ទេ ! រដ្ឋាភិបាល​ត្រូវ​តែ​ហ៊ាន​ប្រឈម​ដោះស្រាយ​បញ្ហា​ ! នេះ​ជា​ការ​ព្រមាន​ប្រធាន​គណៈកម្មការ​ព្រឹទ្ធ​សភា​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ