អានតួអត្ថបទ

ប្រធានាធិបតីស៊ីលី​ប្រកាស​រុះរើ​រដ្ឋាភិបាល ដើម្បី​​តម្រូវចិត្តពលរដ្ឋ

ក្រោម​សម្ពាធ​របស់​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំង​នឹង​វិសមភាព​សង្គម និង​ប្រមូល​ផ្តុំ​គ្នា​ដល់​ជាង​មួយ​លាន​នាក់​កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​ស៊ីលី Sebastian Pinera បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ រុះរើ​រដ្ឋាភិបាល​ឱ្យ​ដល់​ឬសគល់ និង​គ្រោង​ដក​ប្រទេស​ចេញ​ពី​ភាព​អាសន្ន ក្នុង​ពេល​ដ៏​ឆាប់ៗ។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅ​ Concepcion ប្រទេស​ស៊ីលី ថ្ងៃទី ២៥ តុលា ២០១៩
បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅ​ Concepcion ប្រទេស​ស៊ីលី ថ្ងៃទី ២៥ តុលា ២០១៩ REUTERS/Jose Luis Saavedra
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​ថ្លែង​ទៅកាន់​ប្រជាជាតិ លោក​ប្រធានាធិបតី​ ពីណេរ៉ា Pinera បាន​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រោម​បង្គាប់​ទាំង​អស់​សុំ​លាលែង​ចេញ​ពី​តំណែង ដើម្បី​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ឆ្លើយ​តប​បាន​ទៅ​នឹង​សម្រែក​របស់​ពលរដ្ឋ។ លោក​បាន​អះអាង​ថា​បាន​ឮសេចក្តី​ទាមទារ​របស់​បាតុករ​ ដែល​តាំង​ពី​មួយ​សប្តាហ៍​មក​ហើយ​បាន​ប្រមូល​ផ្តុំ​គ្នា​ រហូត​មានអំពើហិង្សា​និង​បែប​​បំផ្លិច​បំផ្លាញ។ ​លោក​បាន​ទទួលការ​ពិត​ថ្មី​នៅ​ថ្ងៃនេះ ដែល​ខុស​ពី​សប្តាហ៍​មុន ! មិន​តែ​ប៉ុណ្ណោះ លោក​ពីណេរ៉ា បាន​ប្រកាសដក​ប្រទេស​ចេញ​ពី​អាសន្ន​ នៅ​ថ្ងៃអាទិត្យ​នេះ​តែ​ម្តង ប្រសិន​បើ​ស្ថានការណ៍​អនុញ្ញាត ដើម្បី​នាំ​ភាពធម្មតា​មក​ឱ្យ​ប្រទេស​វិញ ស្រប​តាម​សេចក្តី​ចង់​បាន​របស់​ពលរដ្ឋ។

ការ​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាលពី​ថ្ងៃ​ទី ១៨​តុលា ដើម្បី​អាច​បញ្ចេញ​កម្លាំងកងទ័ព​មក​ជួយ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ជា​វិធានការដែល​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​បាតុករ និង​ជា​វិធានការ​លើក​ដំបូង គិត​ចាប់​តាំង​ពី​ស៊ីលី​រួច​ផុត​ពី​របប​ផ្តាច់ការ​ពីណូហ្សេ (១៩៧៣-១៩៩០)មក។

ជាការ​ពិត​ តាំង​ពី​ល្ងាច​មិញមក គេ​លែង​សូវ​ឃើញ​វត្តមាន​យោធា​នៅ​រដ្ឋ​ធានី​ បម្រាម​គោចរ​ក៏ត្រូវ​ព្យួរ​វិញ។ ប៉ុន្តែ​សួរ​ថា​តើ​វិធានការ​របស់​ប្រធានាធិបតី​នេះ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ស៊ីលីស្ងប់​ចិត្ត​​ទេ ?! ទំនង​ជា​មិន​បាន​ទេ ! ព្រោះ​បាតុករស៊ីលី ចង់​បាន​ការ​ប្តូរផ្លាស់​រដ្ឋ​ធម្មនុញ្ញ និង​ការធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​​ សេវា​សាធារណៈ​ឱ្យ​ស៊ីជម្រៅ។ “ប្តូរ​ផ្លាស់​សមាសភាព​រដ្ឋាភិបាល ប្តូរ​តែ​មុខ​តែ​នយោបាយ​និង​កម្មវិធី​ដឹកនាំ​ប្រទេស​នៅ​ដដែល” នេះ​បើ​តាម​សំដី​បាតុករ​ស៊ីលីម្នាក់។

សូម​បញ្ជាក់​ថា​ រដ្ឋធម្មនុញ្ញ​ស៊ីលី​បច្ចុប្បន្ន បាន​តាក់តែង​ឡើង​តាំង​ពី​សម័យ​​ដឹកនាំផ្តាច់ការ​ Pinochet មក​ម្ល៉េះ។ ក្រោយ​របប​នេះ​ដួល​រំលំ​ទៅ នៅ​ឆ្នាំ​១៩៩០ ស៊ីលី​វិល​មក​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ជា​មួយ​នឹង​ការ​កែសម្រួល​រដ្ឋធម្មនុញ្ញ​ចាស់តែ​​មួយ​ភាគ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ