ប្រធានាធិបតីស៊ីលីប្រកាសរុះរើរដ្ឋាភិបាល ដើម្បីតម្រូវចិត្តពលរដ្ឋ
ក្រោមសម្ពាធរបស់ប្រជាពលរដ្ឋដែលនាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រប្រឆាំងនឹងវិសមភាពសង្គម និងប្រមូលផ្តុំគ្នាដល់ជាងមួយលាននាក់កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីស៊ីលី Sebastian Pinera បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ រុះរើរដ្ឋាភិបាលឱ្យដល់ឬសគល់ និងគ្រោងដកប្រទេសចេញពីភាពអាសន្ន ក្នុងពេលដ៏ឆាប់ៗ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៤
នៅក្នុងសារថ្លែងទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី ពីណេរ៉ា Pinera បានស្នើសុំឱ្យរដ្ឋមន្ត្រីក្រោមបង្គាប់ទាំងអស់សុំលាលែងចេញពីតំណែង ដើម្បីរៀបចំបង្កើតរដ្ឋាភិបាលថ្មី ឆ្លើយតបបានទៅនឹងសម្រែករបស់ពលរដ្ឋ។ លោកបានអះអាងថាបានឮសេចក្តីទាមទាររបស់បាតុករ ដែលតាំងពីមួយសប្តាហ៍មកហើយបានប្រមូលផ្តុំគ្នា រហូតមានអំពើហិង្សានិងបែបបំផ្លិចបំផ្លាញ។ លោកបានទទួលការពិតថ្មីនៅថ្ងៃនេះ ដែលខុសពីសប្តាហ៍មុន ! មិនតែប៉ុណ្ណោះ លោកពីណេរ៉ា បានប្រកាសដកប្រទេសចេញពីអាសន្ន នៅថ្ងៃអាទិត្យនេះតែម្តង ប្រសិនបើស្ថានការណ៍អនុញ្ញាត ដើម្បីនាំភាពធម្មតាមកឱ្យប្រទេសវិញ ស្របតាមសេចក្តីចង់បានរបស់ពលរដ្ឋ។
ការដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃទី ១៨តុលា ដើម្បីអាចបញ្ចេញកម្លាំងកងទ័ពមកជួយរក្សាសណ្តាប់ធ្នាប់សាធារណៈ ជាវិធានការដែលរងការរិះគន់ខ្លាំងពីសំណាក់បាតុករ និងជាវិធានការលើកដំបូង គិតចាប់តាំងពីស៊ីលីរួចផុតពីរបបផ្តាច់ការពីណូហ្សេ (១៩៧៣-១៩៩០)មក។
ជាការពិត តាំងពីល្ងាចមិញមក គេលែងសូវឃើញវត្តមានយោធានៅរដ្ឋធានី បម្រាមគោចរក៏ត្រូវព្យួរវិញ។ ប៉ុន្តែសួរថាតើវិធានការរបស់ប្រធានាធិបតីនេះ អាចធ្វើឱ្យពលរដ្ឋស៊ីលីស្ងប់ចិត្តទេ ?! ទំនងជាមិនបានទេ ! ព្រោះបាតុករស៊ីលី ចង់បានការប្តូរផ្លាស់រដ្ឋធម្មនុញ្ញ និងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ សេវាសាធារណៈឱ្យស៊ីជម្រៅ។ “ប្តូរផ្លាស់សមាសភាពរដ្ឋាភិបាល ប្តូរតែមុខតែនយោបាយនិងកម្មវិធីដឹកនាំប្រទេសនៅដដែល” នេះបើតាមសំដីបាតុករស៊ីលីម្នាក់។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញស៊ីលីបច្ចុប្បន្ន បានតាក់តែងឡើងតាំងពីសម័យដឹកនាំផ្តាច់ការ Pinochet មកម្ល៉េះ។ ក្រោយរបបនេះដួលរំលំទៅ នៅឆ្នាំ១៩៩០ ស៊ីលីវិលមកប្រកាន់លទ្ធិប្រជាធិបតេយ្យ ជាមួយនឹងការកែសម្រួលរដ្ឋធម្មនុញ្ញចាស់តែមួយភាគតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ