« អាប៊ូ បា អាល់ បាដាឌីបានស្លាប់។ គ្មានទាហានអាមេរិកាំងណាម្នាក់បានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនោះទេ។ តែមានយុទ្ធជនអង្គការរដ្ឋអ៊ីស្លាមជាច្រើននាក់ និងប្រពន្ធរបស់អាប៊ូ បា អាល់ បាដាឌីបានស្លាប់ជាមួយនឹងរូបគេ។ អាប៊ូ បា អាល់ បាដាឌីបានស្លាប់ បន្ទាប់ពីរូបគេបានព្យាយាមរត់នៅក្នុងរូងក្រោមដីមួយរហូតដល់ចុងដែលគ្មានច្រកចេញ។ ក្នុងពេលរត់នៅក្នុងរូងក្រោមដី អាប៊ូ បា អាល់ បាដាឌីបានទ្រហោយំជាមួយនឹងសម្រែកថ្ងូរ។
អាប៊ូ បា អាល់ បាដាឌីបាននាំកូនក្មេងចំនួន ៣នាក់ទៅជាមួយខ្លួនឆ្ពោះទៅរកសេចក្តីស្លាប់ដែលមិនអាចចៀសផុត។ អាប៊ូ បា អាល់ បាដាឌីបានរត់ទៅដល់ចុងរូងក្រោមដីគ្មានច្រកចេញ ខណៈដែលកម្លាំងពិសេសរបស់យើងកំពុងតាមប្រម៉ាញ់។ នៅពេលនោះ អាប៊ូ បា អាល់ បាដាឌីបានទាញបំផ្ទុះអាវដែលផ្ទុកពេញដោយជាតិផ្ទុះជាប់នឹងខ្លួនដែលបណ្តាលឲ្យរូបគេស្លាប់ និងស្លាប់កូនក្មេងទាំង ៣នាក់។
ខ្លួនរបស់អាប៊ូ បា អាល់ បាដាឌីត្រូវបានបំបែកជាបំណែកដោយឥទ្ធិពលនៃការផ្ទុះ ហើយរូងក្រោមដីក៏បានបាក់សង្កត់លើសពរបស់គេដែរ។ លទ្ធផលនៃការធ្វើតេស្តបានផ្តល់លទ្ធផលជាក់ច្បាស់ ភ្លាមៗ និងបញ្ជាក់ពីអត្តសញ្ញាណរបស់រូបគេ គឺពិតជាអាប៊ូ បា អាល់ បាដាឌីមែន។ មនុស្សពាលដែលតែងតែចង់បំភិតបំភ័យអ្នកដទៃបានរស់នៅក្នុងការភ័យខ្លាច ស្លន់ស្លោ និងរន្ធត់ដោយការតាមប្រម៉ាញ់របស់កម្លាំងអាមេរិកាំងនារយៈពេលចុងក្រោយនេះ »៕